មុនពេលកម្មវិធីមេគង្គអាយស៊ីធីខេម ២០១៧ មកដល់
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងក្រុមការងារស្ម័គ្រចិត្តរបស់យើង បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីមេគង្គអាយស៊ីធីខេម ស្របពេលដែលអ្នកចូលរួមជាច្រើនកំពុងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី មេគង្គអាយស៊ីធីខេម ២០១៧ នេះដែរ។ កម្មវិធីជួបជុំនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ និងសាលសន្និសីទសុខាសៀមរាប ដែលនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជន។ នៅទីនេះអាគារទាំងអស់មានរចនាបទស្រស់ស្អាត និងមានភាពងាយស្រួលច្រើន រួមទាំងសាលសន្និសីទដ៏ធំដែលស្ថិតនៅផ្នែកខាងមុខនៃសណ្ឋាគារសុខា ជាប់នឹងដងផ្លូវ ដែលគ្រប់គ្នាអាចមើលឃើញផ្ទាំងបដាមេគង្គអាយស៊ីធីខេម ២០១៧ ដែលកំពុងព្យួរនៅលើច្រកចូលនៃសាលសន្និសីទ។
នៅថ្ងៃទីពីរ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាននៅសណ្ឋាគារ ក្រុមការងាររៀបចំកម្មវិធីទាំងអស់ រួមទាំងក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមការងារអូឌីស៊ី បានជួបប្រជុំគ្នាដើម្បីពិភាក្សា និងចែករំលែកអំពីរបៀបវារៈនៃកម្មវិធី និងភារកិច្ចនានា ដែលពួកយើងនឹងត្រូវធ្វើក្នុងអំឡុងនៃកម្មវីធីមេគង្គអាយស៊ីធីខេម សម្រាប់រយៈពេលមួយសប្តាហ៍ពេញ ក៏ដូចជារៀបចំឯកសារ និងសម្ភារៈការិយាល័យ។
នៅថ្ងៃទី ០៣ ខែកញ្ញា អ្នកចូលរួមក្នុងស្រុក និងអ្នកចូលរួមដ៏ទៃទៀតដែលមកពីប្រទេសផ្សេងៗ បានកំពុងធ្វើដំណើរពីកន្លែងឆ្ងាយៗនានាដើម្បីមកជួបជុំគ្នានៅក្នុងកម្មវិធីនេះ ហើយពួកយើងពិតជាអរគុណដល់ក្រុមការងារស្ម័គ្រចិត្តរបស់យើងជាខ្លាំង ដែលបានខិតខំទទួលស្វាគមន៍អ្នកចូលរួមរបស់យើងពីអាកាសយានដ្ឋាន និងនាំពួកគេមកកាន់សណ្ឋាគារ។
ការទទួលទានអាហារពេលល្ងាចដើម្បីស្វាគមន៍អ្នកចូលរួមក៏ត្រូវបានរៀបចំនៅថ្ងៃដដែល។ អ្នកចូលរួមចំនួន ១០០ នាក់ជាង បានអញ្ជើញមកដល់។ ការរៀបចំសម្រាប់អាហារពេលល្ងាចត្រូវបានធ្វើឡើងនៅក្បែរអាងហែលទឹកជាមួយនឹងបដាកម្មវិធីមេគង្គអាយស៊ីធីខេមដ៏ស្រស់ស្អាត និងការតុបតែងតុកៅអីពណ៌លឿង និងពណ៌ស រួមជាមួយនឹងផ្កាស្រស់នៅលើតុ។ នៅវេលាម៉ោង ៧ ល្ងាច ការស្វាគមន៍របស់អ្នកចូលរួម អ្នកសម្របសម្រួល និងម្ចាស់ជំនួយបានចាប់ផ្តើមជាមួយជាមួយនឹងការសម្តែងរបស់ក្រុមឆៃយ៉ាំ និងការបំពាក់ក្រមាមេគង្គអាយស៊ីធី និងអញ្ជើញអ្នកទាំងអស់គ្នាទៅកាន់តុអាហារ។ អ្នកគ្រប់គ្នាពិតជារីករាយជាខ្លាំងជាមួយអាហាររបស់ពួកគេដោយមានការជជែកកំសាន្តជាមួយមិត្តរួមតុ ហើយមិនយូរប៉ុន្មាន ក្រុមអ្នករៀបចំកម្មវិធីរបស់យើង បានឡើងទៅលើវេទិកា ដើម្បីថ្លែងសុន្ទរកថាស្វាគមន៍ បន្ទាប់មកទៀត យើងបានឈានចូលដល់កម្មវិធីបញ្ចាំងវីដេអូឯកសារនៃកម្មវិធីមេគង្គអាយស៊ីធីខេមមុនៗ ហើយអ្នកគ្រប់គ្នាពិតជារីករាយជាមួយវា។
ដើម្បីធ្វើឱ្យបរិយាកាសអាហារពេលល្ងាចកាន់តែរំភើបថែមទៀត ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងអ្នករៀបចំកម្មវិធីមកពី Thai Fund Foundation (TFF) បានឡើងទៅលើវេទិកាអំពីការផ្តល់ជំនួយគ្រាប់ពូជ (Seed Grant Award)ដល់អ្នកចូលរួមជាមួយបទបង្ហាញខ្លីៗ។ គម្រោងដែលល្អបំផុតចំនួន ៥ ឬគម្រោងដែលមានប្រជាប្រិយភាពបំផុតចំនួន ៥ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៣,០០០ ដុល្លារ ដើម្បីអភិវឌ្ឍន៍ និងដឹកនាំសាកល្បងគម្រោងរបស់ពួកគេក្នុងរយៈពេល ៣ ខែ។ ដើម្បីទទួលឈ្នះរង្វាន់នេះ អ្នកចូលរួមទាំងអស់ត្រូវបានលើកទឹកចិត្តដោយដំបូងគ្រាន់តែដាក់ចេញនូវគំនិតរបស់ពួកគេ ឱ្យបានមុនម៉ោង ៦ ល្ងាច ថ្ងៃទី ០៤ ខែកញ្ញា សិន ហើយគម្រោងរបស់ពួកគេគួរតែទាក់ទងទៅនឹងប្រធានបទដូចខាងក្រោម: តម្លាភាពរដ្ឋាភិបាល, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ភាពធន់ និងទីក្រុងឆ្លាតវៃ, សេវាវ៉ាយហ្វាយសហគមន៍, សន្តិសុខបណ្តាញអ៊ីធឺណេត និងភាពឯកជន, ការបណ្តុះបណ្តាលលើបណ្តាញ និងគម្រោងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម។ ហើយនឹងមានបទបង្ហាញសង្ខេបខ្លីៗអំពីគំនិតរបស់ពួកគេនៅថ្ងៃបន្ទាប់ក្នុងរយៈពេលត្រឹមតែ ២ នាទីប៉ុណ្ណោះ។
ការស្វាគមន៍យ៉ាងកក់ក្តៅត្រូវបានបញ្ចប់ជាមួយនឹងស្នាមញញឹម។ អ្នករាល់គ្នាត្រូវការគេងឱ្យបានលក់ស្រួល និងត្រៀមខ្លួនសម្រាប់កម្មវិធីថ្ងៃបន្ទាប់ និងពេញមួយសប្តាហ៍សម្រាប់សកម្មភាពដែលនៅសល់។
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី ០៥ ខែកញ្ញា ទី ២០១៧