​ពាក្យ​បណ្ដឹង​សរុប​ចំនួន​៣៥៩ ត្រូវ​បាន​ដាក់ប្ដឹង​​ក្នុង​ដំណាក់​កាល​ការ​ឃោសនា​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាលឃោសនា​បោះ​ឆ្នោត គិត​ពី​ថ្ងៃ​ទី​២៧​មិថុនា ដល់​ថ្ងៃ​ទី​២៦​កក្កដា​កន្លង​ទៅ​នេះ មាន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​៣៥៩​បណ្ដឹង ត្រូវ​បាន​ដាក់​ប្ដឹង។ ហើយ​កម្មវត្ថុ​នៃ​ពាក្យ​បណ្ដឹង​ទាំង​អស់​ភាគ​ច្រើន​ប្ដឹង​ពី​បទ ការ​រំខាន​ការឃោសនា ការ​ហែក​បំផ្លាញ​ស្លាក​គណបក្ស ការ​ហែក​ខិត្តប័ណ្ណ ប័ណ្ណ​ខៀវ​មិន​ប្រក្រតី និង​ការ​ប្រើ​រថយន្ត​អំណោយ​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅធ្វើ​ការ​ឃោសនា​ជា​ ដើម។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥​ខែ​សីហា បាន​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ អំពី​ពាក្យ​បណ្ដឹង​សរុប ដែល​ត្រូវ​បាន​ដាក់​ប្ដឹង ក្នុង​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត។ សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត រយៈពេល​៣០​ថ្ងៃ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មាន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​៣៥៩​បណ្ដឹង។ ពាក្យ​បណ្ដឹង​ទាំង​អស់​កើត​នៅ​ថ្នាក់ គណៈកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ថ្នាក់​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ថ្នាក់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ នៅ​ថ្នាក់​ឃុំ-សង្កាត់ មាន​ពាក្យ​បណ្ដឹង​ចំនួន​៣៣៨​បណ្ដឹង ក្នុង​នោះ​ដោះ​ស្រាយ​បាន​៣៣៤ នៅ​សល់ ​៤​ បណ្ដឹង​។ ចំណែក​នៅ​ថ្នាក់​រាជធានី-ខេត្ត​វិញ បាន​ទទួល​ពាក្យ​បណ្ដឹងសរុប​​ចំនួន​១១០ ដោះ​ស្រាយ​បាន​១០៤​បណ្ដឹង នៅ​សល់​៦​បណ្ដឹង។ មាន​បណ្ដឹង​សរុប​ចំនួន​៣៩ នៅ​ថ្នាក់​ជាតិ ក្នុង​នោះ​ដោះ​ស្រាយ​បាន ២៩ នៅ​សល់​១០​បណ្ដឹង​កំពុង​ដោះ​ស្រាយ។ ដោយ​ឡែក ពាក្យ​បណ្ដឹង​នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ខ្ពស់​បំផុត មាន​ចំនួន​សរុប​៧​បណ្ដឹង ដោះ​ស្រាយ​បាន​៥​បណ្ដឹង នៅ​សល់​២​បណ្ដឹង កំពុង​ដោះ​ស្រាយ។…

http://www.khmer.rfi.fr/cambodia/20130805-%E2%80%8Bnec-05-08-2013