កិច្ច​សន្ទនា​ភាព​​ជា​​ដៃ​គូ​ទិន្នន័យ​បើក​ទូលាយ​អាស៊ី​ និង​ស​ន្នី​សិ​ទ​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០១៨

Asia​ Open​ Data​ Partnership​ គឺជា​កម្មវិធី​ថ្នាក់​តំបន់​មួយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​ ២០១៥​ ជាមួយនឹង​ដៃគូ​ចំនួន​ ៨​ ដែល​មក​ពី​បណ្តា​ប្រទេស​ចំនួន​ ៦​ នៅ​តំបន់​អាស៊ី​។​ កិច្ច​សន្ទនា​ភាព​ជា​ដៃគូ​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០១៨​ គឺជា​កិច្ច​សន្ទនា​លើក​ទី​៤​ ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​សង្គម​ ដែល​ជា​ដៃគូ​នៅ​ប្រទេស​កូរ៉េ​ ដោយ​មាន​ ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​សាធារណៈរដ្ឋ​កូរ៉េ​ទទួល​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​នេះ​។​ ​គោលបំណង​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ ដើម្បី​បង្កើត​វេទិកា​ដល់​ដៃគូ​ AODP​ ទាំងអស់​ អាច​ចែករំលែក​នូវ​គុណ​តម្លៃ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​ដើម្បី​ពង្រីក​បន្ថែម​ភាព​ជា​ដៃគូ​សកល​។​ ប្រធានបទ​នៅ​ក្នុងឆ្នាំនេះ​គឺ​ “​បើក​ទូលាយ​ទិន្នន័យ​ បើក​ទូលាយ​គំនិត​ច្នៃប្រឌិត​”​។​

​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​មាន​សុន្ទរកថា​ស្វាគមន៍​ពី​ឯកឧត្តម​ អ៊ី​ល​ចែ​ គឹ​ម​ អនុរដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​ និង​បន្ត​មក​ទៀត​ដោយ​អ្នកស្រី​ ចូ​អែន​ណា​ ហ័​ង​ លេខាធិការ​នៃ​ AODP​ ដែល​បាន​ធ្វើការ​លើក​ឡើង​ពី​ការ​ប្រឈម​សំខាន់​នានា​ និង​ការ​អនុវត្ត​ការងារ​កន្លង​មក​។​ បើ​យោង​តាម​របាយការណ៍​ឆ្នាំ​ ២០១៨​ របស់​លេខាធិការ​ AODP​ ចំនួន​ដៃគូ​របស់​ខ្លួន​បាន​កើនឡើង​ ១៦​ ស្ថាប័ន​ ដែល​មក​ពី​បណ្តា​ប្រទេស​ចំនួន​ ១១​ នៅ​តំបន់​អាស៊ី​ រួម​មាន​ តៃវ៉ាន់​ កូរ៉េ​ ជប៉ុន​ ថៃ​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ឥណ្ឌា​ ហ្វី​លី​ពិន​ មី​យ៉ា​ន់​ម៉ា​ កម្ពុជា​ និង​វៀតណាម​ ហើយ​យើង​ពិតជា​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក៏​ដូច​ជា​សមាជិក​បណ្តាញ​របស់​យើង​រួម​មាន​ Open​ Development​ Vietnam​ និង​ Open​ Development​ Mekong​ បាន​ចូលរួម​ជា​សមាជិក​នៅ​ក្នុង​កិច្ច​សន្ទនា​ភាព​ជា​ដៃគូ​ថ្នាក់​តំបន់​នេះ​។​

​ក្នុង​អំឡុង​នៃ​កម្មវិធី​ការ​ធ្វើ​បទ​បង្ហាញ​ពី​ស្ថា​ភាព​ទូទៅ​នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​អនុវត្ត​ការងារ​នៃ​បណ្តា​ប្រទេស​សមាជិក​ AODP​ ការ​ធ្វើ​បទ​បង្ហាញ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ដោយ​ ឯកឧត្តម​ ស៊ូ​ជី​ន​ គឹ​ម​ អនុរដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​កូរ៉េ​ អំពី​ “​យុទ្ធសាស្ត្រ​ទិន្នន័យ​បើក​ទូលាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​”​ ដែល​យុទ្ធសាស្ត្រ​នេះ​គ្របដណ្តប់​ទាំង​នៅ​លើ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​គំនិត​ច្នៃប្រឌិត​ទិន្នន័យ​បើក​ទូលាយ​។​ ការ​អនុវត្ត​ដើម្បី​ជម្រុញ​ និង​លើកកម្ពស់​ការ​ផ្តល់​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​សាធារណៈ​ ឬ​ត្រូវ​បាន​ហោះ​ថា​ “​ការ​អនុវត្ត​ទិន្នន័យ​បើក​ទូលាយ​”​ ត្រូវ​បាន​ចុះ​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​២០១៣​ នឹង​អនុម័ត​ជា​ផ្លូវការ​នៅ​ក្នុង​ខែតុលា​។​ គោលបំណង​សំខាន់ៗ​នៃ​សកម្មភាព​នេះ​ គឺ​ដើម្បី​ធានា​ដល់​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូល​ទៅ​ប្រើប្រាស់​ទិន្នន័យ​សាធារណៈ​ តាម​រយៈ​យុទ្ធសាស្ត្រ​ទិន្នន័យ​បើក​ទូលាយ​។​ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​ មជ្ឈមណ្ឌល​ទិន្នន័យ​បើក​ទូលាយ​ ឬ​ Open​ Data​ Portal​ (data.go.kr)​ របស់​កូរ៉េ​ ត្រូវ​បាន​បង្កើត​ ក្រោម​ប្រតិបត្តិការ​ដោយ​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​។​ មជ្ឈមណ្ឌល​ទិន្នន័យ​បើក​ទូលាយ​មួយ​នេះ​ គឺជា​ច្រក​ផ្តល់​ព័ត៌មាន​តាម​អន​ឡាយ​មួយ​ ដែល​ផ្តល់​អោយ​សាធារណជន​ទូទៅ​អាច​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដោយ​ត្រូវ​បាន​អនុលោម​ និង​ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល​កណ្តាល​ ស្ថាប័ន​សាលាក្រុង​ និង​ស្ថាប័ន​សាធារណៈ​ផ្សេងៗ​ទៀត​។​ អ្នក​ណា​ក៏​ដោយ​ក៏​អាច​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​បើក​ទូលាយ​ និង​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ដែល​បាន​ផ្តល់​ជូន​នោះ​ ដែល​មាន​ទម្រង់​បែប​ផ្សេងៗ​ពី​គ្នា​ជា​ច្រើន​ ដូច​ជា​ ទម្រង់​ឯកសារ​ទិន្នន័យ​ ទម្រង់​ API​ បើក​ ជាដើម​។​ ក្រសួង​ក៏​ផ្តល់​ការ​គាំទ្រ​ផង​ដែរ​ ដល់​ក្រុម​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ តាម​រយៈ​ការ​ផ្តល់​ជា​ជំនួយការ​វិជ្ជាជីវៈ​ ដល់​សហគ្រិន​ ដោយ​ផ្តោត​លើ​សេវា​អភិវឌ្ឍន៍​អាជីវកម្ម​ទើប​ចាប់ផ្តើម​ដែល​មាន​លក្ខណៈ​ពេញលេញ​ រាប់​ចាប់តាំងពី​ (១)​ ការ​ចាប់ផ្តើម​ជា​គំនិត​ សេវា​ និង​ផលិតផល​ (២)​ ការិយាល័យ​សម្រាប់​សហគ្រិន​ ទីកន្លែង​បើក​ទូលាយ​សម្រាប់​ធ្វើការ​ផ្លាស់​ប្តូរ​ និង​អភិវឌ្ឍន៍​គំនិត​ និង​សាកល្បង​សេវា​ និង​ (៣)​ ការ​អប់រំ​ ការ​ប្រឹក្សា​យោបល់​ និង​ការ​វិនិយោគ​។​

​នៅ​ក្នុង​វគ្គ​នេះ​ដែរ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​ និង​ជានា​យក​និពន្ធ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ស្តី​ពី​ “​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ជម្រុញ​ឱកាស​អា​ជីរ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​ ដោយ​លោក​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ពណ៌នា​សង្ខេប​អំពី​ការ​ចូលរួម​ចំណែក​ចលនា​ទិន្នន័យ​បើក​ទូលាយ​របស់​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​ នៅ​ក្នុង​តំបន់​មេគង្គ​ រួម​ទាំង​ការ​លើក​ឡើង​ពី​របៀប​ដែល​អូ​ឌី​ស៊ី​ផ្សារ​ភ្ជាប់​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ក្នុង​គម្រោង​របស់​ខ្លួន​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ វិស័យ​ឯកជន​ និង​សង្គម​ស៊ី​វិល​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​អូ​ឌី​ស៊ី​ នៅ​ពេល​ដែល​គម្រោង​ទិន្នន័យ​បើក​ទូលាយ​ ត្រូវ​បាន​ផ្តួចផ្តើម​ជាដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៨​ នោះ​គឺ​ ចំនេះដឹង​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​បើក​ទូលាយ​នៅ​មាន​កម្រិត​ ជា​ពិសេស​ស្តង់ដារ​នៃ​ការ​បង្កើត​ព័ត៌មាន​អំពី​ទិន្នន័យ​ (metadata)​ និង​គំរូ​ដើម្បី​បង្ហាញ​ទិន្នន័យ​ដល់​អ្នក​ប្រើប្រាស់​។​ យ៉ាងណាមិញ​ ឆ្លងកាត់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ព្យាយាម​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ឥឡូវនេះ​អូ​ឌី​ស៊ី​ រួម​ទាំង​សមាជិក​ដទៃ​ទៀត​នៃ​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ បាន​ក្លាយជា​ទៅ​ជា​ប្រព័ន្ធ​បណ្តាញ​គេហទំព័រ​ទិន្នន័យ​បើក​ទូលាយ​ដំបូង​គេ​បង្អស់​ ដែល​កំពុងធ្វើការ​លើ​ប្រធានបទ​ធំៗ​ ចំនួន​ ១៧​ ដោយ​ផ្តល់​ទិន្នន័យ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​តំបន់​មេគង្គ​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ វិស័យ​ឯកជន​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​មានការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ទៅ​លើ​ការ​ប្រើប្រាស់​ទិន្នន័យ​ និង​ព័ត៌មាន​ ក្នុង​កិច្ចការ​ស្រាវជ្រាវ​ និង​វិភាគ​ ដើម្បី​ជម្រុញ​ផែនការអាជីវកម្ម​របស់​ពួក​គេ​។​ ជំនួស​ឱ្យ​ការ​ចំនាយ​ពេលវេលា​ជា​ច្រើន​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​ និង​ព័ត៌មាន​ពី​ប្រភព​ខុសៗ​គ្នា​ជា​ច្រើន​ ទិន្នន័យ​បើក​ទូលាយ​ដែល​បាន​ផ្តល់​ជូន​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ បាន​ដើរតួ​យ៉ាង​សំខាន់​មួយ​ ដើម្បី​ជួយ​ដល់​ការ​ស្រាវជ្រាវ​វិភាគ​របស់​ពួក​គេ​ តាម​រយៈ​សំណុំ​ទិន្នន័យ​ ក្រាប​ព័ត៌មាន​ និង​ផែនទី​អន្តរ​កម្ម​នានា​ ដែល​អូ​ឌី​ស៊ី​បាន​ធ្វើការ​ប្រមែ​ល​ប្រមូល​ពី​ប្រភព​ដែល​អាច​ប្រើប្រាស់​ជា​សាធារណៈ​ ដោយ​ផ្អែក​លើ​បរិបទ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ នៅ​ក្នុង​តំបន់​មេគង្គ​។​

​ដោយ​យោង​តាម​កំណើន​នៃ​ការ​ដកស្រង់​របស់​អ្នក​ប្រើប្រាស់​ទិន្នន័យ​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ក៏​ដូច​ជា​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ឯកសារ​បោះពុម្ព​កិច្ចការ​ស្រាវជ្រាវ​នានា​ អូ​ឌី​ស៊ី​អាច​ត្រូវ​បាន​រាប់​បាន​ថា​ ជា​មជ្ឈមណ្ឌល​ទិន្នន័យ​កណ្តាល​មួយ​ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ សង្គម​ស៊ី​វិល​ អ្នក​ស្រាវជ្រាវ​ អ្នក​សារព័ត៌មាន​ វិនិយោគិន​ និង​អ្នក​រៀបចំ​គោលនយោបាយ​ បាន​ចូល​មក​ប្រើប្រាស់​ដោយ​គ្មាន​ការ​រឹត​ត្បឹ​ត​។​ ចំពោះ​តួលេខ​នៃ​ស្ថិតិ​ចរាចរណ៍​ប្រចាំខែ​នៅ​លើ​គេ​ហំ​ទ​ព័រ​វិញ​ អូ​ឌី​ស៊ី​ទទួល​បាន​អ្នក​ចូល​ទស្សនា​ជា​មធ្យម​ចំនួន​ ៥៥.០០០​ នាក់​ ហើយ​ ៤៥​ ភាគរយ​នៃ​ពួក​គេ​ គឺ​អ្នក​ដែល​តែងតែ​និយម​មក​ប្រើប្រាស់​គេហទំព័រ​ម្តង​ហើយ​ម្តងទៀត​។​ ​លោក​ក៏​បាន​ធ្វើការ​លើក​ឡើង​ពី​សមិទ្ធិ​ផល​ផ្សេងៗ​ទៀត​របស់​អូ​ឌី​ស៊ី​ដែល​សម្រេច​បាន​ ក្នុង​ការ​ជួយ​លើកកម្ពស់​វិស័យ​ ICT​ និង​ការ​យកចិត្ត​អំពី​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ ដោយ​រួម​មាន​ ការ​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ជា​រៀង​រាល់​ឆ្នាំ​ ការ​ទទួល​បាន​ពានរង្វាន់​ ICT​ កម្ពុជា​ឆ្នាំ​ ២០១៨​ និង​ការ​រៀបចំ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៧​។​

​មុន​ពេល​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​ លោក​ ទ្រី​ ក៏​បាន​បង្ហាញ​ទស្សនវិស័យ​យ៉ាង​វិជ្ជមាន​របស់​លោក​ចំពោះ​កិច្ចសហការ​ការងារ​ជាមួយនឹង​គ្រប់​សមាជិក​ដៃគូ​ AODP​ ទាំងអស់​ ដើម្បី​ពង្រីក​បណ្តាញ​ទិន្នន័យ​បើក​ទូលាយ​ពី​ក្នុង​តំបន់​មេគង្គ​ ដើម្បី​ឈាន​ដល់​កម្រិត​អាស៊ី​ ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា​ កិច្ច​សន្ទនា​នៅ​ឆ្នាំ​នេះ​ នឹង​នាំ​មក​នូវ​ឱកាស​ដ៏​ល្អ​មួយ​អនុញ្ញាត​ឱ្យ​ដៃគូ​ AODP​ ទាំងអស់​បាន​រៀនសូត្រ​ និង​ចែករំលែក​អំពី​ការ​ប្រឈម​ និង​បទ​ពិសោធន៍​នានា​រវាង​គ្នា​នឹង​គ្នា​ ដើម្បី​ចូលរួម​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​តំបន់​អាស៊ី​។​

​សម្រាប់​កិច្ច​សន្ទនា​ភាព​ជា​ដៃគូ​ទិន្នន័យ​បើក​ទូលាយ​អាស៊ី​ និង​ស​ន្នី​សិ​ទ​ទិន្នន័យ​បើក​ទូលាយ​បន្ទាប់​ នឹង​ធ្វើការ​ប្រព្រឹត្ត​ទៅ​នៅ​ដើមខែ​តុលា​ ឆ្នាំ​២០១៩​ ក្នុង​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​។​ ស​ន្នី​សិ​ទ​នេះ​ នឹង​ត្រូវ​បាន​វៀប​ចំ​ដោយ​ សាកលវិទ្យាល័យ​តូ​ក្យូ​ សហការ​ជាមួយនឹង​ដៃគូ​ជា​ច្រើន​ទៀត​រួម​ទាំង​ក្រសួងមហាផ្ទៃ​ និង​ទំនាក់ទំនង​របស់​ប្រទេស​ជប៉ុន​។​

សម្រាប់​ផែនការ​ឆ្នាំ​ក្រោយ​ ការ​ប្រកួតប្រជែង​ Asia​ Open​ Data​ Hackathon​ លើក​ទី​៥​ នឹង​ធ្វើការ​ស្វាគមន៍​រាល់​ការ​សហការ​ទាំងអស់​ ក្នុង​ការ​អញ្ជើញ​សហគ្រាស​ដើម្បី​កំនត់​ប្រធានបទ​មួយ​ និង​ក្រុម​ ដើម្បី​បង្កើត​កម្មវិធី​ព័ត៌មានវិទ្យា​មួយ​ដែល​អាច​ប្រើប្រាស់​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់​ស្តេ​ង​។​ នៅ​ក្នុង​ការ​ប្រកួត​នោះ​មានការ​បែងចែក​ជា​ពីរ​ប្រភេទ​ ប្រភេទ​ចំនាត់ថ្នាក់​ជា​សហគ្រាស​ និង​ប្រភេទ​ជា​ក្រុម​។​ សម្រាប់​ប្រភេទ​ជា​សហគ្រាស​ ឬ​ក្រុមហ៊ុន​ សហគ្រាស​ដែល​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​ប្រកួត​នោះ​ត្រូវ​តែ​កំណត់​ប្រធានបទ​មួយ​ ហើយ​ត្រូវ​ប្រគល់​ APIs​ របស់​ខ្លួន​ ឬ​ប្រើប្រាស់​ APIs​ ដែល​បាន​ផ្តល់​ឱ្យ​ ជាមួយនឹង​ទិន្នន័យ​បើក​ទូលាយ​។​ នឹង​មាន​អ្នក​ដាក់​ពិន្ទុ​ចំនួន​ បី​ មក​ពី​សហគ្រាស​ ឬ​ក្រុមហ៊ុន​នីមួយ​ ហើយ​ពួក​គេ​នឹង​ធ្វើការ​ដាក់​ពិន្ទុ​តាម​ប្រព័ន្ធ​អន​ឡាញ​។​ ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ បន្ថែម​ជាមួយនឹង​សំបុត្រ​យន្តហោះ​ទៅ​មក​ ដើម្បី​ចូលរួម​វេទិកា​ AODP​ ២០១៩​ នៅ​ប្រទេស​ជប៉ុន​ រួម​ទាំង​អនុស្សរណ​យោគយល់​គ្នា​ ឱកាស​ការងារ​ ឬ​ហាត់​ការ​ផង​ដែរ​។​ សម្រាប់​ការ​ប្រកួត​ជា​ក្រុម​ ក្រុម​នីមួយៗ​អាច​ជ្រើសរើស​ប្រធានបទ​មួយ​ ហើយ​បង្កើត​កម្ម​វិធិ​ព័ត៌មានវិទ្យា​មួយ​ដែល​អាច​ប្រើប្រាស់​បាន​។​ នឹង​មាន​អ្នក​វាយតម្លៃ​ចំនួន​ បី​ ដែល​មក​ពី​ប្រទេស​នីមួយៗ​នៃ​ក្រុម​ចូលរួម​ប្រកួត​ ហើយ​ពួក​គេ​នឹង​ធ្វើការ​ដាក់​ពិន្ទុ​តាម​ប្រព័ន្ធ​អន​ឡាញ​។​ រង្វាន់​សម្រាប់​ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​នោះ​ គឺ​ប្រាក់​ចំនួន​ ១,៨០០​ ដុល្លារ​អា​មេ​រិ​ក​ បន្ថែម​សំបុត្រ​យន្តហោះ​ទៅ​មក​ ដើម្បី​ចូលរួម​វេទិកា​ AODP​ ២០១៩​ នៅ​ប្រទេស​ជប៉ុន​។​

​វា​ពិតជា​វេទិកា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សមាជិក​ AODP​ ទាំងអស់​ ធ្វើការ​ពិភាក្សា​ ស្តី​ពី​ការ​ចែករំលែក​មេរៀន​ និង​បទ​ពិសោធន៍​ទទួល​បាន​ពី​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​ ដើម្បី​លើកតម្កើង​គុណភាព​ជីវិត​របស់​សង្គម​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​តំបន់​អាស៊ី​។​ អូ​ឌី​ស៊ី​សង្ឃឹមថា​ នឹង​បាន​ជួប​អ្នក​ទាំងអស់​គ្នា​ម្តងទៀត​នៅ​ទីក្រុង​តូ​ក្យូ​!​