ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​៖​ ការ​ពង្រឹង​ការ​ធ្វើ​ផែនទី​ព្រៃឈើ​តាម​រយៈ​បច្ចេកវិទ្យា​ភូមិសាស្ត្រ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ជំនួប​បច្ចេក​ទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រោម​ការ​គាំទ្រ​ពី ​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស្សន៍​។​ ការ​ជួបជុំ​នេះ​បាន​បង្កើត​វេទិកា​សម្រាប់​ភាគី​ពាក់ព័ន្ធ​ និង​អ្នកបច្ចេកទេស​ ដើម្បី​ផ្លាស់​ប្តូរ​គំនិត​ និង​ស្វែង​យល់​ពី​វិធីសាស្ត្រ​និង​ឧបករណ៍​ភូមិសាស្ត្រ​ដែល​អាច​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​។​ ជំនួប​ប្រជុំ​នេះ​មាន​គោលបំណង​៖

  • លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​លើ​ឧបករណ៍​ធ្វើ​ផែនទី​ព្រៃឈើ​
  • ពង្រឹង​បណ្តាញ​បច្ចេកទេស​ក្នុង​ចំណោម​តួអង្គ​ក្នុងស្រុក​
  • លើកទឹកចិត្ត​ដល់​កិច្ចសហការ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​ការ​អភិរក្ស​ព្រៃឈើ

អ្នកចូលរួម​សរុប​ចំនួន​ ១៦​នាក់​ រួម​ទាំង​អ្នកជំនាញ​ អ្នក​ស្រាវជ្រាវ​ និស្សិត​ អង្គការ​សង្គម​ស៊ី​វិល​ និង​តំណាង​វិស័យ​ឯកជន​ បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​អំពី​របៀប​ដែល​បច្ចេកវិទ្យា​អាច​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​ក្នុង​ការ​ការពារ​ព្រៃឈើ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ស្វាគមន៍​អ្នកចូលរួម​ និង​បាន​ណែនាំ​កម្មវិធី​ធ្វើ​ផែនទី​ និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទិន្នន័យ​ព្រៃឈើ​ និង​កិច្ចសហការ​ឆ្លង​វិស័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​។​

បទ​បង្ហាញ​ទី​១៖​ តួនាទី​នៃ​បច្ចេកវិទ្យា​ភូមិសាស្ត្រ​ក្នុង​វិស័យ​ព្រៃឈើ​សម័យ​ទំនើប​

​វាគ្មិន​ទី​មួយ​ លោក​ ចាន់​ថង​ន៍​ បូ​រ៉ា​មី​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​នៃ​បច្ចេកវិទ្យា​ភូមិសាស្ត្រ​ក្នុង​វិស័យ​ព្រៃឈើ​សម័យ​ទំនើប​។​ លោក​ បូ​រ៉ា​មី​ បាន​ណែនាំ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ GIS​ សារពើ​ភ័​ណ្ឌ​ព្រៃឈើ​ និង​ការ​ធ្វើ​ផែនទី​ព្រៃឈើ​ ដោយ​ពន្យល់​ពី​របៀប​នៃ​បច្ចេកទេស​ភូមិសាស្ត្រ​ទំនើប​ដូច​ជា​៖

  • ការ​ត្រួតពិនិត្យ​ការ​ផ្លាស់​ប្តូរ​ព្រៃឈើ​
  • ​ការ​គ្រប់គ្រង​ផែនការ​ និង​ការ​ប្រើប្រាស់​ដីធ្លី​
  • ​ការ​គាំទ្រ​សហគមន៍​តាម​រយៈ​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​ជំរុញ​ដោយ​ទិន្នន័យ

លោក​ បូ​រ៉ា​មី​ បាន​បញ្ជាក់​ពី​វិធីសាស្ត្រ​បច្ចេកវិទ្យា​ចាប់​សញ្ញា​ពី​ចម្ងាយ​ដូច​ជា​រូបភាព​ផ្កាយ​រណប​ដែល​មានគុណ​ភាព​បង្ហាញ​ខ្ពស់​ និង​វេទិកា​ផែនទី​ឌី​ជី​ថ​ល​ ធ្វើ​ឱ្យ​វា​អាច​តាមដាន​ស្ថានភាព​ព្រៃឈើ​បាន​ឆាប់រហ័ស​។​

​ក្នុងអំឡុងពេល​វគ្គ​សំណួរ​ និង​ចម្លើយ​ អ្នកចូលរួម​បាន​សួរ​អំពី​ការ​អភិវឌ្ឍ​វេទិកា​ត្រួតពិនិត្យ​ការ​រំខាន​ព្រៃឈើ​។​ លោក​ បូ​រ៉ា​មី​ បាន​ពន្យល់​ថា​ វេទិកា​នេះ​ត្រូវ​បាន​រចនា​ឡើង​ជាមួយនឹង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​ជា​ចំបង​៖​ «​យើង​ចង់ឱ្យ​សហគមន៍​ទទួល​បាន​ព័ត៌មាន​ដែល​ពួក​គេ​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ ពួក​គាត់​រស់នៅ​ជិត​បំផុត​នឹង​ព្រៃឈើ​ ការ​ដែល​ផ្តល់​ឱ្យ​ពួក​គាត់​នូវ​ទិន្នន័យ​ដែល​មាន​តម្លាភាព​ ពួក​គាត់​អាច​ការពារ​ដី​របស់​ពួក​គាត់​បាន​កាន់តែ​ប្រសើរ​ និង​រួមចំណែក​ដល់​ភាព​ធន់​នឹង​អាកាសធាតុ​»​។​

បទ​បង្ហាញ​ទី​២៖​ វិធីសាស្ត្រ​បង្កើត​គម្រប​ព្រៃឈើ

​វាគ្មិន​ទី​ពីរ​ លោក​ ណៃ​ សុ​ន​សាក់​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​វិធីសាស្ត្រ​បង្កើត​គម្រប​ព្រៃឈើ​។​ លោក​ សុ​ន​សាក់​ បាន​ផ្តល់​ការ​ណែនាំ​បច្ចេកទេស​អំពី​វិធីសាស្ត្រ​សម្រាប់​បង្កើត​ផែនទី​គម្រប​ព្រៃឈើ​ ដោយ​ពិភាក្សា​អំពី​៖

  • ការ​ដំណើរការ​ទិន្នន័យ​ជា​មុន​
  • ការ​ចូល​ប្រើប្រាស់​ព័ត៌មាន​បច្ចុប្បន្នភាព​របស់​ផ្កាយ​រណប​
  • បច្ចេកទេស​ចាត់​ចំណាត់ថ្នាក់​
  • ការ​វាយតម្លៃ​ភាព​ត្រឹមត្រូវ​
  • ការ​រួម​បញ្ចូល​ទិន្នន័យ​ទីវាល​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​ចាប់​សញ្ញា​ពី​ចម្ងាយ​

លោក​បាន​សង្កត់ធ្ងន់​ថា​ «ប្រព័ន្ធ​ព័ត៌​មាន​ភូមិ​សាស្រ្ត (GIS)​ មិន​ត្រឹមតែ​ជា​ការ​ធ្វើ​ផែនទី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​បច្ចេកវិទ្យា​ដែល​អនុញ្ញាត​ឱ្យ​យើង​ចាប់​យក​ រក្សា​ទុក​ វិភាគ​ គ្រប់គ្រង​ និង​មើលឃើញ​ទិន្នន័យ​ភូមិសាស្ត្រ​ ឬ​លំហ​»​។​ លោក​បាន​សង្កត់ធ្ងន់​ថា​ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​យល់​ថា​ GIS​ មិនមែន​គ្រាន់តែ​ជា​ការ​បង្កើត​ផែនទី​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ វា​គឺជា​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ជួយ​អ្នក​ប្រើប្រាស់​បកស្រាយ​ទិន្នន័យ​ គាំទ្រ​ការ​ធ្វើការ​សម្រេចចិត្ត​ និង​យល់​កាន់តែ​ច្បាស់​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​កំពុង​កើតឡើង​នៅ​លើ​ដី​ ជា​ពិសេស​នៅ​ក្នុង​ទេសភាព​ព្រៃឈើ​។​

អ្នកចូលរួម​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​យ៉ាង​សកម្ម​ ដោយ​ស្វែង​យល់​ពី​វិធីសាស្ត្រ​ធ្វើ​ផែនទី​បែប​នេះ​អាច​គាំទ្រ​ដល់​ការ​ធ្វើ​ផែនការ​ និង​គោលនយោបាយ​អភិរក្ស​ ក៏​ដូច​ជា​ប្រព័ន្ធ​និយាម​កា​រដ្ឋាភិបាល​ថ្មី​ដែល​មានឈ្មោះ​ថា​ CGD23​ ដែល​ឥឡូវនេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​ដោយ​ការ​ឆ្លុះ​បញ្ចាំង​ពី​គ្នា​ រូបថត​ជា​ក្រុម​ និង​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ក្នុងអំឡុងពេល​អាហារ​ថ្ងៃត្រង់​។​ ដើម្បី​កែ​លម្អ​ការ​ជំនួប​បច្ចេកទេស​នា​ពេល​អនាគត​ អូ​ឌី​ស៊ី​បាន​ធ្វើការ​វាយតម្លៃ​ដើម្បី​ប្រមូល​មតិយោបល់​របស់​អ្នកចូលរួម​។​ ការ​ឆ្លើយ​តប​បាន​បង្ហាញ​ថា​ អ្នកចូលរួម​ពេញចិត្ត​នឹង​បទ​បង្ហាញ​ និង​មាន​អារម្មណ៍​ថា​ប្រធានបទ​នៃ​ជំនួប​បច្ចេកទេស​នេះ​ដូចនឹង​ការ​រំពឹង​ទុក​របស់​ពួក​គេ​។​ អ្នកចូលរួម​ជា​ច្រើន​បាន​សម្តែង​ការ​សាទរ​ចំពោះ​ជំនួប​បច្ចេកទេស​នា​ពេល​អនាគត​ ហើយ​បាន​និយាយ​ថា​ ពួក​គេ​រីករាយ​នឹង​ណែនាំ​ព្រឹត្តិការណ៍​នេះ​ដល់​មិត្ត​រួមការ​ងារ​ និង​មិត្តភក្តិ​។​

​អ្នកចូលរួម​ក៏​បាន​ចែករំលែក​ចំណាប់អារម្មណ៍​របស់​ពួក​គេ​លើ​ប្រធានបទ​នា​ពេល​អនាគត​ទាក់ទង​នឹង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ Remote​ sensing​ ការ​បើក​ទូលាយ​ទិន្នន័យ​ភូមិសាស្ត្រ​ និង​បរិស្ថាន​ ការ​វិភាគ​ព្រៃឈើ​ និង​ការ​ត្រួតពិនិត្យ​ព្រៃឈើ​។​

​អូ​ឌី​ស៊ី​មាន​គម្រោង​រៀបចំ​ការ​ជួបជុំ​ផែនទី​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខែធ្នូ​ ដោយ​បន្ត​ការ​ចូលរួម​របស់​យើង​ជាមួយ​អ្នកជំនាញ​ អ្នក​ស្រាវជ្រាវ​ និស្សិត​ អ្នកតំណាង​វិស័យ​ឯកជន​ និង​អ្នក​សារព័ត៌មាន​លើ​ការ​រក​ឃើញ​ និង​ការ​ត្រួតពិនិត្យ​ព្រៃឈើ​។​ អូ​ឌី​ស៊ី​នឹង​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​អញ្ជើញ​អ្នកចូលរួម​។​