ក្រោយ​ពី​បោះឆ្នោត​មេភូមិ​ហៅ​ពលរដ្ឋ​ទៅ​ស្បថ

កំពង់ចាមៈ មួយ​ថ្ងៃ បន្ទាប់​ពី​ការ​បោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាង​កើត​ក្នុង​ឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បាន​ហៅ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ប្រមាណ ៥០ នាក់ ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ឲ្យ​ស្បថ​ថា «សូម​ឲ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន» ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន មុន​នឹង​ផ្តល់​ប្រាក់​ឲ្យ​ក្នុង​ម្នាក់​មួយ​ម៉ឺន​រៀល ទៅ​តាម​ការ​សន្យា កាល​ពី​មុន​ថ្ងៃ​បោះឆ្នោត។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រជា​ពលរដ្ឋ។ ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា មេភូមិ និង​អនុភូមិ កំពង់ចន្លុះ ខាង​កើត​បាន​ហៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ចែក​លុយ ដែល​គណបក្ស​ប្រជាជន បាន​សន្យា​ផ្តល់​ឲ្យ​នៅ​មុន​ថ្ងៃ​បោះឆ្នោត សម្រាប់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ ១ ម៉ឺន​រៀល និង​ប្រធាន​ក្រុម ២ ម៉ឺន​រៀល​។ លោក​ថ្លែង​ថា​៖​«គេ​ឲ្យ​ពលរដ្ឋ​ស្បថ​ថា ស្លាប់​មួយ​ចំហៀង​ខ្លួន ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ខ្ញុំ​អត់​ស្បថ​ទេ​ព្រោះ​អី​ខ្ញុំ​អត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ ហើយ​វត្ត​នេះ​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ តែ​ពលរដ្ឋ​ជាច្រើន​គេ​យក​លុយ​ដោយ​សារ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន»។ ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ក៏​បាន​និយាយ​ដូច​គ្នា​ផង​ដែរ​ថា លោក​ត្រូវ​បាន​មេភូមិ ហៅ​ឲ្យ​ទៅ​យក​លុយ​មួយ​ម៉ឺន​រៀល នៅ​វត្ត ដោយ​ឲ្យ​លោក​អុជ​ធូប​ស្បថ មុន​នឹង​ទទួល​យក​លុយ​ដែល​គេ​បាន​សន្យា​ផ្តល់​ឲ្យ​កាល​ពីថ្ងៃ​ទី១៨ ខែ​មិថុនា​។…

http://www.postkhmer.com/index.php/national/1-national-news/101608-2013-07-31-03-31-25