កិច្ចប្រជុំបឋមស្តីពី ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR)
បណ្តាប្រទេសនានានៅទូទាំងពិភពលោកត្រូវបានលើកទឹកចិត្តឱ្យរៀបចំ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ដែលធ្វើឡើងតាមប្រទេស និងដឹកនាំប្រទេសនីមួយៗ ខណៈពេលដែលពួកគេសម្របសម្រួលក្នុងការតាមដានដំណើរការនៃការអនុវត្ត និងប្រសិទ្ធភាពនៃសកម្មភាព និងគោលដៅដែលបានអនុម័ត ដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ បន្ទាប់ពីបានក្លាយជាអ្នកផ្តួចផ្តើមជោគជ័យមួយ ដើម្បីចែករំលែកបទពិសោធន៏ និងពន្លឿនការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជានឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយភាគីពាក់ព័ន្ធមួយចំនួន ដើម្បីផ្សព្វផ្សាយរបាយការណ៍ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ឆ្នាំ២០១៩ ជាលើកដំបូងរបស់ខ្លួន។ ការត្រួតពិនិត្យថ្នាក់ជាតិ នេះស្ថិតក្នុងដំណាក់កាលប្រមូល និងវិភាគទិន្នន័យ និងព័ត៌មាន ហើយរំពឹងថា នឹងត្រូវបានបោះពុម្ពផ្សាយនៅក្នុងខែមិថុនា ព្រមទាំងនឹងធ្វើបទបង្ហាញនៅខែកក្កដា នៅវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (HLPF) នៅទីក្រុងញូវយ៉ក ក្រោមការគាំទ្ររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (ECOSOC) ។
លទ្ធផលនៃកិច្ចប្រជុំចាប់ផ្តើមស្តីពី ការរៀបចំរបាយការណ៍ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) នៅថ្ងៃទី៣១ ខែមករា ដែលបានរៀបចំដោយ ក្រសួងផែនការ ដោយមានកិច្ចសហការជាមួយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) និងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជារួចមក គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរៀបចំកិច្ចប្រជុំបឋមជាមួយអង្គការសង្គមស៊ីវិលក្នុង និងក្រៅប្រទេស (CSOs) នៅថ្ងៃទី០៧ ខែកុម្ភៈ ដើម្បីកំណត់តួនាទីរបស់ពួកគេនៅក្នុងដំណើរការសរសេររបាយការណ៍ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR)។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) មានឱកាសពិនិត្យឡើងវិញនូវលទ្ធផលពីកិច្ចប្រជុំលើកមុន ហើយពិភាក្សាបន្ថែមទៀតអំពីរបៀបដែលអង្គការសង្គមស៊ីវិល នឹងចូលរួមចំណែកការសរសេរ របាយការណ៍ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR)។ សម្រាប់តួនាទីសំខាន់ៗរបស់អង្គការសង្គមស៊ីវិលក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ពួកគេមានព័ត៌មានបឋម និងការប្តេជ្ញាចិត្តក្នុងការផ្តល់នូវបច្ចេកទេសសម្រាប់ការសរសេររបាយការណ៍ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ។ ក្នុងគោលបំណងនេះ អង្គការសង្គមស៊ីវិល បានយល់ព្រមសរសេររបាយការណ៍ស្តីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានកំណត់ឱ្យពួកគេ ដោយរួមបញ្ចូលការវិភាគតាមដានការអនុវត្តគោលដៅនីមួយៗ អនុសាសន៍សម្រាប់ការអនុវត្តបន្ថែម ព្រមទាំងបញ្ហា និងការសម្រេចបាន។ របាយការណ៍ នឹងត្រូវបញ្ជូនទៅក្រុមការងារបច្ចេកទេសតាមវិស័យ និងក្រសួងផែនការនៅថ្ងៃទី២០ ខែកុម្ភៈ។ នៅពេលរបាយការណ៍ត្រូវបានត្រួតពិនិត្យ ក្រសួងផែនការនឹងរៀបចំកិច្ចប្រជុំដើម្បី បង្ហាញការវាយតម្លៃរបស់ខ្លួន និងប្រកាសពីធាតុចូលដែលនឹងត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR)។
នៅក្នុងដំណើរការនៃការសរសេររបាយការណ៍នេះ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានបង្ហាញពីវិធីសាស្ត្រដែលខ្លួននឹងអនុម័តដើម្បីប្រមូលទិន្នន័យ។ ការចុះយកព័ត៌មាន សិក្ខាសាលាថ្នាក់តំបន់ និងពិគ្រោះយោបល់ នឹងផ្តល់នូវធាតុចូលដ៏សំខាន់ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធ។
អ្នកចូលរួមបានលើកឡើងថា បញ្ហាប្រឈមចម្បងៗ ដែលនឹងជួបប្រទះ គឺការខ្វះខាតពេលវេលា និងកង្វះខាតសូចនាករផ្លូវការរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីវាយតម្លៃពីវឌ្ឍនភាព ដែលនឹងតម្រូវឱ្យប្រើប្រាស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលសិន រហូតដល់មានសូចនាករជាក់លាក់របស់កម្ពុជាត្រូវបានកំណត់។ អ្នកចូលរួមនឹងបង្កើនការសហការយ៉ាងជិតស្និទ្ធរវាងអង្គការរបស់ពួកគេ ដើម្បីគាំទ្រគ្នាទៅវិញទៅមក និងធ្វើរបាយការណ៍ដូចគ្នា។
ខណៈដែល អូឌីស៊ី ចងក្រងទិន្នន័យលើប្រធានបទពាក់ព័ន្ធពាក់ព័ន្ធនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើន ក្រុមការងាររបស់យើង នឹងផ្តល់ព័ត៌មាន និងទិន្នន័យដល់អង្គការផ្សេងៗ ក៏ដូចជាជំនួយបច្ចេកទេស និងការជួយក្នុងការចែករំលែកទិន្នន័យ។ អូឌីស៊ីកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការចូលរួមក្នុង របៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ ហើយចំពោះគោលបំណងនេះ យើងក៏មានកិច្ចព្រមព្រៀងសហការ ជាមួយក្រសួងផែនការ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជួយសម្រួលដល់ការឃ្លាំមើលរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) តាមរយៈវេទិកាទិន្នន័យបើកទូលាយលើប្រព័ន្ធអ៊ីនធើណិត។