មេគង្គអាយ​ស៊ី​ធី​​ខែមឆ្នាំ​២០១៧

ក្រុមការងារគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយអំពីការអភិវឌ្ឍបានចូលរួមមេគង្គអាយស៊ីធីខែម ឆ្នាំ២០១៥។

​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ គឺជា​សិក្ខាសាលា​អនុ​តំបន់​ដែល​ប្រព្រឹត្ត​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្តង​ ស្តី​ពី​ការ​ច្នៃប្រឌិត​ ភាព​ជា​ពលរដ្ឋ​ និង​បច្ចេកវិទ្យា​។​ សកម្មភាព​បន្តបន្ទាប់​គ្នា​នានា​នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នៃ​ការ​ជួបជុំ​នេះ​ នឹង​នាំ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​តំបន់​រៀនសូត្រ​ជាមួយ​គ្នា​ពី​លទ្ធភាព​នៅ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ផ្សេងៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ និង​បញ្ហា​ដែល​ឆ្លង​ព្រំដែន​។​

សិក្ខាសាលា​ចំនួន​បួន​ (​នៅ​ឆ្នាំ​២០០៨​ ២០១០​ ២០១៣​ និង​២០១៥)​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ជោគជ័យ​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​បី​គឺ​ ការ​អនុវត្ត​ការ​ច្នៃប្រឌិត​ ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ក្នុង​អភិបាលកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​។​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ប្រកបដោយ​មោទនភាព​ នៅ​ខេត្តសៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រ​ឡែក​ទៅ​មើល​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៣​ នៅ​ឆ្នាំ​២០១៣​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ “​ទិន្នន័យ​បើកទូលាយ​ ការ​អភិវឌ្ឍ​សង្គម​ និង​ការ​អនុវត្ត​ការ​យល់​ដឹង​”​ នៅ​ក្នុង​ប្រទេស​ថៃ​។​ បន្ថែម​ពី​នេះ​ នៅ​ក្នុង​ឆ្នាំ​២០១៥​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​បាន​ចូលរួម​សិក្ខាសាលា​ម្តងទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​នាម​ជា​អ្នកសម្របសម្រួល​ និង​វាគ្មិន​នៅ​ក្នុង​កម្មវិធី​។​ ដោយឡែក​នៅ​ក្នុងឆ្នាំនេះ​ អង្គការ​អូ​ឌី​ស៊ី​មាន​កិត្តិយស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សិក្ខាសាលា​ ដែល​មាន​តួនាទី​ជា​គណៈកម្មការ​ប្រឹក្សា​យោបល់​ និង​វាគ្មិន​ក្នុង​កម្មវិធី​ អ្នក​រៀបចំ​កម្មវិធី​សិក្សា​ និង​អ្នកគាំទ្រ​ការ​រៀបចំ​ភស្តុ​ភារ​។

ODC's Project Manager Terry Parnell at Mekong ICT Camp_Thailand

Terry Parnell ប្រធានគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយអំពីការអភិវឌ្ឍ ចូលរួមក្នុងមេគង្គអាយស៊ីធីខែម ឆ្នាំ២០១៣ នៅប្រទេសថៃ។

លោក ធី ទ្រី នាយកប្រតិបត្តិរបស់អង្គការអូឌីស៊ី មានទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមកម្មវិធីមេគង្គអាយស៊ីធីឆ្នាំ២០១៥ ជាមួយអ្នកចូលរួមដទៃទៀត។

សិក្ខាសាលា​នៅ​ឆ្នាំ​នេះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​បណ្តា​ប្រទេស​ទន្លេមេគង្គ​ ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ទិន្នន័យ​ និង​បច្ចេកវិទ្យា​ទាក់ទង​នឹង​បញ្ហា​ដូច​ជា​:

  • ​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​របស់​គម្រោង​អភិវឌ្ឍន៍​នានា​ដូច​ជា​ ទំនប់​​ រ៉ែ​ ប្រេង​និង​ឧស្ម័ន​ ការ​សាងសង់​ផ្លូវ​ ឬ​សម្បទាន​ដី
  • ​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ និង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​
  • ​សុខភាព​ ការ​អប់រំ​​ សិទ្ធិ​មនុស្ស​ និង​បញ្ហា​ផ្សេងៗ​ទៀត​

សិក្ខាសាលានេះ​ត្រូវ​បាន​បើក​សម្រាប់​ស្ថាបនិក​ អ្នកសារព័ត៌មាន​​ បុគ្គលិក​ផ្នែក​អភិវឌ្ឍន៍​ និង​បុគ្គលិក​សង្គម​មក​ពី​គ្រប់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ រួម​មាន​ មី​យ៉ា​ន់​ម៉ា​ កម្ពុជា​ ឡាវ​ ថៃ​ វៀតណាម​ ខេត្ត​យូ​ណា​ន​នៃ​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេងៗ​ទៀត​។​ អ្នកចូលរួម​ប្រហែល​ ៦០​ នាក់​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​​

ការ​បើក​ទទួល​ពាក្យសុំ​ចូលរួម​សម្រាប់​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ត្រូវ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៧​ ហើយ​បាន​បិទ​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៧​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ មានការ​បើក​​ទទួល​ពាក្យសុំ​ចូលរួម​ជា​ថ្មី​ម្តងទៀត​សំរាប់​ ប្រទេស​កម្ពុជា​ វៀតណាម​ និង​ថៃ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៧​។​ ការ​ប្រកាស​លទ្ធផល​ជុំ​ទី​១​សំរាប់​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ គឺ​នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ខណៈ​ពេល​ដែល​ការ​ប្រកាស​លទ្ធផល​ជុំ​ទី​២​ គឺ​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​។​​

​សិក្ខាសាលានេះ​ប្រមូលផ្តុំ​អ្នកធ្វើការ​ផ្នែក​អភិវឌ្ឍន៍​  អ្នកសារព័ត៌មាន​ និង​អ្នក​ដទៃ​ទៀត​ ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទិន្នន័យ​របស់​ពួក​គេ​ រាប់​ចាប់ពី​ការ​ប្រមូល​ទិន្នន័យ​រហូត​ដល់​ការ​វិភាគ​ ឬ​ការ​ធ្វើ​ទិន្នន័យ​ទៅ​ជា​រូបភាព​មើលឃើញ​។​

​នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា​ អ្នកចូលរួម​ដែល​ទទួល​បាន​ជោគជ័យ​នឹង​បង្កើត​ជា​ក្រុម​ និង​តម្រូវឱ្យ​បង្កើត​គម្រោង​សាកល្បង​ ដើម្បី​អនុវត្ត​ជំនាញ​របស់​ពួក​គេ​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​។​ អ្នកចូលរួម​នឹង​បង្ហាញ​ពី​បញ្ហា​របស់​ពួក​គេ​ទៅ​កាន់​ស្ថាបនិក​កម្មវិធី​កុំព្យូទ័រ​ អ្នក​ផលិត​ហាដវែរ (hardware)​ និង​អ្នកជំនាញ​ខាង​ទិន្នន័យ​ ដែល​នឹង​ធ្វើការ​ជាមួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​គម្រោង​របស់​ពួក​គេ​ ប្រសិនបើ​អ្នកជំនាញ​ទាំងនោះ​មានការ​ចាប់អារម្មណ៍​។​

​សំរាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​២០១៧​ សូម​ចុច​នៅ​ទី​នេះ​។​​