ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​បង្ហាញ​ពី​នវានុវត្តន៍​ក្នុង​ការ​ធ្វើ​ផែនទី​កសិកម្ម​ បច្ចេកវិទ្យា​អភិរក្ស​ និង​ការ​តាមដាន​ការ​ប្រែប្រួល​ព្រៃឈើ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​ភ្នំពេញ​។​ ជំនួប​បច្ចេកទេស​នេះ​បាន​ប្រមូលផ្តុំ​អ្នកជំនាញ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ អ្នក​ស្រាវជ្រាវ​ អ្នក​អភិរក្ស​ មន្ត្រី​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និស្សិត​ និង​អ្នក​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ ចំនួន ៤៧​នាក់ (ស្រី ១៦នាក់ និងជនជាតិដើមភាគតិច ២នាក់) ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង​ និង​បទ​ពិសោធន៍​អំពី​បច្ចេកវិទ្យា​ភូមិសាស្ត្រ​ និង​ការ​ធ្វើ​ផែនទី​នៅ​កម្ពុជា​។​

លើស​ពី​ជំនួប​បច្ចេកទេស​ ព្រឹត្តិការណ៍​នេះ​បាន​បម្រើ​ជា​វេទិកា​សហការ​សម្រាប់​ការ​ចែករំលែក​ចំណេះដឹង​ ការ​បង្កើត​បណ្តាញ​ និង​នវានុវត្តន៍​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​សហគមន៍​ផែនទី​ភូមិសាស្ត្រ​ និង​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​។​

​ការ​កសាង​សហគមន៍​ផែនទី​ភូមិសាស្ត្រ​បើក​ទូលាយ​ និងការ​សហការ​

ជំនួប​បច្ចេកទេស​នេះ​បាន​ចាប់ផ្តើម​ដោយ​សុន្ទរកថា​ស្វាគមន៍​ពី​អ្នកស្រី​ គឹ​ម​ ឈួ​ន​វួ​ច​ អ្នកសម្របសម្រួល​កម្មវិធី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​អូ​ឌី​ស៊ី​ ដែល​បាន​ណែនាំ​អំពី​គោលបំណង​នៃ​ជំនួប​បច្ចេកទេស​ និង​ណែនាំ​វាគ្មិន​។​

ក្នុង​សុន្ទរកថា​គន្លឹះ​ លោក​ ឡុ​ច​ កល្យាណ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ នៃ​អូ​ឌី​ស៊ី​ បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ការ​កសាង​សហគមន៍​បច្ចេកទេស​ ដែល​អាច​ឱ្យ​អ្នកជំនាញ​ និង​និស្សិត​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាក់ស្តែង​ និង​សហការ​លើ​នវានុវត្តន៍​ក្នុង​ការ​ធ្វើ​ផែនទី​នៅ​កម្ពុជា​។​ លោក​បាន​បន្ថែម​ថា​ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​សិក្សា​បច្ចេកទេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​វេទិកា​សម្រាប់​ពង្រឹង​បណ្តាញ​វិជ្ជាជីវៈ​ និង​លើកទឹកចិត្ត​អ្នក​ជំនាន់​ក្រោយ​នៃ​អ្នកជំនាញ​ផែនទី​ភូមិសាស្ត្រ​។​

សូម​ថ្លែងអំណរគុណ​ដល់​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​រដ្ឋ​ន័​រវេ​ស្សន៍​ (NPA)​ សម្រាប់​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​ឡើង​វិញ​នៃ​គំនិត​ផ្តួចផ្តើម​នេះ​ ព្រមទាំង​វាគ្មិន​ អង្គការ​ដៃគូ​ អ្នកចូលរួម​ និង​ក្រុមការងារ​អូ​ឌី​ស៊ី​ទាំងអស់​។​

ទស្សនៈ​បើក​កម្មវិធី​ពី​ម្ចាស់​ជំនួយ​

អ្នកស្រី​ ឃី​ម​ នី​ណា​ អ្នកគ្រប់គ្រង​កម្មវិធី​ Development​ Humanitarian​ Cooperation​ របស់​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​រដ្ឋ​ន័​រវេ​ស្សន៍​ បាន​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​រដ្ឋ​ន័​រវេ​ស្សន៍​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​មនុស្សធម៌​ និង​អភិវឌ្ឍន៍​ រួម​ទាំង​ការ​ពង្រឹង​សហគមន៍​ បច្ចេកវិទ្យា​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

វគ្គ​ទី​ ១៖​ ការ​បែងចែក​ព្រំ​ដី​កសិកម្ម​ដោយ​ប្រើ​ Foundation​ Model​ នៅ​កម្ពុជា​

វគ្គ​ទី​មួយ​បាន​ណែនាំ​អំពី​ការ​បែងចែក​ព្រំ​ដែនដី​កសិកម្ម​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ (AI)​ តាម​រយៈ​ foundation​ models​ ដែល​បាន​បង្ហាញ​ដោយ​លោក​ តឹក​ វ​ណ្ណា​ អ្នកឯកទេស​បច្ចេកទេស​ នៃ​ Spatial​ Information​ Group​ (SIG)​។​

​អ្នកចូលរួម​បាន​ស្វែង​យល់​ពី​របៀប​ប្រើប្រាស់​រូបភាព​ផ្កាយ​រណប​ និង​ម៉ាស៊ីន​សិក្សា​ (Machine​ learning)​ ក្នុង​ការ​ធ្វើ​ផែនទី​តំបន់កសិកម្ម​ ដូច​ជា​ ស្រែ​ ចម្ការ​ស្វាយ​ និង​ចម្ការ​ស្វាយចន្ទី​។​ ការ​ពិភាក្សា​អំពី​ Google​ Earth​ Engine​ សំណុំ​ទិន្នន័យ​សម្រាប់​បណ្តុះបណ្តាល​ និង​ prediction​ embeddings​ បាន​បង្ហាញ​ទាំង​សក្តានុពល​ និង​ដែន​កំណត់​របស់​បញ្ញា​សិប្បនិម្មិត​ក្នុង​បរិបទ​ការងារ​ជាក់ស្តែង​។​

​អ្នកចូលរួម​បាន​លើក​ឡើង​ថា​ វគ្គ​នេះ​បាន​ជួយ​ពួក​គេ​៖

  • យល់​ដឹង​អំពី​ការ​អនុវត្ត​បញ្ញា​សិប្បនិម្មិត​ថ្មីៗ​ក្នុង​ការ​ធ្វើ​ផែនទី​កសិកម្ម​
  • ទទួល​បានការ​ណែនាំ​អំពី​ម៉ូ​ដែល​ និង​ឧបករណ៍​ធ្វើ​ផែនទី​ថ្មីៗ​
  • យល់​ដឹង​ពី​សារៈសំខាន់​នៃ​គុណភាព​ទិន្នន័យ​សម្រាប់​ការ​វិភាគ​ត្រឹមត្រូវ​
  • ​ពិចារណា​ឡើង​វិញ​អំពី​ការ​អនុវត្ត​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ក្នុង​គម្រោង​របស់​ខ្លួន​
វគ្គ​ទី​ ២៖​ ការ​ពង្រឹង​ការ​តាមដាន​តំបន់​ការពារ​ និង​ការ​ឆ្លើយ​តប​តាម​បច្ចេកវិទ្យា​អភិរក្ស​

​វគ្គ​ទី​ពីរ​ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នកស្រី​ គង់​ សុផល​រចនា​ អ្នកឯកទេស​បច្ចេកវិទ្យា​អភិរក្ស​ នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​ណែនាំ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អភិរក្ស​ ដូច​ជា​ SMART​ និង​ EarthRanger​ ក្នុង​ការ​ពង្រឹង​ការ​តាមដាន​តំបន់​ការពារ​។​

ករណី​សិក្សា​ពី​តំបន់​អភិរក្ស​សត្វព្រៃ​កែវ​សី​ម៉ា​ បាន​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ជាក់ស្តែង​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ និង​សកម្មភាព​ខុសច្បាប់​។​

​អ្នកចូលរួម​បាន​លើក​ឡើង​ថា​ វគ្គ​នេះ​៖

  • ​ណែនាំ​អំពី​កម្មវិធី​ និង​ឧបករណ៍​អភិរក្ស​ថ្មីៗ​
  • បង្កើន​ការ​យល់​ដឹង​អំពី​ការ​រួម​បញ្ចូល​ទិន្នន័យ​ផ្កាយ​រណប​ និង​ទិន្នន័យ​វាល​
  • បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​សម្រេចចិត្ត​ផ្អែក​លើ​ទិន្នន័យ​
  • ជំរុញ​ការ​យល់​ដឹង​អំពី​កិច្ចសហការ​រវាង​បច្ចេកវិទ្យា​ និង​ក្រុមការងារ​វាល​
​វគ្គ​ទី​ ៣៖​ វេទិកា​តាមដាន​ការ​ប្រែ​ប្រួល​ព្រៃឈើ​

វគ្គ​ចុង​ក្រោយ​បាន​ណែនាំ​អំពី​ វេទិកា​តាមដាន​ការ​ប្រើ​ប្រួល​ព្រៃឈើ​ (ពង្រាង) របស់​អូ​ឌី​ស៊ី​ ដែល​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ទិន្នន័យ​សញ្ញា​ព្រមាន​ព្រៃឈើ​ និង​ទិន្នន័យ​គម្រប​ដី​ សម្រាប់​ការ​តាមដាន​បរិស្ថាន​ និង​គាំទ្រ​ការ​សម្រេច​គោលនយោបាយ​។​

​អ្នកចូលរួម​បាន​ចូលរួម​សាកល្បង​ប្រើ​វេទិកា​ដោយ​ផ្ទាល់​ និង​ផ្តល់​មតិយោបល់​សម្រាប់​ការ​កែ​លម្អ​។​

មតិ​ឆ្លើយ​តប​បាន​បង្ហាញ​ថា​៖

  • ​ទទួល​បាន​បទ​ពិសោធន៍​លើ​ឧបករណ៍​ផែនទី​ឌី​ជី​ថ​ល​ថ្មីៗ​
  • យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ប្រព័ន្ធ​តាមដាន​ការ​ប្រែប្រួល​ព្រៃឈើ​
  • កោតសរសើរ​គំនិត​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​
  • មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​អនុវត្ត​នៅ​កម្រិត​សហគមន៍​
​មតិ​អ្នកចូលរួម​៖​ ចំណុច​សំខាន់ៗ​ពី​ជំនួប​បច្ចេកទេស​

មតិ​អ្នកចូលរួម​បាន​បង្ហាញ​ថា​ ព្រឹត្តិការណ៍​នេះ​មាន​ផល​វិជ្ជមាន​ទាំង​លើ​ការ​យល់​ដឹង​បច្ចេកទេស​ និង​ការ​ជំរុញ​វិជ្ជាជីវៈ​។​

ការ​សិក្សា​តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង​

អ្នកចូលរួម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​បំផុត​ គឺ​ការ​រៀន​ពី​អ្នកជំនាញ​ និង​អ្នកចូលរួម​ផ្សេង​ទៀត​។​

“​ជា​កន្លែង​ល្អ​សម្រាប់​រៀន​ពី​អ្នក​ដទៃ​”

“​ការ​ចែករំលែក​បទ​ពិសោធន៍​”

“​ការ​ចែករំលែក​បទ​ពិសោធន៍​ជួយ​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការងារ​”

 
យល់​ដឹង​ពី​ឧបករណ៍​ និង​បច្ចេកវិទ្យា​ថ្មីៗ​

​អ្នកចូលរួម​បាន​ទទួល​ការ​ណែនាំ​អំពី​កម្មវិធី​ GIS​ បញ្ញា​សិប្បនិម្មិត​ និង​បច្ចេកវិទ្យា​អភិរក្ស​ថ្មីៗ​។​

“​កម្មវិធី​ថ្មី​ពី​ WCS​ និង​ SIG​ ព្រមទាំង​វេទិកា​អូ​ឌី​ស៊ី​”

“​មាន​ឧបករណ៍​ថ្មីៗ​ល្អៗ​ច្រើន​”

“​ការ​ប្រើ​ទិន្នន័យ​ផ្កាយ​រណប​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់ខ្ញុំ​”

 
ការ​ពង្រឹង​បណ្តាញ​ និង​កិច្ចសហការ​

កិច្ចប្រជុំនេះបានផ្តល់ឱកាសសម្រាប់អ្នកចូលរួមក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ GIS អ្នកស្រាវជ្រាវ និងអ្នកអនុវត្ត ដែលអ្នកចូលរួមជាច្រើនចាត់ទុកថាមានតម្លៃខ្ពស់។

“​បាន​បង្កើត​ទំនាក់ទំនង​ថ្មី​”

“​បណ្តាញ​ GIS​ និង​ remote​ sensing”

“​ពង្រឹង​ទំនាក់ទំនង​ និង​ទិស​ដៅ​បន្ត​”

 
ការ​លើកទឹកចិត្ត​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​

អ្នកចូលរួមជាច្រើនបានកត់សម្គាល់ថា ជំនួបបច្ចេកទេសនេះបានលើកទឹកចិត្តពួកគេឱ្យអនុវត្តចំណេះដឹង GIS និងការធ្វើផែនទីឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការងារ និងការស្រាវជ្រាវផ្ទាល់ខ្លួនរបស់ពួកគេ។

“​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​ GIS​ និង​ទទួល​បាន​គំនិត​ថ្មីៗ​”

“​យល់​ដឹង​បន្ថែម​អំពី​ការ​ដោះស្រាយ​បញ្ហា​”

“​គិត​បែប​ថ្មី​”

 
បរិយាកាស​សិក្សា​បើក​ទូលាយ​ និង​បរិយាបន្ន

អ្នកចូលរួមក៏បានកោតសរសើរចំពោះបរិយាកាសបើកទូលាយ ដែលលើកទឹកចិត្តដល់ការពិភាក្សាបច្ចេកទេស និងការចែករំលែកគំនិត។

“​មាន​សេរីភាព​ក្នុង​ការ​ចែករំលែក​គំនិត​បច្ចេកទេស​”

“​បរិយាកាស​ស្រួល​ និង​រីករាយ​”

“​ព្រឹត្តិការណ៍​មាន​ប្រយោជន៍​ខ្លាំង​”

 
បណ្តាញ​ទំនាក់ទំនង​

ព្រឹត្តិការណ៍​បាន​បញ្ចប់​ដោយ​ការ​បង្កើត​បណ្តាញ​ ដែល​អ្នកចូលរួម​បាន​បន្ត​ការ​ពិភាក្សា​ និង​ស្វែងរក​ឱកាស​សហការ​ក្នុង​វិស័យ​ផ្សេងៗ​។​

ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ បាន​បង្ហាញ​ថា​ នវានុវត្តន៍​ផែនទី​ភូមិសាស្ត្រ​នៅ​កម្ពុជា​ កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ការ​សហការ​ ការ​បើក​ទូលាយ​ និង​ការ​ចែករំលែក​ចំណេះដឹង​។​

មតិ​អ្នកចូលរួម​បាន​បញ្ជាក់​ថា​ លើស​ពី​ចំណេះដឹង​បច្ចេកទេស​ ព្រឹត្តិការណ៍​បាន​បង្កើត​តម្លៃ​តាម​រយៈ​៖

  • ការ​ទទួល​បាន​ឧបករណ៍​ និង​វិធីសាស្ត្រ​ថ្មីៗ​
  • ការ​ពង្រឹង​បណ្តាញ​វិជ្ជាជីវៈ​
  • ការ​លើកទឹកចិត្ត​ក្នុង​ការ​ប្រើប្រាស់​ GIS
  • ការ​កោតសរសើរ​ចំពោះ​ដំណោះស្រាយ​ផ្អែក​លើ​ទិន្នន័យ​

អូ​ឌី​ស៊ី​សង្ឃឹមថា​ ជំនួប​បច្ចេកទេស​នេះ​នឹង​បន្ត​អភិវឌ្ឍ​ជា​វេទិកា​មួយ​ ដែល​ចំណេះដឹង​ បច្ចេកវិទ្យា​ និង​សហគមន៍​អាច​ជួបជុំ​គ្នា​ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​