កម្មវិធីកិច្ចសន្ទនាពហុភាគីស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់បរិយាប័ន្នយេនឌ័រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងការរៀបចំកម្មវិធីកិច្ចសន្ទនាពហុភាគីស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់បរិយាប័ន្នយេនឌ័រ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ ស្តីពី «បញ្ញាសិប្បនិម្មិត សម្រាប់បរិយាប័ន្នយេនឌ័រ»។ វេទិការយៈពេលពីរថ្ងៃនេះមានគោលបំណងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យផ្សេងៗ រួមមានអ្នកជំនាញមកពីសង្គមស៊ីវិល វិស័យឯកជន យុវជន សហគមន៍បច្ចេកទេស និងរដ្ឋាភិបាល ដើម្បីចែករំលែក និងសិក្សាអំពីបទពិសោធន៍ និងទស្សនៈចម្រុះលើបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា និងប្រធានបទនៃបញ្ញាសិប្បនិម្មិត និងបរិយាបន្នយេនឌ័រ។ កិច្ចសន្ទនានេះក៏នឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹងដើម្បីគាំទ្រផែនការសេដ្ឋកិច្ចឌីជីថល និងសង្គមរបស់ប្រទេសកម្ពុជា ដោយលើកកម្ពស់ការពិភាក្សាគោលនយោបាយដែលមានព័ត៌មាន និងបង្កើនការយល់ដឹងជាសាធារណៈអំពីការអភិវឌ្ឍប្រកបដោយសីលធម៌ និងការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាថ្មីៗ។ ប្រធានបទពិភាក្សាសំខាន់ៗនឹងរួមមានគោលនយោបាយបញ្ញាសិប្បនិម្មិត ការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើអនាគតការងារ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ និងការប្រកួតគំនិត។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ