កិច្ចប្រជុំបណ្តាញប្រើប្រាស់បច្ចេកវិទ្យាដើម្បីការតស៊ូមតិសង្គម
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយនឹងក្រុមគោលរបស់បណ្តាញអង្គការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D Cambodia Network) អង្គការអ៊ីនស្តេត (InSTEDD) និងវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) ក្នុងការរៀបចំឡើងនៅកិច្ចប្រជុំបណ្តាញប្រើប្រាស់បច្ចេកវិទ្យាដើម្បីការតស៊ូមតិសង្គម (ICT4 Social Advocacy Network Meeting) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំមួយនេះមានអ្នកចូលរួមសរុបចំនួន ១៦ នាក់ មកពីអង្គការ និងស្ថាប័នផ្សេងៗគ្នារួមមាន អង្គការ VBNK មជ្ឈមណ្ឌលវះកាត់កុមារ (ស៊ីអេសស៊ី) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា (អយអក) អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) សម្ព័ន្ធអ្នកសារព័ត៏មានកម្ពុជា (ខេមបូចា) និងស៊ីលីកា ក៏ដូចជានាយកដ្ឋានព័ត៌មាន (ឌីអាយធី ) របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
កិច្ចប្រជុំនេះគឺជាវេទិកាមួយដើម្បីផ្តល់បច្ចុប្បន្នភាពទៅដល់សមាជិកដទៃទៀតអំពីសមិទ្ធិផលថ្មីៗ និងនិន្នាការបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT Trend) ផងដែរ។ អ្នកចូលរួមទាំងអស់អាចចែករំលែកបទពិសោធន៍ និងមេរៀនមួយចំនួនក្រោយពីការប្រើប្រាស់ឧបករណ៍អាយស៊ីធីដើម្បីធ្វើពង្រឹងសេវាសាធារណៈ ដែលកម្មវិធីនោះរួមមាន កម្មវិធីប្រមូលទិន្នន័យតាមទូរស័ព្ទ KoboToolbox, Google My Maps, ពិដោរ ច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ។
ដើម្បីបង្ហាញពីកម្មវិធីអាយស៊ីធី (ICT) ថ្មីសម្រាប់ការប្រមូលយកទិន្នន័យ លោក សំអាន ម៉ារឌី ដែលលោកជាមន្ត្រីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើបទបង្ហាញមួយស្តីពី កម្មវិធីប្រមូលទិន្នន័យតាមទូរស័ព្ទ KoboToolbox ។ កម្មវិធីបើកទូលាយ និងឥតគិតថ្លៃនេះគឺជាឧបករណ៍អាយស៊ីធី (ICT) ដែលមានសមត្ថភាព និងអត្ថប្រយោជន៍ជាច្រើនដែលអាចបង្កើនប្រសិទ្ធភាពក្នុងការប្រមូលយកទិន្នន័យដែលសាកសមចំពោះការអនុវត្តគម្រោងរបស់សមាជិកទាំងអស់។ លោកបានចាប់ផ្តើមធ្វើបទបង្ហាញជាមួយនឹងការប្រមូលទិន្នន័យទូទៅ និងតួនាទីរបស់ KoboToolbox ក្នុងការប្រមូលទិន្នន័យ។ បន្ទាប់មក លោកក៏បានបញ្ចប់បទបង្ហាញជាមួយនឹងការបង្ហាញផ្ទាល់នៅកម្មវិធីមួយនេះផងដែរ។
ដោយដឹងថាទិន្នន័យនៅលើផែនទីគឺកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗក្នុងសម័យឌីជីថលនេះ លោក វង្ស ពិសិទ្ធ ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំពីកម្មវិធីមួយដែលមានឈ្មោះថា Google My Maps។ លោកបានធ្វើការណែនាំអំពីអ្វីដែលផែនទីឌីជីថលមួយនេះបានកែលម្អដោយប្រើបទពិសោធន៏លើសអ្វីដែលផែនទីក្រដាសអាចធ្វើទៅបាន។ ក្រៅពីការប្រើប្រាស់ទិន្នន័យងាយៗមួយចំនួនជាឧទាហរណ៍ លោក ពិសិទ្ធ ក៏បានបង្ហាញអំពីវិធីបង្កើតផែនទីឌីជីថលម្តងមួយជំហានៗ ជាមួយនឹង Google My Map ដែលអាចបង្កប់ និងចែករំលែកតាមប្រព័ន្ធអ៊ិនធឺណេតបាន។
ជាចុងក្រោយ លោក ម៉ៅ ចាន់ឌី អ្នកគ្រប់គ្រងផ្នែកផលិតផល នៅអង្គការ InSTEDD iLab SouthEast Asia បានបង្ហាញអ្នកចូលរួមនៅមុខងារថ្មីមួយគឹ ប្រព័ន្ធឆ្លើយតបសារដោយស្វ័យប្រវត្តិ (Facebook Chatbot) និង លេខទូរស័ព្ទដែលអាចឆ្លើយដោយស្វ័យប្រវត្តិ (IVR) ក្រោមគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ (OW4C)។ ពិដោរ អ្នកភូមិឆ្លាតវៃ គឺជាសេវាទំនាក់ទំនង ឬ ប្រអប់សារហ្វេសប៊ុក ដែលផ្តល់នូវព័ត៌មានដ៏មានប្រយោជន៍ជាច្រើនទាក់ទងនឹងសេវាកម្មច្រកចេញចូលតែមួយទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះ លោកក៏បានប្រាប់អំពីការផ្តោតសំខាន់ទៅលើមនុស្សត្រូវបានប្រើប្រាស់ក្នុងដំណាក់កាលបង្កើតកម្មវិធីទាំងពីរ ដើម្បីធានាថាកម្មវិធីដែលបានអភិវឌ្ឍរួចអាចយកមកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា។
លទ្ធផលនៃកិច្ចប្រជុំ
- អ្នកចូលរួមយល់ឃើញថាបទបង្ហាញទាំងបីបានផ្តល់ព័ត៌មានសំខាន់ និងមានប្រយោជន៍ដល់ពួកគាត់។ ភាគច្រើនពួកគាត់បានចាត់ទុក KoboToolbox គឺជាកម្មវិធីបច្ចេកវិទ្យាព័ត៌មានដែលល្អ និងសាកសមបំផុតសម្រាប់ពួកគាត់ផ្ទាល់ និងការងាររបស់ពួកគាត់ផងដែរ។
- អ្នកចូលរួមបានស្នើសុំអោយមានការបង្កើតនៅបណ្តាញតេឡេក្រាម «បណ្តាញអង្គការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍ» សម្រាប់ចែករំលែកពត៍មានបន្ថែម។ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំនេះ អូឌីស៊ី បានបង្កើតបណ្តាញតេឡេក្រាម (Telegram channel) មួយដែលអាចភ្ជាប់ទៅបានតាមតំណរមួយនេះ៖ https://t.me/ICT4D_Cambodia_NetworkMeetUp
- អ្នកចូលរួមក៏បានស្នើសុំអោយមានវគ្គបណ្ដុះបណ្ដាលស៊ីជំរៅទាក់ទងនឹងការប្រើប្រាស់ កម្មវិធីប្រមូលទិន្នន័យតាមទូរស័ព្ទ KoboToolbox និង Google My Maps។
- អ្នកចូលរួមបានសុំអោយមានការធ្វើបទបង្ហាញទាក់ទងនឹងឧបករណ៍ឌីជីថល និងវគ្គចែករំលែកចំណេះដឹងសម្រាប់កម្មវិធីនីមួយៗ