វេបសាយរដ្ឋបាលស្រុកថ្មីដើម្បីតម្លាភាពថវិកា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនគឺ អង្គការ ស្តារកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកអស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅក្រោមគម្រោង «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» ។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើឱ្បប្រសើរឡើងនូវតម្លាភាពថវិកាឃុំ សង្កាត់ និងការបែងចែកថវិកាដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាការចាប់ផ្តើមនៃគម្រោង ក្រុមការងារបានរៀបចំកិច្ចប្រជុំចាប់ផ្តើមគម្រោងនៅក្នុងស្រុកគោលដៅចំនួនពីរគឺ ស្រុកម៉ាឡៃ និងស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលក្រុមការងារអង្គការអូឌីស៊ី និងអង្គការ ស្តារកម្ពុជាធ្វើបទបង្ហាញអំពីគម្រោងទៅកាន់មន្ត្រីរដ្ឋបាលស្រុកចំនួន ៤៥រូប។
សមាសធាតុដំបូងនៃគម្រោងរួមមាន ការលើកកម្ពស់ការយល់ដឹង និងការធ្វើឱ្យប្រសើរឡើងនូវការផ្សព្វផ្សាយថវិកាសាធារណៈ។ សមិទ្ធិផលដ៏សំខាន់មួយនៃគម្រោងគឺ ការដាក់ឱ្យដំណើរការវេបសាយ និងទំព័រហ្វេសប៊ុកផ្លូវការសម្រាប់រដ្ឋបាលស្រុកនីមួយៗក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាឧបករណ៍ផ្ទាល់ខ្លួនមួយរបស់រដ្ឋបាលក្នុងការគ្រប់គ្រងដោយខ្លួនឯង ដើម្បីចែករំលែកព័ត៌មានជាមួយពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងការជជែកដេញដោលជាសាធារណៈ។ មន្ត្រីរដ្ឋបាលស្រុកត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងពិធីបើកសម្ពោធគម្រោង ដើម្បីស្វែងយល់អំពីវេបសាយ និងលក្ខណៈពិសេសរបស់វា។ អ្វីដែលសំខាន់ ព្រឹត្តិការណ៍នេះក៏ជាវេទិកាសម្រាប់ពិភាក្សា និងដើម្បីប្រមូលមតិយោបល់ពីមន្រ្តីនានា ដោយធាតុចូលត្រូវបានបញ្ចូលទៅក្នុងការរចនា និងមុខងាររបស់វេបសាយរដ្ឋបាល។
ក្នុងនាមជាវែបសាយរបស់ស្ថាប័នរដ្ឋ រដ្ឋបាលស្រុកអូរជ្រៅកំពុងចុះឈ្មោះស្នើសុំដាក់បញ្ចូល “.gov.kh” ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នៅពេលដែលទទួលបានការអនុញ្ញាតពីក្រសួង វេបសាយផ្លូវការរបស់ស្រុកអូរជ្រៅគឺ www.ouchrovbmc.gov.kh។
ដោយសង្កេតឃើញថា ទម្រង់ថវិកាមានលក្ខណៈវែង និងស្មុគស្មាញ អូឌីស៊ីបានរចនាទិន្នន័យជារូបភាព ដើម្បីផ្តល់ព័ត៌មានថវិកាប្រចាំឆ្នាំក្នុងទម្រង់សាមញ្ញដែលងាយយល់។ ទិន្នន័យជារូបភាពអំពីថវិការដ្ឋបាលស្រុកត្រូវបានផ្សព្វផ្សាយតាមអ៊ិនធើណេតដោយរដ្ឋបាលស្រុក ដើម្បីបង្កើនភាពងាយស្រួល និងការយល់ដឹងជាសាធារណៈ។ ដូចដែលបានបង្ហាញនៅក្នុងឧទាហរណ៍ខាងក្រោមរបស់រដ្ឋបាលស្រុកអូរជ្រៅ ទិន្នន័យជារូបភាពបង្ហាញពីប្រភពចំណូល និងចំណាយសំខាន់ៗដោយផ្តោតលើបន្ទាត់ថវិកាដែលមានការចាប់អារម្មណ៍ជាពិសេសពីប្រជាពលរដ្ឋ។
សមាសភាគសំខាន់ទី២ នៃគម្រោងផ្តោតលើការលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ លើការរៀបចំផែនការថវិកា ការត្រួតពិនិត្យ និងការបើកទូលាយថវិកា។ កម្មវិធីបណ្តុះបណ្តាលចំនួនពីរត្រូវបានរៀបចំឡើងស្តីពីផែនការវិនិយោគឃុំ ស្រុក និងផែនការបីឆ្នាំរំកិលនៅថ្ងៃទី២៤ និង ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។ វគ្គបណ្តុះបណ្តាលបានប្រមូលផ្តុំអ្នកចូលរួមសរុប ៨៧នាក់ ក្នុងនោះស្រី ៣០នាក់ រួមទាំងមន្រ្តីមកពីសាលាខេត្ត ស្រុក និងឃុំ។ ក្រៅពីនេះ លោកអភិបាលស្រុកអូរជ្រៅបានរៀបចំកិច្ចប្រជុំជាមួយអ្នកចូលរួមចំនួន ៦៧នាក់ ដើម្បីអនុវត្ត និងតាមដានប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពគណនេយ្យភាពរួម និងផែនការវិនិយោគឃុំ។
ស្របគ្នានឹងគម្រោងនេះ អូឌីស៊ីក៏បានពង្រីកការងារលើការបើកទូលាយថវិកា ដោយផ្សព្វផ្សាយទំព័រព័ត៌មានទិន្នន័យថ្មីស្តីពី គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៤-២០១៩) ដែលអាចស្វែងរកជាសាធារណៈនៅលើវេបសាយទិន្នន័យបើកទូលាយរបស់អូឌីស៊ី។ ស្រទាប់ផែនទីអន្តរកម្មថ្មីបង្ហាញពីទីតាំង និងការចំណាយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ ២០១៤-២០១៩ ។ ទិន្នន័យដើមសម្រាប់ចំនួនគម្រោង និងចំណាយសរុបតាមខេត្តអាចទាញយកបានតាមរយៈសំណុំទិន្នន័យទាំង ១២ ដែលមាននៅលើវេបសាយអូឌីស៊ី។ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការទទួលបាន ទិន្នន័យត្រូវបានបង្ហាញជាទម្រង់ទាក់ទាញ និងប្រកបដោយវិចារណញាណដែលមានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស។
ផែនទីអន្តរកម្មនៃចំណាយជាក់ស្តែង និងចំនួនគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ
ទំព័រនេះក៏បានផ្តល់នូវទិន្នន័យស្តីពី ការចុះកិច្ចសន្យាបើកទូលាយសម្រាប់គម្រោងទាំងអស់ដែលបានអនុវត្តនៅស្រុកអូជ្រៅ និងម៉ាឡៃរួមមាន ព័ត៌មានលម្អិតនៃគម្រោងនីមួយៗ (ឈ្មោះគម្រោង ប្រភេទ ថវិកា កាលបរិច្ឆេទសាងសង់) កិច្ចសន្យា និងអ្នកទទួលការ តម្រូវការ និងស្ថានភាពនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA)។ ក្រៅពីនេះ គម្រោងទាំងអស់ត្រូវបានភ្ជាប់ទៅនឹងកំណត់ត្រាដែលត្រូវគ្នាជាមួយនឹងប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ដំណើរឆ្ពោះទៅរកការអនុវត្តប្រកបដោយទំនួលខុសត្រូវកាន់តែច្រើន និងការចូលរួមរបស់ពលរដ្ឋត្រូវបានគាំទ្រដោយការបង្ហាញពីថវិកា និងការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំលាយលើបញ្ហាអន្តរវិស័យ។ ការស្ថាបនាគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័នថ្មីៗមានផលប៉ះពាល់ផ្ទាល់ដល់សុខុមាលភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ដូច្នេះការធ្វើឱ្យប្រសើរឡើងនូវការទទួលបានព័ត៌មានទាក់ទងនឹងគម្រោងទាំងនេះ ជួយជំរុញឱ្យមានការជជែកវែកញែកជាសាធារណៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ពលរដ្ឋក្នុងការរក្សាគណនេយ្យភាពរដ្ឋាភិបាល អនុវត្តសិទ្ធិនយោបាយរបស់ពួកគេ និងលើកឡើងពីកង្វល់របស់ពួកគេចំពោះរដ្ឋបាល។