សិក្ខាសាលាស្ដីអំពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
នៅភ្នំពេញថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ សិក្ខាសាលានេះមានគោលបំណងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅលើទំព័រ “ឯកសារច្បាប់” លើគេហទំព័រអូឌីស៊ី។
ក្នុងសិក្ខាសាលា សិក្ខាកាមមកពីមជ្ឈដ្ឋានផ្សេងៗគ្នា សិក្ខាកាមខ្លះមកពីអង្គការសង្គមស៊ីវិល និងខ្លះទៀតជានិស្សិតច្បាប់ និងនិស្សិតសិក្សារអន្តរជាតិមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេមានបំណងរួមគ្នាដើម្បីជួយកែលម្អទំព័រច្បាប់ និងលិខិតបទដ្ឋានគតិយុត្តលើគេហទំព័រអូឌីស៊ី។
ការគាំទ្រដល់ទិន្នន័យបើកចំហរផ្នែកឯកសារច្បាប់នៃគេហទំព័រជួយអ្នកប្រើប្រាស់ក្នុងការស្វែងរកឯកសារផ្លូវការនានា រួមមានច្បាប់ជាតិ និងអន្តរជាតិ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្ដីសម្រេច សារាចរ និងឯកសារច្បាប់ផ្សេងទៀត។ ជាអកុសល ផ្នែកនេះមានបញ្ហាក្នុងការប្រើប្រាស់ទាក់ទងនឹងការរៀបចំការ ស្វែងរកឯកសារនិង ចន្លោះប្រហោងនៃព័ត៌មាន។ ដូច្នេះ សិក្ខាសាលានេះមានគោលបំណងដើម្បីសម្រេចបាននូវគោលបំណងសំខាន់ពីរ។ ទីមួយ អូឌីស៊ីចង់ណែនាំទំព័រឯកសារច្បាប់ និងណែនាំអ្នកចូលរួមអំពីការប្រើប្រាស់វា ដើម្បីស្វែងរក និងទាញយកឯកសារច្បាប់ដែលមាននៅលើវេទិកា។ ទីពីរ អូឌីស៊ីចង់ស្វែងយល់អំពីតម្រូវការរបស់អ្នកចូលរួម និងប្រមូលព័ត៌មានស្តីពីវិធីដែលទំព័រផ្នែកច្បាប់អាចកែលម្អ ជាពិសេសតាមរយៈការកំណត់ព័ត៌មានដែលខ្វះ និងប្រធានបទពាក់ព័ន្ធ។
សិក្ខាសាលាបានចាប់ផ្តើមជាមួយនឹងការថ្លែងសុន្ទរកថាស្វាគមន៍ដោយអូឌីស៊ី។ លោក ធី ទ្រី ជានាយកប្រតិបត្តិ និង ជានិពន្ធនាយក របស់អូឌីស៊ីបានស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកចូលរួមទាំងអស់។ លោកបានប្រាប់ពួកគេថា “អូឌីស៊ីកំពុងធ្វើការ ដើម្បីស្វែងរក និងរៀបចំឯកសារច្បាប់ដែលមានស្រាប់ទាំងអស់ឱ្យទៅជាច្រកទិន្នន័យមួយ និងជាមជ្ឈមណ្ឌលទិន្នន័យមួយចាប់តាំងពីឆ្នាំ ២០១១។” ឯកសារច្បាប់ទាំងនេះមិនត្រូវបានកំណត់ចំពោះប្រភេទច្បាប់ទេ ប៉ុន្តែមានគោលបំណងដាក់បញ្ចូលគ្នានូវច្បាប់ដែលមានទាំងអស់នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា “ផ្នែកច្បាប់នៅក្នុងអូឌីស៊ីនឹងជួយដល់និស្សិត អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការស្វែងរកឯកសារច្បាប់ ដែលមានភាពងាយស្រួល និងដោយកាត់បន្ថយពេលវេលាដែលចំណាយលើការស្វែងរក។” អ្នកស្រាវជ្រាវគួរតែយកពេលវេលារបស់ពួកគេដើម្បីផ្តោតលើការវិភាគជំនួសឱ្យការចាយពេលវេលាច្រើនដើម្បីស្វែងរកប្រមែប្រមូលទិន្នន័យ។ សិក្ខាសាលានេះផ្តល់ជូនសិក្ខាកាមនូវទិដ្ឋភាពទូទៅនៃរបៀបចូលមើលមាតិកាជាទូទៅដែលមាននៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងជាពិសេសទំព័រផ្នែកឯកសារច្បាប់។
លោកស្រី ស៊ីន គីមស៊ាន ជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute) ក៏បានផ្តល់សុន្ទរកថាបើកសិក្ខាសាលាផងដែរ លោកស្រី ស៊ីន គីមស៊ាន បានមានប្រសាសន៍ថា “អូឌីស៊ីគឺជាគេហទំព័រមួយក្នុងចំណោមគេហទំព័រដំបូងគេនៅប្រទេសកម្ពុជាដែលមានច្បាប់ និងទិន្ន័យជាច្រើន ដែលមានការស្រាវជ្រាវពីបរិស្ថាន បញ្ហាជុំវិញការអភិវឌ្ឍ សេដ្ឋកិច្ច នយោបាយនិងបច្ចុប្បន្នភាពនៅក្នុងប្រទេសកម្ពុជាដូចជា ជំងឺកូវីដ-១៩ ជាដើម។” លោកស្រី ស៊ីន គីមស៊ាន បានកត់សម្គាល់ថា អូឌីស៊ីបានចូលរួមចំណែកយ៉ាងសំខាន់ និងសម្រួលដល់ការទទួលបានព័ត៌មានតាមវិធីផ្សេងៗគ្នា។ ឧទាហរណ៍ ក្នុងការប្រមូលឯកសារច្បាប់ដែលបានពិភាក្សានៅក្នុងសិក្ខាសាលានេះ។ លោកស្រីបានបន្ថែមថា “ដោយតាមរយៈការមើលឃើញពីបញ្ហានៅទំព័រផ្នែកឯកសារច្បាប់នេះ យើងអាចចូលរួមជាវិភាគទានតាមរយៈសកម្មភាពរបស់យើង ដែលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ធ្វើឱ្យប្រសើរឡើងនូវគេហទំព័ររបស់អូឌីស៊ី។”
លោក វង្ស ពិសិទ្ធ បានផ្តល់នូវទិដ្ឋភាពសង្ខេបនៃផ្នែកច្បាប់លើគេហទំព័រអូឌីស៊ី។ សិក្ខាកាមត្រូវបានផ្តល់ជាកម្រងសំណួរទាក់ទងនឹងការស្វែងរកឯកសារច្បាប់នៅលើគេហទំព័រអូឌីស៊ីផងដែរ។ កម្រងសំណួរនេះមានគោលបំណងស្វែងយល់ពីឥរិយាបថរបស់អ្នកប្រើប្រាស់ទូទៅក្នុងការស្វែងរកឯកសារច្បាប់តាមអ៊ីនធឺណែត ដើម្បីកំណត់អំពីបញ្ហាប្រឈមរួម និងដើម្បីប្រមូលនូវតម្រូវការរបស់អ្នកប្រើប្រាស់នៅលើ UI / UX និងមុខងារសម្រាប់ពង្រឹងទំព័រច្បាប់។
លោក សំអាន ម៉ារឌី បានសួរសំណួរទៅកាន់សិក្ខាកាម។ ក្រុមការងារអូឌីស៊ី បានអញ្ជើញសិក្ខាកាមដើម្បី ចែករំលែកបទពិសោធន៍នៃការស្រាវជ្រាវដោយស្ម័គ្រចិត្ត។
សិក្ខាកាមម្នាក់បានលើកឡើងថា “ខ្ញុំភាគច្រើនចូលមើល ឬស្រាវជ្រាវច្បាប់ដោយប្រើប្រាស់កុំព្យូទ័រយួរដៃ ប៉ុន្តែក្នុងករណីដែលខ្ញុំប្រញាប់ ខ្ញុំជ្រើសរើសទូរស័ព្ទដៃ។ បញ្ហាប្រឈមក្នុងការស្វែងរកនៅលើគេហទំព័រអូឌីស៊ីគឺ កង្វះឯកសារច្បាប់សម្រាប់ថ្នាក់ក្រោមជាតិ ជាពិសេសច្បាប់ស្តីពីសហគមន៍នេសាទ ក៏ដូចជាសេចក្តីព្រាងច្បាប់។”
សិក្ខាកាមម្នាក់ទៀតក៏បានចែករំលែកបទពិសោធន៍របស់គាត់ដែរ “ការស្រាវជ្រាវច្បាប់ គឺជាអ្វីដែលខ្ញុំបានធ្វើការរាល់ថ្ងៃ ទោះយ៉ាងណាព័ត៌មានច្បាប់មួយចំនួនមិនអាចត្រូវបានគេចូលមើលតាមអ៊ីនធឺណែត បានទេ”។ ភាគច្រើន គាត់សំដៅទៅលើគេហទំព័រអូឌីស៊ីសម្រាប់ឯកសារសមាគមផ្សេងៗ និងក្រសួងពាក់ព័ន្ធ។ នាងបានបន្ថែមទៀតថា ការស្វែងរកតាមអ៊ីនធឺណែតអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកច្បាប់ដែលមានភាពងាយស្រួលជាងមុន ប៉ុន្តែបញ្ហាប្រឈមបច្ចុប្បន្ននេះ គឺការស្វែងរកសេចក្តីព្រាងច្បាប់ និងច្បាប់ដែលបានធ្វើវិសោធនកម្មរួច។ ដូច្នេះលោកស្រីបានផ្តល់អនុសាសន៍ថា “អូឌីស៊ីគួររៀបចំឯកសារច្បាប់តាម ប្រភេទ ឬ វិស័យ។”
បន្ទាប់ពីការចែករំលែកដោយសិក្ខាកាម លោក វង្ស ពិសិទ្ធ បានណែនាំដល់សិក្ខាកាមអំពីគេហទំព័រ និងទំព័រច្បាប់របស់អូឌីស៊ីឱ្យកាន់តែស៊ីជម្រៅ។ លោកមានប្រសាសន៍ថា “មនុស្សភាគច្រើនមិនអាចចូលមើលច្បាប់ និងឯកសារគតិយុត្តទាំងអស់តាមអ៊ីនធឺណិតបានទេ ពីព្រោះឯកសារច្បាប់ថ្មីមួយចំនួនមិនមាន ឬ អាចចូលដំណើរការបានតាមអ៊ីនធឺណែតនោះទេ”។ លោកបន្តថា សិក្ខាសាលានេះសង្ឃឹមថានឹងទទួលបានមតិត្រឡប់ពីអ្នកចូលរួមដើម្បីធ្វើការកែលម្អទំព័រនេះ។
នៅលើគេហទំព័រអូឌីស៊ី មាតិកាត្រូវបានរៀបចំឡើងក្រោមប្រធានបទធំៗ ចំនួន ៣ ក្រោម៖ បរិស្ថាននិងដីធ្លី សេដ្ឋកិច្ច និងប្រជាជន។ ឯឯកសារច្បាប់គឺខុសគ្នាទៅតាមវិស័យ និងប្រធានបទ។
ដើម្បីជួយសម្រួលដល់ការស្វែងរក អូឌីស៊ីធ្វើចំណាត់ថ្នាក់ឯកសារច្បាប់ដោយផ្អែកលើប្រភេទឯកសារដូចជា ច្បាប់ សេចក្តីព្រាង អនុក្រឹត្យជាដើម។ ទំព័រច្បាប់អូឌីស៊ីមានធាតុ “ព័ត៌មានបន្ថែម” ភ្ជាប់ទៅនឹងឯកសារទាំងអស់ ដែលមានព័ត៌មានសង្ខេបអំពីច្បាប់។ អ្នកប្រើប្រាស់អាចរកបានទាំងជាឯកសារខ្មែរ និងអង់គ្លេសនៅលើគេហទំព័រ។
ក្នុងអំឡុងពេលនៃការធ្វើតេស្តអ្នកប្រើប្រាស់ លោកស្រី ស៊ីវ វឌ្ឍនា បានស្នើសុំឱ្យសិក្ខាកាមស្វែងរកសេចក្តីព្រាងក្រមស្តីពីបរិស្ថាន និងធនធានធម្មជាតិ ដើម្បីពិនិត្យមើលថា តើភាគច្រើននៃអ្នកចូលរួមអាចចូលទៅរកឯកសារនោះនៅលើគេហទំព័រអូឌីស៊ីបានដែរឬទេ។ ហើយក៏មានសំណួរជាច្រើនទៀតសម្រាប់តាមដានសិក្ខាកាមផងដែរ។ សិក្ខាកាមខ្លះអាចរកសេចក្តីព្រាងច្បាប់បានដោយប្រើពាក្យគន្លឹះ ក្នុងការស្វែងរកពាក្យ ខណៈសិក្ខាកាមខ្លះពុំអាចរកឃើញដោយគិតថា គេហទំព័រអូឌីស៊ីគឺមានភាពស្មុគស្មាញ។
ក្រុមការងារអូឌីស៊ីបានរៀបចំកម្រងសំណួរតូចមួយសម្រាប់សិក្ខាកាម។ និស្សិតផ្នែកច្បាប់ម្នាក់ មកពីសាកលវិទ្យាល័យភូមិន្ទរដ្ឋបាលបានមាននិយាយថា “ឥរិយាបទរបស់ខ្ញុំក្នុងការស្វែងរកឯកសារច្បាប់ គឺតាមរយៈការវាយចំណងជើង ពាក្យគន្លឹះ នៅក្នុង Google ។ ប្រសិនបើខ្ញុំរកមិនឃើញ ខ្ញុំនឹងទៅរកមើលនៅក្រសួង ឬក្រសួងពាក់ព័ន្ធ ដែលពេលខ្លះខ្ញុំមានការលំបាក។ ក្រសួងមិនមានការប្រមូលកំណត់ត្រា ហើយដូច្នេះ វាពិបាករកទីតាំងឯកសារច្បាប់ណាស់។ តាមគំនិតរបស់ខ្ញុំ ខ្ញុំគិតថាកំណែអូឌីស៊ីមុនប្រសើរជាងកំណែបច្ចុប្បន្ន ពីព្រោះរចនាសម្ព័ន្ធមានលក្ខណៈសាមញ្ញក្នុងការស្វែងរកឯកសារផ្សេងៗ។”
ហើយសិក្ខាកាមដទៃទៀតមកពីអង្គការក្រៅរដ្ឋាភិបាល បានចែករំលែកយោបល់របស់នាងថា “វាស្មុគស្មាញណាស់ ប៉ុន្តែវាងាយស្រួលយល់ពីយន្តការរបស់វា។ ជាលទ្ធផល អូឌីស៊ីគួរតែផលិតវីដេអូណែនាំខ្លីៗមួយអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ីក្នុងរយៈពេលពី ២០ វិនាទីទៅ ១ នាទី គឺសមរម្យ។ អ្នកប្រើប្រាស់ផ្សេងទៀតនឹងមានភាពងាយស្រួល និងសមត្ថភាពប្រើប្រាស់ទំព័រច្បាប់អូឌីស៊ីបានពេញលេញ។” ដើម្បីធ្វើឱ្យគេហទំព័រអូឌីស៊ី មិនមានការលំបាក និងទាក់ទាញអ្នកប្រើប្រាស់ក្នុងការរកទីតាំងឯកសារ របាម៉ឺនុយ “ឯកសារច្បាប់” នឹងត្រូវជំនួសដោយរបាម៉ឺនុយ “ឃ្លាំងទិន្នន័យ”។ ដូច្នេះអ្នកប្រើប្រាស់ថ្មីអាចមានអារម្មណ៍ថា អូឌីស៊ីមានទិន្នន័យច្រើនជាងជាឃើញតែឯកសារច្បាប់នៅពេលដល់គេហទំព័រដំបូង។
ឆ្លើយតបនឹងយោបល់របស់នាង សិក្ខាកាមចុងក្រោយមកពីអង្គការមិនមែនរដ្ឋាភិបាលដែរបានឆ្លើយតបថា “តាមគំនិតរបស់ខ្ញុំ របារម៉ឺនុយ “ឃ្លាំងទិន្នន័យ” មិនគួរត្រូវបានជំនួសទេ ពីព្រោះអូឌីស៊ីមានឃ្លាំងទិន្នន័យនៅលើម៉ឺនុយរួចហើយ រក្សាឃ្លាំងទិន្នន័យនៅលើម៉ឺនុយ វាងាយស្រួលក្នុងការចូលមើល និងស្វែងរកឯកសារស្របច្បាប់។ ហើយខ្ញុំផ្ទាល់គិតថា អូឌីស៊ីប្រសើរជាងគេហទំព័រដទៃទៀតដែលមានស្រាប់ ពីព្រោះវាផ្តល់នូវឯកសារជាច្រើនទៀតដើម្បីចូល និងវិធីដែលអូឌីស៊ីដោះស្រាយ និងចងក្រងឯកសារ។ ទោះយ៉ាងណាក៏ដោយខ្ញុំគិតថាអូឌីស៊ីគួរតែធ្វើការបន្ថែមទៀតលើផ្នែកច្បាប់ ជាពិសេសការរៀបចំឡើងវិញនូវធាតុនៅក្នុងផ្នែកច្បាប់ ដែលស្រដៀងនឹងអ្វីដែលអូឌីស៊ីបានធ្វើនៅលើទំព័រច្បាប់នៃគេហទំព័រជំនាន់ចាស់។ អូឌីស៊ីគួរធ្វើឱ្យលេចចេញនូវអ្វីដែលសំខាន់បំផុតនៅផ្នែកខាងលើហើយអ្វីដែលមិនសំខាន់គឺ ស្ថិតនៅផ្នែកខាងក្រោមនៃទំព័រច្បាប់នេះ។”
អត្ថបទសរសេរដោយ៖ លោក ជោត្ត ច័ន្ទសម្បត្តិ អ្នកហាត់ការផ្នែកមាតិកា និងស្រាវជ្រាវនៅអូឌីស៊ី។