​សិក្ខាសាលា​ស្តី​អំពី​ គេហទំព័រ​អូ​ឌី​ស៊ី​ និង​ព័ត៌មាន​សេវា​សាធារណៈនៅខេត្តក្រចេះ

នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ​អូ​ឌី​ស៊ីមានសេចក្តីរំភើបដោយ​បាន​រៀបចំ​សិក្ខាសាលា​​មួយ​ដែល​ស្ថិត​ក្រោម​ប្រធានបទ​នៃ​គម្រោង​ “​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​”​ ដែល​ផ្តល់​មូលនិធិ​ដោយ​ កម្មវិធី​​របស់​ប្រទេស​ស៊ុយអែត​សម្រាប់​​​​វិស័យ​ ICT​ នៅ​​ក្នុង​​តំបន់​​​​កំពុង​អភិវឌ្ឍន៍​​ ហៅ​កាត់​ថា​ “SPIDER”​ នៅ​ឯ​សណ្ឋាគារ​មេគង្គដូហ្វីន​ ដែល​ស្ថិត​នៅទីរួមខេត្តក្រចេះ​។​ យើង​បាន​អញ្ជើញ​អ្នកតំណាង​សហគមន៍​ចំនួន​ ២២​ នាក់​ ដែល​ពួក​គាត់​មក​ពី​ឃុំដារ ឃុំថ្មី ​ឃុំថ្មអណ្តើក និងឃុំកន្ទួត​ នៃស្រុកចិត្របុរី និងឃុំអូរគ្រៀង នៃស្រុកសំបូរ​ ខេត្តក្រចេះជាមួយនឹង​ការ​ជួយ​ជ្រុម​ជ្រែង​ដោយ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ ហៅ​កាត់​ថា​ “CCIM”​ ​ដែល​បានផ្តល់ជាលេខទំនាក់ទំនងរបស់អ្នកតំណាង​សហគមន៍​ ដើម្បី​ចូលរួម​កម្មវិធី​សិក្ខាសាលា​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ​​។​ តាម​រយៈ​សិក្ខាសាលា​មួយ​នេះ​ យើង​មាន​គោលបំណង​ ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​គេហទំព័រ​ទិន្នន័យ​បើក​ទូលាយ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក៏​ដូច​ជា​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​ទទួល​បាន​សេវា​សាធារណៈ​ ដែល​ទើបនឹង​ចេញផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ ព្រម​ជាមួយនឹង​ការ​ណែនាំ​ដល់​សមាជិក​សហគមន៍​ និង​អ្នក​តំណាង​របស់​ពួក​គេ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​ដោយ​ខ្លួនឯង​ទៅ​តាម​តម្រូវការ​របស់​ពួក​គេ​។

IMG_0394

កញ្ញា​ ហេង​ ហ៊ុយ​អេ​ង ប្រធានផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(​អូ​ឌី​ស៊ី​)​ កំពុង​ផ្តល់​សុន្ទរកថា​ស្វាគមន៍​ទៅ​កាន់​សិក្ខាកាម។

Picture1

ការជំរាបសួរស្វាគមន៍ និងណែនាំខ្លួនរបស់សិក្ខាកាមមកពីស្រុកចិត្របុរី​ ខេត្តក្រចេះ។

ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ថ្ងៃ​ពេញ​ ជាដំបូង​សិក្ខាកាម​បាន​រៀនសូត្រ​ពី​មូលដ្ឋាន​នៃ​សុវត្ថិភាព​លើ​អ៊ី​ធឺ​ណេ​ត​ ជាមួយនឹង​គន្លឹះ​នានា​ដែល​បាន​ផ្តល់​ជូន​អោយ​ដោយ​កញ្ញា​ ហេង​ ហ៊ុយ​អេ​ង​ ដែល​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​ជា​​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ ​និង​គេហទំព័រ​នៃ​​អង្គការ​​ទិន្នន័យ​​អំពី​​ការ​​អភិវឌ្ឍ​​ ​​(​អូ​ឌី​ស៊ី​​)​​ ​​​តាម​​រយៈ​​ការ​​បង្ហាញ​​នៅ​លើ​ PowerPoint​។​ បន្ទាប់​ពី​ការ​ក្រេប​យកចំនេះ​ដឹង​ថ្មី​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណេ​ត​ហើយ​ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ជាមួយនឹង​ការ​សម្រាក​ដើម្បី​ទទួលទាន​អាហារ​សម្រន់​​។

IMG_0422

កញ្ញា​ ហេង​ ហ៊ុយ​អេ​ង​ ប្រធានផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(​អូ​ឌី​ស៊ី​)​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​សន្តិសុខ​អ៊ិ​ន​ធឺ​ណេ​ត​។​

IMG_0441

សិក្ខាកាមមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកសុវត្ថិភាពអ៊ីនធឺណិត។

បន្ទាប់​ពី​សម្រាក​ទទួលទាន​អាហារ​សម្រន់​ហើយ​ វា​ដល់​ពេលវេលា​ល្មម​សម្រាប់​សិក្ខាកាម​ដើម្បី​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​។​ ក្រុមការងារ​បាន​បែងចែក​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​​ ដោយ​កញ្ញា អ៊ួន​ វិមល ពណ្ណាធីការ​-​អ្នក​ស្រាវ​ជ្រាវ​ នៃអង្គការទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​​ (អូឌីស៊ី​)​ បាន​បង្ហាញ​ជា​ទូទៅ​អំពី​គេហទំព័រ​ តាម​រយៈ​ការ​រំលេច​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ពាក់ព័ន្ធ​នានា​ទៅ​កាន់​សិក្ខាកាម​ ដូច​ជា​ ស្ថិតិ​ជំរឿន​​ និងសហគមន៍ព្រៃឈើ​ជាដើម​។

IMG_0455

កញ្ញា វិមល កំពុង​បង្ហាញ​ជា​ទូទៅ​អំពី​គេហទំព័ររបស់អូឌីស៊ី។

​នៅ​ពេល​រសៀល​ បន្ទាប់​ពី​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​​នៅ​ឯ​ភោជនីយដ្ឋាន​នៅ​ក្នុង​សណ្ឋាគារ​រួច​ហើយ​ ដើម្បីជាការដាស់ស្មារតីសិក្ខាកាម​ទាំងអស់ និងក៏ដូចជាការរំលឹកនូវអ្វីដែលពួកគាត់បានរៀនកាលពីព្រឹក ក្រុមការងារអូឌីស៊ីបានរៀបចំជាល្បែងកំសាន្ត ដោយឱ្យសិក្ខាកាមចាប់ក្រដាសដែលមានសំណួរ និងឆ្លើយឱ្យបានត្រឹមត្រូវ នោះ​សិក្ខាកាមនឹងទទួលបាននូវអាវយឺតដ៏ស្រស់ស្អាតមួយ​ពីអូឌីស៊ី។ ​កម្មវិធី​បន្ត​ ​សិក្ខាកាម​​ត្រូវ​​បាន​​ណែនាំ​​ពី​​ការ​​អនុវត្ត​​សកម្មភាព​​បន្ទាប់​​ ​គឺ​​ការ​​ស្វែង​រក​​ព័ត៌មាន​​នានា​​ពី​​ទំព័រ​​ព័ត៌មាន​​ទិន្នន័យ​​អំពី​​ការ​​ទទួល​​បាន​​សេវា​សាធារណៈ​​ដូច​ជា​​ ​អ​ត្រា​នុកូលដ្ឋាន​​ ​​អត្តសញ្ញាណកម្ម​​ ​​អគ្គិសនី​​ ​ទឹក​​​​​ ​និង​​ពី​​ផែនទី​​ទីតាំង​​សាលារៀន​​ ​​មន្ទីរពេទ្យ​​ ​និង​​មណ្ឌល​​សុខភាព​​​ជា​ដើម​​ ​​​ដែល​​បាន​​ធ្វើ​​ឡើង​​រួម​​ប​ញ្ជូ​ល​​គ្នា​​ដោយ​​ក្រុម​ការងារ​​របស់​​យើង​​​ ​មាន​​​លោក​ស្រី​​ ​វ​ឌ្ឍ​នា​​ ​និង​​លោក​​ ​ពន់​​វឌ្ឍន៍​​។​​​

IMG_0475

សិក្ខាកាមម្នាក់កំពុងអានសំនួរទៅកាន់សិក្ខាកាមដទៃទៀតមុននឹងឆ្លើយសំនួរ។

IMG_0517

លោក ពន់​វឌ្ឍន៍ បានពន្យល់អំពីផែនទីដល់សិក្ខាកាម។

Puwath

លោក ពន់​វឌ្ឍន៍ បានបង្ហាញអំពីផែនទីនៅលើទំព័រព័ត៌មានការទទួលបានសេវាសាធារណៈដល់សិក្ខាកាម។

map presentation

សិក្ខាកាមកំពុងសម្លឺងមើលផែនទីអន្តរកម្មអំពីការទទួលបានសេវាឡានក្រុងសាធារណៈ ដែលបានបង្ហាញដោយលោក ពន់វឌ្ឍន៍។

បន្ទាប់​ពី​សកម្មភាព​នានា​ និង​ការ​រៀនសូត្រ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ​ ក្រុមការងារ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​វគ្គ​ឆ្លុះ​បញ្ចាំង​ និង​ផ្តល់​មតិយោបល់​ពី​សំណាក់​សិក្ខាកាម​ ដែល​ពួក​គេ​បាន​បង្ហាញ​ពី​តម្រូវការ​ និង​ការ​ចង់បាន​របស់​ពួក​គេ​ ដូច​ជា​ ឱ្យ​មាន​សិក្ខាសាលា​បែប​នេះ​កាន់តែ​ច្រើន​ ក៏​ដូច​ជា​ចង់​បង្កើត​បណ្តាញ​ជាមួយនឹង​សហគមន៍​ពាក់ព័ន្ធ​។​

IMG_0556

សិក្ខាកាមត្រូវបានផ្តល់នូវក្រដាសបិទពណ៌ពីរសន្លឹកដើម្បីសរសេរមតិយោបល់ និងសំណូមពររបស់ពួកគេ។

IMG_0557

ក្រដាសបិទពណ៌ទឹកក្រូចគឺជាមតិយោបល់ និងសំណូមពរពីអ្នកចូលរួម ខណៈក្រដាសបិទពណ៌លឿងគឺជាអ្វីដែលសិក្ខាកាមបានរៀនពីសិក្ខាសាលានេះ។

ក្រុមការងារ​អូ​ឌី​ស៊ី​ សូម​ថ្លែងអំណរគុណ​ដល់​សិក្ខាកាម​របស់​ពួក​យើង​សម្រាប់​ការ​សាទរ​របស់​ពួក​គេ​ ក៏​ដូច​ជា​ភាគី​គាំទ្រ​នានា​ដែល​បាន​ចូលរួម​ចំណែក​ ដើម្បី​ឱ្យ​សិក្ខាសាលា​នៅ​ខេត្តក្រចេះ​នេះ​ដំណើរការ​ទៅ​បាន​​ដោយ​ជោគជ័យ​។​ ក្នុង​នាម​តំណាង​ឱ្យ​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​ SPIDER​ ពួក​យើង​នឹង​បន្ត​រៀបចំ​សិក្ខាសាលា​បែប​នេះ​ឱ្យបានកាន់តែច្រើន​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ព្រឹត្តិការណ៍​នានា​ជា​ច្រើន​ទៀត​របស់​ពួក​យើង​ តាម​រយៈ​គេហទំព័រ​ផ្លូវការ​ (opendevcam.net)​ និង​បណ្តាញ​សង្គម​របស់​អូ​ឌី​ស៊ី​ (Facebook​ និង​ Twitter)​ ដើម្បី​ទទួល​បាន​បច្ចុប្បន្នភាព​អំពី​ការងារ​របស់​ពួក​យើង​។

កម្មវិធី​បញ្ចប់​បន្ទាប់​ពី​សិក្ខាសាលា​មួយ​ថ្ងៃ​ពោរពេញ​ដោយ​ផ្លែផ្កា​!