ការជំរុញអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា៖ ចំណុចសំខាន់ៗពី វេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) ២០២៣
ក្រុមការងារអូឌីស៊ីមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកព័ត៌មានសំខាន់ៗពី វេទិកាអភិបាលកិច្ចអ៊ិនធឺណិត (IGF) ២០២៣ ដែលមានការចូលរួមពីសមាជិកក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងសមាជិកគណៈកម្មាធិការប្រឹក្សានៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត យុវជនកម្ពុជាឆ្នាំ២០២៣។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។
ប្រធានបទនៅឆ្នាំនេះគឺ “អ៊ិនធឺណិតដែលយើងចង់បាន - ការលើកកម្ពស់ដល់ប្រជាពលរដ្ឋ” ដោយមានអ្នកចូលរួមជាង ៨,០០០ នាក់មកពីជាង ១៧០ប្រទេស បានចូលរួមព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះ។ មូលបទរងសំខាន់ៗរួមមាន និរន្តរភាពនិងបរិស្ថាន បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មី ការជៀសវាងការបែកខ្ញែកនៃអ៊ីនធឺណិត សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងសុវត្ថិភាពលើប្រព័ន្ធអនទ្បាញ អភិបាលកិច្ចទិន្នន័យនិង ជំនឿទុកចិត្ត ការបែងចែកនិងបរិយាប័ន្ននៃឌីជីថល អភិបាលកិច្ចឌីជីថលសកលនិងកិច្ចសហប្រតិបត្តិការ និងសិទ្ធិមនុស្សនិងសេរីភាព។
នាយកប្រតិបត្តិរបស់ អូឌីស៊ី លោក ធី ទ្រី បានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាសំខាន់ៗនៅ អភិបាលកិច្ចអ៊ីនធឺណិត ២០២៣ ដោយសហការជាមួយសមាជិកក្រុមប្រឹក្សាភិបាលអូឌីស៊ី ដៃគូ សមាជិកសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗផ្សេងៗ។ ការពិភាក្សាទាំងនេះលើកឡើងបញ្ហាសំខាន់ៗ ដូចជា រដ្ឋាភិបាលឌីជីថល អភិបាលកិច្ចអ៊ីនធឺណិត និងទិន្នន័យបើកទូលាយ ដើម្បីកំណត់អនាគតនៃអភិបាលកិច្ចអ៊ីនធឺណិត និងផលប៉ះពាល់របស់វាមកលើប្រទេសកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពទាំងនេះ ក្រុមការងាររបស់ អូឌីស៊ី មានសេចក្តីសោមនស្ស រីករាយ ក្នុងការចែករំលែកវឌ្ឍនភាពនិងសមិទ្ធផលដែលកើតចេញពីការពិភាក្សាទាំងនេះដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូស្របពេលដែលយើងឈានទៅឆ្នាំ២០២៤។ លទ្ធផលសំខាន់ៗនៃកិច្ចពិភាក្សាទាំងនេះ រួមមានផែនការរៀបចំព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជានាឆ្នាំខាងមុខ៖ វេទិកាអភិបាលកិច្ចអ៊ិនធឺណិតសម្រាប់យុវជន (YIGF) ២០២៤ បន្ទាប់ពីភាពជោគជ័យនៃ វេទិកាអភិបាលកិច្ចអ៊ិនធឺណិតសម្រាប់យុវជន ២០២៣ ដែលជាព្រឹត្តិការណ៍មួយបង្កើតឡើងដើម្បីលើកកម្ពស់ និងជំរុញយុវជនអោយចូលរួមក្នុងកិច្ចពិភាក្សាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត។ លើសពីនេះទៀត អូឌីស៊ីកំពុងដំណើរការផែនការដើម្បីធ្វើជាសហម្ចាស់ផ្ទះ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិនៅឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជំរុញការពិភាក្សាអំពីអភិបាលកិច្ចអ៊ីនធឺណិតថ្នាក់ជាតិ។
បន្ទាប់ពីកិច្ចពិភាក្សារវាង អូឌីស៊ី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និង បុគ្គលប្រចាំប្រទេសកម្ពុជារបស់ UNDESA នៅថ្ងៃទី ១០ ខែតុលា មានការឯកភាពគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះវេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិនៅកម្ពុជាមុនខែមិថុនា ឆ្នាំ ២០២៤។ នេះជាជំហានសំខាន់មួយសម្រាប់ការជំរុញអភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់។
បច្ចុប្បន្ន អូឌីស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដៃគូអភិវឌ្ឍន៍ក្នុងស្រុកនៅប្រទេសកម្ពុជា ដើម្បីបញ្ចប់លក្ខខណ្ឌយោង (TOR) សម្រាប់ ក្រុមពហុភាគីដែលធ្វើការលើ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិនៅកម្ពុជា។ បច្ចុប្បន្ន លក្ខខណ្ឌយោង កំពុងស្ថិតក្រោមការត្រួតពិនិត្យពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នៅពេលដែលឯកសារណែនាំ នេះសម្រេចរួចរាល់ ក្រុមការងារពហុភាគីសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិនឹងត្រូវបានបង្កើត និងត្រួសត្រាយផ្លូវសម្រាប់វេទិកាដ៏សំខាន់នេះ។
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិកម្ពុជា ២០២៤ នឹងបង្កើតឡើងលើការពិភាក្សាដែលតំណាង អូឌីស៊ី និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមតាំងពី វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ២០២២ នៅប្រទេសអេត្យូពី។
ក្រុមការងារអូឌីស៊ី មានការសាទរចំពោះវឌ្ឍនភាពដែលសម្រេចបាននៅ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ២០២៣ ហើយរំពឹងយ៉ាងអន្ទះសារនូវគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍នានាដែលគ្រោងសម្រាប់ឆ្នាំ ២០២៤។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអភិបាលកិច្ចអ៊ីនធឺណិត ទិន្នន័យបើកទូលាយ និងរដ្ឋាភិបាលឌីជីថលនៅក្នុងប្រទេសកម្ពុជា និងលើសពីនេះ។
សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតលើការវិវឌ្ឍដ៏គួរឱ្យរំភើបទាំងនេះ ហើយសូមអរគុណដល់សហគមន៍របស់ អូឌីស៊ី សម្រាប់ការគាំទ្រនូវបេសកកម្មរបស់យើង ក្នុងការលើកកម្ពស់ពិភពឌីជីថលដែលបើកទូលាយ មានភាពតភ្ជាប់ និងផ្តល់ព័ត៌មាន។