កិច្ចប្រជុំ​បឋម​ស្តី​ពី​ ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្នុង​ដំណើរ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR) ​

បណ្តា​ប្រទេស​នានា​នៅ​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​រៀបចំ​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ ដែល​ធ្វើ​ឡើង​តាម​ប្រទេស​ និង​ដឹកនាំ​ប្រទេស​នីមួយៗ​ ខណៈ​ពេល​ដែល​ពួក​គេ​សម្របសម្រួល​ក្នុង​ការ​តាមដាន​ដំណើរការ​នៃ​ការ​អនុវត្ត​ និង​ប្រសិទ្ធភាព​នៃ​សកម្មភាព​ និង​គោលដៅ​ដែល​បាន​អនុម័ត​ ដើម្បី​សម្រេច​បាន​នូវ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​។​ បន្ទាប់​ពី​បាន​ក្លាយជា​អ្នក​ផ្តួចផ្តើម​ជោគជ័យ​មួយ​ ដើម្បី​ចែករំលែក​បទ​ពិសោធ​ន៏​ និង​ព​ន្លឿ​ន​ការ​អនុវត្ត​របៀបវារៈ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ ឆ្នាំ​២០១៩​ ជា​លើក​ដំបូង​របស់​ខ្លួន​។​ ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ប្រមូល​ និង​វិភាគ​ទិន្នន័យ​ និង​ព័ត៌មាន​ ហើយ​រំពឹង​ថា​ នឹង​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ខែមិថុនា​ ព្រមទាំង​នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ខែកក្កដា​ នៅ​វេទិកា​នយោបាយ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ (HLPF)​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ ក្រោម​ការ​គាំទ្រ​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ របស់​អង្គការសហប្រជាជាតិ​ (ECOSOC)​ ។

លទ្ធផល​នៃ​កិច្ចប្រជុំ​ចាប់ផ្តើម​ស្តី​ពី​ ការ​រៀបចំ​របាយការណ៍​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ដែល​បាន​រៀបចំ​ដោយ​ ក្រសួងផែនការ​ ដោយ​មាន​កិច្ចសហការ​ជាមួយ​ គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ (UNESCAP)​ និង​ក្រុម​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​រួច​មក​ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC)​ និង​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​បឋម​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ និង​ក្រៅប្រទេស​ (CSOs)​ នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ដើម្បី​កំណត់​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង​ដំណើរការ​សរសេរ​របាយការណ៍​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​។​

លោក​ រី សុវណ្ណា មក​ពី​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ កំពុង​ធ្វើ​បទ​បង្ហាញ​អំ​ពីផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​​​អង្គការ​សង្គម​ស៊ី​វិលក្នុង​ការ​ផ្តល់​នូវ​ធាតុ​ចូលដល់​​ក្រសួង​ផែន​ការ​ដើម្បី​សរសេរ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ មានឱកាស​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធផល​ពី​កិច្ចប្រជុំ​លើក​មុន​ ហើយ​ពិភាក្សា​បន្ថែម​ទៀត​អំពី​របៀប​ដែល​អង្គការ​សង្គម​ស៊ី​វិល​ នឹង​ចូលរួម​ចំណែក​ការ​សរសេរ​ របាយការណ៍​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​។​ សម្រាប់​តួនាទី​សំខាន់ៗ​របស់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ ពួក​គេ​មាន​ព័ត៌មាន​បឋម​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​បច្ចេកទេស​សម្រាប់​ការ​សរសេរ​របាយការណ៍​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ ។​ ក្នុង​គោលបំណង​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ បាន​យល់ព្រម​សរសេរ​របាយការណ៍​ស្តី​ពី​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ដែល​បាន​កំណត់​ឱ្យ​ពួក​គេ​ ដោយ​រួម​បញ្ចូល​ការ​វិភាគ​តាមដាន​ការ​អនុវត្ត​គោលដៅ​នីមួយៗ​ អនុសាសន៍​សម្រាប់​ការ​អនុវត្ត​បន្ថែម​ ព្រមទាំង​បញ្ហា​ និង​ការ​សម្រេច​បាន​។​ របាយការណ៍​ នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុមការងារ​បច្ចេកទេស​តាម​វិស័យ​ និង​ក្រសួងផែនការ​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​។​ នៅ​ពេល​របាយការណ៍​ត្រូវ​បាន​ត្រួតពិនិត្យ​ ក្រសួងផែនការ​នឹង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ បង្ហាញ​ការ​វាយតម្លៃ​របស់​ខ្លួន​ និង​ប្រកាស​ពី​ធាតុ​ចូល​ដែល​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​។​

ក្រុម​ការ​ងារ​ អូ​ឌី​ស៊ី ចូល​រួម​ក្នុងកិច្ចប្រជុំ​ស្តី​ពី​ ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្នុង​ដំណើរការ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត។

​នៅ​ក្នុង​ដំណើរការ​នៃ​ការ​សរសេរ​របាយការណ៍​នេះ​ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC)​ បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ដែល​ខ្លួន​នឹង​អនុម័ត​ដើម្បី​ប្រមូល​ទិន្នន័យ​។​ ការ​ចុះ​យក​ព័ត៌មាន​ សិក្ខាសាលា​ថ្នាក់​តំបន់​ និង​ពិគ្រោះ​យោបល់​ នឹង​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​សំខាន់​ដើម្បី​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​។​

អ្នកចូលរួម​បាន​លើក​ឡើង​ថា​ បញ្ហា​ប្រឈម​ចម្បងៗ​ ដែល​នឹង​ជួប​ប្រទះ​ គឺ​ការ​ខ្វះខាត​ពេលវេលា​ និង​កង្វះខាត​សូចនាករ​ផ្លូវការ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ ដើម្បី​វាយតម្លៃ​ពី​វឌ្ឍនភាព​ ដែល​នឹង​តម្រូវ​ឱ្យ​ប្រើប្រាស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​សិន​ រហូត​ដល់​មាន​សូចនាករ​ជាក់លាក់​របស់​កម្ពុជា​ត្រូវ​បាន​កំណត់​។​ អ្នកចូលរួម​នឹង​បង្កើន​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អង្គការ​របស់​ពួក​គេ​ ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ធ្វើ​របាយការណ៍​ដូច​គ្នា​។​

លោក​ រី សុវណ្ណា មក​ពី​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ កំពុង​ធ្វើ​បទ​បង្ហាញ​អំ​ពីផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​​​អង្គការ​សង្គម​ស៊ី​វិលក្នុង​ការ​ផ្តល់​នូវ​ធាតុ​ចូលដល់​​ក្រសួង​ផែន​ការ​ដើម្បី​សរសេរ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​។

ខណៈ​ដែល​ អូ​ឌី​ស៊ី​ ចងក្រង​ទិន្នន័យ​លើ​ប្រធានបទ​ពាក់ព័ន្ធ​ពាក់ព័ន្ធ​នឹង​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​ច្រើន​ ក្រុមការងារ​របស់​យើង​ នឹង​ផ្តល់​ព័ត៌មាន​ និង​ទិន្នន័យ​ដល់​អង្គការ​ផ្សេងៗ​ ក៏​ដូច​ជា​ជំនួយ​បច្ចេកទេស​ និង​ការ​ជួយ​ក្នុង​ការ​ចែករំលែក​ទិន្នន័យ​។​ អូ​ឌី​ស៊ី​កំពុង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ចំពោះ​ការ​ចូលរួម​ក្នុង​ របៀបវារៈ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០​។​ ហើយ​ចំពោះ​គោលបំណង​នេះ​ យើង​ក៏​មាន​កិច្ចព្រមព្រៀង​សហការ​ ជាមួយ​ក្រសួងផែនការ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ជួយ​សម្រួល​ដល់​ការ​ឃ្លាំមើល​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ (CSDGs)​ តាម​រយៈ​វេទិកា​ទិន្នន័យ​បើក​ទូលាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។​