ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ បាន​ប្រមូលផ្តុំ​អ្នកធ្វើការ​លើ​វិស័យ​ផែនទី​រួម​គ្នា​ចែករំលែក​ចំណេះដឹង​អំពី​ការ​អភិរក្ស​តំបន់ដីសើម​ និង​ការ​តាមដាន​ព្រៃឈើ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ «​ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​»​ នៅ​ថ្ងៃ​ទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០២៦​ នៅ​ Hobby​ Café​ and​ Restaurant​ ក្នុង​រាជធានី​ភ្នំពេញ​។​ ជំនួប​នេះ​មាន​អ្នកចូលរួម​ចំនួន​ ១៥​ នាក់​ (​ស្ត្រី​ ៥​ នាក់​)​ រួម​មាន​ អ្នក​អនុវត្ត​ការងារ​ផែនទី​ អ្នក​ស្រាវជ្រាវ​ បុគ្គលិក​គម្រោង​ តំណាង​សហគមន៍​ និង​អ្នក​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ភូមិសាស្ត្រ​ ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជាក់ស្តែង​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ និង​ទិន្នន័យ​ភូមិសាស្ត្រ​។​ ជំនួប​បច្ចេកទេស​នេះ​បាន​ផ្តល់​ជា​វេទិកា​ទៀងទាត់​សម្រាប់​អ្នកចូលរួម​ក្នុង​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ស្វែង​យល់​អំពី​ឧបករណ៍​ផែនទី​ជាក់ស្តែង​ និង​ពង្រឹង​បណ្តាញ​បច្ចេកទេស​រវាង​ស្ថាប័ន​ និង​បុគ្គល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ភូមិសាស្ត្រ​។​

ស្វែង​យល់​ពី​តួនាទី​ទិន្នន័យ​ផ្កាយ​រណប​ក្នុង​ការ​អភិរក្ស​តំបន់ដីសើម​

​វគ្គ​បច្ចេកទេស​ទី​មួយ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​លោកស្រី​ ជា​ មុនី​សុជាតា​ ដែល​ជា​អ្នកសម្របសម្រួល​គម្រោង​នៅ​អង្គការ​ WWT​ កម្ពុជា​ បាន​ធ្វើ​បទ​បង្ហាញ​នៅ​វគ្គ​បច្ចេកទេស​ទី​មួយ​ និង​បាន​ចែករំលែក​ការ​ស្រាវជ្រាវ​របស់​លោកស្រី​ក្រោម​ប្រធានបទ​ «​ការ​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​សកម្មភាព​អភិរក្ស​តំបន់ដីសើម​ ដោយ​ប្រើ​ទិន្នន័យ​ Sentinel-1​ Synthetic​ Aperture​ Radar​ (SAR)»​។​ បទ​បង្ហាញ​បាន​ណែនាំ​អំពី​សារៈសំខាន់​របស់​តំបន់ដីសើម​ និង​តួនាទី​របស់​វា​ក្នុង​ការ​គាំទ្រ​ជីវចម្រុះ​ ការ​គ្រប់គ្រង​ទឹកជំនន់​ ការ​បន្សុទ្ធ​ទឹក​ ការ​គាំទ្រ​ផលិតកម្ម​ស្បៀងអាហារ​ និង​ជីវភាព​រស់នៅ​ ព្រមទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ការ​ពិភាក្សា​បាន​បង្ហាញ​ថា​ តំបន់ដីសើម​ជា​ច្រើន​នៅ​កម្ពុជា​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ដល់​សហគមន៍​មូលដ្ឋាន​ ខណៈ​ការ​ស្រាវជ្រាវ​ និង​ការ​កត់ត្រា​ព័ត៌មាន​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ដីសើម​នៅ​មាន​កម្រិត​នៅឡើយ​។​

​លោកស្រី​ មុនី​សុជាតា​ ក៏​បាន​ណែនាំ​អំពី​ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ ដែល​ជា​តំបន់ដីសើម​ដ៏​សំខាន់​មួយ​ ទ្រទ្រង់​ប្រភេទ​សត្វ​ស្លាប​ជាង​ ១២០​ ប្រភេទ​ និង​ត្រី​ប្រមាណ​ ១៣០​ ប្រភេទ​។​ តំបន់​នេះ​ផ្តល់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ជា​ច្រើន​ ដូច​ជា​ ការ​គ្រប់គ្រង​ទឹកជំនន់​ ជម្រក​សត្វព្រៃ​ ការ​ចម្រោះ​ទឹក​ កសិកម្ម​ ជលផល​ និង​ការ​ផលិត​ស្បៀងអាហារ​។​ បទ​បង្ហាញ​បាន​ផ្តោត​ជា​ពិសេស​លើ​ការ​ស្តារ​ទីជម្រក​វាលស្មៅ​ និង​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ស្តារ​ជា​ច្រើន​ រួម​មាន​ ការ​បន្ថយ​កម្ពស់​ដី​ ការ​បិទ​ឬ​បំពេញ​ប្រឡាយ​បង្ហូរទឹក​ ការ​សាងសង់​ទំនប់​ និង​ទំនប់​តូចៗ​ ព្រមទាំង​ការ​បង្កើត​អាង​ទឹក​។​​

អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​អំពី​ការ​ប្រើប្រាស់​ទិន្នន័យ​ Sentinel-1​ Synthetic​ Aperture​ Radar​ (SAR)​ រួម​ជាមួយ​ទិន្នន័យ​ទឹក​ក្រោម​ដី​ ម៉ូ​ដែល​កម្ពស់​ឌី​ជី​ថ​ល​ (DEM)​ និង​ទិន្នន័យ​ទឹកភ្លៀង​ ដើម្បី​គាំទ្រ​ការ​ស្រាវជ្រាវ​តំបន់ដីសើម​ និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​សកម្មភាព​អភិរក្ស​។​ លទ្ធផល​បាន​បង្ហាញ​ថា​ រូបភាព​ SAR​ និង​ទិន្នន័យ​ទឹក​ក្រោម​ដី​អាច​ផ្តល់​ព័ត៌មាន​មាន​ប្រយោជន៍​សម្រាប់​ការ​តាមដាន​ និង​ការ​ស្រាវជ្រាវ​ ដោយ​កម្រិត​ប្រសិទ្ធភាព​អាច​ខុស​គ្នា​ទៅ​តាម​តំបន់​សិក្សា​។​

​វគ្គ​នេះ​ក៏​បាន​បង្កើត​ការ​ពិភាក្សា​អំពី​ការ​គំរាមកំហែង​សំខាន់ៗ​ចំពោះ​តំបន់ដីសើម​ រួម​មាន​ ការ​បាត់បង់​តំបន់ដីសើម​ ប្រភេទ​សត្វ​និង​រុក្ខជាតិ​រាតត្បាត​ ការ​បំពុល​ និង​ផល​ប៉ះពាល់​ពី​សកម្មភាព​មនុស្ស​។​ អ្នកចូលរួម​បាន​ពិភាក្សា​អំពី​តម្រូវការ​ក្នុង​ការ​ផ្តល់​អាទិភាព​ដល់​តំបន់ដីសើម​ដែល​មាន​សារៈសំខាន់​សម្រាប់​ជម្រក​សត្វព្រៃ​ និង​ប្រភេទ​សត្វ​កម្រ​នានា​ ព្រមទាំង​ពង្រឹង​ការ​ស្រាវជ្រាវ​ និង​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​ការ​អភិរក្ស​តំបន់ដីសើម​។​

បទ​បង្ហាញ​អំពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​

​វគ្គ​ទី​ពីរ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​ សំ​អាន​ ម៉ារ​ឌី​ ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ និង​គេហទំព័រ​នៃ​អង្គការ​អូ​ឌី​ស៊ី​ ដែល​បាន​បង្ហាញ​អំពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ បន្ទាប់​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​។​ បទ​បង្ហាញ​បាន​ណែនាំ​អ្នកចូលរួម​អំពី​របៀប​ប្រើប្រាស់​ទំព័រ​ព័ត៌មាន​អំពី​ការ​រំខាន​ព្រៃឈើ​ និង​ការ​បញ្ជូន​ការ​ជូនដំណឹង​តាមតេឡេក្រាម​។​ អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​វេទិកា​តាម​រយៈ​គេហទំព័រ​អូ​ឌី​ស៊ី​ ជ្រើសរើស​ទីតាំង​ មើល​ព័ត៌មាន​តាម​កាលបរិច្ឆេទ​ និង​ស្វែងរក​ទីតាំង​ដែល​បាន​រាយការណ៍​អំពី​ការ​រំខាន​ព្រៃឈើ​តាម​រយៈ​ផែនទី​អន្តរ​កម្ម​។​

បច្ចុប្បន្ន​ វេទិកា​នេះ​គាំទ្រ​បណ្តាញតេឡេក្រាមសហគមន៍​ចំនួន​ ៣១​ បណ្តាញ​ សម្រាប់​តំបន់​ការពារ​ចំនួន​ ៧​ និង​បណ្តាញ​ទូ​ទាំង​ប្រទេស​ចំនួន​ ១​។​ អ្នក​ប្រើប្រាស់​អាច​ចូលរួម​បណ្តាញ​ដែល​ពាក់ព័ន្ធ​ ដើម្បី​ទទួល​បានការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ចាប់អារម្មណ៍​។​ ​ចំណុច​សំខាន់​មួយ​ដែល​បាន​ពិភាក្សា​ក្នុង​វគ្គ​នេះ​ គឺ​តួនាទី​របស់​សហគមន៍​ក្នុង​ការ​ផ្ទៀងផ្ទាត់​ទីតាំង​ដែល​បាន​រាយការណ៍​។​ អ្នកចូលរួម​ត្រូវ​បាន​រំលឹក​ថា​ ការ​ជូនដំណឹង​ពី​ប្រព័ន្ធ​គួរ​ត្រូវ​បាន​ចាត់ទុកជា​ព័ត៌មាន​បឋម​ ហើយ​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ និង​ការ​ល្បាត​នៅ​ទីតាំង​ គឺ​នៅ​តែ​មាន​សារៈសំខាន់​ មុន​ពេលធ្វើការ​សន្និដ្ឋាន​អំពី​ការ​រំខាន​ដែល​បាន​រាយការណ៍​។​ អ្នកចូលរួម​ក៏​បាន​ពិភាក្សា​ផង​ដែរ​ថា​ តើ​ទំព័រ​ជូនដំណឹង​នេះ​អាច​បញ្ជាក់​បាន​ដែរ​ឬទេ​ថា​ មាន​មនុស្ស​ចុះ​ទៅ​ដល់ទី​តាំង​ និង​បាន​រាយការណ៍​ជាក់ស្តែង​។​ បច្ចុប្បន្ន​ មុខងារ​នេះ​មិន​ទាន់​មាននៅ​ឡើយ​ទេ​ ហើយ​អាច​ជា​ចំណុច​មួយ​សម្រាប់​ពិចារណា​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​នា​ពេល​អនាគត​។​

​ការ​បង្ហាញ​ជាក់ស្តែង​ និង​ការ​ចូលរួម​របស់​អ្នកចូលរួម​

​ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ បាន​រួម​បញ្ចូល​ការ​បង្ហាញ​ជាក់ស្តែង​អំពី​ទំព័រ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​តាម​រយៈ​គេហទំព័រ​អូ​ឌី​ស៊ី​ និង​តេឡេក្រាម​។​ អ្នកចូលរួម​បាន​ប្រើប្រាស់​ទូរសព្ទ​ដៃ​របស់​ខ្លួន​ ដើម្បី​ស្វែងរក​ទំព័រ​ព័ត៌មាន​ និង​សាកល្បង​មុខងារ​ផ្សេងៗ​ដោយ​ផ្ទាល់​។​ អ្នកចូលរួម​ក៏​ត្រូវ​បាន​ណែនាំ​អំពី​ Google​ Maps KML​ files​ និង​ Google​ Earth​ ដែល​ជា​ឧបករណ៍​គាំទ្រ​សម្រាប់​មើល​ និង​ចែករំលែក​ព័ត៌មាន​ភូមិសាស្ត្រ​។​ ការ​បង្ហាញ​ក៏​បាន​ណែនាំ​អំពី​ Global​ Forest​ Watch​ (GFW)​ និង​ Global​ Nature​ Watch​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​ស្វែង​យល់​អំពី​ឧបករណ៍​បន្ថែម​ និង​សួរ​សំណួរ​បច្ចេកទេស​។​

​អ្នកចូលរួម​បាន​លើក​ឡើង​ថា​ ព័ត៌មាន​អំពី​ការ​រំខាន​ព្រៃឈើ​អាច​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​ក្នុង​ការ​តាមដាន​ និង​ការពារ​ព្រៃឈើ​។​ ទិន្នន័យ​នេះ​អាច​ជួយ​កំណត់​តំបន់​ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​បន្ថែម​ និង​អាច​ប្រើ​ជា​ព័ត៌មាន​គាំទ្រ​សម្រាប់​ការ​ស៊ើបអង្កេត​ និង​ការ​ផ្ទៀងផ្ទាត់​នៅ​ទីវាល​។​ ការ​ពិភាក្សា​ក៏​បាន​សង្កត់ធ្ងន់​ថា​ បច្ចេកវិទ្យា​ និង​ការ​ជូនដំណឹង​ផ្អែក​លើ​ទិន្នន័យ​ផ្កាយ​រណប​ គួរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​បំពេញបន្ថែម​ មិនមែន​ជំនួស​ចំណេះដឹង​របស់​សហគមន៍​ ការ​សង្កេត​នៅ​ទីវាល​ និង​ការ​ផ្ទៀងផ្ទាត់​ជាក់ស្តែង​នៅ​ទីតាំង​នោះ​ទេ​។​

​ការ​កសាង​សហគមន៍​អ្នក​អនុវត្ត​ការងារ​ផែនទី​ឱ្យ​កាន់តែ​រឹង​មាំ​

​នៅ​ក្នុង​ជំនួប​នេះ​ទាំងមូល​ អ្នកចូលរួម​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សួរ​សំណួរ​ និង​ពិភាក្សា​អំពី​ការ​អភិរក្ស​តំបន់ដីសើម​ រូបភាព​ផ្កាយ​រណប​ ការ​តាមដាន​ព្រៃឈើ​ ទិន្នន័យ​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ផែនទី​ជាក់ស្តែង​។​ នៅ​ចុងបញ្ចប់​នៃ​ជំនួប​ អ្នកចូលរួម​បាន​បំពេញ​ការ​វាយតម្លៃ​ និង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ក្រុមតេឡេក្រាម​ ដើម្បី​បន្ត​ផ្លាស់​ប្តូរ​ព័ត៌មាន​ ចែករំលែក​ឱកាស​ និង​រក្សា​ទំនាក់ទំនង​សម្រាប់​សកម្មភាព​នា​ពេល​អនាគត​។​

ក្នុង​សុន្ទរកថា​បិទ​កម្មវិធី​ លោកស្រី​ អ៊ួ​ន​ វិមល​ (​ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​នៃ​អង្គការ​អូ​ឌី​ស៊ី​)​ និង​លោក​ ឡុ​ច​ កល្យាណ​ (​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​នៃ​អង្គការ​អូ​ឌី​ស៊ី​)​ បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​ និង​បាន​លើកទឹកចិត្ត​ដល់​អ្នក​អនុវត្ត​ការងារ​ផែនទី​ និង​អ្នក​ដែល​ចាប់អារម្មណ៍​ ឱ្យ​ស្ម័គ្រចិត្ត​ធ្វើ​ជា​វាគ្មិន​សម្រាប់​ជំនួប​នេះ​នា​ពេល​ខាង​មុខ​។​

កម្មវិធី​បាន​បញ្ចប់​ដោយ​ការ​ថតរូប​ជា​អនុស្សាវរីយ៍​ ដែល​ជា​ការ​រួមចំណែក​មួយទៀត​ក្នុង​ការ​ពង្រឹង​សហគមន៍​អ្នក​អនុវត្ត​ការងារ​ផែនទី​នៅ​កម្ពុជា​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​បើកចំហ​ បច្ចេកវិទ្យា​ភូមិសាស្ត្រ​ និង​ឧបករណ៍​ឌី​ជី​ថ​ល​ សម្រាប់​ការ​ស្រាវជ្រាវ​ ការ​តាមដាន​ និង​ការ​អភិរក្ស​បរិស្ថាន​។​ អង្គការ​អូ​ឌី​ស៊ី​ នឹង​រៀបចំ​ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​នៅ​ពេល​ក្រោយៗ​ទៀត​ និង​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​អ្នក​អនុវត្ត​ការងារ​ផែនទី​ អ្នក​ស្រាវជ្រាវ​ សហគមន៍​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​រៀនសូត្រ​ ភ្ជាប់​ទំនាក់ទំនង​ និង​សហការ​គ្នា​។​