អូ​ឌី​ស៊ី​ពង្រឹង​ជំនាញ​វិភាគ​របស់​ CMAA​ នៅ​ខេត្តបាត់ដំបង​

នៅ​ថ្ងៃ​ទី​២០-២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​កម្មវិធី​បណ្ដុះបណ្ដាល​វិភាគ​ទិន្នន័យ​កម្រិត​ខ្ពស់​រយៈពេល​ពីរ​ថ្ងៃ​សម្រាប់​អង្គភាព​ទិន្នន័យ​អាជ្ញាធរ​មីន​(CMAA)​។​ វគ្គ​បណ្ដុះបណ្ដាល​ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ក្លាស​ស៊ីក្នុង​ខេត្តបាត់ដំបង​ ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​ជំនួយ​ប្រជាជន​ន័​រវេ​ស្ស​ន៌​(NPA)​ និង​មាន​គោលបំណង​ពង្រឹង​ទាំង​ការ​យល់​ដឹង​អំពី​គោល​គំនិត​ និង​ជំនាញ​ជាក់ស្តែង​លើ​ឧបករណ៍​វិភាគ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​កំចាត់​មីន​។​

​កម្មវិធី​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ចំនួន​ ១៦​នាក់​ (​រួម​ទាំង​ស្ត្រី​ ៣​នាក់​)​ មក​ពី​ CMAA​ និង​ NPA​ ដោយ​ផ្តល់​ជូន​នូវ​ការ​បណ្តុះបណ្តាល​ ការ​ពិភាក្សា​ជា​ក្រុម​ និង​លំ​ហាត់​ជាក់ស្តែង​ក្នុង​ Excel,​ Power​ Query,​ GIS​ និង​បច្ចេកទេស​មូលដ្ឋាន​ Python​។

ថ្ងៃ​ទី​១​ នៃ​ការ​បណ្តុះបណ្តាល​៖​ ការ​យល់​ដឹង​ និង​ការ​រៀបចំ​ទិន្នន័យ

​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​សុន្ទរកថា​ស្វាគមន៍​ពី​លោក​ ជា​ ចិ​ត្រា​ (NPA)​ ដែល​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​ជំនាញ​ក្នុង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​គិត​វិភាគ​។​ លោក​បាន​កត់​សម្គាល់ថា​ អ្នកចូលរួម​មួយ​ចំនួន​ធ្វើការ​ជាមួយ​ឧបករណ៍​បច្ចេកទេស​ GIS​ រួច​ហើយ​ អ្នក​ផ្សេង​ទៀត​គឺជា​អ្នក​ថ្មី​នៅ​ក្នុង​វិស័យ​នេះ​ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បណ្តុះបណ្តាល​នេះ​រួម​បញ្ចូល​គ្រប់​កម្រិត​ជំនាញ​ទាំងអស់​។​ 

បន្ទាប់​មក​ លោក​ សំ​ អាន​ ម៉ា​ឌី​ បាន​ណែនាំ​អំពី​គោល​ការ​នៃ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​ណែនាំ​ខ្លួន​ពី​អ្នកចូលរួម​ និង​ការ​បង្កើត​ក្រុម​ Telegram​ សម្រាប់​ទំនាក់ទំនង​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ បន្ទាប់​ពី​ថតរូប​ជា​ក្រុម​ និង​ការ​ធ្វើតេស្ត​ជា​មុន​ខ្លី​មួយ​ ការ​បណ្តុះបណ្តាល​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​។​

មូលដ្ឋាន​គ្រឹះ​ទិន្នន័យ​ និង​បច្ចេកទេស​សម្អាត

គ្រូ​បណ្តុះបណ្តាល​បាន​ណែនាំ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​យល់​ដឹង​ និង​ការ​រៀបចំ​ទិន្នន័យ​ ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ Metadata​ និង​វចនានុក្រម​ទិន្នន័យ​ និង​ការ​សម្អាត​ទិន្នន័យ​មុន​ពេល​វិភាគ​។​ អ្នកចូលរួម​បាន​អនុវត្ត​ការ​សម្អាត​សំណុំ​ទិន្នន័យ​ដោយ​ប្រើ​មុខងារ​ Excel​ និង​ Power​ Query​ រួម​ទាំង​ការ​កាត់​ចន្លោះ​បន្ថែម​ ការ​លុប​ភាព​ស្ទួន​ និង​ការ​បង្កើត​ PivotTables​។​

សេចក្តី​ផ្តើម​អំពី​ទិន្នន័យ​ភូមិសាស្ត្រ​

អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ទិន្នន័យ​ភូមិសាស្ត្រ​ រួម​មាន​៖

  • ភាព​ខុស​គ្នា​រវាង​ទម្រង់​វ៉ិ​ច​ទ័​រ​ និង​Raster
  • របៀប​ដែល​ទិន្នន័យ​ភូមិសាស្ត្រ​តំណាង​ឱ្យ​លក្ខណៈ​ពិសេស​ក្នុង​ពិភព​ពិត​

ចំណេះដឹង​ជា​មូលដ្ឋាន​នេះ​ត្រូវ​បាន​រៀបចំ​ សម្រាប់​សកម្មភាព​ GIS​ កាន់តែ​ស៊ីជម្រៅ​។​

ការ​វិភាគ​ពិពណ៌នា​ និង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ក្នុង​ប្រព័ន្ធ​ព​ត៌​មាន​ភូមិសាស្ត្រ​ GIS

​ដោយ​ប្រើ​សំណុំ​ទិន្នន័យ​ភូមិសាស្ត្រ​ទាក់ទង​នឹង​វិស័យ​មីន​ អ្នកចូលរួម​បាន​ស្វែង​យល់​ពី​ស្ថិតិ​ពិពណ៌នា​ និង​Spatial​ pattern​ និង​បាន​អនុវត្តន៍​ទៅ​លើ​ការ​ធ្វើការ​ជាមួយ​និមិត្តសញ្ញា​ ការ​ធ្វើ​ទស្សនី​យ​កម្ម​បង្កើត​ផែនទី​ ដែល​កំណត់​ទីតាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​ ឬ​ងាយ​នឹង​មាន​គ្រោះថ្នាក់​។​ ​អ្នកចូលរួម​បាន​បង្ហាញ​ផែនទី​ និង​ការ​ធ្វើ​ទស្សនី​យ​កម្ម​របស់​ពួក​គេ​ ដោយ​ផ្តល់​នូវ​ការ​យល់​ដឹង​ និង​ការ​រៀនសូត្រ​ពី​វិធីសាស្ត្រ​វិភាគ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។​ វគ្គ​បណ្តុះបណ្តាល​ថ្ងៃ​ទី​១​ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ការ​ណែនាំ​អំពី​ការ​បង្កើត​ផែនទី​ដែល​មាន​ប្រសិទ្ធភាព​ និង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​មាន​អត្ថន័យ​។​

ថ្ងៃ​ទី​២​ នៃ​វគ្គ​បណ្តុះបណ្តាល​៖​ ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ការ​វិភាគ​

ថ្ងៃ​ទី​២​ បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ឆ្លុះ​បញ្ចាំង​លើ​ចំណុច​សំខាន់ៗ​ពី​ថ្ងៃ​ទី​១​។​ អ្នកចូលរួម​បាន​បន្លិច​ពី​ការ​រៀនសូត្រ​សំខាន់ៗ​ជា​ច្រើន​៖

ការ​រៀនសូត្រ​សំខាន់ៗ​ពី​ថ្ងៃ​ទី​១

  • ការ​រៀបចំ​ទិន្នន័យ​៖​ សារៈសំខាន់​នៃ​ការ​សម្អាត​ទិន្នន័យ​ រចនាសម្ព័ន្ធ​នៃ​ទិន្នន័យ​ និង​ការ​កត់ត្រា​ទិន្នន័យ​
  • គោល​គំនិត​ GIS៖​ ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ទិន្នន័យ​ Raster​ និង​ Vector
  • ការ​វិភាគ​ផែនទី​៖​ ការ​កំណត់​ចំណុច​សំខាន់ៗ​នៅ​លើ​ផែនទី​
  • ឧបករណ៍​៖
    • Power​ Query​ ដើម្បី​បង្កើន​ល្បឿន​ការ​សម្អាត​ និង​ integration
    • Python​ មូលដ្ឋាន​សម្រាប់​ការ​រៀបចំ​ទិន្នន័យ​
  • ធាតុ​ផែនទី​៖​ ការ​យល់​ដឹង​អំពី​សមាសធាតុ​សំខាន់ៗ​ដូច​ជា​របារ​មាត្រដ្ឋាន​ សញ្ញា​សំគាល់​ទិស​ និង​ប្រព័ន្ធ​និយាម​កា​។​

ការ​ស្វែង​យល់​ពី​ការ​វិភាគ​ទិន្នន័យ

​គ្រូ​បណ្តុះបណ្តាល​បាន​បង្ហាញ​ពី​របៀប​បំបែក​ទិន្នន័យ​តាម​ពេលវេលា​ដោយ​ប្រើ​ផែនទី​សំគាល់​តំបន់​សំខាន់ៗ​ និង​ណែនាំ​អ្នកចូលរួម​ក្នុង​ការ​បង្កើត​សំណួរ​ពិពណ៌នា​។​ នេះ​បាន​ជំរុញ​ការ​គិត​វិភាគ​ និង​ការ​បកស្រាយ​កាន់តែ​ប្រសើរ​ឡើង​នៃ​សំណុំ​ទិន្នន័យ​ភូមិសាស្ត្រ​។​

ការ​វិភាគ​រោគវិនិច្ឆ័យ​ភូមិសាស្ត្រ

បន្ទាប់​មក​ អ្នកចូលរួម​បាន​ផ្លាស់​ប្តូរ​ទៅ​បច្ចេកទេស​រោគវិនិច្ឆ័យ​ ដោយ​ធ្វើការ​ជាមួយ​សំណួរ​ទាក់ទង​នឹង​សេណា​រី​យ៉ូ​ពិតប្រាកដ​ ដូច​ជា​៖

  • ចម្ងាយ​ពី​គ្រោះថ្នាក់​ទៅ​កាន់​មីន​ ឬ​ UXO​ ដែល​គេ​ស្គាល់​
  • ភាព​ជិត​នឹង​សាលារៀន​ និង​មណ្ឌល​សុខភាព​ (៥០​ ម៉ែត្រ​,​ ១០០​ ម៉ែត្រ​,​ ២០០​ ម៉ែត្រ​)
  • ការ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​ទីតាំង​គ្រោះថ្នាក់​
  • ពេលវេលា​ និង​ភាព​ញឹកញាប់​នៃ​គ្រោះថ្នាក់​
  • វត្តមាន​សកម្មភាព​អប់រំ​អំពី​មីន​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​

​ដោយ​ប្រើ​ការ​ជំរុញ​ពី​ចំណោទបញ្ហា​ទាំងនេះ​ អ្នកចូលរួម​បាន​ធ្វើការ​វិភាគ​ ហើយ​ក្រោយមក​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​ពួក​គេ​។​

ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​រឿងរ៉ាវ​ទិន្នន័យ​ និង​ការ​រចនា​ប៉ាណ្ណូ​បរិ​ធាន​ (dashboard)

​នៅ​ក្នុង​វគ្គ​បន្ទាប់​ គ្រូ​បណ្តុះបណ្តាល​បាន​ណែនាំ​ការ​និទាន​រឿងរ៉ាវ​ទិន្នន័យ​ និង​សមាសធាតុ​សំខាន់ៗ​ទាំង​បី​៖

  • សារ​
  • ទស្សនិកជន​
  • មធ្យោបាយ​

អ្នកចូលរួម​បាន​រៀន​ពី​របៀប​ជ្រើសរើស​មធ្យោបាយ​ត្រឹមត្រូវ​ ដូច​ជា​ផ្ទាំង​គ្រប់គ្រង​ ឬ​របាយការណ៍​ ដើម្បី​ផ្តល់​រឿងរ៉ាវ​ទិន្នន័យ​ច្បាស់លាស់​ និង​មាន​ឥទ្ធិពល​

គោលការណ៍​ទំនាក់ទំនង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​វគ្គ​នេះ​រួម​មាន​៖​

ការ​ជ្រើសរើស​ប្រភេទ​ក្រាប​សម​ស្រប​ ការ​ជៀសវាង​ក្រាប​ 3D​ និង​ពណ៌​ដែល​មិន​ចាំបាច់​ និង​ការ​ទទួលស្គាល់​ផល​ប៉ះពាល់​អារម្មណ៍​នៃ​ការ​លាយ​ពណ៌​។​ អ្នកចូលរួម​ក៏​បាន​ស្វែង​យល់​ពី​គោលការណ៍​នៃ​ការ​រចនា​ផ្ទាំង​គ្រប់គ្រង​ ដែល​តម្រូវ​ឱ្យ​មាន​៖

  • គោលបំណង​ច្បាស់លាស់​
  • រង្វាស់​ពាក់ព័ន្ធ​
  • ការ​ជ្រើសរើស​ឧបករណ៍​ និង​ទិន្នន័យ​ត្រឹមត្រូវ​
  • ការ​រចនា​ស្អាត​ និង​ deploy

ឧទាហរណ៍​នៃ​ផ្ទាំង​ប៉ាណ្ណូ​បរិ​ធាន​ (dashboard)​ ដែល​រចនា​មិន​បាន​ល្អ​ត្រូវ​បាន​បង្ហាញ​ដើម្បី​បញ្ជាក់​ពី​ចំណុច​ខ្វះខាត​ទូទៅ​។​

ការ​ណែនាំ​អំពី​ Remote​ sensing​

នៅ​ក្នុង​វគ្គ​បច្ចេកទេស​ចុង​ក្រោយ​ អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​អំពី​ Remote​ sensing​ និង​រូបថត​អ័​រ​ថូ​ហ្វូ​តូ​ ដោយ​រៀន​ពី​របៀប​ដែល​រូបភាព​ពីលើ​អាកាស​ត្រូវ​បាន​ថត​ និង​ដំណើរការ​។​ ចំណេះដឹង​នេះ​គាំទ្រ​ដល់​ការ​បកស្រាយ​ទិន្នន័យ​ក្នុង​លំហ​កាន់តែ​ប្រសើរ​សម្រាប់​ការ​អនុវត្ត​ក្នុង​វិស័យ​ព្រៃឈើ​ ការ​ធ្វើ​ផែនការ​ប្រើប្រាស់​ដីធ្លី​ និង​ការ​ត្រួតពិនិត្យ​បរិស្ថាន​។​

ចុងបញ្ចប់​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល

​ការ​បណ្តុះបណ្តាល​បាន​បញ្ចប់​ដោយ​សុន្ទរកថា​របស់​លោក​ ជា​ ចិ​ត្រា​ និង​ឯកឧត្តម​ ហ៊ាន​ គឹ​ម​ស៊ី​ន​ ប្រធាន​នាយកដ្ឋាន​ផែនការ​ សេដ្ឋកិច្ច​សង្គម​ និង​គ្រប់គ្រង​ទិន្នន័យ​ នៃ​អាជ្ញាធរ​មីន​។​ លោក​បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​តាំងចិត្ត​សិក្សា​ស្វែង​យល់​របស់​អ្នកចូលរួម​ និង​ចំពោះ​ការ​រួមចំណែក​របស់​គ្រូ​បណ្តុះបណ្តាល​។​ លោក​បាន​លើកទឹកចិត្ត​អ្នកចូលរួម​ឱ្យ​បន្ត​រៀនសូត្រ​លើស​ពី​សិក្ខាសាលា​ ដោយ​សង្កត់ធ្ងន់​លើ​ការ​អភិវឌ្ឍ​ខ្លួនឯង​ និង​ការ​កសាង​សមត្ថភាព​ជា​ប្រចាំ​។​