វគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យ៖ វគ្គបណ្ដុះបណ្ដាលមួយនៅក្នុងខែសីហាសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានប្រព្រឹត្តិទៅដោយជោគជ័យ

ចាប់ពី​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ដល់​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ បាន​បន្តការងារ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​គម្រោងការ​ឆ្នៃ​ប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​រយៈពេល​ ៤​ ថ្ងៃ​ ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ ឌី​ ខេ​ (Diakonia​ Center)​ ហើយ​មាន​អ្នកចូលរួម​ចំនួន​ ១៣​ នាក់​ដែល​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​នានា​។​

យោង​ទៅ​តាម​វគ្គ​បណ្ដុះបណ្ដាល​អក្ខរកម្ម​ទិន្នន័យ​ក្នុង​ខែឧសភា​របស់​អង្គការ​ ODC​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ហ្វឹកហាត់​សមាជិក​នៃ​អង្គការ​ដែល​កំពុង​បំពេញការងារ​ដែល​ទាក់ទង​និង​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​មូលដ្ឋាន​។​ ក្រុមការងារ​អង្គការ​ ODC​ ដោយ​សហ​ការណ៍​ជាមួយ​អង្គការ​ Internews​ ដែល​ជា​ដែ​គូរ​ក្នុង​គម្រោង​ ISAC​ បាន​ប្រើប្រាស់​កម្មវិធី​សិក្សា​ដែល​បាន​ធ្វើការ​សម្រួល​អោយ​ស្រួល​យល់​ ហើយ​ប្រើ​ទិន្នន័យ​ដែល​ទាក់ទង​នឹង​ការ​អប់រំ​នៅ​កម្ពុជា​យល​ទៅ​ធ្វើ​ជា​ឧទាហរណ៍​។​

​អ្នកចូលរួម​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​កម្រិត​ជំនាញ​ តួនាទី​ ក៏​ដូច​ជា​ផ្អែក​លើ​ចំណាប់អារម្មណ៍​របស់​ពួក​គេ​។​

គោលដៅ​នៃ​វគ្គ​សិក្សា​នេះ​គឺ​ដើម្បី​បង្កើត​អោយ​មាននូវ​ជំនាញ​ជា​មូលដ្ឋាន​ ធ្វើ​យ៉ាងណា​អោយ​យល់​ និង​អាច​ធ្វើការ​ជាមួយ​ទិន្នន័យ​បាន​ ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​ធ្វើ​របាយការណ៍​ និង​មតិ​កែ​លម្អ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​ ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សកម្មភាព​ និង​យន្តការ​គណនេយ្យ​ភាព​សង្គម​។​ អ្នកចូលរួម​មួយ​ចំនួន​មក​ពី​ខេត្ត​ត្រូវ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ធ្វើ​ដំណើរ​មក​ចូលរួម​។​

​លោក​ វង្ស​ ពិសិដ្ឋ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​
(GIS)​ ដែល​មក​ពី​អង្គការ​ ODC​ បាន​ដឹកនាំ​វគ្គ​បណ្តុះបណ្តាល​ទាំងមូល​ ហើយ​បាន​ចាប់ផ្តើម​ថ្ងៃ​ដំបូង​ដោយ​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​ទៅ​តាម​ម៉ូឌុល​នៃ​វគ្គ​បណ្តុះបណ្តាល​ទាំងមូល​ដែល​សិក្ខាកាម​នឹង​ត្រូវ​ឆ្លងកាត់​។​ របៀបវារៈ​នៃ​ថ្ងៃ​ទី​១​ គឺ​និយាយ​អំពី​គោលការណ៍​មូលដ្ឋាន​នៃ​ “​ការ​យល់​ដឹង​អំពី​ទិន្នន័យ​”​ ។​ លោក​ ឡុ​ច​ កល្យាណ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ពត៍​មាន​ភូមិសាស្ត្រ​នៃ​អង្គការ​ ODC​ ក៏​បាន​ចែករំលែក​មេរៀន​លម្អិត​ស្តី​ពី​ “​ការ​ស្វែងរក​ទិន្នន័យ​”​ ដោយ​បាន​លើក​ឡើង​ពី​ការ​ប្រើប្រាស់​ឧបករណ៍​គន្លឹះ​ និង​ប្រភព​សំខាន់ៗ​សម្រាប់​អ្នក​ប្រើប្រាស់​ដំបូង​។​

​នៅ​ក្នុង​ថ្ងៃ​ទី​២​ អង្គការ​ ODC​ បាន​ផ្តល់​កុំព្យូទ័រ​បន្ថែម​មួយ​ចំនួន​សម្រាប់​អោយ​អ្នកចូលរួម​ប្រើប្រាស់​។​ លោក​ ពិសិដ្ឋ​ បាន​ណែនាំ​ម៉ូឌុល​ស្តី​ពី​ “​ការ​ប្រមូល​ទិន្នន័យ​”​ ហើយ​ពន្យល់​បកស្រាយ​អំពី​ដំណើរការ​នៃ​ការ​ប្រមូល​ទិន្នន័យ​។​ លោក​ កល្យាណ​ ក៏​បាន​លើក​ឡើង​ពី​ដំណើរការ​នៃ​ការ​ប្រមូល​ទិន្នន័យ​ និង​ “​ការ​សំអាត​”​ទិន្នន័យ​ ដោយ​ប្រើ​ឧបករណ៍​ដូច​ជា​ Excel​ និង​ Google​ Sheets​ ។​

​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ ៣​ គឺ​បាន​ផ្តោត​សំខាន់​លើ​ “​ការ​វិភាគ​ទិន្នន័យ​”​ ដោយ​ លោក​ ពិសិដ្ឋ​ ដែល​បាន​និយាយ​អំពី​របៀប​ “​សម្រួល​ទិន្នន័យ​”​ និង​ឆ្លុះ​បញ្ចាំង​ពន្យល់​ពី​របៀប​កែសម្រួល​ លេខ​ និង​ព័ត៌មាន​លម្អិត​។​ លោក​ ង៉ូ​វ​ ជី​ហ័​រ​ ដែល​ជា​អ្នកគ្រប់គ្រង​គម្រោង​ ICT​ Camp​ របស់​អង្គការ​ ODC​ បាន​រៀបចំ​មេរៀន​បន្ថែម​ទៀត​ដោយ​ធ្វើ​បទ​បង្ហាញ​អំពី​ “​ការ​រៀបចំ​រឿង​រាវ​នៃ​ទិន្នន័យ​”​ ហើយ​របៀប​បង្កើត​សាច់​រឿង​ដ៏​សាមញ្ញ​ចេញពី​ទិន្នន័យ​។​

​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​ធ្វើការ​ប្រើប្រាស់​ចំណេះដឹង​ដែល​ទើបតែ​រៀន​ថ្មី​របស់​ពួក​គេ​ ក្នុង​ការ​ធ្វើការ​ជា​ក្រុម​ដើម្បី​បង្កើត​សាច់​រឿង​គំរូ​ដ៏​សាមញ្ញ​ ឬ​ “​សាច់​រឿង​នៃ​ទិន្នន័យ​”​ ។​ សកម្មភាព​ទាំងនោះ​គឺ​បាន​ធ្វើ​ស្ទើរតែ​ពេញ​មួយ​ព្រឹក​ និង​ពេល​រសៀល​ផង​ដែរ​។​ អ្នកចូលរួម​បាន​កំណត់​ចំណុច​សំខាន់ៗ​ពី​ទិន្នន័យ​ ហើយ​បាន​ធ្វើការ​ប្រមូលផ្តុំ​នូវ​ការ​បង្កើត​សាច់​រឿង​ដ៏​សាមញ្ញ​មួយ​ ដែល​ងាយស្រួល​យល់​ ដែល​មានការ​ជួយ​សម្របសម្រួល​ដោយ​សមាជិក​អង្គការ​ ODC​។​

​បន្ទាប់​ពី​ការ​សង្ខេប​សាច់​រឿង​ខ្លីៗ​រួច​ហើយ​ សមាជិក​អង្គការ​ ODC​ បាន​ពិនិត្យ​ឡើង​វិញ​នូវ​ចំណុច​សំខាន់ៗ​ និង​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​ទាំងអស់​ បើក​ចិត្ត​ទទួលយក​ការ​ប្រើប្រាស់​ចំណេះដឹង​ថ្មី​នេះ​នៅ​ក្នុង​ការងារ​គណនេយ្យ​ភាព​សង្គម​នា​ពេល​បច្ចុប្បន្ន​របស់​ពួក​គេ​។​