វេប​សាយ​រដ្ឋ​បាល​ស្រុកថ្មី​ដើម្បី​តម្លាភាពថវិកា

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួន​គឺ​ អង្គការ ស្តារកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកអស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅក្រោមគម្រោង «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» ។ គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​មូល​និធិ​ដោយ​ កម្មវិធី​​របស់​ប្រទេស​ស៊ុយអែត​សម្រាប់​​​​វិស័យ​ ICT​ នៅ​​ក្នុង​​តំបន់​​​​កំពុង​អភិវឌ្ឍន៍​​ ​ (SPIDER) ក្នុង​គោល​បំណង​​​លើក​កម្ពស់​អភិ​បាល​កិច្ច​ល្អ និង​ការ​ផ្តល់​សេវា​សា​ធារណៈ​តាម​រយៈ​ការ​​ធ្វើ​ឱ្ប​ប្រសើរ​ឡើង​​នូវ​​​តម្លា​ភាព​ថវិកា​ឃុំ សង្កាត់ និងការបែងចែកថវិកាដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាការចាប់ផ្តើមនៃគម្រោង ក្រុម​ការ​ងារ​បានរៀបចំកិច្ចប្រជុំចាប់ផ្តើមគម្រោងនៅក្នុងស្រុកគោលដៅចំនួនពីរគឺ ស្រុកម៉ាឡៃ និងស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលក្រុមការងារអង្គការអូឌីស៊ី និងអង្គការ ស្តារកម្ពុជាធ្វើបទបង្ហាញអំពីគម្រោងទៅកាន់មន្ត្រីរដ្ឋ​បាល​ស្រុកចំនួន ៤៥រូប។


សមាសធាតុដំបូងនៃគម្រោងរួមមាន ការលើកកម្ពស់ការយល់ដឹង និងការធ្វើឱ្យប្រសើរឡើង​នូវ​ការផ្សព្វផ្សាយថវិកាសាធារណៈ។ សមិទ្ធិផលដ៏សំខាន់មួយនៃគម្រោងគឺ ការដាក់ឱ្យដំណើរការវេប​សាយ និងទំព័រហ្វេសប៊ុកផ្លូវការសម្រាប់រដ្ឋ​បាល​ស្រុកនីមួយៗក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែល​ជាឧបករណ៍​ផ្ទាល់​ខ្លួន​មួយ​របស់​​រដ្ឋបាលក្នុង​ការ​គ្រប់គ្រងដោយខ្លួនឯង ដើម្បីចែករំលែកព័ត៌មានជាមួយពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងការជជែកដេញដោលជាសាធារណៈ។ មន្ត្រីរដ្ឋ​បាល​ស្រុកត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងពិធីបើកសម្ពោធ​គម្រោង​ ដើម្បីស្វែងយល់អំពីវេប​សាយ និងលក្ខណៈពិសេសរបស់វា។ អ្វីដែលសំខាន់ ព្រឹត្តិការណ៍នេះក៏​ជា​វេទិកាសម្រាប់ពិភាក្សា និងដើម្បីប្រមូលមតិយោបល់ពីមន្រ្តីនានា ដោយធាតុចូលត្រូវបានបញ្ចូលទៅក្នុងការរចនា និងមុខងាររបស់វេប​សាយរដ្ឋ​បាល​។

វេប​សាយ​​ផ្លូវ​ការ​របស់​រដ្ឋ​បាល​ស្រុក​អូរ​ជ្រៅ​មានការចូល​​ទស្សនា​ចំនួន​ ៦៣០ដង នៅ​ចន្លោះ​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ ឆ្នាំ ២០២០ https://www.ouchrovbmc.com

វេប​សាយ​​ផ្លូវ​ការ​របស់​រដ្ឋ​បាល​ស្រុក​ម៉ា​ឡៃ​មានការ​ចូល​ទស្សនា​ចំនួន​ ៥០១ដង នៅ​ចន្លោះ​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ ឆ្នាំ ២០២០ https://www.malaidistrict.com

ទិន្នន័យជារូបភាពអំ​ពី​ថវិកា​របស់​រដ្ឋ​បាល​ស្រុក​អូរ​ជ្រៅ

ក្នុង​នាម​ជាវែប​សាយ​របស់​ស្ថាប័ន​រដ្ឋ​​ រដ្ឋបាលស្រុកអូរជ្រៅកំពុងចុះ​ឈ្មោះ​ស្នើសុំដាក់​បញ្ចូល​ “.gov.kh” ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នៅពេលដែលទទួលបានការអនុញ្ញាតពីក្រសួង វេប​សាយផ្លូវការរបស់ស្រុកអូរជ្រៅគឺ www.ouchrovbmc.gov.kh។

ដោយសង្កេតឃើញថា ទម្រង់ថវិកាមានលក្ខណៈ​វែង និងស្មុគស្មាញ អូឌីស៊ីបានរចនាទិន្នន័យជារូបភាព ដើម្បីផ្តល់ព័ត៌មានថវិកាប្រចាំឆ្នាំក្នុងទម្រង់សាមញ្ញដែលងាយយល់។ ទិន្នន័យជារូបភាពអំពីថវិការដ្ឋបាលស្រុកត្រូវបានផ្សព្វផ្សាយតាមអ៊ិនធើណេតដោយរដ្ឋបាលស្រុក ដើម្បីបង្កើនភាពងាយស្រួល និងការយល់ដឹងជាសាធារណៈ។ ដូចដែលបានបង្ហាញនៅក្នុងឧទាហរណ៍ខាងក្រោមរបស់រដ្ឋបាលស្រុកអូរជ្រៅ ទិន្នន័យជារូបភាពបង្ហាញពីប្រភពចំណូល និងចំណាយសំខាន់ៗដោយផ្តោតលើបន្ទាត់ថវិកាដែលមានការចាប់អារម្មណ៍ជាពិសេសពីប្រជាពលរដ្ឋ។

សមាសភាគសំខាន់ទី២ នៃគម្រោងផ្តោតលើការលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ លើការរៀបចំផែនការថវិកា ការត្រួតពិនិត្យ និងការបើកទូលាយថវិកា។ កម្ម​វិធី​បណ្តុះបណ្តាលចំនួនពីរត្រូវបានរៀបចំឡើងស្តីពីផែនការវិនិយោគឃុំ ស្រុក និងផែនការបីឆ្នាំរំកិលនៅថ្ងៃទី២៤ និង ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។ វគ្គបណ្តុះបណ្តាលបានប្រមូលផ្តុំអ្នកចូលរួមសរុប ៨៧នាក់ ក្នុងនោះស្រី ៣០នាក់ រួមទាំងមន្រ្តីមកពីសាលាខេត្ត ស្រុក និងឃុំ។ ក្រៅពីនេះ លោកអភិបាលស្រុកអូរជ្រៅបាន​រៀប​​ចំ​កិច្ចប្រជុំជាមួយអ្នកចូលរួមចំនួន ៦៧នាក់ ដើម្បីអនុវត្ត និងតាមដានប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពគណនេយ្យភាពរួម និងផែនការវិនិយោគឃុំ។

ស្របគ្នានឹងគម្រោងនេះ អូឌីស៊ីក៏បានពង្រីកការងារលើការ​បើក​ទូ​លាយ​ថវិកា ដោយផ្សព្វផ្សាយទំព័រព័ត៌មានទិន្នន័យថ្មីស្តីពី គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៤-២០១៩) ដែលអាច​ស្វែង​រក​ជាសាធារណៈនៅលើវេប​សាយទិន្នន័យបើកទូលាយរបស់អូ​ឌី​ស៊ី​។ ស្រទាប់ផែនទីអន្តរកម្មថ្មីបង្ហាញពីទីតាំង និងការចំណាយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ ២០១៤-២០១៩ ។ ទិន្នន័យដើមសម្រាប់ចំនួនគម្រោង និងចំណាយសរុបតាមខេត្តអាចទាញយកបានតាមរយៈសំណុំទិន្នន័យទាំង ១២ ដែលមាននៅលើវេប​សាយអូឌីស៊ី។ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការទទួលបាន ទិន្នន័យត្រូវបានបង្ហាញជាទម្រង់ទាក់ទាញ និងប្រកប​ដោយ​វិចារណញាណដែលមានទាំងជាភាសាខ្មែរ និងភា​សា​អង់គ្លេស។

ផែនទី​អន្តរ​កម្ម​នៃចំណាយជាក់ស្តែង និង​ចំនួនគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ

ទំព័រនេះក៏បានផ្តល់នូវទិន្នន័យស្តីពី ការចុះកិច្ចសន្យាបើកទូលាយសម្រាប់គម្រោងទាំងអស់ដែលបានអនុវត្តនៅស្រុកអូជ្រៅ និងម៉ាឡៃរួមមាន ព័ត៌មានលម្អិតនៃគម្រោងនីមួយៗ (ឈ្មោះគម្រោង ប្រភេទ ថវិកា កាលបរិច្ឆេទសាងសង់) កិច្ចសន្យា និងអ្នកទទួលការ តម្រូវការ និងស្ថានភាពនៃការវាយតម្លៃ​ផលប៉ះពាល់បរិស្ថាន (EIA)។ ក្រៅពីនេះ គម្រោងទាំងអស់ត្រូវបានភ្ជាប់ទៅនឹងកំណត់ត្រាដែលត្រូវគ្នាជា​មួយ​នឹង​ប្រព័ន្ធ​ទិន្នន័យនៃ​ការ​អនុវត្តគម្រោងរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ដំណើរ​ឆ្ពោះទៅរកការអនុវត្តប្រកបដោយទំនួលខុសត្រូវកាន់តែច្រើន និងការចូលរួមរបស់ពលរដ្ឋត្រូវបានគាំទ្រដោយការបង្ហាញ​ពី​ថវិកា និងការ​ផ្សព្វ​ផ្សាយ​ព័ត៌មានយ៉ាងទូ​លំ​លាយ​លើបញ្ហាអន្តរវិស័យ។ ការស្ថាបនាគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័នថ្មីៗមានផលប៉ះពាល់ផ្ទាល់ដល់សុខុមាលភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ដូច្នេះការធ្វើឱ្យប្រសើរឡើងនូវការទទួលបានព័ត៌មានទាក់ទងនឹងគម្រោងទាំងនេះ​ ជួយជំរុញឱ្យមានការជជែកវែកញែកជាសាធារណៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ពលរដ្ឋក្នុងការរក្សាគណនេយ្យភាពរដ្ឋាភិបាល អនុវត្តសិទ្ធិនយោបាយរបស់ពួកគេ និងលើកឡើងពីកង្វល់របស់ពួកគេចំពោះរដ្ឋបាល។