កិច្ចសន្ទនាភាពជាដៃគូទិន្នន័យបើកទូលាយអាស៊ី និងសន្នីសិទទិន្នន័យបើកទូលាយឆ្នាំ ២០១៨
Asia Open Data Partnership គឺជាកម្មវិធីថ្នាក់តំបន់មួយត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ២០១៥ ជាមួយនឹងដៃគូចំនួន ៨ ដែលមកពីបណ្តាប្រទេសចំនួន ៦ នៅតំបន់អាស៊ី។ កិច្ចសន្ទនាភាពជាដៃគូទិន្នន័យបើកទូលាយឆ្នាំ ២០១៨ គឺជាកិច្ចសន្ទនាលើកទី៤ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងសេអ៊ូល ដោយទីភ្នាក់ងារព័ត៌មានជាតិសង្គម ដែលជាដៃគូនៅប្រទេសកូរ៉េ ដោយមាន ក្រសួងមហាផ្ទៃ និងសុវត្ថិភាពសាធារណៈរដ្ឋកូរ៉េទទួលជាម្ចាស់ផ្ទះនៃវេទិកានេះ។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ ដើម្បីបង្កើតវេទិកាដល់ដៃគូ AODP ទាំងអស់ អាចចែករំលែកនូវគុណតម្លៃសេដ្ឋកិច្ច និងសង្គមនៃទិន្នន័យបើកទូលាយ និងដើម្បីពង្រីកបន្ថែមភាពជាដៃគូសកល។ ប្រធានបទនៅក្នុងឆ្នាំនេះគឺ “បើកទូលាយទិន្នន័យ បើកទូលាយគំនិតច្នៃប្រឌិត”។
ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមដោយមានសុន្ទរកថាស្វាគមន៍ពីឯកឧត្តម អ៊ីលចែ គឹម អនុរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព និងបន្តមកទៀតដោយអ្នកស្រី ចូអែនណា ហ័ង លេខាធិការនៃ AODP ដែលបានធ្វើការលើកឡើងពីការប្រឈមសំខាន់នានា និងការអនុវត្តការងារកន្លងមក។ បើយោងតាមរបាយការណ៍ឆ្នាំ ២០១៨ របស់លេខាធិការ AODP ចំនួនដៃគូរបស់ខ្លួនបានកើនឡើង ១៦ ស្ថាប័ន ដែលមកពីបណ្តាប្រទេសចំនួន ១១ នៅតំបន់អាស៊ី រួមមាន តៃវ៉ាន់ កូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពិន មីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម ហើយយើងពិតជាមានក្តីរំភើបយ៉ាងខ្លាំងដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក៏ដូចជាសមាជិកបណ្តាញរបស់យើងរួមមាន Open Development Vietnam និង Open Development Mekong បានចូលរួមជាសមាជិកនៅក្នុងកិច្ចសន្ទនាភាពជាដៃគូថ្នាក់តំបន់នេះ។
ក្នុងអំឡុងនៃកម្មវិធីការធ្វើបទបង្ហាញពីស្ថាភាពទូទៅនៃទិន្នន័យបើកទូលាយ និងការអនុវត្តការងារនៃបណ្តាប្រទេសសមាជិក AODP ការធ្វើបទបង្ហាញត្រូវបានចាប់ផ្តើមឡើងដោយ ឯកឧត្តម ស៊ូជីន គឹម អនុរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ អំពី “យុទ្ធសាស្ត្រទិន្នន័យបើកទូលាយរបស់សាធារណរដ្ឋកូរ៉េខាងត្បូង” ដែលយុទ្ធសាស្ត្រនេះគ្របដណ្តប់ទាំងនៅលើគោលនយោបាយ និងយុទ្ធសាស្ត្រគំនិតច្នៃប្រឌិតទិន្នន័យបើកទូលាយ។ ការអនុវត្តដើម្បីជម្រុញ និងលើកកម្ពស់ការផ្តល់ និងការប្រើប្រាស់ទិន្នន័យសាធារណៈ ឬត្រូវបានហោះថា “ការអនុវត្តទិន្នន័យបើកទូលាយ” ត្រូវបានចុះនៅក្នុងខែកក្កដា ឆ្នាំ២០១៣ នឹងអនុម័តជាផ្លូវការនៅក្នុងខែតុលា។ គោលបំណងសំខាន់ៗនៃសកម្មភាពនេះ គឺដើម្បីធានាដល់សិទ្ធិពលរដ្ឋក្នុងការចូលទៅប្រើប្រាស់ទិន្នន័យសាធារណៈ តាមរយៈយុទ្ធសាស្ត្រទិន្នន័យបើកទូលាយ។ នៅក្នុងឆ្នាំដដែលនេះដែរ មជ្ឈមណ្ឌលទិន្នន័យបើកទូលាយ ឬ Open Data Portal (data.go.kr) របស់កូរ៉េ ត្រូវបានបង្កើត ក្រោមប្រតិបត្តិការដោយក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ មជ្ឈមណ្ឌលទិន្នន័យបើកទូលាយមួយនេះ គឺជាច្រកផ្តល់ព័ត៌មានតាមអនឡាយមួយ ដែលផ្តល់អោយសាធារណជនទូទៅអាចប្រើប្រាស់ទិន្នន័យបើកទូលាយ ដោយត្រូវបានអនុលោម និងត្រួតពិនិត្យដោយរដ្ឋាភិបាលកណ្តាល ស្ថាប័នសាលាក្រុង និងស្ថាប័នសាធារណៈផ្សេងៗទៀត។ អ្នកណាក៏ដោយក៏អាចចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យបើកទូលាយ និងប្រើប្រាស់ទិន្នន័យបើកទូលាយដែលបានផ្តល់ជូននោះ ដែលមានទម្រង់បែបផ្សេងៗពីគ្នាជាច្រើន ដូចជា ទម្រង់ឯកសារទិន្នន័យ ទម្រង់ API បើក ជាដើម។ ក្រសួងក៏ផ្តល់ការគាំទ្រផងដែរ ដល់ក្រុមអ្នកចាប់ផ្តើមអាជីវកម្ម តាមរយៈការផ្តល់ជាជំនួយការវិជ្ជាជីវៈ ដល់សហគ្រិន ដោយផ្តោតលើសេវាអភិវឌ្ឍន៍អាជីវកម្មទើបចាប់ផ្តើមដែលមានលក្ខណៈពេញលេញ រាប់ចាប់តាំងពី (១) ការចាប់ផ្តើមជាគំនិត សេវា និងផលិតផល (២) ការិយាល័យសម្រាប់សហគ្រិន ទីកន្លែងបើកទូលាយសម្រាប់ធ្វើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍គំនិត និងសាកល្បងសេវា និង (៣) ការអប់រំ ការប្រឹក្សាយោបល់ និងការវិនិយោគ។
នៅក្នុងវគ្គនេះដែរ លោក ធី ទ្រី នាយកប្រតិបត្តិ និងជានាយកនិពន្ធនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើបទបង្ហាញមួយស្តីពី “ទិន្នន័យបើកទូលាយដើម្បីជម្រុញឱកាសអាជីរកម្មនៅក្នុងប្រទេសកម្ពុជា” ដោយលោកបានចាប់ផ្តើមជាមួយនឹងការពណ៌នាសង្ខេបអំពីការចូលរួមចំណែកចលនាទិន្នន័យបើកទូលាយរបស់គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍ (ODI) នៅក្នុងតំបន់មេគង្គ រួមទាំងការលើកឡើងពីរបៀបដែលអូឌីស៊ីផ្សារភ្ជាប់ការប្រើប្រាស់ទិន្នន័យបើកទូលាយក្នុងគម្រោងរបស់ខ្លួនជាមួយនឹងភាគីពាក់ព័ន្ធ វិស័យឯកជន និងសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា។ បញ្ហាប្រឈមដ៏ធំបំផុតរបស់អូឌីស៊ី នៅពេលដែលគម្រោងទិន្នន័យបើកទូលាយ ត្រូវបានផ្តួចផ្តើមជាដំបូងនៅក្នុងឆ្នាំ ២០០៨ នោះគឺ ចំនេះដឹងស្តីពីស្តង់ដារទិន្នន័យបើកទូលាយនៅមានកម្រិត ជាពិសេសស្តង់ដារនៃការបង្កើតព័ត៌មានអំពីទិន្នន័យ (metadata) និងគំរូដើម្បីបង្ហាញទិន្នន័យដល់អ្នកប្រើប្រាស់។ យ៉ាងណាមិញ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំនៃការប្តេជ្ញាចិត្ត និងការព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើង ឥឡូវនេះអូឌីស៊ី រួមទាំងសមាជិកដទៃទៀតនៃគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយ បានក្លាយជាទៅជាប្រព័ន្ធបណ្តាញគេហទំព័រទិន្នន័យបើកទូលាយដំបូងគេបង្អស់ ដែលកំពុងធ្វើការលើប្រធានបទធំៗ ចំនួន ១៧ ដោយផ្តល់ទិន្នន័យទាក់ទងនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងតំបន់មេគង្គ។
លោកបានបន្ថែមទៀតថា វិស័យឯកជនបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា កំពុងតែមានការចាប់អារម្មណ៍កាន់តែច្រើនឡើងទៅលើការប្រើប្រាស់ទិន្នន័យ និងព័ត៌មាន ក្នុងកិច្ចការស្រាវជ្រាវ និងវិភាគ ដើម្បីជម្រុញផែនការអាជីវកម្មរបស់ពួកគេ។ ជំនួសឱ្យការចំនាយពេលវេលាជាច្រើនក្នុងការស្វែងរកទិន្នន័យ និងព័ត៌មានពីប្រភពខុសៗគ្នាជាច្រើន ទិន្នន័យបើកទូលាយដែលបានផ្តល់ជូននៅលើគេហទំព័រអូឌីស៊ី បានដើរតួយ៉ាងសំខាន់មួយ ដើម្បីជួយដល់ការស្រាវជ្រាវវិភាគរបស់ពួកគេ តាមរយៈសំណុំទិន្នន័យ ក្រាបព័ត៌មាន និងផែនទីអន្តរកម្មនានា ដែលអូឌីស៊ីបានធ្វើការប្រមែលប្រមូលពីប្រភពដែលអាចប្រើប្រាស់ជាសាធារណៈ ដោយផ្អែកលើបរិបទនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅក្នុងតំបន់មេគង្គ។
ដោយយោងតាមកំណើននៃការដកស្រង់របស់អ្នកប្រើប្រាស់ទិន្នន័យនៅលើគេហទំព័រអូឌីស៊ី ក៏ដូចជានៅតាមប្រព័ន្ធផ្សព្វផ្សាយ និងឯកសារបោះពុម្ពកិច្ចការស្រាវជ្រាវនានា អូឌីស៊ីអាចត្រូវបានរាប់បានថា ជាមជ្ឈមណ្ឌលទិន្នន័យកណ្តាលមួយ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សង្គមស៊ីវិល អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន វិនិយោគិន និងអ្នករៀបចំគោលនយោបាយ បានចូលមកប្រើប្រាស់ដោយគ្មានការរឹតត្បឹត។ ចំពោះតួលេខនៃស្ថិតិចរាចរណ៍ប្រចាំខែនៅលើគេហំទព័រវិញ អូឌីស៊ីទទួលបានអ្នកចូលទស្សនាជាមធ្យមចំនួន ៥៥.០០០ នាក់ ហើយ ៤៥ ភាគរយនៃពួកគេ គឺអ្នកដែលតែងតែនិយមមកប្រើប្រាស់គេហទំព័រម្តងហើយម្តងទៀត។ លោកក៏បានធ្វើការលើកឡើងពីសមិទ្ធិផលផ្សេងៗទៀតរបស់អូឌីស៊ីដែលសម្រេចបាន ក្នុងការជួយលើកកម្ពស់វិស័យ ICT និងការយកចិត្តអំពីទិន្នន័យបើកទូលាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ដោយរួមមាន ការប្រារព្ធទិវាទិន្នន័យបើកទូលាយជារៀងរាល់ឆ្នាំ ការទទួលបានពានរង្វាន់ ICT កម្ពុជាឆ្នាំ ២០១៨ និងការរៀបចំកម្មវិធីមេគង្គអាយស៊ីធីខែមឆ្នាំ ២០១៧។
មុនពេលបញ្ចប់ការធ្វើបទបង្ហាញ លោក ទ្រី ក៏បានបង្ហាញទស្សនវិស័យយ៉ាងវិជ្ជមានរបស់លោកចំពោះកិច្ចសហការការងារជាមួយនឹងគ្រប់សមាជិកដៃគូ AODP ទាំងអស់ ដើម្បីពង្រីកបណ្តាញទិន្នន័យបើកទូលាយពីក្នុងតំបន់មេគង្គ ដើម្បីឈានដល់កម្រិតអាស៊ី ហើយលោកក៏សង្ឃឹមដែរថា កិច្ចសន្ទនានៅឆ្នាំនេះ នឹងនាំមកនូវឱកាសដ៏ល្អមួយអនុញ្ញាតឱ្យដៃគូ AODP ទាំងអស់បានរៀនសូត្រ និងចែករំលែកអំពីការប្រឈម និងបទពិសោធន៍នានារវាងគ្នានឹងគ្នា ដើម្បីចូលរួមលើកកម្ពស់ទិន្នន័យបើកទូលាយនៅក្នុងតំបន់អាស៊ី។
សម្រាប់កិច្ចសន្ទនាភាពជាដៃគូទិន្នន័យបើកទូលាយអាស៊ី និងសន្នីសិទទិន្នន័យបើកទូលាយបន្ទាប់ នឹងធ្វើការប្រព្រឹត្តទៅនៅដើមខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ សន្នីសិទនេះ នឹងត្រូវបានវៀបចំដោយ សាកលវិទ្យាល័យតូក្យូ សហការជាមួយនឹងដៃគូជាច្រើនទៀតរួមទាំងក្រសួងមហាផ្ទៃ និងទំនាក់ទំនងរបស់ប្រទេសជប៉ុន។
សម្រាប់ផែនការឆ្នាំក្រោយ ការប្រកួតប្រជែង Asia Open Data Hackathon លើកទី៥ នឹងធ្វើការស្វាគមន៍រាល់ការសហការទាំងអស់ ក្នុងការអញ្ជើញសហគ្រាសដើម្បីកំនត់ប្រធានបទមួយ និងក្រុម ដើម្បីបង្កើតកម្មវិធីព័ត៌មានវិទ្យាមួយដែលអាចប្រើប្រាស់បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តេង។ នៅក្នុងការប្រកួតនោះមានការបែងចែកជាពីរប្រភេទ ប្រភេទចំនាត់ថ្នាក់ជាសហគ្រាស និងប្រភេទជាក្រុម។ សម្រាប់ប្រភេទជាសហគ្រាស ឬក្រុមហ៊ុន សហគ្រាសដែលត្រូវបានអញ្ជើញអោយចូលរួមប្រកួតនោះត្រូវតែកំណត់ប្រធានបទមួយ ហើយត្រូវប្រគល់ APIs របស់ខ្លួន ឬប្រើប្រាស់ APIs ដែលបានផ្តល់ឱ្យ ជាមួយនឹងទិន្នន័យបើកទូលាយ។ នឹងមានអ្នកដាក់ពិន្ទុចំនួន បី មកពីសហគ្រាស ឬក្រុមហ៊ុននីមួយ ហើយពួកគេនឹងធ្វើការដាក់ពិន្ទុតាមប្រព័ន្ធអនឡាញ។ ក្រុមដែលត្រូវបានជ្រើសរើស នឹងទទួលបានប្រាក់រង្វាន់ បន្ថែមជាមួយនឹងសំបុត្រយន្តហោះទៅមក ដើម្បីចូលរួមវេទិកា AODP ២០១៩ នៅប្រទេសជប៉ុន រួមទាំងអនុស្សរណយោគយល់គ្នា ឱកាសការងារ ឬហាត់ការផងដែរ។ សម្រាប់ការប្រកួតជាក្រុម ក្រុមនីមួយៗអាចជ្រើសរើសប្រធានបទមួយ ហើយបង្កើតកម្មវិធិព័ត៌មានវិទ្យាមួយដែលអាចប្រើប្រាស់បាន។ នឹងមានអ្នកវាយតម្លៃចំនួន បី ដែលមកពីប្រទេសនីមួយៗនៃក្រុមចូលរួមប្រកួត ហើយពួកគេនឹងធ្វើការដាក់ពិន្ទុតាមប្រព័ន្ធអនឡាញ។ រង្វាន់សម្រាប់ក្រុមដែលត្រូវបានជ្រើសរើសនោះ គឺប្រាក់ចំនួន ១,៨០០ ដុល្លារអាមេរិក បន្ថែមសំបុត្រយន្តហោះទៅមក ដើម្បីចូលរួមវេទិកា AODP ២០១៩ នៅប្រទេសជប៉ុន។
វាពិតជាវេទិកាដ៏អស្ចារ្យមួយសម្រាប់សមាជិក AODP ទាំងអស់ ធ្វើការពិភាក្សា ស្តីពីការចែករំលែកមេរៀន និងបទពិសោធន៍ទទួលបានពីការងាររបស់ពួកគេនៅក្នុងប្រទេសរៀងៗខ្លួន ដើម្បីលើកតម្កើងគុណភាពជីវិតរបស់សង្គមតាមរយៈទិន្នន័យបើកទូលាយនៅក្នុងតំបន់អាស៊ី។ អូឌីស៊ីសង្ឃឹមថា នឹងបានជួបអ្នកទាំងអស់គ្នាម្តងទៀតនៅទីក្រុងតូក្យូ!