សិក្ខាសាលាពីចម្ងាយស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកដល់មន្ត្រីរដ្ឋបាលស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ
ដោយមានកិច្ចសហការជាមួយអង្គការស្តារកម្ពុជា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ និងសម្របសម្រួលសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកដល់មន្ត្រីនៅរដ្ឋបាលស្រុកអូរជ្រៅ និងស្រុកម៉ាឡៃនៅព្រឹកថ្ងៃទី ១២ និង ១៤ ខែកក្កដា ឆ្នាំ២០២១។ សិក្ខាសាលានេះធ្វើឡើងក្រោមគម្រោងមួយរបស់អង្គការ អូឌីស៊ី ដែលមានឈ្មោះថា «ការប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) ហើយធ្វើឡើងតាមរយៈវេទិកាអនឡាញ ហ្សូម (Zoom)។ អ្នកជំនាញមកពីនាយកដ្ឋានរដ្ឋបាលស្រុក ឃុំ សង្កាត់នៃក្រសួងមហាផ្ទៃបានធ្វើបទបង្ហាញ និងជាអ្នកបណ្តុះបណ្តាលអំពីគំរូថវិកាថ្មីនេះ។ អ្នកពាក់ព័ន្ធទាំងឡាយមកពីកម្រិតស្រុក និងឃុំផ្សេងៗគ្នាបានចូលរួមវគ្គបណ្តុះបណ្តាលរួមមាន អភិបាលរងស្រុក នាយករដ្ឋបាលស្រុក អនុប្រធាន មេឃុំ ស្មៀនឃុំ និងជំនួយការ។ គោលបំណងសំខាន់នៃសិក្ខាសាលាបណ្តុះបណ្តាលពីចម្ងាយនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ក្រុមប្រឹក្សា និងរដ្ឋបាល ឃុំ សង្កាត់លើដំណើរការនៃការកសាងផែនការ ដោយប្រើប្រាស់តាមទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកា។ រដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានណែនាំពីរបៀបបំពេញទម្រង់គំរូផែនការសកម្មភាព និងផែនការថវិការបស់ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីព័ត៌មានថវិកាដល់ប្រជាជនក្នុងមូលដ្ឋានបន្ថែមទៀត។
សិក្ខាសាលាស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកសម្រាប់មន្ត្រីស្រុកអូរជ្រៅ និងស្រុកម៉ាឡៃចាប់ផ្តើមដោយសុន្ទរកថាបើករបស់លោកស្រី ជេត ចរិយា នាយិកាប្រតិបត្តិនៃអង្គការស្តារកម្ពុជា និងលោកធី ទ្រី នាយកប្រតិបត្តិនៃអង្គការ អូឌីស៊ី។ នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកស្រី ជេត ចរិយា បានណែនាំដល់អ្នកចូលរួមទាំងអស់ និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃតម្លាភាពព័ត៌មានថវិកាក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក ធី ទ្រី បានបន្ថែមទៀតថា “ ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលឃុំ សង្កាត់ក្នុងការយល់ដឹងពីវា។ គំរូថវិកាអាចជួយសម្រួលភាពស្មុគស្មាញនៃព័ត៌មានថវិកា ដែលអនុញ្ញាតឱ្យប្រជាជនក្នុងមូលដ្ឋានអាចយល់បាន និងផ្តល់ភាពងាយស្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្សព្វផ្សាយព័ត៌មាននេះដល់សាធារណជន។ លោកបានបន្តទៀតថា អង្គការអូឌីស៊ីក្រោមគម្រោង «ការប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» បាននឹងកំពុងប្រមូលព័ត៌មានថវិការបស់រដ្ឋបាលស្រុកអូរជ្រៅ និងស្រុកម៉ាឡៃយ៉ាងសកម្មដោយចងក្រង និងបោះផ្សាយដោយធ្វើយ៉ាងណាឱ្យសាធារណជនអាចចូលមើលបាននៅលើគេហទំព័ររបស់ខ្លួនផ្ទាល់។ បន្ទាប់ពីនោះ តំណាងមកពីក្រសួងមហាផ្ទៃ លោក ញ៉ាវ តង បានធ្វើបទបង្ហាញអំពីតួនាទីរបស់រដ្ឋបាលស្រុក។ បទបង្ហាញនេះបានបកស្រាយអំពីតួនាទី មុខងារ និងសិទ្ធិអំណាចរបស់អ្នកពាក់ព័ន្ធទាំងអស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកក៏បានសង្កត់ធ្ងន់លើដំណើរការវិមជ្ឈការ និងវិសហមជ្ឈការដែលទាមទារឱ្យមានការចូលរួមពីរដ្ឋបាលថ្នាក់ឃុំ និងស្រុក។
ក្រោយពីសម្រាក ១០ នាទី វគ្គបន្ទាប់បានចាប់ផ្តើមដោយលោក ថន ពិសិដ្ឋ ប្រធានការិយាល័យហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់។ បទបង្ហាញរបស់លោកគឺ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការរបស់រដ្ឋបាលឃុំ និងស្រុក។ ក្នុងបទបង្ហាញនេះ លោកបានគូសបញ្ជាក់ពីដំណើរការនៃការអនុវត្តនៃគម្រោងថវិកាប្រចាំឆ្នាំដោយរដ្ឋបាលឃុំ សង្កាត់។ ជាដំបូង រដ្ឋបាលរាជធានី ខេត្តចេញសេចក្តីជូនដំណឹងស្តីពីការវិភាជថវិកាប្រចាំឆ្នាំទៅដល់រដ្ឋបាលឃុំ សង្កាត់។ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ត្រូវប្រជុំស្តីពី ដំណើរការរៀបចំ និងការអនុម័តគម្រោងថវិការបស់រដ្ឋបាលឃុំសម្រាប់ឆ្នាំបន្ទាប់។ ស្មៀនឃុំនឹងរៀបចំសេចក្តីព្រាងគម្រោងថវិកាសង្ខេបឃុំ សង្កាត់ប្រចាំឆ្នាំដោយប្រើប្រាស់ទម្រង់គម្រោងថវិកាសង្ខេបឃុំ សង្កាត់។ លោក ថន ពិសិដ្ឋ បានបន្ថែមថា ព័ត៌មានដែលបំពេញនៅក្នុងទម្រង់គម្រោងថវិកាសង្ខេបឃុំ សង្កាត់ត្រូវឆ្លុះបញ្ចាំងពីកម្មវិធីវិនិយោគរយៈពេល ៣ ឆ្នាំរំកិលឃុំ សង្កាត់ ផែនការថវិកាសេវាសង្គមឃុំ និងឯកសារពាក់ព័ន្ធនឹងគម្រោងថវិកាឃុំ សង្កាត់ទាំងអស់រួមមាន ព័ត៌មានលម្អិតអំពីចំណូល និងចំណាយសរុប ព័ត៌មានចំណាយអភិវឌ្ឍន៏ និងការចំណាយរដ្ឋបាល។ ព័ត៌មានថវិកានឹងត្រូវបានគេយកទៅបិទផ្សាយនៅទីសាធារណៈដូចជាក្តារព័ត៌មាននៅសាលាឃុំ សាលារៀន វត្ត និងមណ្ឌលសុខភាពពីរសប្តាហ៍មុនការប្រជុំពិគ្រោះយោបល់គម្រោងថវិកា។ ប្រជាពលរដ្ឋនឹងត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីគម្រោងថវិកានៅសាលាឃុំ។ មេឃុំមានទំនួលខុសត្រូវក្នុងការលើកទឹកចិត្ត និងអញ្ជើញប្រជាពលរដ្ឋមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នេះ។ បន្ទាប់ពីបានបញ្ជាក់អនុលោមភាពពីអភិបាលរាជធានី ខេត្ត គម្រោងថវិកាសង្ខេបឃុំ សង្កាត់នឹងត្រូវបានបីទផ្សព្វផ្សាយជាសាធារណៈ។
នៅចុងបញ្ចប់នៃសិក្ខាសាលា កិច្ចពិភាក្សាមានភាពទាក់ទាញ និងប្រកបដោយផ្លែផ្កា។ អ្នកចូលរួមបានសម្តែងនូវចំណាប់អារម្មណ៍របស់ពួកគេចំពោះការបណ្តុះបណ្តាលនេះថា មានសារៈសំខាន់ និងមានភាពជាក់ស្តែង។ សិក្ខាសាលានេះផ្តល់នូវគោលការណ៍ណែនាំច្បាស់លាស់ស្តីពីការទទួលខុសត្រូវរបស់អ្នកផ្តល់សេវា ការចូលរួមរបស់ប្រជាពលរដ្ឋ និងដំណើរការនៃការបំពេញបែបបទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុក។ គ្រូបង្គោលម្នាក់បានបញ្ជាក់ថា «បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំ ស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់ សិក្ខាសាលានេះគឺ វគ្គបណ្តុះបណ្តាលមុនគេបង្អស់នៅទូទាំងប្រទេសកម្ពុជា ដែលមានតំណាងមកពីក្រសួងមហាផ្ទៃបានចូលរួមធ្វើជាគ្រូបង្គោល ក្នុងការផ្សព្វផ្សាយចែករំលែកចំណេះដឹងជូនទៅដល់ប្រតិបត្តិករ និងអ្នកអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យយល់អំពីនិតិវិធីនៃការបំពេញទម្រង់សង្ខេបស្តីពីការរៀបចំថវិកានេះ។»