សិក្ខាសាលា ស្តីពី សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) សហការជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានធ្វើសិក្ខាសាលាអនឡាញមួយដែលមានរយៈពេលកន្លះថ្ងៃស្តីពី “សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច”។ សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងដែលកំពុងតែដំណើរការ ដែលសម្របសម្រួលដោយ Open Development Mekong និងដៃគូថ្នាក់ជាតិនានា មានគោលបំណងអភិវឌ្ឍការប្រមួលទិន្នន័យ និងជំនាញអក្ខរកម្មទិន្នន័យ ដើម្បីបង្កើតឃ្លាំងទិន្នន័យមជ្ឃិមមួយសម្រាប់ថ្នាក់តំបន់។ សិក្ខាសាលានេះទទួលបានការឧបត្ថម្ភពីមូលនិធិ McKnight តាមរយៈវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWM)។
សិក្ខាសាលានេះ បានប្រារព្ធឡើងដោយមានអ្នកចូលរួមប្រមាណ ១៥ នាក់ដែលធ្វើការទាក់ទងទៅនឹងសុខុមាលភាពរបស់ជនជាតិដើមភាគតិច (IP) រួមទាំងពីសំណាក់ក្រុមដែលមានពាក់ព័ន្ធពិសេសដូចជាក្រុមស្ត្រីជនជាតិដើមភាគតិច ក៏ដូចជាតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មកពីខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តពោធិ៍សាត់ ព្រមទាំងអង្គការអន្តរជាតិផ្សេងទៀតដូចជាអង្គការអុកហ្វាមរតនៈគីរី និង OHCHR នៃអង្គការសហប្រជាជាតិជាដើម។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ចំនួនបី។ ទីមួយ គឺលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ ឃែរ (CARE Principles) ទៅកាន់អ្នកពាក់ព័ន្ធ និងសហគមន៍ជនជាតិដើមភាគតិច។ ទីពីរ លើកទឹកចិត្តឱ្យក្រុមសហគមន៍ជនជាតិដើមមានការចាប់អារម្មណ៍លើទិន្នន័យ និងមានភាពជាម្ចាស់នៃទិន្នន័យរបស់ពួកគេ ក្នងនាមបុគ្គលមានអាទិភាពក្នុងការទទួលបានផលប្រយោជន៍ ដើម្បីឱ្យយល់កាន់តែច្បាស់នូវសិទ្ធិសមូហភាពរបស់ពួកគេ។ ទីបី ផ្សព្វផ្សាយគោលការណ៍ ឃែរ (CARE Principles) ដែលបានបកប្រែជាភាសាខ្មែរ ដោយក្រុមការងារអូឌីស៊ី សហការជាមួយ CIPO និងអង្គការជនជាតិភាគដើមដទៃទៀត ទៅដល់សិក្ខាកាមក្នុងគោលបំណងដើម្បីងាយស្រួលក្នុងការឱ្យពួកគេទទួលបាន និងផ្សព្វផ្សាយគោលការណ៍ទាំងនេះនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
សិក្ខាសាលានេះ បានចាប់ផ្តើមដោយសុន្ទរកថារបស់ លោក ធី ទ្រី ជានាយកប្រតិបត្តិអង្គការអូឌីស៊ី។ លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍អ្នកចូលរួមក្នុងសិក្ខាសាលាអនឡាញ (Online) ហើយក៏មានការសោកស្តាយផងដែរ ដែលសិក្ខាសិលានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតវិញ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត នៅក្នុងសុន្ទរកថា លោក ទ្រី ក៏បញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីនិយមន័យនៃសិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច ដើម្បីចៀសវាងការយល់ច្រឡំផ្សេងៗ ទៅលើគំនិតស្នូលរបស់ពាក្យមួយនេះ។ បន្ទាប់មក សិក្ខាកាមទាំងឡាយបានធ្វើការណែនាំដោយសង្ខេបអំពីឈ្មោះ និងប្រវត្តិការងាររបស់ពួកគេ។
បន្ទាប់មក លោក ទ្រី បានប្រគល់តួនាទីទៅដល់ កញ្ញា អ៊ួន វិមល មន្ត្រីកម្មវិធី និងភាពជាដៃគូនៃអូឌីស៊ី ដើម្បីចាប់ផ្តើមវគ្គដំបូងជាផ្លូវការ។ កញ្ញា វិមល បានបង្ហាញពីគំនិតស្នូលនៃទិន្នន័យបើកទូលាយ (Open Data)។ នៅក្នុងបទបង្ហាញ កញ្ញាបានផ្តល់និយមន័យនៃទិន្នន័យ និងការយល់ដឹងអំពីរបៀបដែលអាជ្ញាប័ណ្ណទិន្នន័យបើកទូលាយ (Open Data license) ដំណើរការទៅកាន់អ្នកចូលរួម។ ក្នុងអំឡុងពេលធ្វើបទបង្ហាញ កញ្ញាក៏បានបង្ហាញឧទាហរណ៍ខ្លីមួយចំនួនសម្រាប់សិក្ខាកាមដើម្បីកំណត់ចំណាំនូវនិមិត្តសញ្ញាផ្សេងៗដែលទាក់ទងនឹងប្រភេទអាជ្ញាប័ណ្ណផ្សេងៗគ្នា ក្នុងគោលបំណងឱ្យសិក្ខាកាមដឹងកាន់តែច្បាស់អំពីអាជ្ញាប័ណ្ណទិន្នន័យបើកទូលាយ និងដើម្បីការពារកុំឱ្យមានការភ័ន្តច្រឡំដែលនាំឱ្យប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវតាមគោលការណ៍។
បន្ទាប់មកទៀត លោកស្រី Pyrou Chung ដែលជានាយកនៃកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍ (ODI) បានចូលរួមសិក្ខាសាលាពីប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើបទបង្ហាញផងដែរ។ លោកស្រី បានណែនាំវិធីសាស្ត្រអន្តរសកម្មសម្រាប់អ្នកចូលរួម ដើម្បីពិភាក្សាដោយប្រើកម្មវិធីមីរ៉ូ (Miro) ដែលជាកម្មវិធីសម្រាប់ការងារជាក្រុម។ លោកស្រីបានផ្តល់សំណួរសំខាន់ៗចំនួនបីសម្រាប់អ្នកចូលរួម ដើម្បីពិភាក្សា និងបង្ហាញចម្លើយរបស់ពួកគេរួមមាន ១) តើពួកគេមានចំណេះដឹងអ្វីខ្លះអំពីសហគមន៍ដែលពូកគេរស់នៅ? ២) តើសមាជិកណាក្នុងសហគមន៍ដែលមានចំណេះដឹងទាំងនោះ ហើយចំណេះដឹងនោះត្រូវបានបញ្ជូន និងចែករំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមវិធីណា? ៣) តើអ្នកកត់ត្រាចំណេះដឹងទាំងអស់នេះយ៉ាងដូចម្តេច? លោកស្រី Chung បានមានប្រសាសន៍ថា ចម្លើយរបស់សិក្ខាកាមពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកស្រីក្នុងការប្រមូលព័ត៌មាន និងយល់ដឹងពីចំណេះដឹងដែលសិក្ខាកាមមានអំពីជនជាតិដើមភាគតិចព្រោះវាជាទិន្នន័យ។ លោកស្រីក៏បានពន្យល់បន្ថែមទៀតអំពីនិយមន័យផ្សេងៗគ្នានៃគោលការណ៍អធិបតេយ្យភាព និងភាពខុសគ្នារវាងសិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើម (IDS) និងអភិបាលកិច្ចទិន្នន័យជនជាតិដើមភាគតិច (IDG)។ អធិបតេយ្យភាពមានអត្ថន័យផ្សេងៗគ្នា។ លោកស្រី Chung បានមានប្រសាសន៍ថា “នៅកម្រិតថ្នាក់មូលដ្ឋាន អធិបតេយ្យភាពមានន័យថាសិទ្ធិក្នុងការគ្រប់គ្រងសហគមន៍របស់ពួកគេដោយខ្លួនឯង ដែលទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់ពួកគេ”។ លោកស្រី ក៏បានពន្យល់ថែមទៀតអំពីភាពខុសគ្នារវាងអាយឌីអេស (IDS) និងអាយឌីជី (IDG) ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកចូលរួមម្នាក់។ លោកស្រីបានឆ្លើយតបថា អាយឌីអេស (IDS) គឺជាសិទ្ធិដែលសហគមន៏ជនជាតិដើមមានក្នុងការប្រើប្រាស់ទិន្នន័យរបស់ពួកគេដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគេ ចំណែកឯអាយឌីជី (IDG) គឺជាដំណើរការ និងដំណោះស្រាយដែលទាក់ទងទៅនឹងវិធីសាស្ត្រក្នុងការប្រើប្រាស់ទិន្នន័យដើម្បីជាប្រយោជន៍សម្រាប់សហគមន៍។
ក្រោយមកទៀត លោកស្រី សៀន សុខនី ជាមន្ត្រីអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានបង្ហាញនូវចំណុចសំខាន់ៗចំនួន ៣ នោះគឺប្រវតិ្តសង្ខេប និងគោលបំណងរបស់អង្គការ CIPO វិធីសាស្ត្រដែល CIPO ប្រមូល និងរក្សាទុកទិន្នន័យ ក៏ដូចជាទិន្នន័យស្ថិតិរបស់ជនជាតិដើមភាគតិចទាក់ទងនឹងប្រជាសាស្ត្រ និងរដ្ឋបាលដីធ្លី។ បន្ទាប់មក លោក ឡេង វិវឌ្ឍន៍ ជាមន្ត្រីកម្មវិធីនៃអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO) បានធ្វើបទបង្ហាញដោយសង្ខេបស្តីពីគោលបំណង និងបេសកកម្មរបស់អង្គការ ICSO និងនិយាយពីការចុះបញ្ជីដីធ្លីសមូហភាពទាក់ទងនឹងដំណើរការ ការកែលំអ បញ្ហាប្រឈម និងឱកាសដែលកើតឡើងពីបញ្ហាប្រឈមទាំងនោះ។ វគ្គចុងក្រោយត្រូវបានធ្វើបទបង្ហាញដោយលោក ទូច និមិត្ត ជានាយកប្រតិបត្តិការនៃសហគមន៍អភិវឌ្ឍន៍ជនជាតិដើមភាគតិចមណ្ឌលគិរី (ស.អ.ជ.ម) ដែលបានបង្ហាញពីគោលដៅ និងបេសកកម្មរបស់អង្គការ ពាក់ព័ន្ធនឹងការចងក្រងឯកសារចំណេះដឹងជាប្រពៃណីរបស់សហគមន៍ ពូនង។
ជាចុងក្រោយ សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយលោកស្រី សុខនី បានធ្វើការថ្លែងអំណរគុណដល់អ្នកតំណាងអង្គការទាំងអស់ដែលបានចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រីបានសម្តែងការរំពឹងទុកថានឹងសហការណ៍ជាមួយសិក្ខាកាមទាំងអស់ដោយជួបមុខគ្នាផ្ទាល់នៅក្នុងគម្រោង ឬសិក្ខាសាលានាថ្ងៃអនាគត។ លោកស្រី សុខនី និង លោក ទ្រី ក៏បានជំរុញការប្រើប្រាស់គោលការណ៍ ឃែរ (CARE Principles) ដែលមានជាភាសាខ្មែរដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើម និងការប្រើប្រាស់វា។
សិក្ខាសាលាស្តីពី “សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច” ជាការសម្គាល់ថាគម្រោងមួយនេះបានបញ្ចប់។ ភាពជោគជ័យនៃសិក្ខាសាលា និងកម្មវិធីពីមុនៗមក រួមទាំងការការផ្សព្វផ្សាយនូវឯកសារបកប្រែគោលការណ៍ ឃែរនេះ បានជំរុញអូឌីស៊ី និងដៃគូរបស់ខ្លួនឱ្យបន្តអនុវត្តការងារនៅក្នុងវិស័យនេះ និងស្វែងរកឱកាសក្នុងការសហការបន្ថែមទៀត ដើម្បីបង្កើននូវការប្រមូល និងការប្រើប្រាស់ទិន្នន័យជនជាតិដើមភាគតិច។