ជំនួបបច្ចេកទេសស្តីពីការធ្វើផែនទីបង្ហាញពីនវានុវត្តន៍ក្នុងការធ្វើផែនទីកសិកម្ម បច្ចេកវិទ្យាអភិរក្ស និងការតាមដានការប្រែប្រួលព្រៃឈើ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំជំនួបបច្ចេកទេសស្តីពីការធ្វើផែនទី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ជំនួបបច្ចេកទេសនេះបានប្រមូលផ្តុំអ្នកជំនាញប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) អ្នកស្រាវជ្រាវ អ្នកអភិរក្ស មន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និស្សិត និងអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា ចំនួន ៤៧នាក់ (ស្រី ១៦នាក់ និងជនជាតិដើមភាគតិច ២នាក់) ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍អំពីបច្ចេកវិទ្យាភូមិសាស្ត្រ និងការធ្វើផែនទីនៅកម្ពុជា។
លើសពីជំនួបបច្ចេកទេស ព្រឹត្តិការណ៍នេះបានបម្រើជាវេទិកាសហការសម្រាប់ការចែករំលែកចំណេះដឹង ការបង្កើតបណ្តាញ និងនវានុវត្តន៍ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃសហគមន៍ផែនទីភូមិសាស្ត្រ និងទិន្នន័យបើកទូលាយនៅកម្ពុជា។
ការកសាងសហគមន៍ផែនទីភូមិសាស្ត្របើកទូលាយ និងការសហការ
ជំនួបបច្ចេកទេសនេះបានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍ពីអ្នកស្រី គឹម ឈួនវួច អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិរបស់អូឌីស៊ី ដែលបានណែនាំអំពីគោលបំណងនៃជំនួបបច្ចេកទេស និងណែនាំវាគ្មិន។
ក្នុងសុន្ទរកថាគន្លឹះ លោក ឡុច កល្យាណ អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃអូឌីស៊ី បានលើកឡើងអំពីសារៈសំខាន់នៃការកសាងសហគមន៍បច្ចេកទេស ដែលអាចឱ្យអ្នកជំនាញ និងនិស្សិតផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងសហការលើនវានុវត្តន៍ក្នុងការធ្វើផែនទីនៅកម្ពុជា។ លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាវេទិកាសិក្សាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ពង្រឹងបណ្តាញវិជ្ជាជីវៈ និងលើកទឹកចិត្តអ្នកជំនាន់ក្រោយនៃអ្នកជំនាញផែនទីភូមិសាស្ត្រ។
សូមថ្លែងអំណរគុណដល់អង្គការជំនួយនៃប្រជាពលរដ្ឋរដ្ឋន័រវេស្សន៍ (NPA) សម្រាប់ការគាំទ្រក្នុងការរៀបចំឡើងវិញនៃគំនិតផ្តួចផ្តើមនេះ ព្រមទាំងវាគ្មិន អង្គការដៃគូ អ្នកចូលរួម និងក្រុមការងារអូឌីស៊ីទាំងអស់។
ទស្សនៈបើកកម្មវិធីពីម្ចាស់ជំនួយ
អ្នកស្រី ឃីម នីណា អ្នកគ្រប់គ្រងកម្មវិធី Development Humanitarian Cooperation របស់អង្គការជំនួយនៃប្រជាពលរដ្ឋរដ្ឋន័រវេស្សន៍ បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការជំនួយនៃប្រជាពលរដ្ឋរដ្ឋន័រវេស្សន៍ក្នុងការគាំទ្រគំនិតផ្តួចផ្តើមមនុស្សធម៌ និងអភិវឌ្ឍន៍ រួមទាំងការពង្រឹងសហគមន៍ បច្ចេកវិទ្យា និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា។
វគ្គទី ១៖ ការបែងចែកព្រំដីកសិកម្មដោយប្រើ Foundation Model នៅកម្ពុជា
វគ្គទីមួយបានណែនាំអំពីការបែងចែកព្រំដែនដីកសិកម្មដោយប្រើបញ្ញាសិប្បនិម្មិត (AI) តាមរយៈ foundation models ដែលបានបង្ហាញដោយលោក តឹក វណ្ណា អ្នកឯកទេសបច្ចេកទេស នៃ Spatial Information Group (SIG)។
អ្នកចូលរួមបានស្វែងយល់ពីរបៀបប្រើប្រាស់រូបភាពផ្កាយរណប និងម៉ាស៊ីនសិក្សា (Machine learning) ក្នុងការធ្វើផែនទីតំបន់កសិកម្ម ដូចជា ស្រែ ចម្ការស្វាយ និងចម្ការស្វាយចន្ទី។ ការពិភាក្សាអំពី Google Earth Engine សំណុំទិន្នន័យសម្រាប់បណ្តុះបណ្តាល និង prediction embeddings បានបង្ហាញទាំងសក្តានុពល និងដែនកំណត់របស់បញ្ញាសិប្បនិម្មិតក្នុងបរិបទការងារជាក់ស្តែង។
អ្នកចូលរួមបានលើកឡើងថា វគ្គនេះបានជួយពួកគេ៖
- យល់ដឹងអំពីការអនុវត្តបញ្ញាសិប្បនិម្មិតថ្មីៗក្នុងការធ្វើផែនទីកសិកម្ម
- ទទួលបានការណែនាំអំពីម៉ូដែល និងឧបករណ៍ធ្វើផែនទីថ្មីៗ
- យល់ដឹងពីសារៈសំខាន់នៃគុណភាពទិន្នន័យសម្រាប់ការវិភាគត្រឹមត្រូវ
- ពិចារណាឡើងវិញអំពីការអនុវត្តប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្នុងគម្រោងរបស់ខ្លួន
វគ្គទី ២៖ ការពង្រឹងការតាមដានតំបន់ការពារ និងការឆ្លើយតបតាមបច្ចេកវិទ្យាអភិរក្ស
វគ្គទីពីរ ដែលធ្វើបទបង្ហាញដោយអ្នកស្រី គង់ សុផលរចនា អ្នកឯកទេសបច្ចេកវិទ្យាអភិរក្ស នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានណែនាំអំពីការប្រើប្រាស់បច្ចេកវិទ្យាអភិរក្ស ដូចជា SMART និង EarthRanger ក្នុងការពង្រឹងការតាមដានតំបន់ការពារ។
ករណីសិក្សាពីតំបន់អភិរក្សសត្វព្រៃកែវសីម៉ា បានបង្ហាញអំពីបញ្ហាប្រឈមជាក់ស្តែងក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃ និងសកម្មភាពខុសច្បាប់។
អ្នកចូលរួមបានលើកឡើងថា វគ្គនេះ៖
- ណែនាំអំពីកម្មវិធី និងឧបករណ៍អភិរក្សថ្មីៗ
- បង្កើនការយល់ដឹងអំពីការរួមបញ្ចូលទិន្នន័យផ្កាយរណប និងទិន្នន័យវាល
- បង្ហាញពីសារៈសំខាន់នៃការសម្រេចចិត្តផ្អែកលើទិន្នន័យ
- ជំរុញការយល់ដឹងអំពីកិច្ចសហការរវាងបច្ចេកវិទ្យា និងក្រុមការងារវាល
វគ្គទី ៣៖ វេទិកាតាមដានការប្រែប្រួលព្រៃឈើ
វគ្គចុងក្រោយបានណែនាំអំពី វេទិកាតាមដានការប្រើប្រួលព្រៃឈើ (ពង្រាង) របស់អូឌីស៊ី ដែលបង្ហាញពីរបៀបប្រើប្រាស់ទិន្នន័យសញ្ញាព្រមានព្រៃឈើ និងទិន្នន័យគម្របដី សម្រាប់ការតាមដានបរិស្ថាន និងគាំទ្រការសម្រេចគោលនយោបាយ។
អ្នកចូលរួមបានចូលរួមសាកល្បងប្រើវេទិកាដោយផ្ទាល់ និងផ្តល់មតិយោបល់សម្រាប់ការកែលម្អ។
មតិឆ្លើយតបបានបង្ហាញថា៖
- ទទួលបានបទពិសោធន៍លើឧបករណ៍ផែនទីឌីជីថលថ្មីៗ
- យល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធតាមដានការប្រែប្រួលព្រៃឈើ
- កោតសរសើរគំនិតផ្តួចផ្តើមទិន្នន័យបើកទូលាយ
- មានចំណាប់អារម្មណ៍ក្នុងការអនុវត្តនៅកម្រិតសហគមន៍
មតិអ្នកចូលរួម៖ ចំណុចសំខាន់ៗពីជំនួបបច្ចេកទេស
មតិអ្នកចូលរួមបានបង្ហាញថា ព្រឹត្តិការណ៍នេះមានផលវិជ្ជមានទាំងលើការយល់ដឹងបច្ចេកទេស និងការជំរុញវិជ្ជាជីវៈ។
ការសិក្សាតាមរយៈការចែករំលែកចំណេះដឹង
អ្នកចូលរួមជាច្រើនបានលើកឡើងថា បទពិសោធន៍ដ៏មានតម្លៃបំផុត គឺការរៀនពីអ្នកជំនាញ និងអ្នកចូលរួមផ្សេងទៀត។
“ជាកន្លែងល្អសម្រាប់រៀនពីអ្នកដទៃ”
“ការចែករំលែកបទពិសោធន៍”
“ការចែករំលែកបទពិសោធន៍ជួយបង្កើនការប្តេជ្ញាចិត្តក្នុងការងារ”
យល់ដឹងពីឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ
អ្នកចូលរួមបានទទួលការណែនាំអំពីកម្មវិធី GIS បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាអភិរក្សថ្មីៗ។
“កម្មវិធីថ្មីពី WCS និង SIG ព្រមទាំងវេទិកាអូឌីស៊ី”
“មានឧបករណ៍ថ្មីៗល្អៗច្រើន”
“ការប្រើទិន្នន័យផ្កាយរណបបានផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំ”
ការពង្រឹងបណ្តាញ និងកិច្ចសហការ
កិច្ចប្រជុំនេះបានផ្តល់ឱកាសសម្រាប់អ្នកចូលរួមក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ GIS អ្នកស្រាវជ្រាវ និងអ្នកអនុវត្ត ដែលអ្នកចូលរួមជាច្រើនចាត់ទុកថាមានតម្លៃខ្ពស់។
“បានបង្កើតទំនាក់ទំនងថ្មី”
“បណ្តាញ GIS និង remote sensing”
“ពង្រឹងទំនាក់ទំនង និងទិសដៅបន្ត”
ការលើកទឹកចិត្តសម្រាប់ការអនុវត្តជាក់ស្តែង
អ្នកចូលរួមជាច្រើនបានកត់សម្គាល់ថា ជំនួបបច្ចេកទេសនេះបានលើកទឹកចិត្តពួកគេឱ្យអនុវត្តចំណេះដឹង GIS និងការធ្វើផែនទីឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការងារ និងការស្រាវជ្រាវផ្ទាល់ខ្លួនរបស់ពួកគេ។
“ផ្លាស់ប្តូរទស្សនៈអំពី GIS និងទទួលបានគំនិតថ្មីៗ”
“យល់ដឹងបន្ថែមអំពីការដោះស្រាយបញ្ហា”
“គិតបែបថ្មី”
បរិយាកាសសិក្សាបើកទូលាយ និងបរិយាបន្ន
អ្នកចូលរួមក៏បានកោតសរសើរចំពោះបរិយាកាសបើកទូលាយ ដែលលើកទឹកចិត្តដល់ការពិភាក្សាបច្ចេកទេស និងការចែករំលែកគំនិត។
“មានសេរីភាពក្នុងការចែករំលែកគំនិតបច្ចេកទេស”
“បរិយាកាសស្រួល និងរីករាយ”
“ព្រឹត្តិការណ៍មានប្រយោជន៍ខ្លាំង”
បណ្តាញទំនាក់ទំនង
ព្រឹត្តិការណ៍បានបញ្ចប់ដោយការបង្កើតបណ្តាញ ដែលអ្នកចូលរួមបានបន្តការពិភាក្សា និងស្វែងរកឱកាសសហការក្នុងវិស័យផ្សេងៗ។
ជំនួបបច្ចេកទេសស្តីពីការធ្វើផែនទី បានបង្ហាញថា នវានុវត្តន៍ផែនទីភូមិសាស្ត្រនៅកម្ពុជា កំពុងត្រូវបានជំរុញដោយការសហការ ការបើកទូលាយ និងការចែករំលែកចំណេះដឹង។
មតិអ្នកចូលរួមបានបញ្ជាក់ថា លើសពីចំណេះដឹងបច្ចេកទេស ព្រឹត្តិការណ៍បានបង្កើតតម្លៃតាមរយៈ៖
- ការទទួលបានឧបករណ៍ និងវិធីសាស្ត្រថ្មីៗ
- ការពង្រឹងបណ្តាញវិជ្ជាជីវៈ
- ការលើកទឹកចិត្តក្នុងការប្រើប្រាស់ GIS
- ការកោតសរសើរចំពោះដំណោះស្រាយផ្អែកលើទិន្នន័យ
អូឌីស៊ីសង្ឃឹមថា ជំនួបបច្ចេកទេសនេះនឹងបន្តអភិវឌ្ឍជាវេទិកាមួយ ដែលចំណេះដឹង បច្ចេកវិទ្យា និងសហគមន៍អាចជួបជុំគ្នា ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។








