សង្គម​ស៊ីវិល​ខក​ចិត្ត​នឹង​ការ​ចូល​រួម​ស៊ើប​អង្កេត​ការ​បោះឆ្នោត

ភ្នំពេញៈ ក្តី​រំពឹង​របស់​សង្គម​ស៊ីវិល​ដែល​សង្ឃឹម​ថា នឹង​បាន​ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​ទំនង​ជា​រលាយ​ទៅ​វិញ បន្ទាប់​ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប កាល​ពី​ម្សិលមិញ​អះអាង​ថា ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដើរ​តួ​ត្រឹម​តែ​ជា​អ្នក​សង្កេត​ការណ៍​តែ​ ប៉ុណ្ណោះ។ លោក ជាម យៀប បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ជា សមាជិក​សកម្ម នៃ​គណៈកម្មការ​នេះ​ទេ​ឬ ប៉ុន្តែ​លោក​បាន​ប្រាប់​ផ្ទាល់​មក​ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​នឹង​ដើរ​តួនាទី​នៅ​ក្នុង​កម្រិត​សកម្ម​ខ្លាំង​ជាង​មុន​។ លោក​បន្ត​ថា៖ «ប្រសិន​បើ [អង្គការ​ក្រៅ​រដ្ឋាភិបាល] គ្រាន់​តែ​ចូល​រួម​ស្តាប់​ឬ​សង្កេត​ការណ៍ នោះ​វា​គ្មាន​បញ្ហា​ទេ»។ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​ក្រុម​សង្គម​ស៊ីវិល ​និង​រដ្ឋ​មន្រ្តី​ក្រសួង មហា​ផ្ទៃ​លោក ស ខេង កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទន្ទឹង​រង់​ចាំ​នូវ​តួនាទី​មួយ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ។ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​តំណាង​មួយ​រូប​ក្នុង ចំណោម​តំណាង​សង្គម​ស៊ីវិល​ដែល​ជួប​ពិភាក្សា​ជាមួយ លោក ស ខេង បាន​ថ្លែង​ថា លោក​មាន​ការ​ខក​ចិត្ត​នៅ​ពេល​ឮ អំពី​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​ឲ្យ​ចូល​ពាក់​ព័ន្ធ​ទេ។ លោក​បន្ត​ថា៖ «វា​នឹង​ជា​ចំណុច​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ។ វា​ជា​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង»។…

http://www.postkhmer.com/index.php/national/1-national-news/102343-2013-08-14-03-12-15