សិក្ខាសាលាពិគ្រោះយោបល់ទៅលើការពង្រឹងគុណភាពសំណុំទិន្នន័យនិងទំព័រព័ត៌មានទិន្នន័យស្ដីពីការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើ សិក្ខាសាលាពិគ្រោះយោបល់ទៅលើការពង្រឹងគុណភាពសំណុំទិន្នន័យនិងទំព័រព័ត៌មានទិន្នន័យស្ដីពីការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសាន់វេ៉ភ្នំពេញ។ អ្នកចូលរួមចំនួន ៣២ នាក់ (ស្រី ១១ នាក់) រួមមានសង្គមស៊ីវិល អ្នកស្រាវជ្រាវ អង្គការជនជាតិដើមភាគតិច និងនិស្សិតសាកលវិទ្យាល័យដែលធ្វើការផ្តោតលើចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្ម សម្បទានដីសេដ្ឋកិច្ច បរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍន៍ទីក្រុង និងសិទ្ធិលំនៅដ្ឋាន សិទ្ធិមនុស្ស និងសិទ្ធជនជាតិដើមភាគតិច។
សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួនបី ដូចជាការបង្ហាញសំណុំទិន្នន័យថ្មី និងទំព័រព័ត៌មានទិន្នន័យអំពីការវិនិយោគបរទេសនៅលើវេទិកាអូឌីស៊ី ស្វែងរកធាតុចូលនិងមតិយោបល់ពីភាគីពាក់ព័ន្ធសំខាន់ៗលើប្រធានបទ ឬបរិបទដែលពាក់ព័ន្ធ ដើម្បីការផ្តោតសំខាន់ទៅលើការស្រាវជ្រាវទិន្នន័យនាពេលអនាគតពាក់ព័ន្ធនឹងការវិនិយោគបរទេស និងការប្រមូលមតិរត្រលប់បស់អ្នកប្រើប្រាស់សម្រាប់ការកែលម្អទំព័រព័ត៌មានទិន្នន័យ មុខងារ កិច្ចសហប្រតិបត្តិការផ្នែកទិន្នន័យ និងការចែករំលែកការស្រាវជ្រាវ។
លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអូឌីស៊ី បានចាប់ផ្តើមសិក្ខាសាលាដោយស្វាគមន៍អ្នកចូលរួម និងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំព័រព័ត៌មានទិន្នន័យស្តីពី ការវិនិយោគបរទេសនៅកម្ពុជា និងគោលដៅសំខាន់នៃការរៀបចំសិក្ខាសាលានេះ។ ការណែនាំសង្ខេបអំពី សេដ្ឋកិច្ច ហើយ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានចែករំលែកផងដែរ ដើម្បីទាញការយកចិត្តទុកដាក់របស់អ្នកចូលរួមទាំងអស់ ព្រោះមិនមានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទេដែលបានដឹងអំពីច្បាប់នេះ។
“ការពិភាក្សាជាក្រុមនៅក្នុងសិក្ខាសាលានេះ នឹងជួយយើងស្វែងយល់អំពីបទពិសោធន៍របស់លោកលោកស្រីក្នុងការស្វែងរកទិន្នន័យ ក៏ដូចជាព័ត៌មានអំពីគម្រោងវិនិយោគនានានៅលើគេហទំព័ររបស់អូឌីស៊ី និងផ្តល់មតិត្រឡប់មកវិញ។” - លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអូឌីស៊ី។
នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់លោកស្រី Catherine Cecil ដែលជាតំណាងប្រចាំប្រទេសនៃវិទ្យាស្ថានគ្រប់គ្រងបូព៌ាបញ្ចឹម (EWMI) ក៏បានកោតសរសើរដល់ក្រុមការងារអូឌីស៊ី ដែលបានប្រមូលទិន្នន័យជាច្រើនស្តីពី គម្រោងវិនិយោគបរទេសធំៗនៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលាបានបន្តជាមួយនឹងបទបង្ហាញស្តីពីសេដ្ឋកិច្ចកម្ពុជា ដោយកញ្ញា គួច ឡាយហេង បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ចនៃអូឌីស៊ី។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី អត្រាកំណើនផលិតផលក្នុងស្រុកសរុប នៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងពី -៣,១% (២០២០) ៣,០% (២០២១), ៥,៣% (ការព្យាករណ៍សម្រាប់ឆ្នាំ ២០២២) និង ៦,៥% (ការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣)។ ផ្អែកលើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាមានវិស័យអាទិភាពចំនួនប្រាំមួយគឺ កសិ-ចំណីអាហារ យានយន្ត អេឡិចត្រូនិច វាយនភ័ណ្ឌ និងសំលៀកបំពាក់ កង់ និងគ្រឿងបង្គុំ និងគ្រឿងសង្ហារឹម និងឧស្សាហកម្មឈើដាំ។ ជាមួយគ្នានេះដែរ ហេតុផលក្នុងការវិនិយោគនៅកម្ពុជា រួមមានបរិយាកាសវិនិយោគអំណោយផល កម្លាំងពលកម្មមានភាពប្រកួតប្រជែង បណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចថេរប្រកបដោយចីរភាព។
លោកស្រី ស៊ីន គីមស៊ាន សមាជិកក្រុមប្រឹក្សាភិបាលនៃអូឌីស៊ី បានធ្វើបទបង្ហាញអំពីច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានសង្កត់ធ្ងន់ជាចំបងទៅលើ (១) សាវតានៃច្បាប់ស្តីពីការវិនិយោគក្នុងឆ្នាំ១៩៩៤ ២០០៣ និង២០២១ (២) ឱកាសដើម្បីបង្កើនអភិបាលកិច្ចវិនិយោគនៅកម្ពុជា ដោយផ្តោតលើការពិនិត្យ និងដំណើរការត្រឹមត្រូវ និងការលុបគម្រោងវិនិយោគ និង (៣) ប្រភពនៃច្បាប់ ដូចជាច្បាប់ក្នុងប្រទេស ច្បាប់អន្តរជាតិ និងក្នុងតំបន់ គម្រោងវិនិយោគ ច្បាប់ក្នុងប្រទេស (បណ្តាប្រទេសរបស់វិនិយោគិនបរទេស) កិច្ចសន្យា និងគោលការណ៍ និងបទដ្ឋានស្តង់ដារ។
អ្នកចូលរួមម្នាក់មកពីអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ថា ករណីវិវាទនេះភាគច្រើនទៅតុលាការដែលមានមូលដ្ឋាននៅប្រទេសផ្សេង ដូចជាហុងកុង ឬសិង្ហបុរីជាដើម)។ អ្នកចូលរួមម្នាក់ទៀតមកពីសមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានចែករំលែកបញ្ហាប្រឈមរបស់គាត់ក្នុងការស្វែងរកទិន្នន័យ និងព័ត៌មានស្តីពី សម្បទានដីសេដ្ឋកិច្ច ចាប់តាំងពីប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលគាត់បានធ្វើការស្រាវជ្រាវទាក់ទងនឹងកិច្ចសន្យា ឬកិច្ចព្រមព្រៀងសម្បទាន។ ប្រជាជនប្រហែលជាមិនបានដឹងពីការកែប្រែទាក់ទងនឹងរយៈពេលនៃកិច្ចសន្យាដែលផ្លាស់ប្តូរពី ៩៩ ឆ្នាំទៅត្រឹមតែ ៥០ ឆ្នាំនោះទេ។
សិក្ខាសាលាក៏មានការបង្ហាញអំពីគេហទំព័ររបស់អូឌីស៊ីទាក់ទងនឹងរបៀបចូលទៅកាន់ទំព័រព័ត៌មានទិន្នន័យស្តីពី ការវិនិយោគបរទេសនៅកម្ពុជា ដោយលោក ហាង វិសិដ្ឋ ដែលជាអ្នកស្រាវជ្រាវទិន្នន័យការវិនិយោគនៃអូឌីស៊ី និងសំណុំទិន្នន័យនៃគម្រោងវិនិយោគបរទេសធំៗនៅកម្ពុជា ដោយលោក អ៊ី ពុទ្ធាលី ដែលជាមន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៃអូឌីស៊ី។ ការបង្ហាញបានណែនាំអ្នកចូលរួមអំពីរបៀបប្រើប្រាស់ទំព័រព័ត៌មានទិន្នន័យ ស្វែងរកសំណុំទិន្នន័យនៅឃ្លាំងទិន្នន័យ ចង្អុលបង្ហាញអំពីរចនាសម្ព័ន្ធ និងខ្លឹមសារនៃសំណុំទិន្នន័យ និងបញ្ជាក់អំពីពាក្យគន្លឹះនៃសំណុំទិន្នន័យនីមួយៗសម្រាប់អ្នកប្រើប្រាស់ផ្សេងៗ។
របៀបវារៈសំខាន់មួយទៀតគឺការពិភាក្សាជាក្រុម ដែលត្រូវបានបែងចែកជាបីផ្នែកធំៗ ហើយបានបែងចែកអ្នកចូលរួមជាបួនក្រុម ដើម្បីពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់មតិកែលម្អទំព័រព័ត៌មានទិន្នន័យ។ ផ្នែកដំបូងនៃកិច្ចពិភាក្សា គឺដើម្បីស្វែងយល់ពីបទពិសោធន៍របស់អ្នកចូលរួមក្នុងការស្វែងរកព័ត៌មាន និងទិន្នន័យ ដោយឱ្យអ្នកចូលរួមពិភាក្សាសំណួរចំនួនបួនទាក់ទងនឹងបទពិសោធន៍របស់ពួកគេក្នុងការស្វែងរកព័ត៌មានអំពីគម្រោងវិនិយោគបរទេសធំៗ។ ផ្នែកទីពីរបានអនុញ្ញាតឱ្យអ្នកចូលរួមប្រើប្រាស់ទំព័រព័ត៌មានទិន្នន័យ និងគេហទំព័ររបស់អូឌីស៊ីដោយស្វែងរកគម្រោងវិនិយោគបរទេសណាមួយដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់គោលដៅនៃគម្រោង សហគមន៍ ឬខេត្តរបស់ពួកគេ។ បន្ទាប់មក អ្នកចូលរួមត្រូវបានស្នើសុំឱ្យផ្តល់មតិលើបទពិសោធន៍ និងការចាប់អារម្មណ៍របស់ពួកគេបន្ទាប់ពីបានប្រើប្រាស់ទំព័រព័ត៌មានទិន្នន័យ និងគេហទំព័ររបស់អូឌីស៊ី ដែលជាផ្នែកចុងក្រោយនៃការពិភាក្សាជាក្រុម។ បន្ថែមលើមតិត្រលប់ជាវិជ្ជមានភាគច្រើនពីអ្នកចូលរួម ក្រុមការងារអូឌីស៊ីក៏ប្រមូលបានផងដែរនូវធាតុចូលជាច្រើនដែលមានប្រយោជន៍សម្រាប់ការកែលម្អសំណុំទិន្នន័យរបស់ខ្លួនឱ្យកាន់តែប្រសើរ។
សិក្ខាសាលាត្រូវបានបញ្ចប់ដោយសុន្ទរកថាបិទពី លោកស្រី ស៊ីវ វឌ្ឍនា ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រនៃអូឌីស៊ី ។ ធាតុចូលពីសិក្ខាសាលាពិតជាមានសារៈសំខាន់សម្រាប់អូឌីស៊ីក្នុងការពង្រឹងទំព័រព័ត៌មានទិន្នន័យ និងទិន្នន័យ ដែលមានបច្ចុប្បន្នភាព ងាយស្រួល និងអាចទុកចិត្តបាន។ លោកស្រីសង្ឃឹមថា ទិន្នន័យបើកទូលាយអំពីគម្រោងវិនិយោគបរទេសដែលអូឌីស៊ីបាននិងកំពុងប្រមូលនេះនឹងរួមចំណែកដល់កិច្ចការស្រាវជ្រាវ ការយល់ដឹង និងការចូលរួមជាសាធារណៈរបស់សហគមន៍មូលដ្ឋាន និងជំរុញការសម្រេចចិត្តរបស់អ្នកធ្វើគោលនយោបាយផ្អែកលើភស្តុតាង។ លោកស្រីបានបញ្ចប់សុន្ទរកថា និងសិក្ខាសាលាដោយសង្កត់ធ្ងន់ថា “អូឌីស៊ីនឹងប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួន សហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តជំរុញការជជែកពិភាក្សាប្រកបដោយស្ថាបនាជុំវិញប្រធានបទនេះ និងចែករំលែកនូវព័ត៌មាន និងទិន្នន័យរវាងគ្នា ដើម្បីការទទួលបានព័ត៌មានអំពីការវិនិយោគបរទេសនៅកម្ពុជាកាន់តែប្រសើរឡើង។”