កិច្ច​ប្រ​ជុំ​អំ​ពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​អនាគត​៖​ ការ​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​ និង​គោលនយោបាយ​ AI​ នៅ​កម្ពុជា​តាម​រយៈ​ការ​អប់រំ​

“​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បញ្ញា​សិប្បនិម្មិត​ (២០២៥-២០៣០)”​ និង​ “​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ភាព​រួចរាល់​ផ្នែក​បញ្ញា​សិប្បនិម្មិត​នៅ​កម្ពុជា​”​ កំណត់​អាទិភាព​ដល់​កំណែទម្រង់​អប់រំ​ ដើម្បី​លុប​បំបាត់​គម្លាត​យេ​ន​ឌ័​រ​ដោយ​តម្រូវ​ឱ្យ​បង្កើត​វគ្គ​សិក្សា​គោលដៅ​អំពី​ AI​ និង​ពិធីសារ​ស្ថាប័ន​ជាក់លាក់​។​ អ្វី​ដែល​សំខាន់​នោះ​ គឺ​សង្កត់ធ្ងន់​លើ​ការ​កសាង​បរិយាកាស​គាំទ្រ​តាម​រយៈ​កម្មវិធី​ណែនាំ​និង​បង្កើន​ការ​បង្ហាញខ្លួន​របស់​សាស្ត្រាចារ្យ​និង​បុគ្គល​គំរូ​ជា​ស្ត្រី​ ដើម្បី​ទាក់ទាញ​ស្ត្រី​ដទៃ​ទៀត​ឱ្យ​ចូល​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​

ក្រោម​ការ​សម្របសម្រួល​របស់​លោក​ Poren​ Chiang​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ច្បាប់​ឌី​ជី​ថ​ល​ អ្នកស្រី​ Song​ Lauren​ អ្នកគ្រប់គ្រង​គម្រោង​នៃ​ Sisters​ of​ Code​ កញ្ញា​ សុខា​ច័ន្ទ​ សុជាតា​ វិស្វករ​ LLM​ និង​លោក​បណ្ឌិត​ ទូ​ស​ សោ​ភ័​ណ្ឌ​ បាន​ពន្យល់​យើង​អំពី​របៀប​ដែល​ការ​អប់រំ​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​ និង​គោលនយោបាយ​ AI​ នៅ​កម្ពុជា​។​ វាគ្មិន​ទាំងអស់​បាន​រៀបរាប់​រួម​គ្នា​អំពី​ឧបសគ្គ​និង​យុទ្ធសាស្ត្រ​ដែល​អាច​អនុវត្ត​បាន​ ដើម្បី​សម្រេច​បាន​នូវ​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​វិស័យ​ AI​ និង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិត​វិទ្យា​ (​ស្ទែ​ម​)​ របស់​ប្រទេស​កម្ពុជា​។​

ការ​សន្ទនា​បាន​ចាប់ផ្តើម​ដោយ​ការ​កំណត់​បញ្ហា​នៃ​ការ​ចូលរួម​តិចតួច​របស់​ស្ត្រី​ថា​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​កម្រិត​ពិភពលោក​។​ វាគ្មិន​បាន​គូសបញ្ជាក់​ពី​វិសមភាព​យ៉ាង​ខ្លាំង​នៃ​ចំនួន​ស្ត្រី​ដែល​ចូលរួម​ក្នុង​ស្ទែ​ម​ និង​ ឧស្សាហកម្ម​ AI​ ។​ នេះ​ជា​បាតុភូត​មួយ​ដែល​ជា​រឿយៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​បញ្ហា​រីក​រាលដាល​នៃ​កម្រិត​អក្ខរកម្ម​ឌី​ជី​ថ​ល​ទាប​របស់​ស្ត្រី​ទូ​ទាំង​សកលលោក​។​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​អាច​ទាញ​យក​សក្តានុពល​នៃ​ AI​ និង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ AI​ របស់​ខ្លួន​បាន​ដោយ​ជោគជ័យ​ ការ​ដោះស្រាយ​គម្លាត​ទេព​កោសល្យ​នេះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​សមធម៌​នោះ​ទេ​ ប៉ុន្តែ​ជា​កាតព្វកិច្ច​ផ្នែក​សេដ្ឋកិច្ច​។​

​ប្រសិនបើ​ស្ត្រី​ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​ មាន​តំណាង​តិចតួច​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ AI​ នោះ​បច្ចេកវិទ្យា​ដែល​ផលិត​បាន​នឹង​ខ្វះ​ភាព​ចម្រុះ​នៃ​គំនិត​ចាំបាច់​ សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ការ​រួម​បញ្ចូល​ពេញលេញ​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ការ​រួម​បញ្ចូល​ទស្សនៈ​របស់​ស្ត្រី​មាន​សារៈសំខាន់​សម្រាប់​អនាគត​ឌី​ជី​ថ​ល​របស់​ប្រទេស​ជាតិ​។​

ប្រធានបទ​ស្នូល​និង​ជា​ប្រព័ន្ធ​មួយ​ដែល​ត្រូវ​បាន​សង្កត់ធ្ងន់​ដោយ​លោក​វេជ្ជបណ្ឌិត​ សោភ័ណ​ ជុំវិញ​ឥទ្ធិពល​នៃ​បទដ្ឋាន​យេ​ន​ឌ័​រ​ (​ការ​សន្មត​ជា​រួម​)​។​ លោក​បាន​ចង្អុលបង្ហាញ​ថា​ បទដ្ឋាន​ដែល​ជាប់​ជ្រៅ​ទាំងនេះ​បាន​កំណត់​ការ​រំពឹង​ទុក​និង​តួនាទី​ក្នុង​សង្គម​សម្រាប់​ស្ត្រី​ គឺជា​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​បង្កើត​ភាព​លំអៀង​ជា​មូលដ្ឋាន​នៅ​ក្នុង​គោល​គំនិត​ និង​វិស័យ​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​សង្គម​ ដែល​នាំ​ទៅ​ដល់​វិសមភាព​យេ​ន​ឌ័​រ​ដោយ​ផ្ទាល់​នៅ​ក្នុង​វិស័យ​នេះ​។​ វាគ្មិន​បាន​យល់​ស្រប​យ៉ាង​ពេញទំហឹង​ថា​ ការ​ដោះស្រាយ​បញ្ហា​ជា​ប្រព័ន្ធ​នេះ​តម្រូវ​ឱ្យ​មាន​អន្តរាគមន៍​នៅ​កម្រិត​មូលដ្ឋាន​បំផុត​ ពោល​គឺ​ការ​អប់រំ​សមភាព​យេ​ន​ឌ័​រ​ត្រូវ​តែ​ចាប់ផ្តើម​នៅ​ក្នុង​គ្រួសារ​។​ អន្តរាគមន៍​អប់រំ​កម្រិត​ដំបូង​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ ព្រោះថា​ភាព​លំអៀង​ក្នុង​សង្គម​នេះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​អវិជ្ជមាន​ជាក់ស្តែង​សម្រាប់​ស្ត្រី​ សូ​ម្បី​តែ​បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការ​សិក្សា​ជា​ផ្លូវការ​របស់​ពួក​គេ​ហើយ​ក៏​ដោយ​។​

វាគ្មិន​បាន​ធ្វើការ​កត់សម្គាល់​យ៉ាង​ជាក់លាក់​ពី​និន្នាការ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​និស្សិត​នារី​មិន​ទទួល​បាន​ឱកាស​ស្មើគ្នា​ ឬ​ប្រាក់បៀវត្សរ៍​ស្មើគ្នា​ទៅ​នឹង​និស្សិត​បុរស​ទេ​ ដែល​បង្កើត​ជា​ការ​រារាំង​យ៉ាង​ខ្លាំង​លើ​ផ្នែក​ហិរញ្ញវត្ថុ​ និង​វិជ្ជាជីវៈ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ក្នុង​ការ​បន្ត​ការ​សិក្សា​ទាក់ទង​នឹង​បច្ចេកវិទ្យា​។​ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ការ​កែ​លម្អ​ការ​ទទួល​បានការ​អប់រំ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ឡើយ​។​ កំណែទម្រង់​ជា​ប្រព័ន្ធ​នៅ​កន្លែងធ្វើការ​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​ដែរ​ក្នុង​ការ​រក្សា​ស្ត្រី​ដែល​មាន​ទេព​កោសល្យ​។​

អ្នកស្រី​ Lauren​ និង​កញ្ញា​ សុ​ជាតិ​ បាន​ផ្តោត​យ៉ាង​ជា​សំខាន់​ទៅ​លើ​តម្រូវការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ផ្ទាល់​ ដើម្បី​កសាង​បណ្តាញ​ទេព​កោសល្យ​ស្ត្រី​ដ៏​រឹង​មាំ​។​ វាគ្មិន​ទាំងអស់​បាន​សង្កត់ធ្ងន់​ថា​ ស្ថាប័ន​សាលារៀន​គួរតែ​អភិវឌ្ឍ​វគ្គ​បណ្តុះបណ្តាល​អំពី​ AI​ ប្រកបដោយ​ភាព​បុ​រេ​សកម្ម​នៅ​ក្នុង​មុខ​វិជ្ជា​ជាក់​ ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ចូលរួម​របស់​និស្សិត​នារី​ ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​យល់​ថា​ AI​ ហាក់ដូចជា​មិនសូវ​គួរ​ឱ្យ​ខ្លាច​ និង​មាន​ភាព​ពាក់ព័ន្ធ​ជាង​មុន​ទៅ​នឹង​អាជីព​នានា​។​ ដើម្បី​ធានា​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​ចីរភាព​ពី​ស្ថាប័ន​នានា​ ពួក​គេ​ត្រូវ​តែ​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​មាន​លក្ខណៈ​ជា​ផ្លូវការ​ដោយ​ការ​បង្កើត​ច្បាប់​លម្អិត​ ពិធីសារ​ និង​រចនាសម្ព័ន្ធ​រដ្ឋបាល​ដែល​លើកកម្ពស់​តុល្យភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​កម្មវិធី​ AI​។​

​លើស​ពី​នេះ​ កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយ​ ទាមទារ​ឱ្យ​មាន​បង្កើន​ភាព​លេចធ្លោ​ និង​បុគ្គល​គំរូ​ដោយ​បង្កើន​ចំនួន​សាស្ត្រាចារ្យ​ស្ត្រី​ និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​ស្ត្រី​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​ ការ​បង្កើត​កម្មវិធី​ណែនាំ​ (Mentor​ Program)​ មុន​ពេល​ចាប់ផ្តើម​ថ្នាក់ឧត្តម​សិក្សា​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​និស្សិត​នារី​ឱ្យ​យល់​អំពី​អាជីព​ដែល​មាន​សក្តានុពល​និង​ជំនាញ​ចាំបាច់​ដែល​ត្រូវ​មាន​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​វិស័យ​បច្ចេកវិទ្យា​អាច​ ទៅ​ដល់​បាន​ និង​អាច​សម្រេច​បាន​។​

ជា​ចុង​ក្រោយ​ ដើម្បី​ធានា​បាន​នូវ​ការ​រួម​បញ្ចូល​នៅ​ក្នុង​បរិយាកាស​សិក្សា​ ការ​គាំទ្រ​ត្រូវ​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ប្រើប្រាស់​ ដើម្បី​នាំ​មក​នូវ​ទស្សនៈ​របស់​ស្ត្រី​ដល់​សិស្ស​និស្សិត​ ដែល​ធានា​ថា​កម្មវិធី​សិក្សា​និង​ការ​ពិភាក្សា​ក្នុង​ថ្នាក់រៀន​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​ និង​តម្រូវការ​របស់​ស្ត្រី​យ៉ាង​ពិតប្រាកដ​។​

ការ​ពិភាក្សា​បាន​បន្ត​លើស​ពី​ការ​កែទម្រង់​ស្ថាប័ន​ ទៅ​កាន់​តួនាទី​នៃ​គោលនយោបាយ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ ជា​ពិសេស​សម្រាប់​ឱកាស​ពង្រីក​លទ្ធភាព​។​ កញ្ញា​ សុ​ជាតិ​ បាន​ជំរុញ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ អង្គការ​សង្គម​ស៊ី​វិល​ និង​ស្ថាប័ន​រដ្ឋាភិបាល​ មាន​កិច្ចសហការ​និង​បង្កើត​កម្មវិធី​រួម​គ្នា​ ដើម្បី​ប្រមូលផ្តុំ​ធនធាន​និង​ជំនាញ​ ដោយ​បង្កើន​ឱកាស​បណ្តុះបណ្តាល​និង​ស្វែងរក​អាជីព​ ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ AI​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ក៏​មាន​អាណត្តិ​សម្រាប់​សមភាព​យេ​ន​ឌ័​រ​ឱ្យ​មាន​តុល្យភាព​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ ដែល​តម្រូវ​ឱ្យ​មាន​គោលនយោបាយ​សាជីវកម្ម​សកម្ម​ ដើម្បី​ដោះស្រាយ​ភាព​លំអៀង​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ ភាព​ខុស​គ្នា​នៃ​ការ​ឡើង​ឋានៈ​ និង​សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​បញ្ហា​ប្រាក់​ឈ្នួល​មិន​ស្មើគ្នា​ដែល​បាន​លើក​ឡើង​ពី​មុន​។​

​វាគ្មិន​ក៏​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ និង​ឱកាស​ពិសេស​មួយ​របស់​កម្ពុជា​ទាក់ទង​នឹង​ការ​រួម​បញ្ចូល​ភាសា​នៅ​ក្នុង​ AI៖​ ការ​ពិត​ដែល​ថា​គំរូ​ AI​ បច្ចុប្បន្ន​មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​ភាសា​ខ្មែរ​បាន​ទេ​។​ កង្វះ​ការ​សម្រប​ខ្លួន​ក្នុងស្រុក​នេះ​បង្កើត​ឱកាស​ និង​ភាព​ចាំបាច់​ភ្លាមៗ​សម្រាប់​ស្ត្រី​ក្នុង​ការ​ចូលរួម​ក្នុង​វិទ្យាសាស្ត្រ​ទិន្នន័យ​ និង​ការ​អភិវឌ្ឍ​ AI​ ដើម្បី​ធានា​បាន​នូវ​ការ​រួម​បញ្ចូល​ភាសា​។​ តាម​រយៈ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​បង្កើត​សំណុំ​ទិន្នន័យ​ និង​គំរូ​ភាសា​ខ្មែរ​ AI​ នឹង​អាច​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​ដោយ​មូលដ្ឋាន​ទូលំទូលាយ​ រួម​ទាំង​អ្នក​រស់នៅ​ជនបទ​ផង​ដែរ​ ដោយ​ធានា​ថា​អត្ថប្រយោជន៍​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ត្រូវ​បាន​ចែកចាយ​ស្មើភាព​គ្នា​នៅ​ទូ​ទាំង​ប្រទេស​។​

សរុប​មក​ គណៈកម្មការ​បាន​បង្ហាញ​នូវ​គំរូ​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ពង្រឹង​អនាគត​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត​ ដោយ​អះអាង​ថា​ វឌ្ឍនភាព​ប្រកបដោយ​ចីរភាព​តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដែល​គ្របដណ្តប់​លើ​តម្លៃ​គ្រួសារ​ កំណែទម្រង់​ស្ថាប័ន​ ការ​ទទួលខុសត្រូវ​របស់​ឧស្សាហកម្ម​ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​រួម​បញ្ចូល​ភាសា​ និង​សង្គម​។​