បង្កើនសមត្ថភាពយុវជនជនជាតិដើមភាគតិចលើការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន
ការទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីរាយការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីទស្សនៈរបស់យុវជនជនជាតិដើមភាគតិច
“វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំអាចប្រើវាដើម្បីផ្តល់អំណាចដល់សហគមន៍របស់ខ្ញុំ និងចែករំលែកជាមួយអ្នកដទៃអំពីសហគមន៍របស់យើង និងអ្វីដែលយើងកំពុងរស់នៅជាមួយ។”
លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ។ លោកមានស្រុកកំណើតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយគាត់រស់នៅទីនោះអស់រយៈពេល ២៧ឆ្នាំមកហើយ។ លោកមិនសូវមានចំណេះដឹងច្រើនក្នុងការសរសេររឿង ក៏ដូចជារូបថត និងការថតវីដេអូនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកតែងតែចង់ចែករំលែកជីវិតប្រចាំថ្ងៃក្នុងនាមជាយុវជនជនជាតិដើមភាគតិច ជីវភាពរស់នៅ និងវប្បធម៌ ក៏ដូចជាបរិស្ថាននៅក្នុងសហគមន៍របស់លោកជាមួយមនុស្សផ្សេងទៀតតាមរយៈបណ្តាញសង្គម។
លោកមានឱកាសរៀនអ្វីដែលលោកចូលចិត្ត និងរង់ចាំ នៅពេលដែលលោកបានដឹងពីវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ដែលរៀបចំឡើងដោយអង្គការអភិរក្សភាសាជនជាតិដើមភាគតិច (CIPL) ដែលសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលដែលមានបំណងកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិច អំពីរបៀបប្រើប្រាស់ទូរស័ព្ទក្នុងការរាយការណ៍អំពីការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការសរសេររឿងខ្លីៗ និងការប្រើប្រាស់រូបថតជាយន្តការផ្អែកលើភស្តុតាង នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលនេះទាមទារឱ្យលោកខិតខំប្រឹងប្រែង និងចំណាយពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងជំនាញរបស់លោក។
ការប្តេជ្ញាចិត្តរបស់លោកក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់លោកបានបំផុសគំនិតឱ្យលោកតស៊ូឆ្លងកាត់ឧបសគ្គទាំងនេះ។ បច្ចុប្បន្នលោកអាចសរសេររឿង និងកែសម្រួលវីដេអូ ដើម្បីចែករំលែកនៅលើបណ្តាញសង្គម។ លោកមានអរគុណយ៉ាងខ្លាំងចំពោះអ្នករៀបចំដែលផ្តល់ឱកាសឱ្យលោករៀនអ្វីដែលលោកតែងតែប្រាថ្នា។ លោកបានបង្ហោះវីដេអូផ្ទាល់ខ្លួនរបស់លោក “រៀនចប់វគ្គបណ្តុះបណ្តាលស្តីពីបរិស្ថាន ថតវីដេអូ កាត់តវីដេអូ ពីអង្គការ CIPL ខ្ញុំបានអនុវត្តបានខ្លះៗហើយ” ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃព្រៃឈើ បរិស្ថាន និងជីវភាពរស់នៅរបស់សហគមន៍របស់គាត់នៅលើបណ្តាញសង្គម។