​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ ScamCheck​ AI

ការ​ឆបោក​តាម​អន​ឡាញ​កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​ ដែល​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​ខាតបង់​ថវិកា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​ផង​ដែរ​។​ ទម្រង់​នៃ​ការ​ឆបោក​ជា​ទូទៅ​រួម​មាន​ ការ​ទិញ​សម្ភារៈ​ដែល​មាន​តម្លៃ​ទាប​ និង​សមរម្យ​ ប៉ុន្តែ​មិន​ដឹក​ជញ្ជូន​ឱ្យ​អតិថិជន​ ការ​សន្យា​មិន​ពិត​ចំពោះ​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ការ​បញ្ឆោត​តាម​រយៈ​តំណ​ភ្ជាប់​ដោយ​ភ្ជាប់​ជាមួយ​សេវាកម្ម​ធនាគារ​ ឬ​ដឹក​ជញ្ជូន​ ព្រមទាំង​វី​ដេ​អូ​មិន​ពិត​ និង​ឯកសារ​ក្លែងក្លាយ​ជាដើម​។​ ការ​បោកប្រាស់​ទាំងនេះ​ ធ្វើ​ឱ្យ​បាត់បង់​ទំនុកចិត្ត​ និង​បង្ក​ឱ្យ​មាន​ផល​លំបាក​ ដោយ​កំណត់​គោលដៅ​ទាំង​បុគ្គល​ និង​អាជីវកម្ម​។​  

នៅ​ប្រទេស​កម្ពុជា​ ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ ជា​ពិសេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ អង្គការ​សង្គម​ស៊ី​វិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ក្រុម​តស៊ូ​មតិ​ដែល​លើកកម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​សីលធម៌​ និង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ គំនិត​ផ្តួចផ្តើម​ដូច​ជា​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ត្រី​ (WMC)​ ដើរតួ​នាទី​យ៉ាង​សំខាន់​ដោយ​ផលិត​ខ្លឹមសារ​ដែល​ផ្តល់​ផលប្រយោជន៍​សាធារណៈ​ ពង្រឹងសមត្ថភាព​របស់​អ្នក​សារព័ត៌មាន​ និង​លើកទឹកចិត្ត​ដល់​ការ​រាយការណ៍​ដែល​មាន​លក្ខណៈ​រសើប​ចំពោះ​យេ​ន​ឌ័​រ​ និង​មាន​ទំនួល​ខុស​ត្រូវ​។​ រួម​ជាមួយ​ WMC​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​គំនិត​ផ្តួចផ្តើម​ដែល​ដឹកនាំ​ដោយ​យុវជន​ រួមចំណែក​ក្នុង​ការ​តាមដាន​ព័ត៌មាន​មិន​ពិត​ បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ជំរុញ​ការ​គិតពិចារណា​ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ទទួល​បាន​សុចរិត​ភាព​ព័ត៌មាន​នៅ​ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត​ ហេង​ ភក្ដី​ ជា​ស្ថាបនិក​ និង​ប្រធាន​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​ការពារ​ទិន្នន័យ​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធី​ ScamCheck​ AI​ របស់​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​ការពារ​ទិន្នន័យ​ ដែល​ជា​កម្មវិធី​នៅ​លើ​វេ​ប​សាយ​ដ៏​ឆ្លាត​វៃ​មួយ​ បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ការ​ឆបោក​តាម​អន​ឡាញ​នៅ​ប្រទេស​កម្ពុជា​ និង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ដោយសារ​តែ​ការ​ឆបោក​នេះ​កាន់តែ​ស្មុគស្មាញ​ បុគ្គល​ និង​អង្គការ​ជា​ច្រើន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ជាង​មុន​ ដែល​កត្តា​នេះ​ហើយ​ធ្វើ​ឱ្យ​កម្មវិធី​ ScamCheck​ AI​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ធានា​សុវត្ថិភាព​តាម​អ៊ីនធឺណិត​សម្រាប់​ពួក​គេ​។​

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​កំណត់​អត្តសញ្ញាណ​ និង​គេច​ផុត​ពី​ការ​ឆបោក​ទាំង​អស់នេះ​។​ កម្មវិធី​នេះ​អាច​វិភាគ​រូបភាព​ សារ​អត្ថបទ​ និង​ URL​ របស់​គេហទំព័រ​ ដោយ​ប្រើ​គំរូ​ AI​ កម្រិត​ខ្ពស់​ ដើម្បី​ស្វែងរក​សារ​ក្លែងក្លាយ​ តំណ​ភ្ជាប់​បញ្ឆោត​ និង​រូបភាព​ក្លែងក្លាយ​។​ នៅ​ពេល​ដែល​វា​រក​ឃើញ​សញ្ញាណ​នៃ​ការ​បោកប្រាស់​ កម្មវិធី​ ScamCheck​ AI​ នឹង​បង្ហាញ​ពី​កម្រិត​នៃ​ហានិភ័យ​ និង​ពន្យល់​យ៉ាង​លម្អិត​អំពី​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​មាតិកាប្រភេទ​នេះ​។​

​វេ​ប​សាយ​នេះ​មានមុខ​ងារ​ជា​ច្រើន​សម្រាប់​ការពារ​អ្នក​។​ អ្នក​ប្រើប្រាស់​ទទួល​បាន​លទ្ធផល​នៃ​ការ​វិភាគ​ហានិភ័យ​ដោយ​បែងចែក​ទៅ​ជា​បី​កម្រិត​ រួម​មាន​ខ្ពស់​ មធ្យម​ ឬ​ទាប​ ព្រមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ពន្យល់​ ឬ​មូលហេតុ​ដែល​មាតិកា​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ឆបោក​។​ កម្មវិធី​នេះ​ ក៏​ផ្តល់​នូវ​គោលការណ៍​សុវត្ថិភាព​ជាក់ស្ដែង​ ដូច​ជា​ “​កុំ​ចុច​លើ​តំណ​ភ្ជាប់​នេះ​”​ ឬ​ “​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​របស់​អ្នក​”​ និង​ណែនាំ​អំពី​អ្វី​ដែល​គួរ​ធ្វើ​ ប្រសិនបើ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ឆបោក​នេះ​។​ មុខងារ​ទាំងអស់​នៅ​ក្នុង​កម្មវិធី​នេះ​ ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ ហើយ​កំពុង​តែ​ជួយ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ស្វែង​យល់​ពី​ការ​គំរាមកំហែង​តាម​អន​ឡាញ​មួយ​នេះ​។​

ScamCheck​ AI​ គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​សម្រាប់​មនុស្ស​ទូទៅ​អាច​ប្រើប្រាស់​បាន​។​ អ្នកទិញ​ទំនិញ​តាម​អន​ឡាញ​ អ្នក​ស្វែងរក​ការងារ​ បុគ្គលិក​ក្រុមហ៊ុន​ សាលារៀន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បង្រៀន​សុវត្ថិភាព​ឌី​ជី​ថ​ល​ បុគ្គលិក​រដ្ឋាភិបាល​ និង​សាធារណជន​ទាំងអស់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឧបករណ៍​នេះ​។​ តាម​រយៈ​ចំណេះដឹង​ និង​ការ​ណែនាំ​ដែល​អាច​យក​ទៅ​អនុវត្ត​ដោយ​ខ្លួនឯង​បាន​ កម្មវិធី​នេះ​ពង្រឹងសមត្ថភាព​អ្នក​ប្រើប្រាស់​ដើម្បី​អាច​ការពារ​ខ្លួន​ និង​សហគមន៍​ពី​ការ​ក្លែងបន្លំ​តាម​អន​ឡាញ​។​

នៅ​ក្នុង​ពេល​អនាគត​ មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​ការពារ​ទិន្នន័យ​ មាន​ផែនការ​ដ៏​ច្បា​ល់​លាស់​មួយ​សម្រាប់​ ScamCheck​ AI​។​ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ខាង​មុខ​ ក្រុមការងារ​គ្រោង​នឹង​បង្កើត​ក្រុម​តេ​ឡេ​ក្រាម​មួយ​ ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នកជំនាញ​ ឬ​អ្នក​សិក្សា​ពី​ការ​ឆបោក​អន​ឡាញ​ ដើម្បី​ផលិត​របាយការណ៍​ទាក់ទង​នឹង​ការ​ឆបោក​ ចែករំលែក​គន្លឹះ​សុវត្ថិភាព​ និង​លើកកម្ពស់​ការ​យល់​ដឹង​ បង្កើត​ប្រព័ន្ធ​រាយការណ៍​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដាក់​ពាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​ និង​ស្វែងរក​ដៃគូ​សហការ​ និង​មូលនិធិ​ដើម្បី​ពង្រីក​កិច្ចការ​នេះ​។​ ក្រៅពី​នេះ​ ក្នុង​រយៈពេល​ ១២​ ទៅ​ ២៤​ ខែ​ខាង​មុខ​ ScamCheck​ AI​ មាន​គោលបំណង​បញ្ចូល​ភាសា​ជា​ច្រើន​ទៀត​ រួម​ទាំង​ភាសា​ជនជាតិភាគតិច​ ពង្រីក​វិសាលភាព​ទៅ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​កែ​លម្អ​ភាព​ត្រឹមត្រូវ​ និង​ការ​គ្របដណ្តប់​នៃ​ទិន្នន័យ​នៃ​ការ​ឆបោក​ដែល​ធ្វើការ​កត់ត្រា​ទុក​។​

​បច្ចេកវិទ្យា​ AI​ កម្រិត​ខ្ពស់​ និង​វេ​ប​សាយ​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​របស់​កម្មវិធី​ ScamCheck​ AI​ គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ធំ​មួយ​ក្នុង​ការ​ការពារ​បុគ្គល​ និង​សហគមន៍​ពី​ឆបោក​តាម​អ៊ីនធឺណិត​។​ ខណៈ​ពេល​ដែល​ការ​គំរាមកំហែង​តាម​អន​ឡាញ​វិ​វត្ត​ជា​ប្រចាំ​ ឧបករណ៍​បែប​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធានា​ថា​យើង​មាន​សុវត្ថិភាព​នៅ​ក្នុង​យុគ​ឌី​ជី​ថ​ល​នេះ​។