ផ្ដើម​ចេញពី​ការ​យល់​ដឹង​ឆ្ពោះទៅ​កាន់​សកម្មភាព​សហគមន៍​៖​ ការ​ពង្រឹងសមត្ថភាព​សហគមន៍​មូលដ្ឋាន​នៅ​ខេត្តព្រះវិហារ​ និង​ខេត្តកំពង់ធំ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ក្លែងបន្លំ​

​សហគមន៍​ជនបទ​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ព័ត៌មាន​ក្លែងបន្លំ​នៅ​លើ​បណ្ដាញ​សង្គម​។​ បញ្ហា​នេះ​បាន​ក្លាយជា​កង្វល់​ដ៏​បន្ទាន់​មួយ​នៅ​ក្នុង​សហគមន៍​ ព្រោះ​សមាជិក​សហគមន៍​ភាគច្រើន​នៅ​ខ្វះ​សមត្ថភាព​ក្នុង​ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​។​ កង្វះ​ការ​យល់​ដឹង​នេះ​បាន​បើកផ្លូវ​ឱ្យ​មានការ​បន្ត​ការ​រីក​រាលដាល​នៃ​មាតិកា​មិន​ពិត​ និង​បំភាន់​។​ វា​មិន​ត្រឹមតែ​បង្ក​ការ​ថប់​បារម្ភ​ ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ បង្កើន​ភាព​តានតឹង​ បំផ្លាញ​កេរ្តិ៍ឈ្មោះ​ និង​បាត់បង់​ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ទៀត​ផង​។​ បញ្ហា​នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ ដែល​ក្នុង​នោះ​ព័ត៌មាន​ក្លែងបន្លំ​ជា​ច្រើន​សន្ធឹកសន្ធាប់​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​។​

​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ប្រជាជន​នៅ​ទី​ជនបទ​។​ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សហគមន៍​មូលដ្ឋាន​ មជ្ឈមណ្ឌល​ទាំងនេះ​ផ្តល់​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​បរិ​យា​បន្ន​ និង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​បើក​ទូលាយ​ឱ្យ​សមាជិក​សហគមន៍​ទាំងអស់​អាច​ទទួល​បានការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ដែល​ជួយ​ជំរុញ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ព្រមទាំង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​។​ ទោះជា​យ៉ាងណា​ មជ្ឈមណ្ឌល​ទាំងនេះ​កម្រ​មានឱកាស​បាន​ពង្រឹងសមត្ថភាព​លើ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ (MIL)​ ផ្ទាល់ខ្លួន​ណាស់​។​ គម្លាត​នេះ​ធ្វើ​ឱ្យ​សមាជិក​សហគមន៍​មូលដ្ឋាន​កាន់តែ​ងាយ​រង​គ្រោះ​ដោយសារ​ព័ត៌មាន​ក្លែងបន្លំ​។​ ហេតុ​ដូច្នេះ​ហើយ​ ការ​កសាង​សមត្ថភាព​លើ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ការពារ​សហគមន៍​មូលដ្ឋាន​។​

​តើ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ឆ្លើយ​តប​យ៉ាងណា​ចំពោះ​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងបន្លំ​នៅ​តាម​ទី​ជនបទ​?

​ក្នុង​ឆ្នាំ​២០២៥​ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ (OIF)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តី​ពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ ដល់​សមាជិក​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ និង​និស្សិត​សាកលវិទ្យាល័យ​ ដោយ​ផ្តោត​ខ្លាំង​លើ​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ​។​ ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​សិក្សា​ពេញ​មួយ​ជីវិត​ (​គ​.​ជ​.​ស​.​ជ​.)​ ដែល​ជា​ស្ថាប័ន​សម្របសម្រួល​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ណែនាំ​នូវ​ឧបករណ៍​ និង​វិធីសាស្ត្រ​ជាក់ស្តែង​ ដើម្បី​ជួយ​អ្នកចូលរួម​ការពារ​ខ្លួន​ និង​ចៀសវាង​ការ​ក្លាយជា​ជន​រង​គ្រោះ​នៃ​ព័ត៌មាន​ក្លែងបន្លំ​។​

​ដោយ​ដឹង​ថា​ព័ត៌មាន​ក្លែងបន្លំ​កំពុង​រីក​រាលដាល​ និង​ជះ​ឥទ្ធិពល​ដល់​ប្រជាជន​គ្រប់​ទីកន្លែង​ក្នុង​សហគមន៍​ យើង​ក៏​បាន​បណ្តុះបណ្តាល​អ្នកចូលរួម​វគ្គ​ឱ្យ​ក្លាយជា​ជន​បង្គោល​ ដើម្បី​ជួយ​សមាជិក​ដទៃ​ទៀត​ក្នុង​សហគមន៍​រៀងៗ​ខ្លួន​ ក្នុង​ការ​ស្គាល់​ និង​ទប់ស្កាត់​ការ​ចរាចរណ៍​ព័ត៌មាន​ក្លែងបន្លំ​ផង​ដែរ​។​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្តព្រះវិហារ​ និង​ខេត្តកំពង់ធំ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៩​នាក់​។​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​ទទួល​បាន​ចំណេះដឹង​ពី​មេរៀន​ជា​ច្រើន​ ដែល​ជួយ​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹកនាំ​រៀបចំ​សិក្ខាសាលា​សហគមន៍​បន្តបន្ទាប់​។​ វិធីសាស្ត្រ​បែប​មានការ​ចូលរួម​ផ្ទាល់​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ដើម្បី​ឱ្យ​អ្នកចូលរួម​បាន​ចូលរួម​យ៉ាង​សកម្ម​ផ្ទាល់​ក្នុង​ដំណើរការ​រៀនសូត្រ​ ដែល​ជួយ​បង្កើន​លទ្ធផល​នៃ​ការ​យល់​ដឹង​របស់​ពួក​គេ​ឱ្យ​បាន​អតិបរមា​។​ កម្មវិធី​សិក្សា​ជា​ច្រើន​ក៏​ត្រូវ​បាន​ចងក្រង​ឡើង​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​ឱ្យ​ស្រប​តាម​កម្រិត​នៃ​ការ​ដឹង​យល់​ដឹង​របស់​អ្នកចូលរួម​ ព្រមទាំង​ធានា​ថា​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ត្រូវ​បាន​ចែករំលែក​ដល់​អ្នកចូលរួម​ទាំងអស់​។​ មេរៀន​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​រួម​មាន​៖

  • ​មេរៀន​ទី​១៖​ សេចក្ដីណែនាំ​អំពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​
  • ​មេរៀន​ទី​២៖​ តើ​អ្វី​ជា​ព័ត៌មាន​ក្លែងបន្លំ​?
  • ​មេរៀន​ទី​៣៖​ វិធីសាស្ដ្រ​សម្គាល់​ព័ត៌មាន​ក្លែងបន្លំ​
  • មេរៀន​ទី​៤៖​ មាតិកា​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​ និង​ឧបករណ៍​បញ្ញា​សិប្បនិម្មិត​សម្រាប់​ផ្ទៀងផ្ទាត់​ការ​ពិត​
  • ​មេរៀន​ទី​៥៖​ ក្រមសីលធម៌​នៅ​លើ​បណ្ដាញ​សង្គម​
  • ​មេរៀន​ទី​៦៖​ មូលដ្ឋាន​នៃ​ការ​សម្របសម្រួល​
​តើ​កម្មវិធី​បណ្តុះបណ្តាល​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សហគមន៍​មូលដ្ឋាន​?

​តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​ សមាជិក​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​បាន​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ចូលរួម​ចំណែក​កសាង​សហគមន៍​ប្រកបដោយ​សុវត្ថិភាព​ និង​ភាព​ធន់​ ជា​ពិសេស​ការ​ទប់ទល់​នឹង​រលក​ព័ត៌មាន​ក្លែងបន្លំ​ដែល​កំពុង​កើនឡើង​។​ ការ​ស្ទង់​មតិ​ដែល​យើង​បាន​ធ្វើ​ឡើង​ដើម្បី​វាស់វែង​ការ​យល់​ដឹង​របស់​ពួក​គេ​នៅ​ចុងបញ្ចប់​នៃ​វគ្គ​បណ្តុះបណ្តាល​ បាន​បង្ហាញ​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ចំណេះដឹង​ទាក់ទង​នឹង​ព័ត៌មាន​ ប្រភេទ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហានិភ័យ​ និង​ផល​ប៉ះពាល់​ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​មាន​ក្រមសីលធម៌​ និង​វិធីសាស្ត្រ​ក្នុង​ការ​សម្គាល់​ព័ត៌មាន​ក្លែងបន្លំ​នៅ​លើ​បណ្ដាញ​សង្គម​។​

​លោក​ ចន្ទ​ សេរី​វុ​ឌ្ឍី​ ដែល​ជា​អ្នកចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ និង​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ត្បែងមានជ័យ​ បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​តាមដាន​ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​គម្រោង​ថា​ «​លោក​ទទួល​បាន​ចំណេះដឹង​ច្រើន​»​ ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​អ្នកសម្របសម្រួល​មួយ​រូប​សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​ មើលឃើញ​ពី​សារៈសំខាន់​ជា​ពិសេស​សម្រាប់​សហគមន៍​នៅ​តំបន់​ជនបទ​ ព្រោះ​ពួក​គេ​កម្រ​នឹង​មានឱកាស​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ប្រភេទ​នេះ​ ដែល​ពិតជា​មាន​ប្រយោជន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ លោក​ ស្រេង​ សា​រ៉ែ​ន​ ដែល​ជា​អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​នេះ​ បាន​បញ្ជាក់​ថា​ «​បើ​គ្មាន​កម្មវិធី​បែប​នេះ​ទេ​ ពួក​គេ​នឹង​មិន​មានឱកាស​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថ​ល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​។​»​ ក្នុងអំឡុងពេល​ដែល​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ផ្តល់​ឱកាស​ដ៏​ល្អ​ដល់​អ្នកចូលរួម​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ជាក់ស្ដែង​ និង​មាន​អារម្មណ៍​ធូរស្បើយ​ នៅ​ពេល​ដែល​ព័ត៌មាន​ក្លែងបន្លំ​ជា​ច្រើន​របស់​ភាគី​ទាំង​ពីរ​ត្រូវ​បាន​ផ្សព្វផ្សាយ​។​ លោក​ សា​រ៉ែ​ន​ បាន​បន្ថែម​ថា​ «​នៅ​ពេល​នោះ​ ព័ត៌មាន​ក្លែងបន្លំ​ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ហើយ​ប្រជាជន​មានការ​ព្រួយបារម្ភ​ និង​មិន​ប្រាកដ​។​»

​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​ មិន​ត្រឹមតែ​ផ្តល់​ប្រយោជន៍​ដល់​សមាជិក​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ដទៃ​ទៀត​ក្នុង​សហគមន៍​ដែល​គ្មាន​ឱកាស​បាន​ចូលរួម​ផ្ទាល់​ផង​ដែរ​។​ ក្រោម​ការ​គាំទ្រ​ថវិកា​ខ្នាត​តូច​ និង​ការ​សម្របសម្រួល​ពី​អូ​ឌី​ស៊ី​ ក្រុម​គ្រូ​បង្គោល​បាន​នាំ​យកចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​ ទៅ​បំពាក់បំប៉ន​ដល់​សមាជិក​សហគមន៍​របស់​ខ្លួន​។​ នៅ​ពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ ពួក​គេ​បាន​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​សហគមន៍​ចំនួន​ ៤៧​លើក​ នៅ​ទូ​ទាំង​ខេត្ត​ទាំង​ពីរ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ១,៩៦៩​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១,១៩៦​នាក់​។​ សិក្ខាសាលា​សហគមន៍​ទាំងនោះ​បាន​ទាក់ទាញ​អ្នកចូលរួម​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​នៅ​តាម​មូលដ្ឋាន​ រួម​មាន​ គ្រូបង្រៀន​ សិស្សានុសិស្ស​ថ្នាក់​ក្រោម​ និង​ថ្នាក់ឧត្តម​សិក្សា​ អាណាព្យាបាល​សិស្ស​ សមាជិក​សហគមន៍​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​។​

​ក្នុង​សិក្ខាសាលា​សហគមន៍​ទាំងនេះ​ ជន​បង្គោល​របស់​យើង​ភាគច្រើន​បាន​ជ្រើសរើស​បង្រៀន​លើ​ប្រធានបទ​វិធីសាស្ត្រ​សម្គាល់​ ឬ​បែងចែក​ព័ត៌មាន​ក្លែងបន្លំ​​ ព្រោះ​ពួក​គេ​បាន​សង្កេត​ឃើញ​ថា​សមាជិក​សហគមន៍​ត្រូវការ​ចំណេះដឹង​នេះ​ខ្លាំង​ជាងគេ​។​ បន្ទាប់​មក​គឺ​ប្រធានបទ​ក្រមសីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងបន្លំ​ ហានិភ័យ​ និង​ប្រភេទ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ព្រមទាំង​គុណសម្បត្តិ​ និង​គុណវិបត្តិ​របស់​វា​។​ ក្នុង​បទ​សម្ភាសន៍​បិទ​បញ្ចប់​គម្រោង​ លោកស្រី​ ប៊ុត​ សុខ​លាន​ ដែល​ជា​យុវជន​បង្គោល​មក​ពី​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ប៉ា​លហាល​ បាន​ចែករំលែក​ថា​ «​សិស្ស​របស់ខ្ញុំ​ទទួល​បាន​ជំនាញ​ដ៏​មាន​តម្លៃ​ក្នុង​ការ​មើល​ស្គាល់​ព័ត៌មាន​ក្លែងបន្លំ​ និង​វិភាគ​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ តាម​រយៈ​សិក្ខាសាលា​ដែល​ខ្ញុំ​បាន​សម្របសម្រួល​។​»​ លោកស្រី​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ សិក្ខាសាលា​ទាំងនេះ​ «​បាន​ជួយ​សិស្ស​របស់ខ្ញុំ​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​ចៀសវាង​ការ​ភ័យ​ស្លន់ស្លោ​»​ ដែល​បង្ក​ឡើង​ដោយ​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងបន្លំ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​

​ផ្អែក​លើ​ការ​សង្កេត​របស់​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្នុង​ពេល​ធ្វើ​សិក្ខាសាលា​សហគមន៍​ គឺ​អ្នកចូលរួម​បាន​ប្រាស្រ័យ​ទាក់ទង​យ៉ាង​សកម្ម​ជាមួយ​គ្នា​ និង​បង្ហាញ​ការ​ចង់​ដឹង​ចង់​ឃើញ​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានបទ​ទាំងនោះ​។​ លទ្ធផល​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​នូវ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ (MIL)​ និង​វិធីសាស្ត្រ​បែប​មានការ​ចូលរួម​ផ្ទាល់​ ដែល​ពួក​គេ​បាន​ស្ទាត់ជំនាញ​ពី​វគ្គ​បណ្តុះបណ្តាល​របស់​យើង​។​ ​លោក​ វុ​ឌ្ឍី​ បាន​ពិពណ៌នា​បទ​ពិសោធន៍​ពី​គម្រោង​ទាំងមូល​ថា​ «​មាន​ន័យ​សម្រាប់​គាត់​ និង​សហគមន៍​របស់​គាត់​។​»​ លោក​បាន​បន្ថែម​ថា​ លោក​នៅ​តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​បន្ត​ចែករំលែក​នូវ​អ្វី​ដែល​បាន​រៀន​ ព្រោះ​បញ្ហា​ព័ត៌មាន​ក្លែងបន្លំ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​សហគមន៍​របស់​លោក​។​ បុគ្គល​ស្នូល​ម្នាក់​ទៀត​ គឺ​លោកស្រី​ ប៉ុ​ល​ ស៊ី​ណ​ន​ ប្រធាន​មជ្ឈមណ្ឌល​រៀនសូត្រ​ពេញ​មួយ​ជីវិត​ប៉ា​លហាល​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​ចែករំលែក​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​ សូ​ម្បី​តែ​ក្រោយ​ពេល​គម្រោង​ត្រូវ​បាន​បញ្ចប់​ក៏​ដោយ​។​ តាម​រយៈ​ការ​បំពាក់បំប៉ន​ជំនាញ​ចាំបាច់​ និង​ការ​គាំទ្រ​ឱ្យ​ពួក​គេ​អាច​រៀបចំ​សិក្ខាសាលា​សហគមន៍​ទាំងនេះ​ គម្រោង​បាន​ជួយ​កសាង​ភាព​ធន់​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងបន្លំ​ ដែល​ជា​លទ្ធផល​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងបន្លំ​មក​លើ​សហគមន៍​ ពិសេស​គឺ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ការ​យល់​ដឹង​គ្រប់គ្រាន់​។​