ការរៀបចំកម្មវិធី Translathon៖ ការចូលរួមរបស់យុវជនក្នុងការបកប្រែឯកសារអំពីហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត

អ្នកចូលរួមទទួលបានវិញ្ញាបនបត្រនៃការចូលរួមនៅចុងបញ្ចប់នៃកម្មវិធី Translaton

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកម្មវិធីបកប្រែឯកសាររួមគ្នាមួយ ដែលមានការចូលរួមពីសមាជិកសហគមន៍ សិស្សានុសិស្ស និងនិស្សិតទើបបញ្ចប់ការសិក្សា។ វគ្គនេះមានអ្នកចូលរួមផ្ទាល់ចំនួន ០៩ នាក់ ក្នុងនោះមានស្រ្តីចំនួន ០៥ នាក់ ដែលបានជ្រើសរើសចេញពីអ្នកចូលរួមស្ទង់មតិចំនួន ២២ នាក់។ អ្នកចូលរួមទាំងអស់មាន ដូចជា សិស្សានុសិស្ស គ្រូបង្រៀនភាសាអង់គ្លេស វិស្វករកុំព្យូទ័រ និស្សិតទើបបញ្ចប់ការសិក្សា និងសមាជិកអង្គការសង្គមស៊ីវិល។

គោលបំណងចម្បងនៃកម្មវិធី Translathon នេះ គឺដើម្បីប្រែសម្រួល ឯកសារអំពីហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត៖ ផលប៉ះពាល់នៃអ៊ីនធឺណិតលើបរិស្ថាន និងអ្វីដែលអាចធ្វើបានអំពីឯកសារនេះ និងឯកសារតម្រង់ទិសសម្រាប់វគ្គបណ្តុះបណ្តាលតាមបណ្តាខេត្តនាថ្ងៃអនាគត។ វគ្គនេះផ្តោតទៅលើអ្នកចូលរួមដែលជាសិស្សានុសិស្សមានអាយុចាប់ពី ១៣ ដល់ ១៨ឆ្នាំ ហើយផ្តល់ឱកាសសិក្សាដោយផ្ទាល់ដល់ពួកគេ និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតលើបរិស្ថាន។ កម្មវិធីនេះ ធានាថាដំណើរការនៃការបកប្រែនឹងបង្កើតបាននូវឧបករណ៍ដែលត្រឹមត្រូវ អាចចូលប្រើបាន និងសមស្របតាមបរិបទសម្រាប់ក្រុមគោលដៅ។

ដើម្បីរៀបចំដំណើរការនៃការបកប្រែ យើងបានបែងចែកអ្នកចូលរួមជាបួនក្រុម។ ឯកសារបកប្រែ និងឯកសារតម្រង់ទិសក៏ត្រូវបានបែងចែកទៅជាបួនផ្នែក ដោយក្រុមនីមួយៗធ្វើការលើផ្នែករៀងៗខ្លួនរយៈពេល ១ ម៉ោង និង ១៥ នាទី។ បន្ទាប់ពីបញ្ចប់ផ្នែករបស់ពួកគេ ពួកគេត្រូវធ្វើបទបង្ហាញការបកប្រែរបស់ពួកគេដល់ក្រុមផ្សេងៗ។ ការបកប្រែដោយកិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកចូលរួមបានពិភាក្សាអំពីពាក្យគន្លឹះពិបាកៗ កែលម្អជម្រើសប្រើប្រាស់ពាក្យពេជន៍ និងធានាឱ្យមានភាពត្រឹមត្រូវនៅគ្រប់ផ្នែកទាំងអស់។

ទិដ្ឋភាពដ៏មានអត្ថន័យបំផុតមួយ គឺបានឃើញអ្នកចូលរួមបកប្រែឯកសារ និងសហការជាមួយសមាជិកក្រុមរបស់ខ្លួន។ សូម្បីអ្នកដែលមិនសូវមានបទពិសោធន៍ក្នុងការបកប្រែពីមុន ក៏ពួកគេមានទំនុកចិត្តក្នុងការផ្តល់មតិយោបល់អំពីការប្រើប្រាស់ពាក្យគន្លឹះខ្មែរឳ្យមានន័យត្រឹមត្រូវដែរ។ ក្រុមការងារ អូឌីស៊ី បានសង្កេតឃើញពីកិច្ចពិភាក្សាដ៏រស់រវើក និងការផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកចូលរួមក្នុងការកំណត់បរិបទនៃការបកប្រែ ដែលធ្វើឱ្យវគ្គនេះពោរពេញទៅដោយភាពសកម្ម និងការបំផុសគំនិត។ ជាការកត់សម្គាល់មួយផងដែរអំពីការប្រឹងប្រែងរបស់អ្នកចូលរួមចំពោះគោលបំណងនៃឯកសារបកប្រែ។ អ្នកចូលរួមជាច្រើនបានសម្តែងក្តីរំភើបរីករាយ ដែលបានចូលរួមចំណែកក្នុងការបកប្រែឯកសារដែលនឹងជួយសិស្សានុសិស្សឱ្យយល់អំពីផលប៉ះពាល់នៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតបែបឌីជីថលទៅលើបរិស្ថាន។ ការរៀបចំកម្មវិធីនេះ បានបង្ហាញអំពីការរៀបចំ និងវិធីសាស្រ្តដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ដែលអាចលើកកម្ពស់យុវជន និងសមាជិកសហគមន៍ ព្រមទាំងបង្កើតធនធានអប់រំដែលមានគុណភាពខ្ពស់។

អ្នកចូលរួមបានបកប្រែឯកសារទាំងពីរនៅក្នុងវគ្គនេះ ហើយឯកសារទាំងនេះគឺរួចរាល់សម្រាប់ប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលតាមខេត្តនាពេលខាងមុខ។ ក្រៅពីការបកប្រែឯកសារទាំងពីរនេះ កម្មវិធី Translathon បានបង្ហាញអំពីសារៈសំខាន់នៃការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការបង្កើតឧបករណ៍អប់រំ ដោយធានាទាំងភាពត្រឹមត្រូវ និងភាពពាក់ព័ន្ធ ព្រមទាំងពង្រឹងទំនាក់ទំនងរវាង អូឌីស៊ី និងសហគមន៍ផ្ទាល់។ ក្រុមការងារ អូឌីស៊ី សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់សម្រាប់ការប្តេជ្ញាចិត្ត និងការលះបង់របស់ពួកគេ។ កម្មវិធី Translathon នេះគឺជាការរំលឹកអំពីឥទ្ធីពលនៃកិច្ចសហប្រតិបត្តិការ និងផលជះជាវិជ្ជមាន ដែលបានមកពីការចូលរួមរបស់យុវជនក្នុងការបង្កើតធនធានឯកសារអប់រំនេះ។