កិច្ច​ប្រជុំ​បណ្តាញ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​តស៊ូ​​មតិ​សង្គម​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​សហការ​ជាមួយនឹង​ក្រុម​គោល​របស់​បណ្តាញ​អង្គការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​ (ICT4D​ Cambodia​ Network)​ អង្គការ​អ៊ី​ន​ស្តេត​ (InSTEDD)​ និង​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ ក្នុង​ការ​រៀបចំ​ឡើង​នៅ​កិច្ច​ប្រជុំ​បណ្តាញ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​តស៊ូ​​មតិ​សង្គម​ (ICT4​ Social​ Advocacy​ Network​ Meeting)​ ដែល​ទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​ ICT​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ (SPIDER)​ នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅ​រាជធានី​ភ្នំពេញ​។

​កិច្ចប្រជុំ​មួយ​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ១៦​ នាក់​ មក​ពី​អង្គការ​ និង​ស្ថាប័ន​ផ្សេងៗ​គ្នា​រួម​មាន​ អង្គការ​ VBNK​ មជ្ឈមណ្ឌល​វះកាត់​កុមារ​ (​ស៊ី​អេស​ស៊ី​)​ អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (​ក​.​ដ​.​ទ​)​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ (ANSA)​ អង្គការ​អតីត​យុទ្ធ​ជន​អន្តរជាតិ​កម្ពុជា​ (​អយ​អក​)​ អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ (BCV)​ សម្ព័ន្ធ​អ្នក​សារ​ព័​ត៏​មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ និង​ស៊ី​លី​កា​ ក៏​ដូច​ជា​នាយកដ្ឋាន​ព័ត៌មាន​ (​ឌី​អាយ​ធី​ )​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ​គឺជា​វេទិកា​មួយ​ដើម្បី​ផ្តល់​បច្ចុប្បន្នភាព​ទៅ​ដល់​សមាជិក​ដទៃ​ទៀត​អំពី​សមិទ្ធិ​ផល​ថ្មីៗ​ និង​និន្នាការ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ (ICT​ Trend)​ ផង​ដែរ​។​ អ្នកចូលរួម​ទាំងអស់​អាច​ចែករំលែក​បទ​ពិសោធន៍​ និង​មេរៀន​មួយ​ចំនួន​ក្រោយ​ពី​ការ​ប្រើប្រាស់​ឧបករណ៍​អាយ​ស៊ី​ធី​ដើម្បី​ធ្វើ​ពង្រឹង​សេវា​សាធារណៈ​ ដែល​កម្មវិធី​នោះ​រួម​មាន​ កម្មវិធី​ប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​ KoboToolbox,​ Google​ My​ Maps,​ ពិដោរ​ ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ពលរដ្ឋ​។​

​ដើម្បី​បង្ហាញ​ពី​កម្មវិធី​អាយ​ស៊ី​ធី​ (ICT)​ ថ្មី​សម្រាប់​ការ​ប្រមូល​យក​ទិន្នន័យ​ លោក​ សំ​អាន​ ម៉ារ​ឌី​ ដែល​លោក​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​គេហទំព័រ​ និង​ព័ត៌មានវិទ្យា​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ស្តី​ពី​ កម្មវិធី​ប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​ KoboToolbox​ ។​ កម្មវិធី​បើក​ទូលាយ​ និង​ឥត​គិតថ្លៃ​នេះ​គឺជា​ឧបករណ៍​អាយ​ស៊ី​ធី​ (ICT)​ ដែល​មាន​សមត្ថភាព​ និង​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​យក​ទិន្នន័យ​ដែល​សាក​សម​ចំពោះ​ការ​អនុវត្ត​គម្រោង​របស់​សមាជិក​ទាំងអស់​។​ លោក​បាន​ចាប់ផ្តើម​ធ្វើ​បទ​បង្ហាញ​ជាមួយនឹង​ការ​ប្រមូល​ទិន្នន័យ​ទូទៅ​ និង​តួនាទី​របស់​ KoboToolbox​ ក្នុង​ការ​ប្រមូល​ទិន្នន័យ​។​ បន្ទាប់​មក​ លោក​ក៏​បាន​បញ្ចប់​បទ​បង្ហាញ​ជាមួយនឹង​ការ​បង្ហាញ​ផ្ទាល់​នៅ​កម្មវិធី​មួយ​នេះ​ផង​ដែរ​។​

​ដោយ​ដឹង​ថា​ទិន្នន័យ​នៅ​លើ​ផែនទី​គឺ​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ​ក្នុង​សម័យ​ឌី​ជី​ថ​ល​នេះ​ លោក​ វង្ស​ ពិ​សិទ្ធ​ ដែល​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ណែនាំ​ពី​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ Google​ My​ Maps​។​ លោក​បាន​ធ្វើការ​ណែនាំ​អំពី​អ្វី​ដែល​ផែនទី​ឌី​ជី​ថ​ល​មួយ​នេះ​បាន​កែ​លម្អ​ដោយ​ប្រើ​បទ​ពិសោធ​ន៏​លើស​អ្វី​ដែល​ផែនទី​ក្រដាស​អាច​ធ្វើ​ទៅ​បាន​។​ ក្រៅពី​ការ​ប្រើប្រាស់​ទិន្នន័យ​ងាយៗ​មួយ​ចំនួន​ជា​ឧទាហរណ៍​ លោក​ ពិ​សិទ្ធ​ ក៏​បាន​បង្ហាញ​អំពី​វិធី​បង្កើត​ផែនទី​ឌី​ជី​ថ​ល​ម្តង​មួយ​ជំហានៗ​ ជាមួយនឹង​ Google​ My​ Map​ ដែល​អាច​បង្កប់​ និង​ចែករំលែក​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត​បាន​។​

​ជា​ចុង​ក្រោយ​ លោក​ ម៉ៅ​ ចាន់​ឌី​ អ្នកគ្រប់គ្រង​ផ្នែក​ផលិតផល​ នៅ​អង្គការ​ InSTEDD​ iLab​ SouthEast​ Asia​ បាន​បង្ហាញ​អ្នកចូលរួម​នៅ​មុខងារ​ថ្មី​មួយ​គឹ​ ប្រព័ន្ធ​ឆ្លើយ​តប​សារ​ដោយ​ស្វ័យប្រវត្តិ​ (Facebook​ Chatbot)​ និង​ លេខ​ទូរស័ព្ទ​ដែល​អាច​ឆ្លើយ​ដោយ​ស្វ័យប្រវត្តិ​ (IVR)​ ក្រោម​គម្រោង​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ពលរដ្ឋ​ (OW4C)​។​ ពិដោរ​ អ្នក​ភូមិ​ឆ្លាត​វៃ​ គឺជា​សេវា​ទំនាក់ទំនង​ ឬ​ ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្តល់​នូវ​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​ទាក់ទង​នឹង​សេវាកម្ម​ច្រក​ចេញចូល​តែ​មួយ​ទៅ​កាន់​ប្រជាជន​កម្ពុជា​។​ លើស​ពី​នេះ​ លោក​ក៏​បាន​ប្រាប់​អំពី​ការ​ផ្តោត​សំខាន់​ទៅ​លើ​មនុស្ស​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ដំណាក់កាល​បង្កើត​កម្មវិធី​ទាំង​ពីរ​ ដើម្បី​ធានា​ថា​កម្មវិធី​ដែល​បាន​អភិវឌ្ឍ​រួច​អាចយ​កមក​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​

លទ្ធផល​នៃ​កិច្ចប្រជុំ​

  1. អ្នកចូលរួម​យល់​ឃើញ​ថា​បទ​បង្ហាញ​ទាំង​បី​បាន​ផ្តល់​ព័ត៌មាន​សំខាន់​ និង​មាន​ប្រយោជន៍​ដល់​ពួក​គាត់​។​ ភាគច្រើន​ពួក​គាត់​បាន​ចាត់​ទុក​ KoboToolbox​ គឺជា​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ល្អ​ និង​សាក​សម​បំផុត​សម្រាប់​ពួក​គាត់​ផ្ទាល់​ និង​ការងារ​របស់​ពួក​គាត់​ផង​ដែរ​។​
  2. អ្នកចូលរួម​បាន​ស្នើ​សុំ​អោយ​មានការ​បង្កើត​នៅ​បណ្តាញ​តេ​ឡេ​ក្រាម​ «​បណ្តាញ​អង្គការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​»​ សម្រាប់​ចែករំលែក​ពត៍​មាន​បន្ថែម​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​នេះ​ អូ​ឌី​ស៊ី​ បាន​បង្កើត​បណ្តាញ​តេ​ឡេ​ក្រាម​ (Telegram​ channel)​ មួយ​ដែល​អាច​ភ្ជាប់​ទៅ​បាន​តាម​តំណរ​មួយ​នេះ​៖​ https://t.me/ICT4D_Cambodia_NetworkMeetUp
  3. អ្នកចូលរួម​ក៏​បាន​ស្នើ​សុំ​អោយ​មាន​វគ្គ​បណ្ដុះបណ្ដាល​ស៊ីជំរៅ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ កម្មវិធី​ប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​ KoboToolbox​ និង​ Google​ My​ Maps។
  4. អ្នកចូលរួម​បាន​សុំ​អោយ​មានការ​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ឧបករណ៍​ឌី​ជី​ថ​ល​ និង​វគ្គ​ចែករំលែក​ចំណេះដឹង​សម្រាប់​កម្មវិធី​នីមួយៗ​