វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សមាជិកចង្កោមអង្គការសង្គមស៊ីវិល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សមាជិកក្រុមគាំទ្រសង្គមស៊ីវិល និងបណ្តាញសមាជិករបស់ពួកគេ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមអំពីទិន្នន័យ ស្តង់ដារទិន្នន័យ និងទស្សនីយកម្មទិន្នន័យអន្តរកម្ម។ យើងក៏បង្រៀនសិក្ខាកាមទាំងអស់អំពីជំនាញទស្សនីយកម្មទិន្នន័យផងដែរ។ យើងរំពឹងថាជំនាញនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការធ្វើទស្សនីយកម្មទិន្នន័យរបស់ពួកគេនៅក្នុងការធ្វើរបាយការណ៍ផ្សេងៗ។
សិក្ខាកាមចំនួន ៣១នាក់ (ស្រី ១១នាក់) ដែលមកពីសមាគមអាដហុក អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សមាជិកអេកូយុវទូត អង្គការ Epic Arts អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការ SVC មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក្រុមក្តីស្រលាញ់គឺចម្រុះ និងបណ្តាញសមាជិកមួយផ្សេងទៀត បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
លោក វង្ស ពិសិទ្ធ ជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងជាអ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលដោយការណែនាំអំពីគំនិតទូទៅ និងទិដ្ឋភាពទូទៅនៃចំណេះដឹងអំពីទិន្នន័យ និងសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួម។ លោកក៏បានស្នើឱ្យអ្នកចូលរួមទាំងអស់ធ្វើតេស្តវាស់ស្ទង់សមត្ថភាពមុនវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃសមត្ថភាពរបស់ពួកគេផងដែរ។
បន្ទាប់មក លោកបានចាប់ផ្តើមមេរៀនជាមួយនឹងប្រធានបទ “ការយល់ដឹងអំពីទិន្នន័យ” ដើម្បីធានាថាសិក្ខាកាមយល់ថាអ្វីជាទិន្នន័យ ប្រភេទផ្សេងគ្នានៃទិន្នន័យ (ទិន្នន័យគុណវិស័យ និងបរិមាណវិស័យ) និងទម្រង់ទិន្នន័យ។ បន្ទាប់មកសិក្ខាកាមត្រូវបានណែនាំអំពីស្តង់ដារទិន្នន័យ៖ ស្វែងយល់អំពីទម្រង់ទិន្នន័យ និងស្តង់ដារទិន្នន័យតារាង។
គោលការណ៍ទស្សនីយកម្មទិន្នន័យ៖ របៀបជ្រើសរើសប្រភេទគំនូសតាងត្រឹមត្រូវសម្រាប់ការបង្ហាញទិន្នន័យ ត្រូវបានសង្កត់ធ្ងន់។ ផ្នែកនេះបានសង្ងត់លើ មូលហេតុដែលយើងត្រូវការទស្សនីយកម្មទិន្នន័យ អ្វីជាទស្សនីយកម្មទិន្នន័យ របៀបជ្រើសរើសប្រភេទគំនូសតាងត្រឹមត្រូវ និងអ្វីដែលត្រូវពិចារណានៅពេលធ្វើទស្សនីយកម្មទិន្នន័យ។ ជាចុងក្រោយ សិក្ខាកាមតម្រូវឱ្យធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល និងការវាយតម្លៃដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោង Learning Platform (LP) ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិដែលជាផ្នែកមួយនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។