សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈនៅខេត្តក្រចេះ
នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារអូឌីស៊ីមានសេចក្តីរំភើបដោយបានរៀបចំសិក្ខាសាលាមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ហៅកាត់ថា “SPIDER” នៅឯសណ្ឋាគារមេគង្គដូហ្វីន ដែលស្ថិតនៅទីរួមខេត្តក្រចេះ។ យើងបានអញ្ជើញអ្នកតំណាងសហគមន៍ចំនួន ២២ នាក់ ដែលពួកគាត់មកពីឃុំដារ ឃុំថ្មី ឃុំថ្មអណ្តើក និងឃុំកន្ទួត នៃស្រុកចិត្របុរី និងឃុំអូរគ្រៀង នៃស្រុកសំបូរ ខេត្តក្រចេះជាមួយនឹងការជួយជ្រុមជ្រែងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា “CCIM” ដែលបានផ្តល់ជាលេខទំនាក់ទំនងរបស់អ្នកតំណាងសហគមន៍ ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាដែលបានប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃពេញ។ តាមរយៈសិក្ខាសាលាមួយនេះ យើងមានគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគេហទំព័រទិន្នន័យបើកទូលាយរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក៏ដូចជាទំព័រព័ត៌មានទិន្នន័យស្តីពីការទទួលបានសេវាសាធារណៈ ដែលទើបនឹងចេញផ្សាយនាពេលថ្មីៗនេះ ព្រមជាមួយនឹងការណែនាំដល់សមាជិកសហគមន៍ និងអ្នកតំណាងរបស់ពួកគេអំពីរបៀបប្រើប្រាស់គេហទំព័រដោយខ្លួនឯងទៅតាមតម្រូវការរបស់ពួកគេ។

កញ្ញា ហេង ហ៊ុយអេង ប្រធានផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងផ្តល់សុន្ទរកថាស្វាគមន៍ទៅកាន់សិក្ខាកាម។
ជាមួយនឹងការធ្វើបទបង្ហាញមួយថ្ងៃពេញ ជាដំបូងសិក្ខាកាមបានរៀនសូត្រពីមូលដ្ឋាននៃសុវត្ថិភាពលើអ៊ីធឺណេត ជាមួយនឹងគន្លឹះនានាដែលបានផ្តល់ជូនអោយដោយកញ្ញា ហេង ហ៊ុយអេង ដែលជាអ្នកជំនាញបច្ចេកវិទ្យា និងជាប្រធានផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) តាមរយៈការបង្ហាញនៅលើ PowerPoint។ បន្ទាប់ពីការក្រេបយកចំនេះដឹងថ្មីអំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ិនធឺណេតហើយ សិក្ខាកាមទាំងអស់ត្រូវបានស្វាគមន៍ជាមួយនឹងការសម្រាកដើម្បីទទួលទានអាហារសម្រន់។

កញ្ញា ហេង ហ៊ុយអេង ប្រធានផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងធ្វើបទបង្ហាញអំពីសន្តិសុខអ៊ិនធឺណេត។

សិក្ខាកាមមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកសុវត្ថិភាពអ៊ីនធឺណិត។
បន្ទាប់ពីសម្រាកទទួលទានអាហារសម្រន់ហើយ វាដល់ពេលវេលាល្មមសម្រាប់សិក្ខាកាមដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រើប្រាស់គេហទំព័រអូឌីស៊ី។ ក្រុមការងារបានបែងចែកក្នុងការធ្វើបទបង្ហាញ ដោយកញ្ញា អ៊ួន វិមល ពណ្ណាធីការ-អ្នកស្រាវជ្រាវ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបង្ហាញជាទូទៅអំពីគេហទំព័រ តាមរយៈការរំលេចពីទំព័រព័ត៌មានទិន្នន័យពាក់ព័ន្ធនានាទៅកាន់សិក្ខាកាម ដូចជា ស្ថិតិជំរឿន និងសហគមន៍ព្រៃឈើជាដើម។

កញ្ញា វិមល កំពុងបង្ហាញជាទូទៅអំពីគេហទំព័ររបស់អូឌីស៊ី។
នៅពេលរសៀល បន្ទាប់ពីការទទួលទានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់នៅឯភោជនីយដ្ឋាននៅក្នុងសណ្ឋាគាររួចហើយ ដើម្បីជាការដាស់ស្មារតីសិក្ខាកាមទាំងអស់ និងក៏ដូចជាការរំលឹកនូវអ្វីដែលពួកគាត់បានរៀនកាលពីព្រឹក ក្រុមការងារអូឌីស៊ីបានរៀបចំជាល្បែងកំសាន្ត ដោយឱ្យសិក្ខាកាមចាប់ក្រដាសដែលមានសំណួរ និងឆ្លើយឱ្យបានត្រឹមត្រូវ នោះសិក្ខាកាមនឹងទទួលបាននូវអាវយឺតដ៏ស្រស់ស្អាតមួយពីអូឌីស៊ី។ កម្មវិធីបន្ត សិក្ខាកាមត្រូវបានណែនាំពីការអនុវត្តសកម្មភាពបន្ទាប់ គឺការស្វែងរកព័ត៌មាននានាពីទំព័រព័ត៌មានទិន្នន័យអំពីការទទួលបានសេវាសាធារណៈដូចជា អត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម អគ្គិសនី ទឹក និងពីផែនទីទីតាំងសាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាដើម ដែលបានធ្វើឡើងរួមបញ្ជូលគ្នាដោយក្រុមការងាររបស់យើង មានលោកស្រី វឌ្ឍនា និងលោក ពន់វឌ្ឍន៍។

សិក្ខាកាមម្នាក់កំពុងអានសំនួរទៅកាន់សិក្ខាកាមដទៃទៀតមុននឹងឆ្លើយសំនួរ។

លោក ពន់វឌ្ឍន៍ បានពន្យល់អំពីផែនទីដល់សិក្ខាកាម។

សិក្ខាកាមកំពុងសម្លឺងមើលផែនទីអន្តរកម្មអំពីការទទួលបានសេវាឡានក្រុងសាធារណៈ ដែលបានបង្ហាញដោយលោក ពន់វឌ្ឍន៍។
បន្ទាប់ពីសកម្មភាពនានា និងការរៀនសូត្រក្នុងរយៈពេលមួយថ្ងៃពេញ ក្រុមការងារបានប្រមូលផ្តុំគ្នានៅក្នុងវគ្គឆ្លុះបញ្ចាំង និងផ្តល់មតិយោបល់ពីសំណាក់សិក្ខាកាម ដែលពួកគេបានបង្ហាញពីតម្រូវការ និងការចង់បានរបស់ពួកគេ ដូចជា ឱ្យមានសិក្ខាសាលាបែបនេះកាន់តែច្រើន ក៏ដូចជាចង់បង្កើតបណ្តាញជាមួយនឹងសហគមន៍ពាក់ព័ន្ធ។

សិក្ខាកាមត្រូវបានផ្តល់នូវក្រដាសបិទពណ៌ពីរសន្លឹកដើម្បីសរសេរមតិយោបល់ និងសំណូមពររបស់ពួកគេ។

ក្រដាសបិទពណ៌ទឹកក្រូចគឺជាមតិយោបល់ និងសំណូមពរពីអ្នកចូលរួម ខណៈក្រដាសបិទពណ៌លឿងគឺជាអ្វីដែលសិក្ខាកាមបានរៀនពីសិក្ខាសាលានេះ។
ក្រុមការងារអូឌីស៊ី សូមថ្លែងអំណរគុណដល់សិក្ខាកាមរបស់ពួកយើងសម្រាប់ការសាទររបស់ពួកគេ ក៏ដូចជាភាគីគាំទ្រនានាដែលបានចូលរួមចំណែក ដើម្បីឱ្យសិក្ខាសាលានៅខេត្តក្រចេះនេះដំណើរការទៅបានដោយជោគជ័យ។ ក្នុងនាមតំណាងឱ្យផ្នែកមួយនៃកម្មវិធីរបស់ SPIDER ពួកយើងនឹងបន្តរៀបចំសិក្ខាសាលាបែបនេះឱ្យបានកាន់តែច្រើននៅកន្លែងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដូច្នេះសូមរង់ចាំតាមដានព្រឹត្តិការណ៍នានាជាច្រើនទៀតរបស់ពួកយើង តាមរយៈគេហទំព័រផ្លូវការ (opendevcam.net) និងបណ្តាញសង្គមរបស់អូឌីស៊ី (Facebook និង Twitter) ដើម្បីទទួលបានបច្ចុប្បន្នភាពអំពីការងាររបស់ពួកយើង។