លោក សរ ខេង ព្រមានលោកសម រង្ស៊ី លើករណីធ្វើមហាបាតុកម្ម
លោក សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ដល់ លោក សម រង្ស៊ី និងអ្នកចូលរួមធ្វើមហាបាតុប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣។
លិខិតចុះថ្ងៃទី៨ ខែសីហា ផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានព្រមានលោក សម រង្ស៊ី ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជា ពួកគេធ្វើបាតុកម្មប្រឆាំង នឹងលទ្ធផល នៃការបោះឆ្នោត ហើយបាតុកម្មនោះ បែរជាបង្កទៅជាអំពើហិង្សា ឬប៉ះពាល់ដល់សន្តិសុខជាតិ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈឬឯកជននោះ។
លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានព្រមានដឹកនាំម្ចាស់ឆ្នោតតាមខេត្តក្រុងនានា ធ្វើមហាបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ដោយយល់ថា មានការលួចបន្លំសន្លឹកឆ្នោត និងមានភាពមិនប្រក្រតីផ្សេងៗក្នុងអំឡុងពេលបោះឆ្នោត។ ប៉ុន្តែលោក សម រង្ស៊ី មិនទាន់កំណត់ថ្ងៃធ្វើបាតុកម្មច្បាស់លាស់នៅឡើយទេ៕