សន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤២
នៅថ្ងៃទី០៨ - ១១ ខែឧសភា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួម សន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤២ ក្រោមប្រធានបទ «ភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ» នៅ Kuching ប្រទេសម៉ាឡេស៊ី។ ជាផ្នែកមួយនៃភាពជាដៃគូលើជំនួយបច្ចេកទេសសម្រាប់ការរៀបចំគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា អូឌីស៊ីក៏បានគាំទ្រមន្ត្រីរដ្ឋាភិបាលពីររូបមកពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងសន្និសីទនេះ។
សន្និសីទនេះមានគោលបំណងបង្កើតភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ ដោយមានការរៀបចំបទបង្ហាញផ្សេងៗទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់។ សន្និសីទនេះមានវគ្គចំនួន ៧០ ដែលផ្តោតលើប្រធានបទសំខាន់ៗចំនួនពីរ៖ ប្រធានបទស្តីពី «ភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ» និងប្រធានបទទូទៅស្តីពីការវាយតម្លៃហេតុប៉ះពាល់។
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីបានចាប់ផ្តើមជាផ្លូវការជាមួយនឹងសុន្ទរកថាបើកកម្មវិធី វគ្គចំនួន ៧ ដំណាលៗគ្នា វគ្គនៃការទស្សនាផ្ទាំងរូបភាព និងការទទួលស្វាគមន៍។ ដូចគ្នានេះដែរ នៅថ្ងៃទីពីរនៃសន្និសីទ មានវគ្គចំនួន ១៩ ដំណាលៗគ្នា វគ្គចំនួន ៦ ស្តីពីវេទិកាប្រធានបទ និងសកម្មភាពទំនាក់ទំនង/កិច្ចប្រជុំផ្សេងៗទៀត។
នៅថ្ងៃបន្ទាប់ កម្មវិធីមានវគ្គចំនួន ៣ ស្តីពីវេទិកាប្រធានបទ ហើយមានវគ្គចំនួន ១៩ ដំណាលៗគ្នា។ អូឌីស៊ី ក៏បានដឹកនាំកិច្ចពិភាក្សាមួយលើប្រធានបទ «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសទន្លេមេគង្គ» ដើម្បីឈ្វេងយល់ពីការពិចារណាក្នុងគោលនយោបាយ កម្មវិធី និងផែនការស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងប្រទេសទន្លេមេគង្គ។ អ្នកជំនាញចំនួន ២១ នាក់ (ស្រី ០៨ នាក់) រួមទាំងតំណាងមកពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាននៅកម្ពុជា ព្រមទាំងអ្នកជំនាញច្បាប់បរិស្ថាននិងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ បានចូលរួម ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេអំពីវឌ្ឍនភាព ការអភិវឌ្ឍ និងការអនុវត្តល្អៗនៅក្នុងតំបន់។
ថ្ងៃចុងក្រោយនៃសន្និសិទនេះ មានវគ្គចំនួន ៣ ស្តីពីវេទិកាប្រធានបទ វគ្គចំនួន ១៣ ដំណាលៗគ្នា កិច្ចប្រជុំគណៈកម្មាធិការ សុន្ទរកថាបិទកម្មវិធី ការទស្សនាតាំងពិពណ៌ និងផ្ទាំងរូបភាព។ ក្នុងអំឡុងសន្និសីទនេះ ក្រុមការងារអូឌីស៊ី និងមន្ត្រីរដ្ឋាភិបាលពីររូបមកពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចូលរួមវគ្គចំនួនជាង ៣០ ដើម្បីសិក្សា ពិភាក្សា និងចែករំលែកបទពិសោធន៍លើការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំនៅទូទាំងតំបន់។ ការចូលរួមនេះក៏បានអនុញ្ញាតឱ្យពួកយើងជួបជាមួយអ្នកជំនាញទូទាំងពិភពលោកជាង ៦០០ នាក់ ដើម្បីឈ្វេងយល់ពីការយល់ឃើញរបស់ពួកគេចំពោះផលប្រយោជន៍របស់ប្រទេសជាតិ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សិទ្ធិជនជាតិដើមភាគតិច និងការអភិរក្សជីវចម្រុះ។ វាអាចផ្តល់អត្ថប្រយោជន៍សម្រាប់ការពិចារណា ដើម្បីអនុវត្តនៅកម្ពុជា និងបង្កើតផ្លូវទៅរកភាពធន់ តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ។
ខាងក្រោមនេះជាសុន្ទរកថាមួយចំនួនរបស់ក្រុមការងារអូឌីស៊ីបន្ទាប់ពីចូលរួម IAIA23៖
- លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអូឌីស៊ី៖ ការចូលរួមក្នុងសន្និសីទ IAIA23 នៅ Kuching គឺជាបទពិសោធន៍មិនគួរឱ្យជឿ ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ។ វាជាលើកទីពីររបស់ខ្ញុំក្នុងការចូលរួមក្នុងសន្និសីទ IAIA ដោយផ្ទាល់ ដែលបទពិសោធន៍ដំបូងរបស់ខ្ញុំគឺនៅ Florence ក្នុងឆ្នាំ២០១៥។ សន្និសិទនៅ Kuching បានបង្ហាញជាថ្មីម្តងទៀតនូវភាពធន់ ដែលត្រូវការនៅក្នុងវិស័យការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ហើយខ្ញុំពិតជាទន្ទឹងរង់ចាំសន្និសីទ IAIA បន្ទាប់នៅ Dublin ក្នុងឆ្នាំ២០២៤ ដែលការយល់ដឹង និងឱកាសថ្មីៗកំពុងរង់ចាំ។
- កញ្ញា គួច ឡាយហេង បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ចនៃអូឌីស៊ី៖ IAIA23 គឺជាបទពិសោធន៍លើកដំបូងដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ការជួបជុំ ពិភាក្សា រៀន និងចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញជាច្រើននៅទូទាំងពិភពលោក គឺជាឱកាសដ៏ល្អសម្រាប់ក្រុមការងារ និងខ្ញុំ ដោយសារយើងអាចពិចារណាប្រើប្រាស់វាសម្រាប់អនុវត្តក្នុងបរិបទរបស់ប្រទេសកម្ពុជា។
- អ្នកស្រី គឹម ឈួនវួច បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកធនធានធម្មជាតិ និងដីធ្លី/អ្នកសម្របសម្រួលគម្រោងនៃអូឌីស៊ី៖ IAIA23 ស្តីពីភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំបានផ្តល់ឱ្យខ្ញុំនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនជាមួយអ្នកជំនាញក្នុងវិស័យផ្សេងៗ។ យើងអាចមើលឃើញពីអ្វីដែលកំពុងកើតឡើង និងរបៀបដែលពួកគេដោះស្រាយការវាយតម្លៃហេតុប៉ះពាល់ជុំវិញពិភពលោក។