កិច្ចសហការរវាងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (PLNIA)
ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យបើកទូលាយ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានសហការជាមួយសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រអ្នកស្រាវជ្រាវវ័យក្មេងជាមួយនឹងនិក្ខេបបទរបស់ពួកគេ។ នៅក្នុងឆ្នាំ២០១៨ អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដើម្បីកសាងកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវបន្ថែមទៀត។
នៅឆ្នាំបន្ទាប់ ក្នុងឆ្នាំ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំការប្រកួតប្រជែងមួយ តាមរយៈការជ្រើសរើស និងផ្តល់ជំនួយដល់និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ដែលធ្វើការស្រាវជ្រាវក្នុងវិស័យកសិកម្មទិន្នន័យបើកទូលាយ ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) កសិឧស្សាហកម្ម និងការគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិ។ គោលបំណងនៃជំនួយទាំងនេះគឺ ដើម្បីកសាងសមត្ថភាពស្រាវជ្រាវរបស់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
សិក្ខាសាលាលើកដំបូងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍបានចែករំលែកជំនាញរបស់ខ្លួនលើការរចនាកិច្ចការស្រាវជ្រាវ និងបានប្រកាសផ្តល់ឱកាសដល់និស្សិតឆ្នាំទី៤។ សិក្ខាកាមចំនួន ២០នាក់ បានចូលរួមក្នុងសិក្ខាសាលានេះ ក្នុងនោះមានស្ត្រី និងព្រះសង្ឃមួយអង្គ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះគឺជាឱកាសជោគជ័យមួយ ដើម្បីលើកទឹកចិត្តអ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិតឆ្នាំទី៤។
ការផ្តល់ជំនួយនេះត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត នៅលើគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ជាភាសាអង់គ្លេស និងភាសាខ្មែរ ហើយពាក្យស្នើសុំក៏ត្រូវបានដាក់ជូនតាមអ៊ីនធឺណិតផងដែរ។ ក្នុងអំឡុងពេលដំណើរការស្នើសុំជំនួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានសេចក្តីសោមនស្សរីករាយក្នុងការទទួលបានពាក្យសុំពីបេក្ខជនដែលមានសក្តានុពលមួយចំនួនធំ។ ដំណើរការជ្រើសរើសដែលធ្វើឡើងដោយអ្នកជំនាញនៃក្រុមអង្គការទិន្នន័យអំពីការអភិវឌ្ឍ ត្រូវបានបិទបញ្ចប់ដោយការជ្រើសរើសអ្នកដែលត្រូវបានផ្តល់ជំនួយចំនួន ០៣ រូប ដែលពីរនាក់ជាស្ត្រី។
នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំចាប់ផ្តើមដំបូង ជាមួយបេក្ខជនដែលត្រូវបានជ្រើសរើស និងលោកគ្រូ/អ្នកគ្រូគ្រប់គ្រងរបស់ពួកគេ ដើម្បីពិភាក្សាបន្ថែមលើការរំពឹងទុក និងគ្រប់គ្រងការរៀបចំជាកិច្ចសន្យាផ្លូវការ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារស្ថានភាពធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-១៩។
ទិដ្ឋភាពទូទៅនៃគម្រោងដែលត្រូវបានជ្រើសរើសចំនួនបី ត្រូវបានផ្តល់ជូននៅក្នុងផ្នែកនេះ។ បេក្ខជនមួយរូបបានសិក្សាពីវត្តមាន Salmonella ក្នុងសាច់ជ្រូកដែលលក់នៅតាមទីផ្សារនានាជុំវិញរាជធានីភ្នំពេញ។ ការសិក្សារបស់នាងផ្តោតលើគោលបំណងសំខាន់ចំនួនពីរ។ ទីមួយ នាងចង់ស្វែងរកចំនួនបាក់តេរីសរុបនៅក្នុងគំរូនីមួយៗនៃសាច់ជ្រូក ហើយទីពីរនាងសិក្សាអំពីប្រេវ៉ាឡង់នៃ Salmonella spp ។ គំរូសរុបចំនួន ២០ ត្រូវបានជ្រើសរើសពីទីផ្សារចំនួន ០៥ ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ រួមមាន ផ្សារកសិកម្មជ្រោយចង្វារ ផ្សារកណ្ដាល ផ្សារព្រែកលៀប ផ្សារទួលសង្កែ និងផ្សារធំថ្មី។ ការសិក្សានេះអាចផ្តល់នូវអនុសាសន៍សំខាន់ៗ សម្រាប់ការត្រួតពិនិត្យគុណភាព និងការវាស់វែងលើសាច់ជ្រូកនៅក្នុងទីផ្សារក្នុងរាជធានីភ្នំពេញ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារគុណភាពរបស់អ្នកបរិភោគសាច់ជ្រូកផងដែរ។
បេក្ខជនទី២ ធ្វើការសិក្សាផ្តោតលើប្រសិទ្ធភាពនៃចំណីអាហារដែលមានជាតិ fermented លើការទទួលទាន និងការអនុវត្តការចិញ្ចឹមគោក្នុងស្រុក ក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងការសិក្សានេះ នាងបានពិសោធន៍វិធីពីរយ៉ាងក្នុងការចិញ្ចឹមគោ។ ចំពោះក្រុមទី ១ នាងចិញ្ចឹមគោជាមួយនឹងអាហារធម្មតាដែលកសិករប្រើប្រាស់ ខណៈដែលនាងចិញ្ចឹមក្រុមទីពីរជាមួយស្មៅដែលមានជាតិ fermented ។ ការសិក្សានេះផ្តល់នូវការយល់ដឹងសំខាន់ៗ ដើម្បីបង្កើនសមត្ថភាពកសិករក្នុងការចិញ្ចឹមគោរបស់ពួកគេដោយជោគជ័យ។
នៅក្នុងការសិក្សារបស់គាត់ បេក្ខជនទីបីសិក្សាពីឥទ្ធិពលនៃ “ស្លឹកឆៃយ៉ា” នៅក្នុងកំហាប់ចំណីអាហារ លើការលូតលាស់របស់សត្វក្រួច នៅក្នុងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ នៅក្នុងការពិសោធន៍របស់គាត់ គាត់បែងចែកសត្វក្រួចចំនួន ២៤០ ក្បាលជា ០៤ ក្រុមផ្សេងៗគ្នា ដោយផ្តល់ចំណីឱ្យពួកវានូវបរិមាណខុសៗគ្នានៃស្លឹកឆៃយ៉ា រយៈពេល ០៦ សប្តាហ៍។ ក្រុមមួយត្រូវបានផ្តល់អាហារដោយគ្មានស្លឹកឆៃយ៉ា ក្រុមទីពីរមានបរិមាណស្លឹកឆៃយ៉ា ២,៥ ភាគរយ ក្រុមទីបីមានបរិមាណស្លឹកឆៃយ៉ា ៥ ភាគរយ និងក្រុមទីបួនមានបរិមាណស្លឹកឆៃយ៉ា ៧,៥ ភាគរយ។ ការសិក្សានេះនឹងណែនាំពីវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការចិញ្ចឹមសត្វក្រួចតាមរបៀបធម្មជាតិបំផុត។
អ្នកទទួលជំនួយរបស់យើងបាននឹងកំពុងប្រើប្រាស់ជំនួយ ដែលទទួលបានពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដើម្បីគាំទ្រនិក្ខេបបទរបស់ពួកគេ ដែលគ្របដណ្តប់លើការចំណាយលើការពិសោធន៍ និងឧបករណ៍ដែលត្រូវការ។
អ្នកទទួលជំនួយទាំង ០៣រូប បានការពារនិក្ខេបបទរបស់ពួកគេដោយជោគជ័យ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ ហើយបានបញ្ចប់ការកែប្រែចុងក្រោយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានប្រឈមនឹងបញ្ហាមួយចំនួនក្នុងការអនុវត្តគម្រោងមួយនេះ។ កត្តាសំខាន់ជាងគេគឺ ពាក់ព័ន្ធជាមួយនឹងការរឹតបន្តឹងដែលកើតចេញពីជំងឺរាតត្បាតកូវីដ-១៩។ ដោយសារការរឹតបន្តឹងលើការចល័ត និងការប្រមូលផ្តុំ និងការបិទស្ថាប័នអប់រំ ក្រុមការងាររបស់យើងមិនអាចធ្វើសកម្មភាពដោយផ្ទាល់បន្ថែមទៀតនៅសាកលវិទ្យាល័យ ដែលរារាំងសមត្ថភាពរបស់យើងក្នុងការឈានដល់ចំនួននៃការដាក់ស្នើដែលរំពឹងទុក។ ក្រៅពីនេះ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនក្នុងកំឡុងពេលនិក្ខេបបទរបស់និស្សិត ដែលបង្កបញ្ហាប្រឈមយ៉ាងសំខាន់ក្នុងសកម្មភាពស្រាវជ្រាវរបស់ពួកគេ។ ទិន្នន័យ និងការប្រមូលគំរូរបស់ពួកគេ ក៏ដូចជាការធ្វើតេស្តរបស់ពួកគេគឺ ប្រើប្រាស់ពេលវេលាច្រើនបើប្រៀបធៀបទៅនឹងស្ថានភាពធម្មតា ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការដាក់ស្នើ និងកាលបរិច្ឆេទការពារនិក្ខេបបទរបស់ពួកគេ។ បញ្ហាប្រឈមទីពីរគឺថា ទោះបីជាយើងអាចជ្រើសរើសបេក្ខភាព ០៣រូប សម្រាប់ជំនួយក៏ដោយ ក៏ការសិក្សារបស់ពួកគេស្ទើរតែមិនស្របនឹងប្រធានបទដែលបានស្នើឡើង ដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍកំពុងស្វែងរក ដោយវាអាចទាក់ទងជាមួយនឹងចំនួនពាក្យសុំដែលទទួលបាន គឺទាបជាងការរំពឹងទុក។
ដើម្បីកាត់បន្ថយបញ្ហាប្រឈមទីពីរ នៅក្នុងការបោះពុម្ពផ្សព្វលើកក្រោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍនឹងដឹកនាំការផ្តល់ជំនួយទៅនាយកដ្ឋានជាក់លាក់បន្ថែមទៀត ដែលគ្របដណ្តប់លើផ្នែកសមស្របទៅនឹងប្រធានបទរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។