អូឌីស៊ី ជាអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាដែលបានចូលរួមវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាព ឆ្នាំ២០១៩
លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ត្រូវបានជ្រើសរើសឱ្យចូលរួមវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាព ឆ្នាំ២០១៩ នៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា។
វេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាព គឺជាកិច្ចប្រជុំអន្តរជាតិប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស សម្រាប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យអភិបាលកិច្ចពិភពលោក ដែលផ្តួចផ្តើមដោយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ វេទិកាលើកដំបូងត្រូវបានប្រព្រឹត្តឡើងនៅឆ្នាំ២០១៨។
គោលបំណងរបស់វេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាព គឺដើម្បីលើកកម្ពស់អភិបាលកិច្ចពិភពលោក ដែលជាលក្ខខណ្ឌមួយសម្រាប់សន្តិភាពនៅក្នុងបរិស្ថានអន្តរជាតិដែលកំពុងតែយ៉ាប់យ៉ឺន។ វេទិកានេះលើកយកប្រធានបទសំខាន់ៗចំនួន ៦ រួមមានសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍ បរិស្ថាន បច្ចេកវិទ្យាថ្មីៗ សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ។
វេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពជំរុញបណ្តាញពហុភាគី និងសម្ព័ន្ធភាពតាមរយៈការប្រមូលផ្តុំអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍លើអភិបាលកិច្ចពិភពលោក ដែលរួមមានប្រមុខរដ្ឋ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុន មូលនិធិ អង្គការសប្បុរសធម៌ ភ្នាក់ងារអភិវឌ្ឍន៍ ក្រុមសាសនា ក្រុមសហជីព ក្រុមប្រឹក្សាយោបល់ ក្រុមនិស្សិតសាកលវិទ្យាល័យ និងតំណាងសង្គមស៊ីវិល។ វេទិកានេះផ្តល់ជូននូវឱកាសដើម្បីធ្វើការជជែកពិភាក្សាជាមួយបុគ្គលជាន់ខ្ពស់នៅកម្រិតពិភពលោក ដើម្បីរកដំណោះស្រាយថ្មីតាមរយៈគម្រោងដែលបានបង្ហាញ និងដើម្បីលើកទឹកចិត្តដល់ការបង្កើតថ្មីតាមរយៈកម្មវិធីហេកកាថុន។
វេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពលើកដំបូងប្រព្រឹត្តឡើងនៅឆ្នាំ២០១៨ ដោយមានការចូលរួមពីប្រមុខរដ្ឋ មន្ត្រីរដ្ឋាភិបាល និងតំណាងអង្គការចំនួន ៧៥។ ក្រុមគម្រោងចំនួន ១២១ បានបង្ហាញអំពីដំណោះស្រាយដែលពួកគេបានស្នើ។ វេទិកានេះក៏មានការចូលរួមពីវាគ្មិន និងវាគ្មិនក្នុងកិច្ចពិភាក្សាជាង ៣០០ នាក់ និងអ្នកចូលរួមជាង ៦០០០ នាក់។
នៅក្នុងវេទិកាលើកទី ២ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ គម្រោងជាង ១០០ ត្រូវបានបង្ហាញ។ វេទិកានេះត្រូវបានរៀបចំឡើងដោយផ្តោតលើគម្រោងគាំទ្រដល់ដំណោះស្រាយបទដ្ឋាន ឬការកសាងសមត្ថភាព។
លោក ទ្រី យល់ឃើញថា វេទិកានេះពិតជាឱកាសមួយដ៏សំខាន់។ ជាបឋម វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួម និងអ្នកជំនាញជាន់ខ្ពស់ជាច្រើនមកពីជុំវិញពិភពលោក។ នេះគឺជាឱកាសសម្រាប់អូឌីស៊ីដើម្បីធ្វើឱ្យគេស្គាល់កាន់តែច្រើន និងពង្រីកបណ្តាញរបស់ខ្លួន។
ទីពីរ លោកបានរៀនចំណេះដឹង និងជំនាញថ្មីៗពីគម្រោងដែលបានដាក់បង្ហាញ និងតាមដានការពិភាក្សានៅក្នុងវេទិកា។ គម្រោងទាំងនេះ គឺជាមធ្យោបាយដ៏ល្អដើម្បីរៀនអំពីនិន្នាការ និងគំនិតផ្តួចផ្តើមថ្មីៗនៅក្នុងវិស័យដែលគ្របដណ្តប់ដោយវេទិកានេះ។ គម្រោងទាំងនេះបានបំផុសគំនិត និងបើកទ្វារសម្រាប់ភាពជាដៃគូជាមួយអ្នកដឹកនាំគម្រោងជាច្រើន ដើម្បីត្រៀមសម្រាប់ការណែនាំពីគំនិតផ្តួចផ្តើមស្រដៀងគ្នាជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
វាគ្មិននៅក្នុងវេទិកានេះក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃអក្ខរកម្មទិន្នន័យ ទិន្នន័យបើកទូលាយ គម្រោងប្រមូលទិន្នន័យ និងគម្រោងគ្រប់គ្រងទិន្នន័យនៅក្នុងការអភិវឌ្ឍបច្ចុប្បន្ន និងអនាគត។ ពួកគេកំពុងអំពាវនាវដល់អ្នកពាក់ព័ន្ធដើម្បីគាំទ្រការអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់វិស័យទាំងនេះផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅប៉ារីស លោក ទ្រី បានជួបជាមួយអតីតនិស្សិតហាត់ការងារនៅអូឌីស៊ីមកពីប្រទេសសិង្ហបុរី និងបារាំងដែលបច្ចុប្បន្នកំពុងធ្វើការ និងសិក្សានៅប្រទេសបារាំង។ អ្នកហាត់ការងារមានសេចក្តីរីករាយនៅពេលបានលឺអំពីគម្រោងអភិវឌ្ឍន៍របស់អូឌីស៊ីនាពេលបច្ចុប្បន្ន ដើម្បីជំរុញចលនាទិន្នន័យបើកទូលាយនៅកម្ពុជា។ ពួកគេក៏បានជម្រាបលោកថា ពួកគេបានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងអំឡុងពេលហាត់ការងារនៅអូឌីស៊ីជាមួយមិត្តរួមការងារ និងមិត្តភក្តិនៅកន្លែងធ្វើការ និងសាកលវិទ្យាល័យរបស់ពួកគេ។ វាពិតជាការជួបដ៏អស្ចារ្យជាមួយពួកគេ!
អូឌីស៊ីសង្ឃឹមថា អ្នករៀបចំវេទិកាឆ្នាំ២០២០ នឹងជ្រើសរើសតំណាងរបស់អូឌីស៊ីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នោះដើម្បីចែករំលែកមេរៀនសំខាន់ៗ និងបទពិសោធន៍ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ។