សិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅបកប្រែជាភាសាខ្មែរ «ទិន្នន័យផ្ទាល់ខ្លួន៖ ការបញ្ចុះបញ្ចូលផ្នែកនយោបាយ»
នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីការបកប្រែសៀវភៅជាភាសាខ្មែរ ដែលសៀវភៅនេះមានចំណងជើង «ទិន្នន័យផ្ទាល់ខ្លួន៖ ការបញ្ចុះបញ្ចូលផ្នែកនយោបាយ»។
សិក្ខាសាលានេះមានគោលបំណងគាំទ្រដល់ការផ្សព្វផ្សាយសៀវភៅបកប្រែជាភាសាខ្មែរតាមរយៈវេទិកាអនឡាញ។ ក្នុងនោះវាក៏រួមបញ្ចូលនូវការចែករំលែក និងការឆ្លុះបញ្ចាំងទៅលើបញ្ហាប្រឈមនានានៃការបកប្រែជាភាសាខ្មែរ (រួមទាំងពាក្យបច្ចេកទេសសំខាន់ៗនៅក្នុងសៀវភៅ) ជាមួយអ្នកស្ម័គ្រចិត្តបកប្រែរបស់អូឌីស៊ី។
សិក្ខាសាលាបានចាប់ផ្តើមជាមួយនឹងការថ្លែងសុន្ទរកស្វាគមន៍ពី លោក ធី ទ្រី នាយកប្រតិបត្តិអង្គការ អូឌីស៊ី។ លោកបានសម្តែងការកោតសរសើរចំពោះឱកាសនៃការធ្វើសិក្ខាសាលានេះ ដោយមានវត្តមានតំណាងមកពីអង្គការ Tactical Tech និងអ្នកស្ម័គ្រចិត្តបកប្រែរបស់ អូឌីស៊ី។ លោកក៏បានផ្តល់ជាចំណាប់អារម្មណ៍ និងកោតសរសើរទៅលើខ្លឹមសារនៃសៀវភៅនេះ ជាពិសេសអ្នកបកប្រែបានចងក្រងជាបញ្ជីពាក្យបច្ចេកទេសសំខាន់ៗដែលមានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស។ បញ្ជីពាក្យបច្ចេកទេសនេះនឹងមានប្រយោជន៍សម្រាប់សហគមន៍ ICT និងអ្នកពាក់ព័ន្ធផ្សេងទៀត។
បន្ទាប់ពីការថ្លែងសុន្ទរកថាស្វាគមន៍ អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកបណ្តុះបណ្តាលមកពីអង្គការ Tactical Tech កញ្ញា Amber Macintyre បានថ្លែងសុន្ទរកថាគន្លឹះ។ កញ្ញាបានពន្យល់ដោយសង្ខេបទៅលើខ្លឹមសារដែលបានបែងចែកជា ៣ ផ្នែកសំខាន់ៗអំពីរបៀបដែលតម្លៃនៃទិន្នន័យត្រូវបានគេបង្កើតឡើងនៅតាមបណ្តាញលំហូទិន្នន័យ។
- ពីការប្រមូល (ទិន្នន័យជាទ្រព្យសកម្ម)
- ទៅដល់ការវិភាគ (ទិន្នន័យជាព័ត៌មានសម្ងាត់)
- ការយកទៅប្រើប្រាស់ (ទិន្នន័យជាឥទ្ធិពល)។
កញ្ញា Amber Macintyre បានពន្យល់ត្រួសៗពីដំណើរការដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានគេប្រមូល និងដាក់ផ្តុំដោយប្រើបច្ចេកទេស និងវិធីសាស្ត្រដ៏ជឿនលឿន។ ការប្រមូលទិន្នន័យគឺជាតម្រូវការចម្បងដំបូងសម្រាប់ការយកទៅវិភាគ និងគណនាដែលមានភ្ជាប់ជាមួយនឹងគោលបំណងជាក់លាក់ណាមួយ។ ទិន្នន័យផ្ទាល់ខ្លួនបានក្លាយជាទ្រព្យសកម្មដ៏សំខាន់ មួយដែលមនុស្សម្នាក់អាចប្រើវាដើម្បីទាញផលប្រយោជន៍ពីទិន្នន័យផ្ទាល់ខ្លួនទាំងនោះ។ ឧទាហរណ៍៖ ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដើម្បីជះឥទ្ធិពលលើសេចក្តីសម្រេចចិត្តរបស់អ្នកបោះឆ្នោត។ ក្រៅពីជាទ្រព្យសកម្ម ទិន្នន័យអាចជាឧបករណ៍នៃព័ត៌មានសម្ងាត់ផងដែរ។ នៅពេលដែលទិន្នន័យត្រូវបានប្រមូលរួចហើយនោះ ទិន្នន័យត្រូវបានគេយកទៅវិភាគដើម្បីក្លាយជាព័ត៌មានសម្ងាត់។ ព័ត៌មានដែលទាញចេញពីទិន្នន័យផ្ទាល់ខ្លួន បន្ទាប់មកក្លាយជាព័ត៌មានសម្ងាត់ជាក់លាក់មួយ ដែលនៅក្នុងន័យនេះ វាអាចជូនដំណឹងទៅដល់អ្នកយុទ្ធសាស្ត្រ ឬអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីរៀបចំសកម្មភាព/បង្កើតយុទ្ធសាស្ត្រល្អបំផុតដើម្បីយកទៅប្រើក្នុងស្ថានភាពជាក់លាក់ណាមួយ។
ជាការពិតណាស់ ការប្រើប្រាស់ព័ត៌មានដើម្បីកំណត់គោលដៅទៅលើក្រុមប្រជាជនដែលមានភ្ជាប់នឹងផលប្រយោជន៍ជាក់លាក់ណាមួយនោះមានលក្ខណៈជាឥទ្ធិពល។ វាអាចមានឥទ្ធិពលលើមនុស្ស ក៏ព្រោះតែវាបានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីប្រជាជនទាំងនោះ និងធ្វើការវិភាគវាដោយប្រើបច្ចេកទេសទំនើប និងជឿនលឿនបំផុតដើម្បីកំណត់គោលដៅទៅលើប្រជាជននោះវិញសម្រាប់គោលបំណងជាក់លាក់របស់ពួកគេ។ តួអង្គជាច្រើនអាចទទួលបានទិន្នន័យពីប្រជាជន ហើយប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីកែសំរួលសារដែលពួកគេចង់ឱ្យមានការចាប់អារម្មណពីសំណាក់ប្រជាជន ឧទាហរណ៍នៅក្នុងយុទ្ធនាការឃោសនានយោបាយជាដើម។
បន្ទាប់ពីការណែនាំត្រួសៗអំពីខ្លឹមសារនៅក្នុងសៀវភៅរួចហើយ កញ្ញា Amber បានដាក់សំណួរទៅកាន់អ្នកចូលរួមចំនួន ២ រួមមាន៖ តើអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់នរណា? តើពួកគេបានសន្យាអ្វីខ្លះ ហើយតើពួកគេប្រើវិធីសាស្ត្រអ្វីខ្លះដើម្បីទាញយកតម្លៃពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក?
បន្ទាប់មកទៀតអ្នកស្ម័គ្រចិត្តបកប្រែជាភាសាខ្មែរចំនួនពីរនាក់ដែលមានកញ្ញា ជ្រីន ប៊ុនសមកណ្ណិការ និងកញ្ញា ឈឿន ស្រីនាង បានចូលរួមធ្វើបទបង្ហាញសង្ខេបពីការឆ្លុះបញ្ចាំងនៃទស្សនៈរបស់ពួកគេទៅលើសៀវភៅដែលអ្នកទាំងពីរបានចូលរួមបកប្រែ។ កញ្ញា ប៊ុនសមកណ្ណិការ បានផ្តល់ចំណាប់អារម្មណ៍ចំពោះសៀវភៅនេះថា «សៀវភៅនេះគឺជាការស៊ើបអង្កេត និងការពន្យល់ដែលខ្ញុំមិនដែលនឹកស្មានដល់ទាល់តែសោះពីរបៀបដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានគេប្រមូល និងប្រើប្រាស់ដោយប្រើវិធីសាស្ត្រផ្សេងៗ និងរបៀបដែលបច្ចេកវិទ្យាបណ្តាលឱ្យមានផលវិបាកនានា ក៏ដូចជារបៀបដែលឧស្សាហកម្មពឹងផ្អែកលើការប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាអាចផ្តល់ផលល្អទៅដល់សង្គមនៅពេលពួកវាត្រូវបានប្រើប្រាស់សម្រាប់ជាផលប្រយោជន៍របស់ប្រជាជនជារួម»។
ក្នុងនោះដែរ កញ្ញា ស្រីនាង បានលើកឡើងថា “ទោះបីជាការពិភាក្សាជាច្រើននៅក្នុងសៀវភៅនេះមិនទាន់ត្រូវនឹងបរិបទ ប្រទេសកម្ពុជាក៏ដោយ ក៏សៀវភៅនេះផ្តល់នូវការព្រមានជាសញ្ញាណមួយ អំពីចំណេះដឹងទាក់ទងនឹងទិន្នន័យដែលជាអ្វីដែលប្រជាជនទូទៅគួរតែស្វែងយល់ ហើយយើងគួរធ្វើដូចម្តេចអ្វីខ្លះដើម្បីការពារទិន្នន័យឯកភាពជនភាព របស់យើង”។ កញ្ញាក៏បានសង្កត់ធ្ងន់ផងដែរទៅលើការព្រួយបារម្ភជុំវិញការរៀបចំក្នុងការធ្វើឱ្យមានឥទ្ធិពលមកលើសេចក្តីសម្រេច ចិត្តរបស់អ្នកបោះឆ្នោត ឧទាហរណ៍៖ ក្រុមអ្នកនយោបាយដែលទទួលបានទិន្នន័យរបស់យើងតាមរយៈបច្ចេកទេសជឿនលឿន ហើយប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីជះឥទ្ធិពលមកលើយើងវិញ។
ទាក់ទងនឹងបរិបទប្រទេសកម្ពុជា កញ្ញា ប៊ុនសមកណ្ណិការ បានចែករំលែកចំណុចសំខាន់ៗស្តីពីការរីកចម្រើននៃវេទិកាឌីជីថលដែលជានិន្នាការថ្មីមួយនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃខាងមុខឆាប់ៗនេះ វេទិកាឌីជីថលនឹងក្លាយជាប្រភពដែលសំបូរធនធានទិន្នន័យដ៏ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការការពារទិន្នន័យ និងការយល់ដឹងអំពីទិន្នន័យនៅមិនទាន់សូវមានការអភិវឌ្ឍនៅឡើយទេ ហើយចាំបាច់ ត្រូវការធ្វើឱ្យមានភាពប្រសើរ ជាងនេះ។ កញ្ញាបានពន្យល់ថានៅប្រទេសកម្ពុជាបណ្តាញផ្សព្វផ្សាយសង្គមបានក្លាយជាទីកន្លែងដែលមានប្រជាប្រិយបំផុត ដែលក្នុងនោះអ្នកប្រើប្រាស់ជនជាតិខ្មែរជាច្រើនបង្ហាញពីគំនិត ទស្សនៈ និងចំណាប់អារម្មណ៍ព្រមទាំងរិះគន់ជុំវិញបញ្ហាសង្គម និងនយោបាយ។ ម្យ៉ាងទៀតបណ្តាញផ្សព្វផ្សាយសង្គមត្រូវបានប្រើនៅក្នុងយុទ្ធនាការនយោបាយទាំងនៅពីមុន និងក្រោយការបោះឆ្នោត។
លើសពីនេះទៀតកម្មវិធីទូរស័ព្ទដៃ (Mobile apps) និងហ្គេមទូរស័ព្ទចល័ត (Gaming apps) ក៏កំពុងក្លាយជាបណ្តាញដែលអ្នកប្រើប្រាស់អាចត្រូវបានគេចូលរួមជាមួយ និងធ្វើការជះឥទ្ធិពលទៅលើផងដែរ។ ក្នុងន័យនេះ កញ្ញា ប៊ុនសមកណ្ណិការ បានលើកឡើងថា មនុស្សមួយចំនួនស្ថិតនៅក្នុងហានិភ័យក្នុងការបាត់បង់ការគ្រប់គ្រងលើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ដូចដែលពួកគេអាចត្រូវបានគេកំណត់គោលដៅគ្រប់ពេលវេលា។ តាមរយៈការស្វែងយល់ពីសៀវភៅនេះ កញ្ញា ស្រីនាង ក៏បានចែករំលែកការព្រួយបារម្ភរបស់កញ្ញាអំពីការបាត់បង់ទំនុកចិត្តសាធារណៈ និងបទបញ្ញត្តិផ្ទាល់ខ្លួន ព្រមទាំងភាពគ្មានការត្រួតពិនិត្យដោយឯករាជ្យ និងប្រកបដោយក្រមសីលធម៌ទៅលើការអភិវឌ្ឍសង្គម ដែលផ្អែកលើទិន្នន័យ នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។ តាមទស្សនៈរបស់កញ្ញា ចំណុចសំខាន់នោះគឺ ការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ និងឯកជនភាពទិន្នន័យនៅក្នុងប្រទេស ដោយកញ្ញាទទួលស្គាល់ពីប្រការដែលទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានគេប្រមូល និងប្រើប្រាស់សម្រាប់ជះឥទ្ធិពល។
រួមជាមួយនឹងការចែករំលែកការឆ្លុះបញ្ចាំង និងចំណាប់អារម្មណ៍ អ្នកស្ម័គ្រចិត្តក៏បានបង្ហាញពីការរំពឹងទុកនាពេលអនាគតរបស់ពួកគេពីអង្គការ Tactical Tech ផងដែរ។ កញ្ញា ប៊ុនសមកណ្ណិការ បានលើកឡើងថា “វានឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើការសិក្សាបន្ទាប់ទៀត អាចចាប់យកបរិបទក្រៅពីការបញ្ចុះបញ្ចូលផ្នែកនយោបាយ ជាពិសេសផ្តោតការសិក្សាទៅលើបណ្តាប្រទេសដែលទើបតែកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យាដំណាក់កាលដំបូង និងការបង្កើតសៀវភៅណែនាំស្តីពីការការពារឯកជនភាពទិន្នន័យបុគ្គល និងស្ថាប័ន”។
អ្នកស្ម័គ្រចិត្តទាំងពីររូបបានចែករំលែកនូវបញ្ហាប្រឈមមួយចំនួនដែលពួកគេបានជួបប្រទះក្នុងអំឡុងពេលបកប្រែ។ អ្វីដែលពួកគេទាំងពីរបានជួបប្រទះគឺស្រដៀងគ្នា។ បញ្ហាប្រឈមចម្បងគឺ ការលំបាកក្នុងការជ្រើសរើសពាក្យសមរម្យ និងអាចយល់បានជាភាសាខ្មែរ។ វាកាន់តែពិបាកនៅពេលបកប្រែពាក្យបច្ចេកទេស ពីព្រោះពួកគេមិនអាចស្វែងរកពាក្យដែលមានអត្ថន័យដូចគ្នាជាភាសាខ្មែរនៅក្នុងវចនានុក្រមនោះទេ។ ម្យ៉ាងវិញទៀត សៀវភៅនេះមានពាក្យជាច្រើនត្រូវបានប្រើនៅក្នុងបច្ចេកវិទ្យាទិន្នន័យ ដែលបរិបទនេះគឺខុសគ្នាឆ្ងាយណាស់ទៅនឹងប្រទេសកម្ពុជា។ លើសពីនេះទៀត ពួកគេបានរកឃើញភាពខុសគ្នាជុំវិញសទ្ទានុក្រមបច្ចេកទេសជាភាសាខ្មែរ។ ក្នុងករណីនេះ ការបកប្រែបានក្លាយជាកិច្ចការដែលមានភាពពិបាកខ្លាំង ហើយត្រូវការពេលយូរដើម្បីបញ្ចប់។ ទោះជាយ៉ាងណាក្តី ពួកគេបានបញ្ចប់ការបកប្រែជាភាសាខ្មែរដោយជោគជ័យ ហើយបានចងក្រងជាបញ្ជីពាក្យបច្ចេកទេសសម្រាប់ជាប្រយោជន៍ក្នុងការប្រើប្រាស់ផងដែរ។
បន្ទាប់ពីបទបង្ហាញ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យលើកជាសំណួរ ឬផ្តល់ជាមតិយោបល់របស់ពួកគេ។ លោក John Weeks អ្នកជំនាញខាងទិន្នន័យបើកទូលាយ បានបញ្ចេញមតិរបស់លោកជុំវិញការការពារភាពទិន្នន័យឯកជន។ លោកបានលើកឡើងថា ឯកជនភាពទិន្នន័យមានភាពពិបាកក្នុងការការពារណាស់ ដោយសារបច្ចេកវិទ្យាជឿនលឿនដែលក្រុមហ៊ុនយក្សមួយចំនួនប្រើដើម្បីប្រមូលទិន្នន័យរបស់យើង។ ប៉ុន្តែយើងអាចការពារទិន្នន័យរបស់យើងបានដោយការស្វែងយល់កាន់តែច្បាស់ពីហានិភ័យនៃការចែករំលែកទិន្នន័យផ្ទាល់ជាសាធារណៈ។ គាត់ក៏បានលើកឡើងអំពីសារប្រយោជន៍នៃការបោះពុម្ពផ្សាយរបស់អង្គការ Tactical Tech ស្តីពីសន្តិសុខទិន្នន័យជារួមនេះដែរ។
លោក ហៀង កុសល បណ្ណាធិការផ្នែកសេដ្ឋកិច្ច បានចែករំលែកចំណាប់អារម្មណ៍របស់គាត់ទាក់ទងនឹងសៀវភៅនេះ ពាក់ព័ន្ធនឹងវិសាលភាពនៃការប្រើប្រាស់ទិន្នន័យនៅក្នុងពិភពលោកសព្វថ្ងៃ។ ទិន្នន័យត្រូវបានប្រើនៅក្នុងវិសាលគមធំទូលាយនៅក្នុងសង្គម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងនយោបាយ។ សៀវភៅនេះបានបើកឱ្យមានការយល់ដឹងអំពីបច្ចេកទេសនៃការប្រមូលទិន្នន័យ និងវិភាគជាច្រើន ទោះបីភាគច្រើនមិនទាន់ត្រូវបានប្រើប្រាស់នៅកម្ពុជានៅឡើយក្តី។ លោក គុណ ចិន្តា ប្រធានគ្រប់គ្រងមាតិកានៃអង្គការអូឌីស៊ី បានចែករំលែកទស្សនៈរបស់លោកលើការអភិវឌ្ឍវិធីសាស្ត្រទាក់ទងនឹងទិន្នន័យ និងនិន្នាការនាពេលអនាគតក្នុងការប្រើប្រាស់ឌីជីថលរបស់កម្ពុជា ក៏ដូចជាសារៈសំខាន់នៃឯកជនភាព និងការការពារទិន្នន័យផ្ទាល់ខ្លួន។
សិក្ខាសាលានេះបានបញ្ចប់ដោយ លោក ធី ទ្រី បានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តបកប្រែ និងអ្នកតំណាងមកពី Tactical Tech ដែលបានចំណាយពេលចែករំលែកការឆ្លុះបញ្ចាំង និងចំណាប់អារម្មណ៍។ តាមរយៈឯកសារជាភាសាខ្មែរដែលចែករំលែកជាសាធារណៈ លោកមានជំនឿយ៉ាងមុតមាំថា សៀវភៅនេះនឹងអាចទៅដល់ប្រជាជនកម្ពុជាកាន់តែច្រើនទៀតដែលចាប់អារម្មណ៍ក្នុងការអាន និងស្វែងយល់បន្ថែមលើប្រធានបទនេះ។
សូមបញ្ជាក់ថានៅក្នុងគម្រោងនេះ អូឌីស៊ី ទទួលខុសត្រូវចំពោះការបកប្រែជាភាសាខ្មែរតែប៉ុណ្ណោះ។ ខ្លឹមសារនៃសៀវភៅនេះគឺជាទំនួលខុសត្រូវទាំងស្រុងរបស់អង្គការ Tactical Tech។