លោក ប៉ែន សុវណ្ណ ប្រជែងជាមួយលោក ហ៊ុន ម៉ានី ស្វែងរកអាសនៈនៅក្នុងខេត្តកំពង់ស្ពឺ
ក្រុងច្បារមន,ខេត្តកំពង់ស្ពឺ-លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់នឹងកើតផងទេ នៅក្នុងឆ្នាំ១៩៨១ នៅពេល លោក ប៉ែន សុវណ្ណ ដែលកាលនោះជានាយករដ្ឋមន្ត្រីត្រូវបានសម្ពន្ធមិត្តវៀតណាមរបស់ខ្លួន ទម្លាក់ចេញពីតំណែង ហើយនិរទេសទៅកាន់ទីក្រុងហាណូយ។ ជាងមួយទសវត្សរ៍ក្រោយមក លោក ប៉ែន សុវណ្ណ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះក្នុងរដ្ឋធានីនៃប្រទេសវៀតណាម ដោយបន្ទោសលោក ហ៊ុន សែន ថា ជាអ្នករារាំងលោកមិនឲ្យចូលរួមនយោបាយនិងត្រឡប់មកប្រទេសកម្ពុជាវិញ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ ខណៈពេលប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺចេញទៅបោះឆ្នោតនោះ ឆាកជីវិតរបស់លោកទាំងពីរ ដែលតំណាងឲ្យរយៈពេលខុសគ្នាច្រើននៃប្រវត្តិសាស្ត្ររបស់ប្រទេសនេះស័ក្ដិសមខ្លាំងណាស់ ខណៈពេលលោក ហ៊ុន ម៉ានី និងលោក ប៉ែន សុវណ្ណ ប្រជែងគ្នាក្នុងនាមជាបេក្ខជនឈរនៅលេខរៀងទី១តំណាងឲ្យគណបក្សរៀងៗខ្លួននៅក្នុងខេត្តនេះ។ បន្ទាប់ពីទៅដល់សាលាគរុកោសល្យនៅក្រុងច្បារមន ក្នុងខេត្តកំពង់ស្ពឺនៅម៉ោង៦និង៤៥នាទីព្រឹកថ្ងៃម្សិលមិញ លោក ហ៊ុន ម៉ានី ត្រូវគេផ្តល់បង្កាន់ដៃលេខរៀង ដើម្បីចូលបោះឆ្នោត ដែលបង្កាន់ដៃនេះ មានសរសេរលេខពណ៌ខ្មៅធំមួយបញ្ជាក់ថា លោកស្ថិតនៅលេខរៀងទី៧។ ដោយរក្សាសំឡេងឆ្នោតរបស់លោកជាសម្ងាត់ លោក ហ៊ុន ម៉ានី បានចូលតម្រង់ជួរ ហើយអ្នកនៅក្បែរលោកហាក់ដូចជាមិនចាប់អារម្មណ៍ទេ មុនពេលលោកចូលទៅបោះឆ្នោត។ បន្ទាប់ពីបោះឆ្នោតរួច លោក ហ៊ុន ម៉ានី បានបដិសេធមិននិយាយអំពីការបោះឆ្នោតដែលលោកស្ទើរតែជឿជាក់ថា ឈ្នះនេះទេ។ មុនពេលត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើអត្ថាធិប្បាយអំពីការគាប់ជួន បន្ទាប់ពីទទួលបានបង្កាន់ដៃលេខរៀងតម្រង់ជួរបោះឆ្នោតដែលជាលេខរៀងរបស់គណបក្សសង្គ្រោះជាតិនៅលើសន្លឹកឆ្នោតនោះ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនធ្វើការជាមួយខេមបូឌា ដេលី ទេ”។ លោកបានថ្លែងសំដៅដល់ថ្ងៃដែលគណបក្សរបស់ឪពុកលោកអបអរជ័យជម្នះលើរបបខ្មែរក្រហមថា “ខ្ញុំមានសំណាងនៅថ្ងៃនេះ។លេខ៧គឺជាលេខថ្ងៃ៧មករា” ។ ខណៈពេលលោក ហ៊ុន ម៉ានី ចាប់ផ្តើមធ្វើដំណើរត្រឡប់មកក្រុងភ្នំពេញវិញកាលពីម្សិលមិញ គឺកន្លះម៉ោង បន្ទាប់ពីលោកបោះឆ្នោតរួច អ្នកបោះឆ្នោតភាគច្រើននៅក្រុងច្បារមន បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះលោកនិងគណបក្សប្រជាជនកម្ពុជា។ សត្យាវុធ សេរីវឌ្ឍានា អាយុ៣១ឆ្នាំដែលបោះឆ្នោតភ្លាមៗ បន្ទាប់ពីលោក ហ៊ុន ម៉ានី នោះបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញគាត់មកបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរធម្មតាម្នាក់”។ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការនិងស្ថិតិ ជាបេក្ខជនតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ បន្ទាប់ពីលោកបានដាក់សន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោតថា កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ នឹងជួយបញ្ចូលយុវជនវ័យក្មេងទៅក្នុងជួររដ្ឋាភិបាល។ លោក ឆាយ ថន បានមានប្រសាសន៍ថា “គាត់ក្លាហាន មានសមត្ថភាពនិងសុខភាពល្អ ដូច្នេះ គាត់ស័ក្តិសមនឹងឈ្នះ [អាសនៈរបស់គាត់]”។ដោយបញ្ជាក់ពីគោលដៅរបស់លោកក្នុងការទទួលបានសំឡេងពី៨០ទៅ៩០ភាគរយនៃសំឡេងឆ្នោតនៅក្នុងខេត្តនេះ លោកបានបន្ថែមថា “ ខ្ញុំសង្ឃឹមថា គណបក្សប្រជាជន នឹងឈ្នះអាសនៈច្រើន”។ …
Khy Sovuthy and Alex Willemyns
http://www.cambodiadailykhmer.com/latest/3411/