គណបក្សសង្គ្រោះជាតិ មិនរវីរវល់នឹងដំណើរការចុះឈ្មោះបោះឆ្នោតទេ
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅមិនទាន់ទៅចុះឈ្មោះ ដើម្បីទទួលបានសិទ្ធិ ក្លាយជាអ្នកតំណាងរាស្ត្រនៅឡើយទេ។ ក្នុងនោះ គណបក្សសង្គ្រោះជាតិ តាមរយៈលោក យឹម សុវណ្ណ អ្នកនាំពាក្យ បានប្រកាសថា គណបក្សប្រឆាំងមិនរវីរវល់នឹងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដែលគ.ជ.ប ចាប់ផ្តើមធ្វើក្នុងពេលបច្ចុប្បន្ន ពីថ្ងៃទី១ ដល់ថ្ងៃទី២០តុលា។
ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៣ ចាប់ផ្តើម នៅថ្ងៃទី១តុលានេះ បន្តរហូតដល់ ថ្ងៃទី២០តុលា។ ដំណើរធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ធ្វើឡើង នៅតាមសាលាឃុំ-សង្កាត់ ទូទាំងប្រទេស បើទោះបីជាតំបន់មួយចំនួន ត្រូវទឹកជន់លិចក៏ដោយ។ ប៉ុន្តែ នៅថ្ងៃផ្តើមពិនិត្យនិងចុះឈ្មោះ នៅថ្ងៃដំបូង ថ្ងៃទី១តុលានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់ទៅចុះឈ្មោះបោះឆ្នោត នៅឡើយទេ។ ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ពេលនេះ ទើបជាការបើកផ្លូវឲ្យលោកសម រង្ស៊ី បានក្លាយជាសមាជិករដ្ឋសភា នៅឆ្នាំ២០១៣។ លោកសម រង្ស៊ី ត្រូវបានគ.ជ.ប លុបឈ្មោះចេញ កាលពីឆ្នាំ២០១២ ដែលនាំឲ្យលោកមិនអាចឈរឈ្មោះបោះឆ្នោត ក្លាយជាអ្នកតំណាងរាស្ត្របាន ដោយសារតែជាប់ទោស ក្នុងសំណុំរឿងព្រំដែន។ ប៉ុន្តែ នៅមុនការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ លោកសម រង្ស៊ី ត្រូវបានព្រះមហាក្សត្រ ប្រទានការលើកលែងទោស។… លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-uncare-voting-registration