ការ​ពង្រឹងសមត្ថភាព​សហគមន៍​ព្រៃឈើ​កម្ពុជា​៖​ កិច្ចសហការ​រួម​គ្នា​ដើម្បី​តាមដាន​ធនធាន​ឱ្យ​កាន់តែ​ឆ្លាត​វៃ​

កិច្ចសហការ​គឺជា​កត្តា​​សំខាន់​នៃ​ការ​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​កសាង​ភាព​ធន់​របស់​សហគមន៍​។​ នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​បាន​ចូលរួម​ក្នុង​វគ្គ​ចែករំលែក​បទ​ពិសោធន៍​មួយ​ នៅ​សហគមន៍​ព្រៃឈើ​បឹង​ធំ​ ខេត្តកំពង់ធំ​។​ តាម​រយៈ​ការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​ពី​អង្គការ​សកម្មភាព​ប្រជាជន​ដើម្បី​ការ​អភិវឌ្ឍ​ (PAD)​ ដែល​ជា​អង្គការ​ដៃគូ​របស់​យើង​ សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​សមាជិក​សហគមន៍​ចំនួន​ ៥៨​ នាក់​ (​ស្ត្រី​ ១០​ នាក់​)​ មក​ពី​សហគមន៍​ព្រៃឈើ​ចំនួន​ ១៦​ ក្នុង​ប្រទេស​កម្ពុជា​។​ សិក្ខាសាលា​នេះ​បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​កិច្ចសហការ​រវាង​អង្គការ​ដៃគូ​នានា​ ដែល​កំពុងធ្វើការ​រួម​គ្នា​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​រួម​តែ​មួយ​។​

​ការ​ផ្សារ​ភ្ជាប់​បច្ចេកវិទ្យា​ ជាមួយនឹង​ប្រពៃណី​

​ចំណុច​ស្នូល​នៃ​វគ្គ​ចែករំលែក​នេះ​ គឺ​ការ​ណែនាំ​អំពី​ «​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​»​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​តាមដាន​ព្រៃឈើ​របស់​សហគមន៍​។​ តាម​រយៈ​ការ​រួម​បញ្ចូល​ប្រព័ន្ធ​ជូនដំណឹង​តាម​ទិន្នន័យ​ផ្កាយ​រណប​របស់​អង្គការ​ Global​ Nature​ Watch​ ជាមួយនឹង​ឧបករណ៍​ទំនាក់ទំនង​ដែល​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ប្រព័ន្ធ​នេះ​អាច​ជូនដំណឹង​ទៅ​កាន់​សមាជិក​សហគមន៍​ដោយ​ផ្ទាល់​តាម​រយៈ​តេ​ឡេ​ក្រាម​។​

​សម្រាប់​សមាជិក​សហគមន៍​ដែល​ពឹងផ្អែក​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​ចិញ្ចឹមជីវិត​ ការ​ទទួល​បាន​ព័ត៌មាន​រហ័ស​ និង​អាច​ជឿ​ទុកចិត្ត​បាន​ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ពួក​គេ​។​ បរិយាកាស​នៃ​ការ​ចូលរួម​ក្នុង​វគ្គ​ចែករំលែក​នេះ​មាន​ភាព​សកម្ម​ ដោយ​សមាជិក​សហគមន៍​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​ ជា​ពិសេស​ចំពោះ​របៀប​ដំណើរការ​នៃ​ឧបករណ៍​បច្ចេកវិទ្យា​នេះ​ និង​វិធីសាស្ត្រ​អនុវត្ត​ផ្ទាល់​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ​។​

​រឹង​មាំ​រួម​គ្នា​៖​ អានុភាព​នៃ​កិច្ចសហការ​រវាង​ដៃគូ​

​សិក្ខាសាលា​នេះ​ គឺជា​គំរូ​ដ៏​លេចធ្លោ​មួយ​ដែល​បង្ហាញ​ពី​សមិទ្ធផល​កើត​ចេញពី​ការ​រួម​កម្លាំង​គ្នា​រវាង​អង្គការ​ដៃគូ​។​ តាម​រយៈ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​របស់​អង្គការ​ PAD​ ជាមួយ​សហគមន៍​ព្រៃឈើ​ទាំង​ ១៦​ យើង​អា​ចត​ភ្ជាប់​គម្លាត​រវាង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​ ជាមួយនឹង​អ្នក​ថែរក្សា​ធនធានធម្មជាតិ​នៅ​ជួរ​មុខ​។​ នេះ​ជា​ភស្តុ​តាង​បញ្ជាក់​ថា​ យើង​អាច​ដើរទៅ​មុខ​បាន​ឆ្ងាយ​ជាង​មុន​ និង​លឿន​ជាង​មុន​ នៅ​ពេល​យើង​ធ្វើការ​រួម​គ្នា​ដោយ​មាន​ភាព​ស៊ីសង្វាក់​។​

សម្លឹង​ទៅ​អនាគត​៖​ តើ​ជំហាន​បន្ទាប់​ជា​អ្វី​?

​ភាព​សកម្ម​ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​ គ្រាន់តែ​ជា​ជំហាន​ចាប់ផ្តើម​ប៉ុណ្ណោះ​។​ សកម្មភាព​ចំពោះ​មុខ​បន្ទាប់​របស់​យើង​ គឺ​ការ​ចុះ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​ ដើម្បី​ប្រមូល​ រៀបចំ​ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ព្រំប្រទល់​របស់​សហគមន៍​ឱ្យ​បាន​ច្បាស់លាស់​។​ បន្ទាប់​ពី​ទទួល​បាន​ទិន្នន័យ​រួច​ ទិន្នន័យ​ទាំង​អស់នេះ​នឹង​ត្រូវ​បា​នប​ម្លែ​ង​ទៅ​ជា​ទម្រង់​ឌី​ជី​ថ​ល​ ហើយ​បញ្ចូល​ទៅ​ក្នុង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ដើម្បី​ធានា​ថា​ការ​ជូនដំណឹង​មាន​ភាព​ត្រឹមត្រូវ​សម្រាប់​សហគមន៍​ និង​ចំ​តំបន់​គោលដៅ​ (AOI)​ នីមួយៗ​។​ ​សូម​បន្ត​រង់ចាំ​តាមដាន​សកម្មភាព​របស់​យើង​ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ បង្កើត​ការ​ច្នៃប្រឌិត​ និង​ពង្រឹង​ភាព​ជា​ដៃគូ​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​!