សិក្ខាសាលា​ជី​អាយ​អេស​ វគ្គ​ ៣​ របស់​អូ​ឌី​ស៊ី​៖​ ការ​ប្រើប្រាស់​កម្មវិធី​ជី​អាយ​អេស​ នៅ​ក្នុង​វិស័យ​រៀបចំ​ដែនដី​ និង​អប់រំ​

នៅ​ក្នុង​សិក្ខាសាលា​ជី​អាយ​អេស​លើក​ទី​២​ របស់​អូ​ឌី​ស៊ី​ទទួល​បាន​អ្នកចូលរួម​ចំនួន​ ២១​ នាក់​ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​សិក្ខាសាលា​រយៈពេល​ ៣​ ថ្ងៃ​ ដោយ​ផ្តោត​លើ​ប្រធានបទ​ «​ការ​ប្រមូល​ទិន្នន័យ​ និង​កម្មវិធី​ជី​អាយ​អេស​»​។​ វគ្គ​ ៣​ នេះ​ សិក្ខាសាលា​នឹង​ផ្តោត​លើ​«​ការ​ប្រើប្រាស់​ជី​អាយ​អេស​ នៅ​ក្នុង​វិស័យ​រៀបចំ​ដែនដី​ និង​អប់រំ​»​។​

កិច្ចស្វាគមន៍ដោយលោក ភី សាខឿន ប្រធាន​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។

​សិក្ខាសាលា​នេះ​ គឺជា​សិក្ខាសាលា​លើក​ទី​ ៣​ នៃ​សិក្ខាសាលា​ចំនួន​ ៣​ លើក​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១៦​ ដល់​ ១៨​ ខែកក្កដា​ ឆ្នាំ​ ២០១៨​ នៅ​ការិយាល័យ​អូ​ឌី​ស៊ី​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ផ្តោត​លើ​ជី​អាយ​អេស​ ជាមួយ​កម្មវិធី​កូដ​បើក​ទូលាយ​។​ វា​មាន​គោលបំណង​ផ្តល់​នូវ​ចំណេះដឹង​ទូលំទូលាយ​ លើ​ការ​ប្រើប្រាស់​ជី​អាយ​អេស​ (GIS)​ សម្រាប់​ការងារ​ប្រព័ន្ធ​ព័ត៌មាន​ដីធ្លី​ (LIS)​ ការ​វិភាគ​ទីតាំង​ដីធ្លី​សម​ស្រប​ ការ​វិភាគ​ដើម្បី​កំណត់​ការ​ប្រើប្រាស់​សម​ស្រប​ និង​កំហុស​ក្នុង​ការ​វិភាគ​ការ​ប្រើប្រាស់​ដីធ្លី​។​ លើស​ពី​នេះ​ទៀត​ វគ្គ​សិក្សា​នេះ​ក៏​មាន​គោលបំណង​ផ្តល់​ចំណេះដឹង​ពី​ជី​អាយ​អេស​ ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​អប់រំ​ អ្នកជំនាញ​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ផែនការ​អប់រំ​ផង​ដែរ​។​

អ្នកចូលរួមកំពុងយកចិត្តទុកដាក់ចំពោះការធ្វើលំហាត់អនុវត្ត ក្នុងកម្មវិធីជីអាយអេស។

​សិក្ខាសាលា​ វគ្គ​ ៣​ នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ២០​ នាក់​ ក្នុងចំណោមនោះ មានសិក្ខាកាមជានារី ចំនួន ៤ នាក់ ដែល​កំពុងធ្វើការ​នៅ​ក្នុង​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សាកលវិទ្យាល័យ​នានា​ រួម​មាន​ដូច​ជា​ក្រសួងផែនការ​,​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​,​ អង្គការ​ GRET,​ វិទ្យាស្ថាន​កម្ពុជា​សំរាប់​ការ​សិក្សា​នៃ​ទីក្រុង​,​ អង្គការ​សមាគម​ខ្មែរលើ​,​ អង្គការ​សមាគម​ធាងត្នោត​,​ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​,​ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​,​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​,​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​,​ អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​,​ វិទ្យាល័យ​ហ៊ុន​ សែន​ កំពង់ត្រឡាច​,​ ក្រុមហ៊ុន​ Century​ 21​ Cambodia,​ ក្រុមហ៊ុន​ Grandis​ Timber,​ ក្រុមហ៊ុន​ Hour​ Construction,​ ក្រុមហ៊ុន​ Vtrust​ Property,​ ក្រុមហ៊ុន​ Zillennium​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​

អ្នកចូលរួមកំពុងពិភាក្សាគ្នា ឬផ្តោតលើលំហាត់អនុវត្ត។

​សិក្ខាសាលា​រយៈពេល​ ៣​ ថ្ងៃនេះ​បាន​ទទួលលទ្ធផល​សំខាន់ៗ​ជា​ច្រើន​។​ អ្នកចូលរួម​ភាគច្រើន​បាន​និយាយ​ថា​ សិក្ខាសាលា​នេះ​ គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ ពីព្រោះ​វា​រួម​បញ្ចូល​គ្នា​ ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់ស្តែង​នៃ​កម្មវិធី​ជី​អាយ​អេស​ ដើម្បី​គាំទ្រ​ដល់​ការងារ​របស់​ពួក​គាត់​ នៅ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​ដីធ្លី​។​ អ្នកចូលរួម​បាន​រៀន​ពី​របៀប​គ្រប់គ្រង​ទិន្នន័យ​ជី​អាយ​អេស​ ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ សម្រាប់​ប្រព័ន្ធ​ព័ត៌មាន​អប់រំ​ និង​ព័ត៌មាន​ដីធ្លី​ ហើយ​ធ្វើការ​សម្រេចចិត្ត​ ដើម្បី​កំណត់​អត្តសញ្ញាណ​ទីតាំង​ល្អ​បំផុត​របស់​សាលារៀន​។​

រូបថត​ជា​ក្រុម​រវាង​ក្រុម​ការងារ​អូឌីស៊ី​ និង អ្នកចូលរួមទាំងអស់។

​ដោយ​ផ្អែក​លើ​មតិយោបល់​នៅ​ក្នុង​ទម្រង់រ​ង្វា​យ​តម្លៃ​ សិក្ខាកាម​ម្នាក់​ មក​ពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​ លោក​ ជា​ សុភា​ ដែល​បាន​ចូលរួម​សិក្ខាសាលា​ជី​អាយ​អេស​ទាំង​ ៣​ លើក​បាន​លើក​ឡើង​ថា​ សិក្ខាសាលា​នេះ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​គាត់​ ដោយ​ទទួលបាន​ជំនាញ​ជី​អាយ​អេស​ និង​ការ​គ្រប់គ្រង​ទិន្នន័យ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​របស់​គាត់​ នៅ​ក្នុង​វិស័យ​អភិរក្ស​។​ លើស​ពី​នេះ​ទៀត​ លោកស្រី​ សួង​ ច័ន្ទ​មក​រា ក៏​បាន​និយាយ​ថា​ សិក្ខាសាលា​នេះ​ផ្តល់​ការណែនាំ​អំពី​ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​អនុវត្តនៅ​ក្នុង​កម្មវិធី​ QGIS​ ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ សម្រាប់​តំណែង​របស់​លោកស្រី​ ជា​មន្ត្រី​បច្ចេកទេស​ នៅ​អង្គការ​ GRET​។​ អ្នកចូលរួម​ម្នាក់​ទៀត​ មក​ពី​អង្គការ​សមាគម​ខ្មែរលើ​ ខេត្តរតនគិរី​ លោក​ យូ​ង​ ខាំ​ ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ទំពួន​ បាន​កោតសរសើរ​នូវ​ចំណេះ​ដឺ​ង​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​នេះ​ ហើយ​ចង់ឱ្យ​អូ​ឌី​ស៊ី​ បន្ត​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​លើ​ការ​ប្រមូល​ទិន្នន័យ​តាម​ GPS​ និង​ការ​ធ្វើ​ផែនទី​ ដែល​មាន​ប្រយោជន៍​សម្រាប់​អង្គការ​របស់​គាត់​។​ គាត់​នឹង​ចូលរួម​សិ​កា្ខ​សាលា​បន្តបន្ទាប់​ទៀត​ ដែល​រៀបចំ​ដោយ​អូ​ឌី​ស៊ី​។​ ជា​ចុង​ក្រោយ​ លោក​ សែ​ម​ សុវណ្ណ​ឌី​ មន្ត្រី​រៀបចំ​ និង​កែ​លំអ​សហគមន៍​ នៅ​អង្គការ​សមាគម​ធាងត្នោត​ ក៏បាន​លើក​ឡើងដែរ​ថា​ សិក្ខាសាលា​នេះ​បាន​គាំទ្រដល់​ការងារ​របស់​គាត់​ជាមួយ​សហគមន៍​ក្រីក្រ​ នៅ​ទីក្រុង​ ក្នុង​ការ​កំណត់​ពី​តម្រូវការ​នៃ​សេវា​សាធារណៈ​ ដូច​ជា​ សាលារៀន​ និង​មន្ទីរពេទ្យ​ តាម​រយៈ​ការ​វិភាគ​ដោយ​កម្មវិធី​ជី​អាយ​អេស​ និង​របៀប​គ្រប់គ្រង​ទិន្នន័យ​ជី​អាយ​អេស​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​។​