CPP ប្រតិកម្ម​នឹង​ការ​បង្ហោះ​សារ​កាត់​ត​សំឡេង​អនុ​ប្រធាន

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​នឹង​ការ​បង្ហោះ​ខ្សែ​អាត់​សំឡេង​អនុ​ប្រធាន​គណបក្ស គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា បក្ស​កាន់​អំណាច​យូរ​ឆ្នាំ​នេះ​បាន​ចាញ់​ឆ្នោត​អាណត្តិ​ទី៥ ហើយ​គណបក្ស​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺង​ម៉ាត់ ទប់​ស្កាត់​ការ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​មួយ​នេះ។ សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី១៩ សីហា របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​បង្ហោះ​ខ្សែ​អាត់​នេះ​ជា​ការ​បំភាន់​មតិ​មហាជន និង​បង្ក​អស្ថិរភាព​ក្នុង​សង្គម​ក្រោយ​ការ​បោះឆ្នោត។ គណបក្ស​ប្រជាជន កម្ពុជា​ថ្លែង​ថា៖ «នេះ​ជា​សកម្មភាព​បំពាន​ច្បាប់ ដែល​ក្រុម​ទុច្ចរិត​មួយ​ចំនួន តែង​តែ​បង្ក​ឡើង​ឥត​ឈប់​ឈរ នៅ​ក្នុង​ពេល​ដែល​ប្រជាជន​កំពុង​ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់​ដើម្បី​ប្រកប​ របរ​ចិញ្ចឹម​ជីវិត​ជា​ធម្មតា»។ សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ដល់​ជន​រួម​ជាតិ សូម​បន្ត​រក្សា​នូវ​ភាព​ស្ងប់​ស្ងៀម ហើយ​ចូល​រួម​ថែរក្សា​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រហូត​ដល់​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ»។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​បណ្តាញ​សង្គម ហ្វេសប៊ុក កាល​ពីថ្ងៃ​ទី១៨ សីហា បាន​ចែក​រំលែក​ត​គ្នា​នូវ​ខ្សែ​អាត់​ជា​សំឡេង​របស់​លោក ហ៊ុន សែន ថ្លែង​ជាអាទិ៍​ថា ៖ «បច្ចុប្បន្ន ម៉ោង​នេះ ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទៅ​ហើយ​។…នៅ​សល់​តែ​ថ្នាក់​ក្រោម​ទេ ដែល​នៅ​ស្រពេច​ស្រពិល​។…ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន… អត់​ទាន់​ដឹង​ទេ​ថា ខ្លួន​ឯង​ចាញ់​ទៅ​ហើយ​…​»។ សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​បញ្ជាក់​ថា៖ «កាល​ពី​រសៀល​ថ្ងៃ​ទី១៨ សីហា» វិទ្យុ​អាស៊ី​សេរី​ផ្សាយ​បន្ត​នូវ​ខ្សែអាត់​កាត់​ត​សំឡេង​បង្ហោះ​ក្នុង ហ្វេសប៊ុក ផង​ដែរ។…

http://www.postkhmer.com/index.php/national/1-national-news/102704-cpp-