​ការ​ពង្រឹង​សហគមន៍​នេសាទ​តាម​រយៈ​អក្ខរកម្ម​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​៣​ និង​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​ស្តី​ពី​ អក្ខរ​កម្ម​​ទិន្នន័យ​សម្រាប់​សមាជិក​សហគមន៍​នេសាទ​នៅ​ខេត្តកំពត​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២០​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​១០​នាក់​មក​ពី​សមាជិក​សហគមន៍​នេសាទ​ក្នុង​ខេត្តកំពត​ និង​ខេត្ត​កែប​។​ គោលដៅ​ចម្បង​នៃ​វគ្គ​បណ្តុះបណ្តាល​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​ក្នុង​ការ​យល់​ដឹង​ និង​ប្រើប្រាស់​ទិន្នន័យ​ទាក់ទង​នឹង​សហគមន៍​របស់​ពួក​គេ​ និង​ណែនាំ​ពួក​គេ​អំពី​ឧបករណ៍​ឌី​ជី​ថ​ល​ដែល​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​ និង​អភិវឌ្ឍន៍​សហគមន៍​។​

វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​ផ្នែក​សំខាន់ៗ​៖​ ចំណេះដឹង​មូលដ្ឋាន​អំពី​ទិន្នន័យ​ អន្តរ​កម្ម​ជាមួយ​ទិន្នន័យ​នៅ​លើ​វេ​ប​សាយ​អូ​ឌី​ស៊ី​ និង​ការ​គ្រប់គ្រង​ទិន្នន័យ​ផែនទី​ដោយ​ប្រើប្រាស់​កម្មវិធី​ Avenza​។​ នៅ​ក្នុង​វគ្គ​ទី​មួយ​ អ្នកចូលរួម​បាន​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​ដែល​ប្រមូល​បាន​តាម​រយៈ​សកម្មភាព​សហគមន៍​ប្រចាំ​ថ្ងៃ​។​ តាម​រយៈ​ការ​ពិភាក្សា​សាមញ្ញ​ និង​ឧទាហរណ៍​ដែល​ទាក់ទង​គ្នា​ អ្នកចូលរួម​បាន​រៀន​ពី​របៀប​ដែល​ព័ត៌មាន​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កែ​លម្អ​ផែនការអាជីវកម្ម​ គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការពារ​បរិស្ថាន​ក្នុង​តំបន់​របស់​ពួក​គេ​។​ នៅ​ពេល​ដែល​គ្រូ​បណ្តុះបណ្តាល​បាន​ពន្យល់​ពី​របៀប​ដែល​ទិន្នន័យ​ភ្ជាប់​ទៅ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ ការ​ចាប់​ត្រី​ ការ​ល្បាត​ក្នុង​សហគមន៍​ ឬ​សកម្មភាព​ខុសច្បាប់​ អ្នកចូលរួម​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ឧ​ទា​ហរ​ណ៌​បាន​ភ្លាមៗ​ និង​ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ផង​ដែរ​។​

វគ្គ​ទី​ពីរ​បាន​ណែនាំ​អ្នកចូលរួម​ទៅ​កាន់​វេ​ប​សាយ​របស់​អូ​ឌី​ស៊ី​ និង​ណែនាំ​ពួក​គេ​អំពី​របៀប​ស្វែងរក​ ចូល​ប្រើប្រាស់​ និង​ធ្វើ​អន្តរ​កម្ម​ជាមួយ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ជលផល​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​។​ មនុស្ស​ជា​ច្រើន​បាន​ស្គាល់​រួច​មក​ហើយ​ជាមួយនឹង​រូបភាព​ដែល​មាន​មូលដ្ឋាន​លើ​គំនូសតាង​ ដែល​ជួយ​ពួក​គេ​ឱ្យ​យល់​ពី​របៀប​អាន​ និង​បកស្រាយ​ក្រា​ហ្វ​ និង​តារាង​ទិន្នន័យ​។​ ទោះបីជា​ដំបូង​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ទិន្នន័យ​ផ្អែក​លើ​ផែនទី​ពិបាក​យល់​ក៏​ដោយ​ បរិបទ​ក្នុង​តំបន់​បាន​ជួយ​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​ប្រធានបទ​ប្រកបដោយ​អត្ថន័យ​។​

នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​ អ្នកចូលរួម​បាន​រៀន​ពី​របៀប​ប្រើប្រាស់​កម្មវិធី​ Avenza​ Maps​ ដែល​ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​បង្កើត​ និង​គ្រប់គ្រង​ទិន្នន័យ​ផែនទី​ដោយ​គ្មាន​អ៊ីនធឺណិត​។​ ពួក​គេ​បាន​អនុវត្ត​ការ​បន្ថែម​ចំណុច​ផែនទី​ តាមដាន​ផ្លូវ​ល្បាត​ ភ្ជាប់​រូបថត​ និង​ទាញ​យក​ឯកសារ​ដើម្បី​ប្រើប្រាស់​នៅ​ពេល​ក្រោយ​។​ ខណៈ​ពេល​ដែល​នេះ​ជា​បច្ចេកវិទ្យា​ថ្មី​សម្រាប់​អ្នកចូលរួម​ជា​ច្រើន​ ហើយ​ពួក​គេ​អាច​ជួប​ឧបសគ្គ​ផ្នែក​ភាសា​ខ្លះ​ អ្នកចូលរួម​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ដឹង​ពី​របៀប​ដែល​កម្មវិធី​អាច​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ក្នុង​ការ​ល្បាត​ និង​ការពារ​សហគមន៍​របស់​ពួក​គេ​។​ អ្នកចូលរួម​ជា​ច្រើន​បាន​សម្តែង​ក្តី​រំភើប​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ដើម្បី​ចងក្រង​ឯកសារ​ការងារ​របស់​ពួក​គេ​ និង​ទំនាក់ទំនង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ដៃគូ​។​

ពេញ​មួយ​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​ចែករំលែក​យ៉ាង​សកម្ម​នូវ​មតិ​យោបល់​​ សួរ​សំណួរ​ និង​ភ្ជាប់​មេរៀន​ជាមួយនឹង​បទ​ពិសោធន៍​ជីវិត​ពិត​របស់​ពួក​គេ​។​ តាម​ត​រយៈ​ការ​សង្កេត​បាន​បង្ហាញ​ថា​ នៅ​ពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​ពន្យល់​ដោយ​​​ផ្សា​ភ្ជាប់​​​ទៅ​នឹង​សហគមន៍​របស់​ពួក​គេ​ អ្នក​ចូល​រួម​​​អាច​មើល​ឃើញ​​​ច្បាស់​ពី​តម្លៃ​របស់​ទិន្ន​ន័យ​​។​ វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ជំហាន​មួយទៀត​នៅ​ក្នុង​បេសកកម្ម​បន្ត​របស់​អូ​ឌី​ស៊ី​ ដើម្បី​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​ ជំនាញ​ឌី​ជី​ថ​ល​ និង​ការ​ពង្រឹង​សហគមន៍​។​

នៅ​ចុងបញ្ចប់​នៃវគ្គ​បណ្តុះ​បណ្តាល​​រយៈពេល​ពីរ​ថ្ងៃ​នេះ អ្នកចូលរួម​មាន​ទំនុកចិត្ត​ជាង​មុន​ក្នុង​ការ​​​ប្រើប្រាស់​ទិន្នន័យ​ និង​ឧបករណ៍​ផលិត​ផែនទី​ឌី​ជី​ថ​ល​ ដើម្បី​គាំទ្រ​ការងារ​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​។​ អូ​ឌី​ស៊ី​​នឹង​បន្តការងារ​នេះ​ និង​ពង្រីក​ឱកាស​បណ្តុះបណ្តាល​ដល់​សហគមន៍​បន្ថែម​ទៀត​នៅ​ក្នុង​គម្រោង​ SCAEG​។​