លើកកម្ពស់ការយល់ដឹងរបស់សហគមន៍លើដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលបណ្តុះបណ្តាលមួយស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រោមគម្រោង “ការលើកកម្ពស់អភិបាលកិច្ចគ្រប់គ្រងធនធានធម្មជាតិតាមរយៈវិធីសាស្ត្រដែលជំរុញដោយទិន្នន័យ” នៅខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានទាក់ទងនឹងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជំរុញការសម្រេចចិត្តផ្អែកលើទិន្នន័យនិងព័ត៌មាន និងការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចបរិស្ថាន។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៦០ នាក់ រួមមានតំណាងពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍។ ទោះបីជាមានការបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក៏ដោយ សិក្ខាសាលាបណ្តុះបណ្តាលនេះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់សហគមន៍នៅក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានផងដែរ។
សុន្ទរកថាស្វាគមន៍ដោយលោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី
លោក ធី ទ្រី បានបើកកម្មវិធីដោយលើកឡើងពីភាពប្រទាក់ក្រឡាគ្នារវាងសិក្ខាសាលានេះជាមួយនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលកំណត់អំពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍។ លោកបានលើកឡើងពីតួនាទីសំខាន់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តអ្នកចូលរួមទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា សួរសំណួរដើម្បីបង្កើនការយល់ដឹង និងបង្ហាញក្តីបារម្ភ។ លោកក៏បានណែនាំផងដែរអំពីព័ត៌មានទិន្នន័យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវិនិយោគបរទេសនៅប្រទេសកម្ពុជា នៅលើគេហទំព័ររបស់អូឌីស៊ី ដែលរំពឹងថានឹងបង្កើនការចូលប្រើប្រាស់ទិន្នន័យសាធារណៈ។
សុន្ទរកថាបើកដោយលោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី
លោក ងិន សុវិមាន បានសម្តែងការកោតសរសើរចំពោះអ្នកចូលរួម និងអ្នករៀបចំ ជាពិសេសបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អង្គការអូឌីស៊ី និងអង្គការភូមិខ្ញុំ ដែលបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះឡើង។ លោកបានលើកឡើងពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់ខេត្តមណ្ឌលគិរី លើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ដោយយកចិត្តទុកដាក់លើកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោក សុវិមាន បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ខេត្តមណ្ឌលគិរីក្នុងការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនិងព័ត៌មាន។
បទបង្ហាញលម្អិតអំពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្របខ័ណ្ឌច្បាប់ ដោយលោក ជា ឡេង
លោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ។ លោកបានសម្របសម្រួលកិច្ចពិភាក្សា ដែលលើកទឹកចិត្តអ្នកចូលរួមក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ពួកគេទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ កិច្ចពិភាក្សាបានបង្ហាញពីកម្រិតនៃការយល់ដឹងផ្សេងៗគ្នារបស់អ្នកចូលរួមអំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ អ្នកចូលរួមមួយចំនួនទទួលបានព័ត៌មាន និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ខណៈអ្នកចូលរួមមួយចំនួនទៀតមិនបានទទួលព័ត៌មាន។ កិច្ចពិភាក្សានេះបានបង្ហាញពីតម្រូវការសម្រាប់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ និងការទំនាក់ទំនងកាន់តែប្រសើរឡើងទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាពិសេសនៅក្នុងសហគមន៍មូលដ្ឋាន។
វគ្គសំណួរ និងចម្លើយបានផ្តល់នូវការយល់ដឹងអំពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ អ្នកចូលរួមបានលើកឡើងពីក្តីបារម្ភអំពីគម្រោង និងហេតុប៉ះពាល់របស់គម្រោងទាំងនោះលើសហគមន៍មូលដ្ឋាន។ លោក ជា ឡេង បានបញ្ជាក់ថា សហគមន៍មានសិទ្ធិលើកឡើងពីកិច្ចបារម្ភ និងបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមជាសាធារណៈក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ លោកក៏បានលើកឡើងពីការយល់ច្រលំអំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាការពន្យារពេលនៃការអភិវឌ្ឍ ដោយពន្យល់ពីគោលបំណងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងអភិវឌ្ឍន៍។
បញ្ហាប្រឈមសំខាន់ៗ និងការចូលរួមរបស់សហគមន៍
អ្នកចូលរួមបានលើកពីតម្រូវការសម្រាប់ការទទួលបានការទំនាក់ទំនងច្បាស់លាស់ និងទាន់ពេលវេលាអំពីគម្រោងអភិវឌ្ឍន៍។ ពួកគាត់បានលើកឡើងពីបញ្ហាប្រឈមរបស់សហគមន៍ រួមទាំងការទទួលបានព័ត៌មានមិនពេញលេញ ការលំបាកក្នុងការចរចាសំណងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ ការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិត និងឧបសគ្គភាសា។ ពួកគាត់បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវសេវាអ៊ីនធឺណិត ធានាថាព័ត៌មានមានជាភាសាក្នុងស្រុក ផ្តល់ការជូនដំណឹងដល់កិច្ចប្រជុំទាន់ពេលវេលា និងស្នើសុំឯកសារបន្ថែមទៀតពីម្ចាស់គម្រោង។ ការដោះស្រាយឧបសគ្គទាំងនេះអាចពង្រីកលំហូរព័ត៌មាន និងការចូលរួមរបស់សហគមន៍ និងជួយសម្រួលដល់ការសម្រេចចិត្ត និងកាត់បន្ថយជម្លោះកាន់តែប្រសើរឡើង។
បទបង្ហាញពីទំព័រព័ត៌មានទិន្នន័យការវិនិយោគនៅប្រទេសកម្ពុជា និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយលោក បាន ច័ន្ទផល្លា
លោក បាន ច័ន្ទផល្លា បានលើកឡើងពីតួនាទីរបស់អូឌីស៊ី ក្នុងការលើកកម្ពស់តម្លាភាព និងពង្រីកវិសាលភាពក្នុងការទទួលបានទិន្នន័យទាក់ទងនឹងការអភិវឌ្ឍតាមរយៈទំព័រព័ត៌មានទិន្នន័យការវិនិយោគបរទេសនៅប្រទេសកម្ពុជា និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ទំព័រនេះមានព័ត៌មានសំខាន់ៗអំពីគម្រោងវិនិយោគបរទេស និងរបាយការណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលអាចបង្កើនការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងអភិបាលកិច្ចបរិស្ថាន។
សុន្ទរកថាបិទដោយលោក លន់ ពេជ្រដារ៉ា នាយកប្រតិបត្តិនៃអង្គការភូមិខ្ញុំ
លោក លន់ ពេជ្រដារ៉ា បានបិទសិក្ខាសាលាបណ្តុះបណ្តាលដោយថ្លែងអំណរគុណដល់អ្នកចូលរួម និងដៃគូទាំងអស់។ លោកបានលើកឡើងពីសារៈសំខាន់នៃការចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងតម្រូវការសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែម និងការគាំទ្រសម្រាប់សហគមន៍មូលដ្ឋាន។ លោក ដារ៉ា បានទទួលស្គាល់ពីសារៈសំខាន់នៃសិក្ខាសាលាក្នុងការផ្សព្វផ្សាយព័ត៌មានសំខាន់ៗ និងជំរុញកិច្ចសហការពីភាគីពាក់ព័ន្ធ។