ការ​ជំរុញ​អភិបាលកិច្ច​អ៊ីនធឺណិត​នៅ​កម្ពុជា​៖​ ចំណុច​សំខាន់ៗ​ពី​ វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ (IGF)​ ២០២៣

ក្រុមការងារ​អូ​ឌី​ស៊ី​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​សំខាន់ៗ​ពី​ វេទិកា​អភិបាលកិច្ច​អ៊ិ​ន​ធឺ​ណិ​ត​ (IGF)​ ២០២៣​ ដែល​មានការ​ចូលរួម​ពី​សមាជិក​ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​សមាជិក​គណៈកម្មាធិការ​ប្រឹក្សា​នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ យុវជន​កម្ពុជា​ឆ្នាំ​២០២៣​។​ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ក្យូ​តូ​ ក្នុង​ទីក្រុង​ក្យូ​តូ​ ប្រទេស​ជប៉ុន​ ចាប់ពី​ថ្ងៃ​ទី​ ៨​ ដល់​ថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ​ ២០២៣​។​

ប្រធានបទ​នៅ​ឆ្នាំ​នេះ​គឺ​ “​អ៊ិ​ន​ធឺ​ណិ​ត​ដែល​យើង​ចង់បាន​ -​ ការ​លើកកម្ពស់​ដល់​ប្រជាពលរដ្ឋ​”​ ដោយ​មាន​អ្នកចូលរួម​ជាង​ ៨,០០០​ នាក់​មក​ពី​ជាង​ ១៧០​ប្រទេស​ បាន​ចូលរួម​ព្រឹត្តិការណ៍​រយៈពេល​ ៥​ ថ្ងៃនេះ​។​ មូលបទ​រង​សំខាន់ៗ​រួម​មាន​ និរន្តរភាព​និង​បរិស្ថាន​ បញ្ញា​សិប្បនិម្មិត​ (AI)​ និង​បច្ចេកវិទ្យា​ថ្មី​ ការ​ជៀសវាង​ការ​បែកខ្ញែក​នៃ​អ៊ីនធឺណិត​ សន្តិសុខ​សាយ​ប័​រ​ ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អន​ទ្បា​ញ​ អភិបាលកិច្ច​ទិន្នន័យ​និង​ ជំនឿ​ទុកចិត្ត​ ការ​បែងចែក​និង​បរិ​យា​ប័ន្ន​នៃ​ឌី​ជី​ថ​ល​ អភិបាលកិច្ច​ឌី​ជី​ថលស​កល​និង​កិច្ច​សហប្រតិបត្តិការ​ និង​សិទ្ធិ​មនុស្ស​និង​សេរីភាព​។​

នាយក​ប្រតិបត្តិ​របស់​ អូ​ឌី​ស៊ី​ លោក​ ធី​ ទ្រី​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ពិភាក្សា​សំខាន់ៗ​នៅ​ អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២៣​ ដោយ​សហការ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាភិបាល​អូ​ឌី​ស៊ី​ ដៃគូ​ សមាជិក​សង្គម​ស៊ី​វិល​ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ផ្សេងៗ​។​ ការ​ពិភាក្សា​ទាំងនេះ​លើក​ឡើង​បញ្ហា​សំខាន់ៗ​ ដូច​ជា​ រដ្ឋាភិបាល​ឌី​ជី​ថ​ល​ អភិបាលកិច្ច​អ៊ីនធឺណិត​ និង​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​កំណត់​អនាគត​នៃ​អភិបាលកិច្ច​អ៊ីនធឺណិត​ និង​ផល​ប៉ះពាល់​របស់​វា​មក​លើ​ប្រទេស​កម្ពុជា​។​

បន្ទាប់​ពី​កិច្ចប្រជុំ​ប្រកបដោយ​ប្រសិទ្ធភាព​ទាំងនេះ​ ក្រុមការងារ​របស់​ អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​ រីករាយ​ ក្នុង​ការ​ចែករំលែក​វឌ្ឍនភាព​និង​សមិទ្ធផល​ដែល​កើត​ចេញពី​ការ​ពិភាក្សា​ទាំងនេះ​ដោយ​សង្កត់ធ្ងន់​ លើ​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​ស្រប​ពេល​ដែល​យើង​ឈាន​ទៅ​ឆ្នាំ​២០២៤​។​ លទ្ធផល​សំខាន់ៗ​នៃ​កិច្ច​ពិភាក្សា​ទាំងនេះ​ រួម​មាន​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​ខាង​មុខ​៖​ វេទិកា​អភិបាលកិច្ច​អ៊ិ​ន​ធឺ​ណិ​ត​សម្រាប់​យុវជន​ (YIGF)​ ២០២៤​ បន្ទាប់​ពី​ភាព​ជោគជ័យ​នៃ​ វេទិកា​អភិបាលកិច្ច​អ៊ិ​ន​ធឺ​ណិ​ត​សម្រាប់​យុវជន​ ២០២៣​ ដែល​ជា​ព្រឹត្តិការណ៍​មួយ​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​ និង​ជំរុញ​យុវជន​អោយ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​អភិបាលកិច្ច​អ៊ីនធឺណិត​។​ លើស​ពី​នេះ​ទៀត​ អូ​ឌី​ស៊ី​កំពុង​ដំណើរការ​ផែនការ​ដើម្បី​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ជាតិ​នៅ​ឆ្នាំ​២០២៤​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ ជំរុញ​ការ​ពិភាក្សា​អំពី​អភិបាលកិច្ច​អ៊ីនធឺណិត​ថ្នាក់​ជាតិ​។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រវាង​ អូ​ឌី​ស៊ី​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (MPTC)​ និង​ បុគ្គល​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ UNDESA​ នៅ​ថ្ងៃ​ទី​ ១០​ ខែតុលា​ មានការ​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ជាតិ​នៅ​កម្ពុជា​មុន​ខែមិថុនា​ ឆ្នាំ​ ២០២៤​។​ នេះ​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​ការ​ជំរុញ​អភិបាលកិច្ច​អ៊ីនធឺណិត​ក្នុង​តំបន់​។​

​បច្ចុប្បន្ន​ អូ​ឌី​ស៊ី​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុងស្រុក​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បញ្ចប់​លក្ខខណ្ឌ​យោង​ (TOR)​ សម្រាប់​ ក្រុម​ពហុភាគី​ដែល​ធ្វើការ​លើ​ វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ជាតិ​នៅ​កម្ពុជា​។​ បច្ចុប្បន្ន​ លក្ខខណ្ឌ​យោង​ កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។​ នៅ​ពេល​ដែល​ឯកសារ​ណែនាំ​ នេះ​សម្រេច​រួចរាល់​ ក្រុមការងារ​ពហុភាគី​សម្រាប់​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ជាតិ​នឹង​ត្រូវ​បាន​បង្កើត​ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វេទិកា​ដ៏​សំខាន់​នេះ​។​

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ជាតិ​កម្ពុជា​ ២០២៤​ នឹង​បង្កើត​ឡើង​លើ​ការ​ពិភាក្សា​ដែល​តំណាង​ អូ​ឌី​ស៊ី​ និង​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចាប់ផ្តើម​តាំងពី​ វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២២​ នៅ​ប្រទេស​អេ​ត្យូ​ពី​។​

​ក្រុមការងារ​អូ​ឌី​ស៊ី​ មានការ​សាទរ​ចំពោះ​វឌ្ឍនភាព​ដែល​សម្រេច​បាន​នៅ​ វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២៣​ ហើយ​រំពឹង​យ៉ាង​អន្ទះសារ​នូវ​គំនិត​ផ្តួចផ្តើម​ និង​ព្រឹត្តិការណ៍​នានា​ដែល​គ្រោង​សម្រាប់​ឆ្នាំ​ ២០២៤​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អភិបាលកិច្ច​អ៊ីនធឺណិត​ ទិន្នន័យ​បើក​ទូលាយ​ និង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​លើស​ពី​នេះ​។​

​សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​លើ​កា​រវិ​វ​ឌ្ឍ​ដ៏​គួរ​ឱ្យ​រំភើប​ទាំងនេះ​ ហើយ​សូម​អរគុណ​ដល់​សហគមន៍​របស់​ អូ​ឌី​ស៊ី​ សម្រាប់​ការ​គាំទ្រ​នូវ​បេសកកម្ម​របស់​យើង​ ក្នុង​ការ​លើកកម្ពស់​ពិភព​ឌី​ជី​ថ​ល​ដែល​បើក​ទូលាយ​ មាន​ភាព​ត​ភ្ជាប់​ និង​ផ្តល់​ព័ត៌មាន​។​