កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖
- បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ
- បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ
- ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន
- លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។
បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។