ជំនួបបច្ចេកទេសស្តីពីការធ្វើផែនទី៖ ការពង្រឹងការធ្វើផែនទីព្រៃឈើតាមរយៈបច្ចេកវិទ្យាភូមិសាស្ត្រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំជំនួបបច្ចេកទេសស្តីពីការធ្វើផែនទី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការគាំទ្រពី អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍។ ការជួបជុំនេះបានបង្កើតវេទិកាសម្រាប់ភាគីពាក់ព័ន្ធ និងអ្នកបច្ចេកទេស ដើម្បីផ្លាស់ប្តូរគំនិត និងស្វែងយល់ពីវិធីសាស្ត្រនិងឧបករណ៍ភូមិសាស្ត្រដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សព្រៃឈើនៅកម្ពុជា។ ជំនួបប្រជុំនេះមានគោលបំណង៖
- លើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងលើឧបករណ៍ធ្វើផែនទីព្រៃឈើ
- ពង្រឹងបណ្តាញបច្ចេកទេសក្នុងចំណោមតួអង្គក្នុងស្រុក
- លើកទឹកចិត្តដល់កិច្ចសហការក្នុងការត្រួតពិនិត្យ និងការអភិរក្សព្រៃឈើ

អ្នកចូលរួមសរុបចំនួន ១៦នាក់ រួមទាំងអ្នកជំនាញ អ្នកស្រាវជ្រាវ និស្សិត អង្គការសង្គមស៊ីវិល និងតំណាងវិស័យឯកជន បានចូលរួមក្នុងការពិភាក្សាអំពីរបៀបដែលបច្ចេកវិទ្យាអាចផ្តល់សិទ្ធិអំណាចដល់សហគមន៍ក្នុងការការពារព្រៃឈើដែលនៅក្នុងប្រទេសកម្ពុជា។
លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី បានស្វាគមន៍អ្នកចូលរួម និងបានណែនាំកម្មវិធីធ្វើផែនទី និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទិន្នន័យព្រៃឈើ និងកិច្ចសហការឆ្លងវិស័យក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន។

បទបង្ហាញទី១៖ តួនាទីនៃបច្ចេកវិទ្យាភូមិសាស្ត្រក្នុងវិស័យព្រៃឈើសម័យទំនើប
វាគ្មិនទីមួយ លោក ចាន់ថងន៍ បូរ៉ាមី បានធ្វើបទបង្ហាញអំពីតួនាទីនៃបច្ចេកវិទ្យាភូមិសាស្ត្រក្នុងវិស័យព្រៃឈើសម័យទំនើប។ លោក បូរ៉ាមី បានណែនាំអំពីមូលដ្ឋានគ្រឹះនៃ GIS សារពើភ័ណ្ឌព្រៃឈើ និងការធ្វើផែនទីព្រៃឈើ ដោយពន្យល់ពីរបៀបនៃបច្ចេកទេសភូមិសាស្ត្រទំនើបដូចជា៖
- ការត្រួតពិនិត្យការផ្លាស់ប្តូរព្រៃឈើ
- ការគ្រប់គ្រងផែនការ និងការប្រើប្រាស់ដីធ្លី
- ការគាំទ្រសហគមន៍តាមរយៈការធ្វើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ
លោក បូរ៉ាមី បានបញ្ជាក់ពីវិធីសាស្ត្របច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយដូចជារូបភាពផ្កាយរណបដែលមានគុណភាពបង្ហាញខ្ពស់ និងវេទិកាផែនទីឌីជីថល ធ្វើឱ្យវាអាចតាមដានស្ថានភាពព្រៃឈើបានឆាប់រហ័ស។
ក្នុងអំឡុងពេលវគ្គសំណួរ និងចម្លើយ អ្នកចូលរួមបានសួរអំពីការអភិវឌ្ឍវេទិកាត្រួតពិនិត្យការរំខានព្រៃឈើ។ លោក បូរ៉ាមី បានពន្យល់ថា វេទិកានេះត្រូវបានរចនាឡើងជាមួយនឹងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ជាចំបង៖ «យើងចង់ឱ្យសហគមន៍ទទួលបានព័ត៌មានដែលពួកគេមិនធ្លាប់មានពីមុនមក។ ពួកគាត់រស់នៅជិតបំផុតនឹងព្រៃឈើ ការដែលផ្តល់ឱ្យពួកគាត់នូវទិន្នន័យដែលមានតម្លាភាព ពួកគាត់អាចការពារដីរបស់ពួកគាត់បានកាន់តែប្រសើរ និងរួមចំណែកដល់ភាពធន់នឹងអាកាសធាតុ»។

បទបង្ហាញទី២៖ វិធីសាស្ត្របង្កើតគម្របព្រៃឈើ
វាគ្មិនទីពីរ លោក ណៃ សុនសាក់ បានធ្វើបទបង្ហាញអំពីវិធីសាស្ត្របង្កើតគម្របព្រៃឈើ។ លោក សុនសាក់ បានផ្តល់ការណែនាំបច្ចេកទេសអំពីវិធីសាស្ត្រសម្រាប់បង្កើតផែនទីគម្របព្រៃឈើ ដោយពិភាក្សាអំពី៖
- ការដំណើរការទិន្នន័យជាមុន
- ការចូលប្រើប្រាស់ព័ត៌មានបច្ចុប្បន្នភាពរបស់ផ្កាយរណប
- បច្ចេកទេសចាត់ចំណាត់ថ្នាក់
- ការវាយតម្លៃភាពត្រឹមត្រូវ
- ការរួមបញ្ចូលទិន្នន័យទីវាលដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការចាប់សញ្ញាពីចម្ងាយ
លោកបានសង្កត់ធ្ងន់ថា «ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS) មិនត្រឹមតែជាការធ្វើផែនទីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យយើងចាប់យក រក្សាទុក វិភាគ គ្រប់គ្រង និងមើលឃើញទិន្នន័យភូមិសាស្ត្រ ឬលំហ»។ លោកបានសង្កត់ធ្ងន់ថា វាជារឿងសំខាន់ដែលត្រូវយល់ថា GIS មិនមែនគ្រាន់តែជាការបង្កើតផែនទីនោះទេ។ ផ្ទុយទៅវិញ វាគឺជាប្រព័ន្ធដ៏មានឥទ្ធិពលមួយដែលជួយអ្នកប្រើប្រាស់បកស្រាយទិន្នន័យ គាំទ្រការធ្វើការសម្រេចចិត្ត និងយល់កាន់តែច្បាស់អំពីការផ្លាស់ប្តូរដែលកំពុងកើតឡើងនៅលើដី ជាពិសេសនៅក្នុងទេសភាពព្រៃឈើ។

អ្នកចូលរួមបានចូលរួមក្នុងកិច្ចពិភាក្សាយ៉ាងសកម្ម ដោយស្វែងយល់ពីវិធីសាស្ត្រធ្វើផែនទីបែបនេះអាចគាំទ្រដល់ការធ្វើផែនការ និងគោលនយោបាយអភិរក្ស ក៏ដូចជាប្រព័ន្ធនិយាមការដ្ឋាភិបាលថ្មីដែលមានឈ្មោះថា CGD23 ដែលឥឡូវនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយការឆ្លុះបញ្ចាំងពីគ្នា រូបថតជាក្រុម និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងអំឡុងពេលអាហារថ្ងៃត្រង់។ ដើម្បីកែលម្អការជំនួបបច្ចេកទេសនាពេលអនាគត អូឌីស៊ីបានធ្វើការវាយតម្លៃដើម្បីប្រមូលមតិយោបល់របស់អ្នកចូលរួម។ ការឆ្លើយតបបានបង្ហាញថា អ្នកចូលរួមពេញចិត្តនឹងបទបង្ហាញ និងមានអារម្មណ៍ថាប្រធានបទនៃជំនួបបច្ចេកទេសនេះដូចនឹងការរំពឹងទុករបស់ពួកគេ។ អ្នកចូលរួមជាច្រើនបានសម្តែងការសាទរចំពោះជំនួបបច្ចេកទេសនាពេលអនាគត ហើយបាននិយាយថា ពួកគេរីករាយនឹងណែនាំព្រឹត្តិការណ៍នេះដល់មិត្តរួមការងារ និងមិត្តភក្តិ។
អ្នកចូលរួមក៏បានចែករំលែកចំណាប់អារម្មណ៍របស់ពួកគេលើប្រធានបទនាពេលអនាគតទាក់ទងនឹងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និង Remote sensing ការបើកទូលាយទិន្នន័យភូមិសាស្ត្រ និងបរិស្ថាន ការវិភាគព្រៃឈើ និងការត្រួតពិនិត្យព្រៃឈើ។
អូឌីស៊ីមានគម្រោងរៀបចំការជួបជុំផែនទីមួយផ្សេងទៀតនៅក្នុងខែធ្នូ ដោយបន្តការចូលរួមរបស់យើងជាមួយអ្នកជំនាញ អ្នកស្រាវជ្រាវ និស្សិត អ្នកតំណាងវិស័យឯកជន និងអ្នកសារព័ត៌មានលើការរកឃើញ និងការត្រួតពិនិត្យព្រៃឈើ។ អូឌីស៊ីនឹងធ្វើការប្រកាសជាសាធារណៈក្នុងពេលឆាប់ៗនេះ ដើម្បីអញ្ជើញអ្នកចូលរួម។
