ពិសិដ្ឋ៖ តើខ្ញុំដោះស្រាយឧបសគ្គដែលកើតឡើងក្នុងពេលធ្វើការនៅផ្ទះយ៉ាងដូចម្ដ៉េច អំឡុងពេលផ្ទុះជំងឺកូវីដ-១៩?
ការធ្វើការពីផ្ទះក្នុងអំឡុងពេលកូវីដ-១៩នេះ ហាក់ដូចជាត្រូវបានយកមកអនុវត្តដោយបណ្ដាសហគ្រាសជាច្រើនរួមទាំងស្ថានប័នដែលខ្ញុំធ្វើការផងគឺ អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍ (អូឌីស៊ី)។ នៅពេលការផ្ទុះនៃវីរុសនេះកើតឡើង ជាមួយនឹងការកើនឡើងយ៉ាងលឿនរហ័សនៃចំនួនតេស្ដវិជ្ជមាននៃការឆ្លងវីរុសកូវីដ-១៩ ប្រជាជនជាច្រើនត្រូវបានណែនាំឱ្យស្នាក់នៅផ្ទះ ហើយនៅក្នុងប្រទេសមួយចំនួនដែលស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ ក៏បានសម្រេចអនុវត្តការបិទប្រទេស ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងជំងឺនេះ។ យ៉ាងនេះហើយ ទើបយើងត្រូវក៏បានគេជំរុញឱ្យធ្វើការពីនៅផ្ទះ ក្នុងគោលបំណងកុំអោយមានការប្រមូលផ្តុំមនុស្ស។
ដំបូងឡើយ ខ្ញុំគិតថាការធ្វើការនៅផ្ទះ វាមិនចោទជាបញ្ហារសម្រាប់ខ្ញុំទេ ព្រោះខ្ញុំយល់ថាខ្ញុំអាចធ្វើការនៅកន្លែងណាក៏បានដែរ។ ដូច្នេះខ្ញុំបានសំរេចចិត្តធ្វើការពីចម្ងាយនៅផ្ទះ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តជាក់ស្តែង ខ្ញុំបានជួបប្រទះនូវបញ្ហាជាច្រើន។ បញ្ហាទាំងនេះបានកាត់បន្ថយប្រសិទ្ធភាពក្នុងការធ្វើការងាររបស់ខ្ញុំ ហើយវាក៏បង្កឱ្យមានការធុញថប់និង តានតឹងផងដែរ។
ប៉ុន្តែបញ្ហាត្រូវតែមានដំណោះស្រាយសម្រាប់ធ្វើឱ្យការងាររបស់យើងមានប្រសិទ្ធភាព!
តើខ្ញុំដោះស្រាយឧបសគ្គទាំងនេះយ៉ាងដូចម្តេច ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងជម្រុះចោលនូវផលអវិជ្ជមានទាំងនោះចេញពីជីវិតរបស់ខ្ញុំបាន?
ឧបសគ្គ និងសកម្មភាពដែលត្រូវធ្វើដើម្បីយកឈ្នះនូវឧសគ្គទាំងនោះ
ក្នុងអំឡុងពេលធ្វើការពីផ្ទះមានឧបសគ្គជាច្រើនដែលមនុស្សអាចនឹងប្រឈមមុខខុសៗគ្នា។ សម្រាប់ខ្ញុំបញ្ហា ដែលខ្ញុំត្រូវដោះស្រាយមានជាអាទិ៍ដូចជា កន្លែងធ្វើការ បរិស្ថានជុំវិញ និងបញ្ហាខាងផ្លូវចិត្ត។
ការជ្រើសរើសកន្លែងធ្វើការដែលសមរម្យ
ខុសពីការិយាល័យ នៅផ្ទះយើងត្រូវរៀបចំកន្លែងសម្រាប់ធ្វើការងារ ដែលកន្លែងទាំងនេះអាចជានៅលើគ្រែដេកក្នុងផ្ទះបាយ ឬសូម្បីតែនៅក្នុងបន្ទប់ទឹក។ ការជ្រើសរើសកន្លែងធ្វើការត្រឹមត្រូវគឺ វាចាំបាច់ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការធ្វើការងារ ។ ហើយការផ្តោតអារម្មណ៍របស់យើងលើការងារអាចនឹងបាត់បង់ប្រសិនបើកន្លែងធ្វើការមិនមានផាសុខភាពសម្រាប់ ការងារពេញមួយថ្ងៃ។
ហេតុដូចនេះ ខ្ញុំនឹងមិនជ្រើសរើសធ្វើការនៅកន្លែងដេក រឺក៏ផ្ទះបាយទេ ព្រោះកន្លែងទាំងនេះនឹងមិនអាចធ្វើអោយខ្ញុំធ្វើការបានរយៈពេលយូរនោះទេ ដែលនៅលើគ្រែខ្ញុំអាចមានអារម្មណ៍ងងុយគេង រឺគេងលក់ក្នុងពេលធ្វើការ។ ហើយបើនៅក្នុងផ្ទះបាយ ខ្ញុំប្រហែលជារវល់ក្នុងញុាំអាហារសម្រន់ និងភេសជ្ជៈហើយការងារខ្ញុំប្រហែលមិនទៅមុខទេ។ ដើម្បីធ្វើឱ្យការងាររាល់ថ្ងៃរបស់ខ្ញុំមានប្រសិទ្ធភាព ខ្ញុំត្រូវរៀបចំកន្លែងធ្វើការរបស់ខ្ញុំនៅផ្នែកខាងមុខផ្ទះ ដែលជិតទ្វារនិងបង្អួច ដោយត្រូវមានតុនិងកៅអីសមរម្យដែលខ្ញុំអាចអង្គុយធ្វើការប្រកបដោយផាសុកភាពសម្រាប់ការធ្វើការងាររាប់ម៉ោង។ ម្យ៉ាងទៀតវានឹងអនុញ្ញាតឱ្យមានខ្យល់អាកាសបរិសុទ្ ធនិងពន្លឺព្រះអាទិត្យចេញចូលដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លា។
ដោះស្រាយបញ្ហាជាមួយនឹងអាកាសធាតុក្ដៅ
នារដូវប្រាំងនៅប្រទេសកម្ពុជា អាកាសធាតុគឺក្តៅណាស់ដែលធ្វើឱ្យមនុស្សម្នារួមទាំងខ្ញុំផងមានមិនមានផាសុខភាព ទាំងនៅខាងក្រៅ និងខាងក្នុងផ្ទះ ដែលគ្មានម៉ាស៊ីនត្រជាក់។ ជាការពិតណាស់ អាកាសធាតុបែបនេះពិតជាគួរអោយរំខានណាស់ ដែលធ្វើអោយខ្ញុំមិនអាចផ្តោតអារម្មណ៍លើការងាររបស់ខ្ញុំបានទេ ទោះបីខ្ញុំមានកង្ហារសម្រាប់បក់ជួយសម្ងួតញើសក៏ដោយ។ ហើយខ្យល់ពីកង្ហារក៏ក្តៅដែរ។
អញ្ចឹងហើយ អ្វីដែលខ្ញុំតែងតែធ្វើនោះគឺផឹកទឹកត្រជាក់រៀងរាល់មួយម៉ោងម្តងហើយងូតទឹកពេលណាដែលខ្ញុំក្តៅខ្លាំង។ ហើយនេះធ្វើឱ្យរាងកាយខ្ញុំមានសំណើមហើយបន្ទាប់ពីងូតទឹកវាធ្វើឱ្យរាងកាយខ្ញុំស្រស់ថ្លានិងមានផាសុកភាពជាច្រើនម៉ោង។
កាត់បន្ថយការរំខានពីបរិយាកាសខាងក្រៅ
ចំពោះបរិស្ថាននៅជុំផ្ទះ គេអាចជួបប្រទះការរំខានតាមខុសៗគ្នា។ អ្វីដែលជាការរំខានទូទៅ មានដូចជាការសាង់សង់អគារ និងផ្លូវថ្នល់ សំលេងកងរំពងនៃហ្វូងមនុស្សនៅតាមទីផ្សារ សំលេងចម្រៀងនៅតាមហាងផឹកស៊ីជាដើម។
ខ្ញុំរស់នៅក្នុងផ្ទះជួលមួយដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញតែម្ដង។ ហើយជាធម្មតាខ្ញុំត្រូវបានរំខានដោយការបំពុលសំឡេង ដូចជាសំឡេងចេញពីការរដ្ឋានសំណង់ ហ្វូងមនុស្ស តន្ត្រីដែលមានសំលេងលឺៗ សំលេងរំខានពីអ្នកជិតខាង និងហាងផឹកស៊ី។ ជាមួយនឹងការរំខានទាំងនេះ ខ្ញុំមានអារម្មណ៍ថាពិបាកក្នុងការផ្តោតអារម្មណ៍លើការងារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។
ដើម្បីដោះស្រាយការរំខានដែលមិនអាចជៀសសវាងបាននេះ ខ្ញុំតែងតែស្តាប់តន្ត្រីដោយដាក់កាស ដូចជាតន្ត្រីតែងដោយ Mozart, Beethoven និង Chopin ។ ចង្វាក់ភ្លេងនៃតន្ត្រីអាចរារាំងសំលេងរំខានជុំវិញនិងធ្វើអោយខ្ញុំផ្តោតអារម្មណ៍លើការងារបានល្អ។
ដោះស្រាយបញ្ហាដែលទាក់ទងនឹងផ្លូវចិត្ត
ជាការពិតអារម្មណ៍របស់យើងជះឥទ្ធិពលដល់របៀបដែលយើងធ្វើការ ហើយដូច្នេះវានឹងជះឥទ្ធិពលដល់ប្រសិទ្ធភាពការងារជាក់ជាពុំខាន។
អារម្មណ៍នៃការធ្វើការនៅក្នុងការិយាល័យ និងនៅផ្ទះ អាចមានភាពខុសគ្នាទៅតាមមនុស្ស និងប្រភេទការងាររបស់ពួកគេ។
សម្រាប់ខ្ញុំ ខ្ញុំមិនមានអារម្មណ៍ឯកោដោយធ្វើការពីផ្ទះនោះទេ ប៉ុន្តែខ្ញុំសង្កេតឃើញថា អារម្មណ៍របស់ខ្ញុំប្រែទៅជាមិនសូវនឹងនរ ហើយជារឿយៗមិនសូវមានអារម្ហណ៍ជាមួយនឹងការងារនេះ។ ពេលខ្លះបញ្ហាទាំងនេះអាចបណ្តាលមកពីអារម្មណ៍ដែលយល់ថាខ្ញុំនៅផ្ទះ ហើយខ្ញុំមិនមានអារម្មណ៍ថាខ្ញុំកំពុងធ្វើការទេ។
បញ្ហានេះគ្រាន់តែដោយសារតែផ្ទះមិនមែនជាការិយាល័យធ្វើការប៉ុណ្ណោះ។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់ការងារនេះនៅឡើយទេ។ ហើយការផ្លាស់ប្តូរបរិយាកាសការងារនេះ ក៏មិនទាន់ធ្វើឱ្យខ្ញុំស៊ាំនឹងវានោះដែរ។
ខ្ញុំដោះស្រាយបញ្ហាទាំងនេះដោយរៀបចំកាលវិភាគសម្រាប់ធ្វើការ ដូចជា ចាត់ចែងកិច្ចការដែលត្រូវបំពេញរាល់ថ្ងៃ និងកំណត់ពេលវេលាសម្រាប់ការងារដូចដែលខ្ញុំធ្វើការនៅការិយាល័យដែរ។
បច្ចេកទេសនេះមានប្រយោជន៍ក្នុងការកាត់បន្ថយការពន្យារពេល និងបង្កើនផលិតភាពនៃការងារ។
សរុបមក វាអាចមានបញ្ហាប្រឈមជាច្រើនទៀតក្នុងការធ្វើការងារពីចម្ងាយនៅផ្ទះ ដែលមនុស្សអាចជួបប្រទះវាខុសគ្នា។ រាល់ឧសគ្គដែលខ្ញុំបានប្រឈម ហើយសកម្មភាព និងបច្ចេកទេសដែលខ្ញុំបានអនុវត្តដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺវាអាចអនុវត្តបានចំពោះស្ថានភាពរបស់ខ្ញុំ។ ទាំងនេះប្រហែលជាអាចត្រូវបានអនុវត្តបានតែសម្រាប់ខ្ញុំក៏ថាបាន តែអ្នកនៅតែអាចសាកល្បងអនុវត្តបច្ចេកទេសទាំងនេះ ឬកែវាឱ្យត្រូវនឹងកាលៈទេសៈរបស់អ្នកដើម្បីដោះស្រាយបញ្ហារបស់អ្នក ហើយសង្កេតមើលថា តើវាអាចអនុវត្តបាននៅក្នុងស្ថានភាពអ្នកឬទេ។
ប្លុកសរសេរដោយ៖ លោក វង្ស ពិសិទ្ធ មន្រ្តីស្រាវជ្រាវទិន្នន័យ និង GIS នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។