សិក្ខាសាលាជីអាយអេស វគ្គ ៣ របស់អូឌីស៊ី៖ ការប្រើប្រាស់កម្មវិធីជីអាយអេស នៅក្នុងវិស័យរៀបចំដែនដី និងអប់រំ
នៅក្នុងសិក្ខាសាលាជីអាយអេសលើកទី២ របស់អូឌីស៊ីទទួលបានអ្នកចូលរួមចំនួន ២១ នាក់ ដែលទទួលបានជោគជ័យក្នុងសិក្ខាសាលារយៈពេល ៣ ថ្ងៃ ដោយផ្តោតលើប្រធានបទ «ការប្រមូលទិន្នន័យ និងកម្មវិធីជីអាយអេស»។ វគ្គ ៣ នេះ សិក្ខាសាលានឹងផ្តោតលើ«ការប្រើប្រាស់ជីអាយអេស នៅក្នុងវិស័យរៀបចំដែនដី និងអប់រំ»។
សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកទី ៣ នៃសិក្ខាសាលាចំនួន ៣ លើក ដែលចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ១៨ ខែកក្កដា ឆ្នាំ ២០១៨ នៅការិយាល័យអូឌីស៊ី ក្នុងរាជធានីភ្នំពេញ ដែលផ្តោតលើជីអាយអេស ជាមួយកម្មវិធីកូដបើកទូលាយ។ វាមានគោលបំណងផ្តល់នូវចំណេះដឹងទូលំទូលាយ លើការប្រើប្រាស់ជីអាយអេស (GIS) សម្រាប់ការងារប្រព័ន្ធព័ត៌មានដីធ្លី (LIS) ការវិភាគទីតាំងដីធ្លីសមស្រប ការវិភាគដើម្បីកំណត់ការប្រើប្រាស់សមស្រប និងកំហុសក្នុងការវិភាគការប្រើប្រាស់ដីធ្លី។ លើសពីនេះទៀត វគ្គសិក្សានេះក៏មានគោលបំណងផ្តល់ចំណេះដឹងពីជីអាយអេស ដល់អ្នកធ្វើការក្នុងវិស័យអប់រំ អ្នកជំនាញ ដើម្បីគាំទ្រដល់ការធ្វើផែនការអប់រំផងដែរ។
សិក្ខាសាលា វគ្គ ៣ នេះមានសិក្ខាកាមចូលរួមចំនួន ២០ នាក់ ក្នុងចំណោមនោះ មានសិក្ខាកាមជានារី ចំនួន ៤ នាក់ ដែលកំពុងធ្វើការនៅក្នុងរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល និងសាកលវិទ្យាល័យនានា រួមមានដូចជាក្រសួងផែនការ, អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា, អង្គការ GRET, វិទ្យាស្ថានកម្ពុជាសំរាប់ការសិក្សានៃទីក្រុង, អង្គការសមាគមខ្មែរលើ, អង្គការសមាគមធាងត្នោត, សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, វិទ្យាស្ថានជាតិសុខភាពសាធារណៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, អង្គការទស្សនៈពិភពលោកកម្ពុជា, វិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច, ក្រុមហ៊ុន Century 21 Cambodia, ក្រុមហ៊ុន Grandis Timber, ក្រុមហ៊ុន Hour Construction, ក្រុមហ៊ុន Vtrust Property, ក្រុមហ៊ុន Zillennium និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះបានទទួលលទ្ធផលសំខាន់ៗជាច្រើន។ អ្នកចូលរួមភាគច្រើនបាននិយាយថា សិក្ខាសាលានេះ គួរឱ្យចាប់អារម្មណ៍ណាស់ ពីព្រោះវារួមបញ្ចូលគ្នា ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៃកម្មវិធីជីអាយអេស ដើម្បីគាំទ្រដល់ការងាររបស់ពួកគាត់ នៅក្នុងវិស័យអប់រំ និងវិស័យដីធ្លី។ អ្នកចូលរួមបានរៀនពីរបៀបគ្រប់គ្រងទិន្នន័យជីអាយអេស ជាមួយប្រព័ន្ធទិន្នន័យ សម្រាប់ប្រព័ន្ធព័ត៌មានអប់រំ និងព័ត៌មានដីធ្លី ហើយធ្វើការសម្រេចចិត្ត ដើម្បីកំណត់អត្តសញ្ញាណទីតាំងល្អបំផុតរបស់សាលារៀន។
ដោយផ្អែកលើមតិយោបល់នៅក្នុងទម្រង់រង្វាយតម្លៃ សិក្ខាកាមម្នាក់ មកពីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា លោក ជា សុភា ដែលបានចូលរួមសិក្ខាសាលាជីអាយអេសទាំង ៣ លើកបានលើកឡើងថា សិក្ខាសាលានេះមានអត្ថប្រយោជន៍ណាស់សម្រាប់គាត់ ដោយទទួលបានជំនាញជីអាយអេស និងការគ្រប់គ្រងទិន្នន័យ ដើម្បីបង្កើនសមត្ថភាពការងាររបស់គាត់ នៅក្នុងវិស័យអភិរក្ស។ លើសពីនេះទៀត លោកស្រី សួង ច័ន្ទមករា ក៏បាននិយាយថា សិក្ខាសាលានេះផ្តល់ការណែនាំអំពីការគ្រប់គ្រងទិន្នន័យ និងការអនុវត្តនៅក្នុងកម្មវិធី QGIS ដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់តំណែងរបស់លោកស្រី ជាមន្ត្រីបច្ចេកទេស នៅអង្គការ GRET។ អ្នកចូលរួមម្នាក់ទៀត មកពីអង្គការសមាគមខ្មែរលើ ខេត្តរតនគិរី លោក យូង ខាំ ដែលជាជនជាតិដើមភាគតិចទំពួន បានកោតសរសើរនូវចំណេះដឺងដែលទទួលបានពីសិក្ខាសាលានេះ ហើយចង់ឱ្យអូឌីស៊ី បន្តផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតលើការប្រមូលទិន្នន័យតាម GPS និងការធ្វើផែនទី ដែលមានប្រយោជន៍សម្រាប់អង្គការរបស់គាត់។ គាត់នឹងចូលរួមសិកា្ខសាលាបន្តបន្ទាប់ទៀត ដែលរៀបចំដោយអូឌីស៊ី។ ជាចុងក្រោយ លោក សែម សុវណ្ណឌី មន្ត្រីរៀបចំ និងកែលំអសហគមន៍ នៅអង្គការសមាគមធាងត្នោត ក៏បានលើកឡើងដែរថា សិក្ខាសាលានេះបានគាំទ្រដល់ការងាររបស់គាត់ជាមួយសហគមន៍ក្រីក្រ នៅទីក្រុង ក្នុងការកំណត់ពីតម្រូវការនៃសេវាសាធារណៈ ដូចជា សាលារៀន និងមន្ទីរពេទ្យ តាមរយៈការវិភាគដោយកម្មវិធីជីអាយអេស និងរបៀបគ្រប់គ្រងទិន្នន័យជីអាយអេសនៅក្នុងមូលដ្ឋានទិន្នន័យ។